គ.ជ.ប. ប្រកាស ឲ្យពលរដ្ឋ ទៅពិនិត្យ និងចុះឈ្មោះ បោះឆ្នោត ឆ្នាំ២០១៤ ពីថ្ងៃ ១ តុលា
RFA / វិទ្យុ អាស៊ី សេរី | ៣ កញ្ញា ២០១៤
គណៈកម្មាធិការ ជាតិ រៀបចំ ការបោះឆ្នោត ឬហៅកាត់ គ.ជ.ប. ថ្លែងថា នឹងបន្ត សកម្មភាព ចុះឈ្មោះ និងពិនិត្យ បញ្ជីឈ្មោះ អ្នកបោះឆ្នោត ឆ្នាំ២០១៤ ឲ្យស្រប ទៅតាម បទបញ្ជា និងនីតិវិធី បោះឆ្នោត មិនផ្លាស់ប្ដូរទេ ទោះ មានសង្គមស៊ីវិលខ្លះ ស្នើ ឲ្យផ្អាក សកម្មភាពនេះ។
មន្ត្រី គ.ជ.ប. ប្រកាស ដល់យុវជន គ្រប់អាយុ បោះឆ្នោត ឬពលរដ្ឋ ដទៃទៀត ឲ្យទៅពិនិត្យ បញ្ជីឈ្មោះ និងចុះឈ្មោះ បោះឆ្នោត ប្រចាំឆ្នាំ ២០១៤ ឲ្យបាន ទាំងអស់គ្នា ចាប់ពីថ្ងៃ ទី១ ខែតុលា ខាងមុខ នៅតាម ឃុំ-សង្កាត់ រៀងៗខ្លួន។
លោក ទេព នីថា អគ្គលេខាធិការ គណៈកម្មាធិការ ជាតិ រៀបចំ ការបោះឆ្នោត បានឲ្យដឹង នៅថ្ងៃពុធ ទី៣ ខែកញ្ញា ថា, ស្ថាប័ននេះ នឹងអនុវត្ត តាមបទបញ្ជា និងនីតិវិធី គ.ជ.ប. ឲ្យស្របតាមច្បាប់ បោះឆ្នោត កំពុងស្ថិតនៅ ជាធរមាន នៅឡើយនោះ។ ហេតុដូច្នេះ រយៈពេល នៃការពិនិត្យ បញ្ជីឈ្មោះ, ការចុះឈ្មោះ បោះឆ្នោត, និងការផ្តល់ សុពលភាព លើបញ្ជី បោះឆ្នោត ប្រចាំឆ្នាំ ត្រូវ ចាប់ផ្ដើម ពីថ្ងៃ ទី១ ខែតុលា រហូត ដល់ថ្ងៃ ទី៣១ ខែធ្នូ ឆ្នាំ២០១៤។
លោក បន្ថែមថា នៅគ្រាមិនទាន់មានស្ថាប័ន គ.ជ.ប.ថ្មី ត្រូវបានបង្កើតឡើងទេ គឺ គ.ជ.ប. ចាស់ នឹងនៅតែបន្តសកម្មភាពរបស់ខ្លួន ឲ្យស្របតាមនីតិវិធីបោះឆ្នោត មិនផ្លាស់ប្ដូរទេ៖ «ទោះបីជាមាន ការព្រមព្រៀងរវាងគណបក្សថានឹងកែទម្រង់ការបោះឆ្នោត ឬក៏បង្កើតបញ្ជីបោះឆ្នោតថ្មីក៏ដោយ ក៏យើងពុំទាន់កំណត់ច្បាស់ថា តើការធ្វើបញ្ជីបោះឆ្នោតថ្មីហ្នឹង? ចុះឈ្មោះទាំងស្រុង ឬក៏ផ្អែកតាមបញ្ជីបោះឆ្នោតចាស់។ គ.ជ.ប ត្រូវតែត្រៀមគ្រប់លក្ខណៈសម្បត្តិទាំងអស់ ដើម្បីធ្វើការកែទម្រង់ថ្មីផង និងដើម្បីអនុវត្តច្បាប់ដែលនៅជាធរមានផង។»
ទន្ទឹមគ្នានេះ លោក ទេព នីថា ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ឬយុវជនដែលគ្រប់អាយុបោះឆ្នោត ឬមានអាយុ ១៨ឆ្នាំ គិតត្រឹមថ្ងៃទី១ ខែតុលា តទៅ ត្រូវទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នានៅតាមសាលាឃុំសង្កាត់ នៅក្នុងមូលដ្ឋានរៀងៗខ្លួន។
ទាក់ទិនបញ្ហានេះ សម្រាប់មន្ត្រីអង្គការមិនមែនរដ្ឋាភិបាលមួយចំនួន បានស្នើឲ្យ គ.ជ.ប ផ្អាកការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៤ ជាបណ្ដោះអាសន្ន ដោយរង់ចាំក្បាលម៉ាស៊ីនដឹកនាំ គ.ជ.ប. ថ្មី ត្រូវ បានបង្កើតឡើង ដើម្បី កុំឲ្យ ចំណាយថវិកា ជាតិ ខ្ជះខ្ជាយ ឥតប្រយោជន៍។
លោក ហង្ស ពុទ្ធា នាយកប្រតិបត្តិអង្គការនិកហ្វិច (Nicfec) មានប្រសាសន៍ថា ការធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះបោះឆ្នោតឆ្នាំ២០១៤ នេះ មិនចាំបាច់ទេ ព្រោះនាំឲ្យខ្ជះខ្ជាយថវិកាជាតិឥតអំពើ។ លោកបន្តថា តាមការចរចារវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ កន្លងមក បានព្រមព្រៀងគ្នាថា នឹងជ្រើសរើសក្បាលម៉ាស៊ីនដឹកនាំ គ.ជ.ប. ថ្មី និងធ្វើបញ្ជីឈ្មោះអ្នកបោះឆ្នោតជាថ្មីឡើងវិញ។ ដូច្នេះ គ.ជ.ប នៅមានពេលច្រើន ដើម្បីរៀបចំបញ្ជីឈ្មោះអ្នកបោះឆ្នោត សម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ នៅឆ្នាំ២០១៧ និងបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនៅឆ្នាំ២០១៨៖ «ក៏ប៉ុន្តែ គ.ជ.ប ខ្លួនឯងហ្នឹង ក៏មិនមានសិទ្ធិអីក្នុងការធ្វើ ឬមិនធ្វើនោះទេ គឺដោយសារតែ គ.ជ.ប បាននិយាយហើយថា ខ្លួនជាអ្នកអនុវត្តន៍ច្បាប់។ អ៊ីចឹងបញ្ហានេះ ស្ថាប័នពាក់ព័ន្ធផ្សេងទៀតមានដូចជា រដ្ឋសភាគួរតែសម្រេច ដើម្បីកុំឲ្យខ្ជះខ្ជាយថវិកាជាតិ។ ហើយបើផ្អែកទៅលើកិច្ចព្រមព្រៀងរវាងគណបក្សនយោបាយទាំងពីរនោះ គឺបានបញ្ជាក់ហើយថា នឹងរៀបចំបញ្ជីបោះឆ្នោតថ្មី។»
ចំណែក លោក គល់ បញ្ញា នាយកប្រតិបត្តិអង្គការខុមហ្វ្រែល ក៏បានយល់ឃើញដូចគ្នានេះដែរ។ លោកថា ការធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះបោះឆ្នោតឆ្នាំ២០១៤ គឺមិនចាំបាច់ទេ ហើយបានស្នើដល់រដ្ឋសភា មានចំណាត់ការផ្អាកសកម្មភាពពិនិត្យបញ្ជីឈ្មោះ និងការចុះបញ្ជីឈ្មោះឆ្នាំ២០១៤ ជាបណ្ដោះអាសន្ន ដើម្បីកុំឲ្យចាយវាយថវិកាជាតិឥតប្រយោជន៍៖ «ផ្អាកសិនទៅ ហើយផ្អាកហ្នឹងត្រូវឲ្យសភាធ្វើជាបញ្ញត្តិអ្វីមួយ ដើម្បីឲ្យ គ.ជ.ប ផ្អាកដំណើរការចុះឈ្មោះ ឬធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះបោះឆ្នោតសិន គឺមិនមែនផ្អាកការងារ ឬក៏ដកការងារ គ.ជ.ប ទេ គឺផ្អាកការងារចុះឈ្មោះ ឬធ្វើបច្ចុប្បន្នភាព ដោយសារគណបក្សទាំងពីរ គេសន្យាធ្វើបញ្ជីថ្មី។»
មន្ត្រី គ.ជ.ប បានព្យាករថា អត្រាពលរដ្ឋក្នុងការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៤ អាចមានអ្នកបោះឆ្នោតថ្មី ឬអ្នកមានសិទ្ធិបោះឆ្នោតមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ មានចំនួនជិត ១០លាននាក់ (៩.៩៥១.៩១៥)។ នៅគ្រាចំនួនអ្នកបោះឆ្នោតមានឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០១៣ មានចំនួនជាង ៩លាន ៧សែននាក់ (៩.៧៣២.៥៣១)។
លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប ថ្លែងថា ការធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះអ្នកបោះឆ្នោតឆ្នាំ២០១៤ នេះ អាចត្រូវចំណាយថវិកាចំនួន ១លាន ៥សែនដុល្លារសហរដ្ឋអាមេរិក៕
No comments:
Post a Comment