សង្គមស៊ីវិល ស្នើជួប បក្សទាំងពីរ ពិភាក្សា រឿងបង្កើន ចំនួនស្ត្រី ក្នុងវិស័យ នយោបាយ
RFA / វិទ្យុ អាស៊ី សេរី | ៣ កញ្ញា ២០១៤
ក្រុមអង្គការ មិនមែន រដ្ឋាភិបាល ធ្វើការងារ លើកស្ទួយស្ត្រី ក្នុងវិស័យ នយោបាយ សូមជួប ជាមួយ គណបក្ស នយោបាយ ដែលមានសំឡេង ក្នុងសភា ដើម្បី ពិភាក្សា ពីសំណើ ចង់ឲ្យមាន ការកែប្រែចំណុច មួយចំនួន នៃមាត្រាខ្លះ ក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់ បោះឆ្នោត ដែលរំពឹងថា នឹងជួយ ឲ្យចំនួនស្ត្រី ក្នុងវិស័យ នយោបាយ កើនឡើង។
សំណើរួម របស់ អង្គការ មិនមែន រដ្ឋាភិបាល ចំនួន១៧ បានដាក់ ក្នុងលិខិត ចំនួន២ ដាច់ដោយឡែក ពីគ្នា ដែលផ្ញើទៅ គណបក្ស ប្រជាជនកម្ពុជា និងគណបក្ស សង្គ្រោះជាតិ កាលពីថ្ងៃ ទី១ ខែកញ្ញា។
នាយិកាអង្គការសីលការ និងជាប្រធានគណៈកម្មាធិការលើកស្ទួយស្ត្រីក្នុងវិស័យនយោបាយ អ្នកស្រី ធីតា ឃិះ ថ្លែងនៅថ្ងៃទី៣ ខែកញ្ញា ថា ក្រុមរបស់អ្នកស្រីរំពឹងថា គណបក្សនយោបាយទាំង២នឹងយកពេលវេលាជជែកពិភាក្សាពីគោលការណ៍សមភាព យេនឌ័រ ជាមួយក្រុមអង្គការមិនមែនរដ្ឋាភិបាល ទៅតាមអ្វីដែលគណបក្សតែងអះអាងថា គណបក្ស លើកស្ទួយស្ត្រី ក្នុងវិស័យ នយោបាយ៖ «និងស្នើសុំ ធ្វើយ៉ាងណា ឲ្យរៀបចំជា... យើង អត់ហៅកូតា (Quota) ទេ, គឺ រៀបចំ ឲ្យមាន សមភាពយេនឌ័រ។ ដូច្នេះ ក្នុងបញ្ជី គណបក្ស នយោបាយ សូម ឲ្យដាក់ឆ្លាស់ ស្ត្រី-បុរស-ស្ត្រី។ យើង យល់ឃើញថា, នេះ គឺ ជាគោលការណ៍ មួយ សំខាន់ ក្នុងការអភិវឌ្ឍ ប្រទេស ដែលយើង ត្រូវ ឲ្យមានសមភាព រវាង មនុស្ស ក្នុងសង្គម, ហើយ ក្នុងពេលនេះ ករណីនេះ, ពេលនេះ យើង សូម ឲ្យលើកនូវ គោលការណ៍នោះ យកមកអនុវត្ត។»
របាយការណ៍ របស់ អង្គការ ខុមហ្រ្វែល (COMFREL) បញ្ជាក់ថា, ក្នុងអាណត្តិ ទី៥ នេះ នៅក្នុងសភា មានតំណាងរាស្ត្រ ស្ត្រី ចំនួន ២៥រូប ស្មើ នឹង២០,៣៣ ភាគរយ ក្នុងចំណោម ១២៣រូប។ ចំណែក ក្នុងជួរ រដ្ឋាភិបាល មានស្ត្រី ជាឧបនាយករដ្ឋមន្ត្រី ចំនួន មួយរូប, រដ្ឋមន្ត្រី ចំនួន ៣រូប ក្នុងចំណោម រដ្ឋមន្ត្រី ចំនួន ២៧នាក់, រដ្ឋលេខាធិការ ជាស្ត្រី មានចំនួន ២៧នាក់ ក្នុងចំណោម ១៧៩នាក់, និងអនុ រដ្ឋលេខាធិការ ចំនួន ៤៤នាក់ ក្នុងចំណោម ២៣៥នាក់។
ក្រុមអង្គការ សង្គមស៊ីវិល ធ្លាប់បញ្ជាក់ ថា, ប្រសិនបើ ពុំមាន ការឆ្លើយតប ពីគណបក្ស នយោបាយទេ, ពួកគេ អាចនឹងរៀបចំ ឲ្យមាន ការប្រមូលផ្ដុំ តវ៉ា របស់ ម្ចាស់ឆ្នោត ធ្វើយ៉ាងណា ឲ្យគណបក្ស នយោបាយ យកចិត្តទុកដាក់ ឲ្យពិតប្រាកដ ចំពោះវិសមភាពយេនឌ័រក្នុងជួរអ្នកដឹកនាំ៕
No comments:
Post a Comment