Paris Peace Accords 23 Oct. 1991

Friday, September 26, 2014

ព្រៃ​ឈើ​ សហគមន៍ ​ប៊ូស្រា ​នៅ​មណ្ឌលគិរី​ ត្រូវ​ គេ ​ទន្ទ្រាន​កាប់​ រាន​បន្ថែម ​ដើម្បី​ យក​ដី | More forest felled in Bou Sra, Mondolkiri for landgrabbing

ព្រៃ​ឈើ​ សហគមន៍ ​ប៊ូស្រា ​នៅ​មណ្ឌលគិរី​ ត្រូវ​ គេ ​ទន្ទ្រាន​កាប់​ រាន​បន្ថែម ​ដើម្បី​ យក​ដី

RFA / ​វិទ្យុ ​អាស៊ី សេរី |៦ កញ្ញា ២០១៤

កាប់​ព្រៃ​មណ្ឌលគិរី ៦១០
ព្រៃ ​នៅ​តំបន់ ​ប៊ូស្រា ខេត្ត​ មណ្ឌលគិរី ដែល​ឈ្មួញ ​ចូល​កាប់​បំផ្លាញ។  រូបថត ​ថ្ងៃ​ទី៨ ខែ​កក្កដា ឆ្នាំ​២០១៣ (RFA/Vann Vichar)
 
ខណៈ ​ជនជាតិ​ព្នង នៅ​ឃុំ​ប៊ូស្រា កំពុង​ តវ៉ា​ ទាមទារ​ ឲ្យ​អាជ្ញាធរ​ មូលដ្ឋាន និង​ស្ថាប័ន ​ថ្នាក់​ជាតិ ដោះស្រាយ ​ការ​រំលោភ​ សិទ្ធិ​ដីធ្លី ព្រៃ​ឈើ វប្បធម៌ ប្រពៃណី ​ជនជាតិ​ដើម​ ភាគ​តិច មាន​សភាព ​កាន់​តែ ​ធ្ងន់ធ្ងរ ​ឡើង​នោះ មាន​សេចក្តី​ រាយការណ៍ ​ថា, ព្រៃ​ឈើ​ សហគមន៍​ ប៊ូស្រា ​ថ្មី​ទៀត ត្រូវ​ គេ​ ទន្ទ្រាន​កាប់​ រាន​បន្ថែម ដើម្បី​ យក​ដី។

ក្រុម​សហគមន៍ ​ជនជាតិ​ព្នង ទាំង ៧​ភូមិ នៅ​មូលដ្ឋាន​នេះ ចាត់​ទុក​ ទង្វើ​នេះ​ ថា, ជា​ការ​ប្រមាថ ​ធ្ងន់ធ្ងរ​ ទៅ​លើ​ ការ​តវ៉ា​ របស់​ ពលរដ្ឋ ​ជនជាតិ​ដើម។

ក្រុម​ល្បាតព្រៃ ​នៃ​សហគមន៍ ​ជនជាតិ​ព្នង ឃុំ​ ប៊ូស្រា អះអាង ​ថា, ព្រៃ​ស្រោង ​នៅ​តំបន់​ភ្នំ​ណាំ លា ជាង១០​ ហិកតារ ​ថ្មី​ទៀត ត្រូវ ​គេ​ កាប់​រាន​ ដើម្បី ​យក​ដី។

កាល​ពី​ថ្ងៃ​ ទី​២៤ ខែ​កញ្ញា សមាជិក​ សហគមន៍​ មាន​គ្នា ១២​នាក់ បាន​ប្រទះ​ ឃើញ​ ជនជាតិ​ចាម ជា​អ្នក​កាប់​រាន​ព្រៃ ប្រដាប់​ ដោយ​ម៉ាស៊ីន​ កាត់​ឈើ ​ស្វ័យប្រវត្តិ បាន​អារ ​រំលំ​ឈើ នៅ​ចំណុច​ អូរណូល និង​អូររ៉េត ព្រំប្រទល់​ ព្រៃ​ សហគមន៍ និង​ព្រៃ​ដែន ​ជម្រក​សត្វ​ព្រៃ​ ភ្នំ​ណាំលា។  ក្រុម​ល្បាត​ព្រៃ បាន​ឃាត់​ខ្លួន ​កម្មករ​ រាន​ព្រៃ​បាន ២​នាក់, ម៉ាស៊ីន​កាត់​ឈើ ​មួយ​គ្រឿង, និង​ម៉ូតូ​ មួយ​គ្រឿង, ក៏ប៉ុន្តែ​ ភ្លាមៗ​នោះ ជនជាតិ ​ចាម មាន​គ្នា ​ប្រមាណ ២០​នាក់ បាន​ព្រួត​គ្នា​ មក​រំដោះ​ យក​កម្មករ និង​សម្ភារៈ​ ប្រព្រឹត្តិ​ បទល្មើស​វិញ បន្ទាប់ ​ពី​គំរាម​ កាប់​សម្លាប់ ​សមាជិក​ សហគមន៍​ អ្នក​បង្ក្រាប​ បទល្មើស ​ព្រៃ​ឈើ ប្រសិន​ មិន​ព្រម ​ដោះ​លែង ​កម្មករ​ ទាំង​នោះ។

សមាជិក​ ក្រុម​ល្បាត លោក មើល ចេវ មាន​ប្រសាសន៍ ​ថា, សមាជិក​ សហគមន៍ ​គ្មាន​ លទ្ធភាព​ ទប់ស្កាត់​ ការ​ប្រើ​កម្លាំង ​រំដោះ ​ជន​ជាប់​ ពាក់ព័ន្ធ​ រាន​ព្រៃ​ សហគមន៍ ​បាន​ទេ ដោយសារ​ ក្រុម​ជនល្មើស ​មាន​គ្មាន​ច្រើន។  ចំណែក​ កិច្ច​អន្តរាគមន៍​ ពី​អាជ្ញាធរ ក៏​មិន​ទាន់ ​ពេល​វេលា, ធ្វើ​ឲ្យ​ ជនល្មើស​ នាំ​គ្នា ​រត់​គេច​ បន្ទាប់ ​ពី​បាន​ធ្វើ​ សកម្មភាព ​រំដោះ​ បក្ខពួក​បាន។  លោក ​បន្ត​ថា, សិទ្ធិ​ការពារ​ ដីធ្លី ​ព្រៃ​​ឈើ សហគមន៍ កំពុង ​រង​ការ​ គំរាម​កំហែង ប្រសិន​ អាជ្ញាធរ​ ពាក់ព័ន្ធ ​មិន​ចាត់​វិធានការ ​ជាក់​លាក់ ​ក្នុង​ការ​ជួយ​ ទប់ស្កាត់ ​ការ​រំលោភ​ បំពាន​នេះ៖ «គេ​ គំរាម​កំហែង ​កាប់​សម្លាប់, អត់​មាន​ សមត្ថកិច្ច​ ទៅ​ជាមួយ​ ពួក​ខ្ញុំ។  ដូច្នេះ ​គេ​ ឆក់​យក​ មនុស្ស​ហ្នឹង​ បាត់​ទៅ, ទាំង​ម៉ាស៊ីន ​មួយ​គ្រឿង, ម៉ូតូ​ មួយ​គ្រឿង, មនុស្ស​ ពីរ​នាក់។  ប៉ុន្តែ ​អ្នក​ ដែល​កាប់​មនុស្ស​ ដដែល​ទេ។  បង បាន​ធ្វើ​កិច្ច​សន្យា ​ម្តង​ហើយ។»

កាល​ពី​សប្ដាហ៍​មុន​នេះ អ្នក​ភូមិ​ជនជាតិ​ដើម​ភាគ​តិច​មក​ពី​ភូមិ​ចំនួន​៧ ក្នុង​ឃុំ​ប៊ូស្រា បាន​ធ្វើ​បាតុកម្ម​ចំនួន​ពីរ​លើក​នៅ​មុខ​សាលា​ឃុំ និង​មុខ​សាលា​ស្រុក​ពេជ្រាដា ទាមទារ​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​ការ​រំលោភ​សិទ្ធិ​ដីធ្លី​ព្រៃ​ឈើ​ធនធាន​ ធម្មជាតិ ការ​ប្រើប្រាស់​កង​សន្តិសុខ​ក្រុមហ៊ុន​ប្រដាប់​អាវុធ​បាញ់​គំរាម​កំហែង​ ពលរដ្ឋ និង​ជីក​ប្រឡាយ​បិទ​ផ្លូវ​ធ្វើ​ដំណើរ​ពលរដ្ឋ​ចូល​ព្រៃ​រក​អនុផល​ព្រៃ​ឈើ។

សហគមន៍​ប៊ូស្រា ជិត ៣០០​នាក់ ប្រមូល​ផ្តុំ​គ្នា​លើក​បដា និង​ថ្លែង​ថ្កោលទោស​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​នៅ​តំបន់​នោះ រួម​ទាំង​ទាមទារ​ឲ្យ​រាជ​រដ្ឋាភិបាល​បញ្ឈប់​អាជ្ញាប័ណ្ណ​ក្រុមហ៊ុន និង​ទាមទារ​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​បញ្ហា​ពាក់ព័ន្ធ​ទាំងអស់​ឲ្យ​មាន​ ប្រសិទ្ធភាព​ជាក់ស្តែង៖ «អ៊ីចឹង​ពួក​ខ្ញុំ​អត់​សុខ​ចិត្ត​ទេ ពួក​ខ្ញុំ​ធ្វើ​បាតុកម្ម​ឲ្យ​បាន​សម្រេច​ឲ្យ​ពួក​គាត់​ដោះស្រាយ។»

ព្រៃ​អភិរក្ស​សហគមន៍​ប៊ូស្រា រង​ការ​កាប់​រាន​យក​ដី​អស់​ជាង ២០០​ហិកតារ កាល​ពី​ចុង​ឆ្នាំ​២០១២។ ក្រុម​សហគមន៍ បាន​ឃាត់​ខ្លួន​កម្មករ​ស៊ី​ឈ្នួល​កាប់​រាន​ព្រៃ ៥​ករណី ប្រគល់​ឲ្យ​មន្ត្រី​មូលដ្ឋាន និង​មន្ត្រី​ជំនាញ​បរិស្ថាន ក៏ប៉ុន្តែ​មិន​ឃើញ​មាន​ជន​ពាក់ព័ន្ធ​ជួល​កម្មករ​ទាំង​នោះ ត្រូវ​បាន​ស៊ើប​អង្កេត និង​នាំ​ខ្លួន​មក​ទទួល​ខុស​ត្រូវ​ចំពោះ​សកម្មភាព​រំលោភ​ច្បាប់​នេះ​បាន​នៅ​ ឡើយ។ ចំណែក​កម្មករ​ស៊ី​ឈ្នួល ត្រូវ​បាន​មន្ត្រី​ជំនាញ​ចាត់​វិធានការ​អប់រំ​ធ្វើ​កិច្ច​សន្យា ហើយ​ដោះ​លែង​វិញ។

ទាក់ទិន​ការ​សកម្មភាព​កាប់​រាន​ព្រៃ​ទន្ទ្រាន​យក​ដី​នេះ អភិបាល​រង​ស្រុក​ពេជ្រាដា លោក ខាំ ដារ៉ា ទទួល​ស្គាល់​ថា ព្រៃ​ដែល​ជនជាតិ​ចាម ចូល​ទៅ​កាប់​រាន​នោះ ពាក់ព័ន្ធ​ដី​សម្បទាន​សង្គមកិច្ច​ដែល​អាជ្ញាធរ​ខេត្ត​គ្រោង​ចែក​ជូន​ ប្រជាពលរដ្ឋ​ចំណាក​ស្រុក ប៉ុន្តែ​ជនជាតិ​ចាម ទាំង​នោះ បាន​ចូល​កាប់​រាន​ព្រៃ​កាន់​កាប់​ដី​មុន​ពេល​អាជ្ញាធរ​បែង​ចែក​ជូន​ពលរដ្ឋ។ លោក​ថា អាជ្ញាធរ​ស្រុក​បាន​ដាក់​បម្រាម​ឲ្យ​ប្រជាពលរដ្ឋ​ចាម ដែល​បាន​កាប់​រាន​ព្រៃ​នោះ ឲ្យ​ផ្អាក​សកម្មភាព​រង់ចាំ​អាជ្ញាធរ​ដោះស្រាយ​វាស់វែង​បែង​ចែក​ជូន​ពលរដ្ឋ ប៉ុន្តែ​សកម្មភាព​អនាធិបតេយ្យ​កាប់​រាន​ព្រៃ​នៅ​តំបន់​នោះ​នៅ​តែ​បន្ត​កើត​ មាន៖ «ពី​មុន ខ្ញុំ​ចុះ​ធ្វើ​ការ​ម្តង​ហ្នឹង ក៏​គាត់​ធ្វើ​ការ​តវ៉ា​ដល់​សាលា​ឃុំ​ម្តង​ដែរ។ ខ្ញុំ​ក៏​ថា​រាល់​បញ្ហា​ដែល​មាន​ទំនាស់​នេះ ក៏​ខ្ញុំ​ឲ្យ​ផ្អាក​សិន ប្រជាពលរដ្ឋ​ជា​ធំ​ហ្នឹង​ហើយ គាត់​មក​ពី​នោះ​គាត់​ចេះ​តែ​បំពាន​ពេក​ក៏​មិន​កើត​ដែរ យើង​ធ្វើ​ការ​ហាម​ឃាត់​ទាំងអស់​គ្នា ហើយ​យើង​ចុះ​ទៅ​ពិនិត្យ​មើល​ជាក់ស្តែង​ទាំងអស់​គ្នា។»

របាយការណ៍​អង្កេត​របស់​មន្ត្រី​ឃ្លាំ​មើល​បញ្ហា​ព្រៃ​ឈើ​សមាគម​អាដហុក (Adhoc) ខេត្ត​មណ្ឌលគិរី ឲ្យ​ដឹង​ថា ដី​ព្រៃ​ស្រោង ២.៤០០​ហិកតារ ក្នុង​តំបន់​ព្រៃ​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ណាំលា និង​ព្រៃ​សហគមន៍ ត្រូវ​បាន​ស្នើ​សុំ​ជា​ដី​សម្បទាន​សង្គមកិច្ច សម្រាប់​ប្រជាពលរដ្ឋ​ចំណាក​ស្រុក។

មន្ត្រី​សម្រប​សម្រួល​សមាគម​អាដហុក លោក សុក រដ្ឋា កត់​សម្គាល់​ថា ការ​កាប់​ទន្ទ្រាន​ព្រៃ​យក​ដី​របស់​ជនជាតិ​ចាម ក្រោម​ហេតុផល​ថា​ជា​ដី​សម្បទាន​សង្គមកិច្ច គឺ​ជា​កត្តា​ធ្វើ​ឲ្យ​ប៉ះពាល់​ព្រៃ​ឈើ​ធនធាន​ធម្មជាតិ និង​ប៉ះពាល់​វប្បធម៌​ប្រពៃណី​ជនជាតិ​ព្នង អ្នក​អភិរក្ស​ព្រៃ​ឈើ​នោះ។ លោក​បន្ត​ថា សហគមន៍​បាន​ធ្វើ​បាតុកម្ម​ទាមទារ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ថ្នាក់​ខេត្ត និង​ថ្នាក់​ជាតិ បញ្ឈប់​គម្រោង​ផ្តល់​ដី​សម្បទាន​សង្គមកិច្ច​នោះ​វិញ។ ហេតុ​នេះ ប្រសិន​ដំណោះស្រាយ​យឺតយ៉ាវ នឹង​អាច​នាំ​ឲ្យ​ជនជាតិ​ព្នង ពង្រីក​ការ​តវ៉ា​កាន់​តែ​រីក​រាល​ដាល​ឡើង៖ «ដំបៅ​តូច​កាល​ណា​បើ​សិន​យើង​ មិន​ព្យាបាល​វា វា​នឹង​ក្លាយ​ជា​មហារីក​ហើយ។ យើង​បាន​ការ​ព្រួយ​បារម្ភ​ដែរ​ចំពោះ​ការ​ធ្វើ​បាតុកម្ម​របស់​ប្រជាពលរដ្ឋ ក្នុង​នាម​ជា​សង្គម​ស៊ីវិល ព្រោះ​អ្វី​ជាក់ស្តែង ជនជាតិ​ដើម​ភាគ​តិច ពួក​គាត់​រស់នៅ​ក្នុង​ព្រៃ ហើយ​អាស្រ័យ​ផល​ព្រៃ​ឈើ។ អ៊ីចឹង​បើ​អស់​ពី​ព្រៃ​ឈើ​ទៅ គឺ​ធ្វើ​ឲ្យ​ពួក​គាត់​ហាក់​បី​ដូច​ជា​បាត់​បង់​ជីវិត មិន​ស្លាប់ តែ​អាច​មាន​ការ​វេទនា។ អា​ហ្នឹង គឺ​ជា​ហានិភ័យ​ដ៏​ធំ​កើត​ឡើង​ចំពោះ​ពួក​គាត់។»

អាជ្ញាធរ​ស្រុក​ពេជ្រាដា បាន​រៀបចំ​កម្មវិធី​ចុះ​ដោះស្រាយ​បញ្ហា​តវ៉ា​របស់​សហគមន៍​ប៊ូស្រា ចាប់​ពី​ថ្ងៃ​ទី​២៦ ខែ​កញ្ញា រួម​មាន ជម្លោះ​ដីធ្លី​រវាង​ប្រជាពលរដ្ឋ ៥​គ្រួសារ​ជាមួយ​ក្រុមហ៊ុន ណាវ៉ា​រ៉ាស៊ី (Navarasy)។ ករណី​ក្រុមហ៊ុន​ដាក់​ឡាក់ (DaclaK) ជីក​ប្រឡាយ​កាត់​ផ្លូវ​ប្រជាពលរដ្ឋ។ ករណី​ប្រជាពលរដ្ឋ​ធ្វើ​ស្រែ​ចម្ការ​នៅ​ប៉ុស្តិ៍​៦ ហើយ​កម្លាំង​ការពារ​មិន​អនុញ្ញាត។ ម្យ៉ាង​ទៀត បុគ្គលិក​ក្រុមហ៊ុន អិល.ខេ.អិល (LKL) នៅ​តំបន់​នោះ​គំរាម​បាញ់​សម្លាប់​ប្រជាពលរដ្ឋ និង​ករណី​ដោះស្រាយ​ព្រំប្រទល់​ដី​ឃុំ​ប៊ូស្រា និង​ឃុំ​ដាក់ដាំ និង​អះអាង​ថា បាន​បញ្ជូន​របាយការណ៍​ទៅ​ថ្នាក់​ជាតិ​ពី​ការ​ដោះស្រាយ​បញ្ហា​សំខាន់ៗ​រួម​ មាន ការ​ទាមទារ​ឲ្យ​លប់​អាជ្ញាប័ណ្ណ​ក្រុមហ៊ុន អិល.ខេ.អិល និង​ក្រុមហ៊ុន ខេ​ស៊ី (KC) ដែល​បង្ក​ផល​ប៉ះពាល់​ប្រជាពលរដ្ឋ និង​សំណើ​លប់​ដី​សម្បទាន​សង្គមកិច្ច​ដែល​បង្ក​ឲ្យ​មាន​ការ​កាប់​បំផ្លាញ​ ព្រៃ​ឈើ ជាដើម។

យ៉ាង​នេះ​ក្តី ក្រុម​សហគមន៍​ប៊ូស្រា ព្រមាន​នឹង​បន្ត​ធ្វើ​បាតុកម្ម​លើក​ទី​បី ដោយ​បិទ​ផ្លូវ​ទេសចរណ៍​តំបន់​ទឹក​ជ្រោះ​ប៊ូស្រា ប្រសិន​ដំណោះស្រាយ​បញ្ហា​សំខាន់ៗ​មិន​បាន​ជោគជ័យ៕



No comments:

Post a Comment