ទស្សនៈ ពលរដ្ឋ នៅកំពង់ឆ្នាំង ជុំវិញ វិធានការ គ្រប់គ្រង ជនអន្តោប្រវេសន៍ វៀតណាម
RFA / វិទ្យុ អាស៊ី សេរី | ២ កញ្ញា ២០១៤
ក្រសួង មហាផ្ទៃ កំពុង មានវិធានការ គ្រប់គ្រង និងប្រមូល ស្ថិតិ ជនបរទេស រស់នៅ ក្នុងប្រទេស កម្ពុជា។ ចំពោះ ពលរដ្ឋខ្មែរ ភាគច្រើន ចង់ដឹង អំពី វិធានការ និងការគ្រប់គ្រង ច្បាស់លាស់ របស់ អាជ្ញាធរ មានសមត្ថកិច្ច ទៅលើ ជនអន្តោប្រវេសន៍ វៀតណាម ជាជាងបណ្ដា ជាតិសាសន៍ ដទៃទៀត។
តើ ពលរដ្ឋខ្មែរ រស់នៅ ខេត្តកំពង់ឆ្នាំង មានទស្សនៈ យ៉ាងណា ចំពោះ ជនជាតិ វៀតណាម និងវិធានការ របស់ ក្រសួង មហាផ្ទៃ នៅពេលនេះ?
ចរន្ត នយោបាយ នៅកម្ពុជា បានធ្វើ ឲ្យរដ្ឋាភិបាល ដែលដឹកនាំ ដោយគណបក្ស ប្រជាជនកម្ពុជា មានការផ្លាស់ប្ដូរ ឥរិយាបថ លើចំណុច មួយចំនួន ក្នុងការគ្រប់គ្រង ប្រទេស។ ចំណុច ដែលគេ មើលឃើញ ថា មានការ ផ្លាស់ប្ដូរ ខ្លះនោះ គឺ កំណែទម្រង់ វិស័យអប់រំ។ ហើយថ្មីៗនេះ ក្រសួង មហាផ្ទៃ បានបង្កើន ការយកចិត្ត ទុកដាក់ លើអន្តោប្រវេសន៍ ខុសច្បាប់ ក្នុងប្រទេស តាមរយៈការ បង្កើតក្រុមការងារ ចុះគ្រប់គ្រង ជនបរទេស ទាំងនោះ។
ទាក់ទងនឹងបញ្ហាអន្តោប្រវេសន៍វៀតណាម គណបក្សប្រឆាំងធ្លាប់ប្រកាសជាញឹកញយថា ខ្លួននឹងដោះស្រាយបញ្ហាអន្តោប្រវេសន៍វៀតណាម ឲ្យបានត្រឹមត្រូវ ដោយយកច្បាប់អន្តោប្រវេសន៍មកអនុវត្តឲ្យបានហ្មត់ចត់ ប្រសិនបើខ្លួនជាប់ឆ្នោត។ បច្ចុប្បន្ន គណបក្សប្រឆាំងមិនបានឈ្នះឆ្នោតដូចការប៉ងឡើយ ប៉ុន្តែក្រសួងមហាផ្ទៃ ចាប់ផ្ដើមយកចិត្តទុកដាក់លើបញ្ហាអន្តោប្រវេសន៍ជាងមុន ខណៈដែលចំនួនអាសនៈក្នុងសភារវាងគណបក្សកាន់អំណាច និងគណបក្សប្រឆាំង មានសំឡេងប្រដំប្រសងគ្នា ប៉ុន្តែមន្ត្រីក្រសួងមហាផ្ទៃ អះអាងថា ការគ្រប់គ្រង និងស្រង់ស្ថិតិជនបរទេសលើកនេះ គឺមិនបានធ្វើតាម ឬមានសំណើផ្លូវការណាមួយពីគណបក្សប្រឆាំងនោះទេ តែវាជាការងារដែលក្រសួងមហាផ្ទៃ បានធ្វើមកហើយ។
ប្រជាពលរដ្ឋខ្មែរជាច្រើន បានអបអរសាទរចំពោះវិធានការថ្មីរបស់ក្រសួងមហាផ្ទៃ លើការងារគ្រប់គ្រង និងស្រង់ស្ថិតិជនបរទេសនេះ ប៉ុន្តែពលរដ្ឋមួយចំនួនមានជំនឿតិចតួច និងខ្លះគ្មានជំនឿតែម្ដង ដោយចាត់ទុកការចុះអនុវត្តការងារស្ថិតិរបស់ក្រសួងនាពេលនេះ គឺធ្វើឡើងដដែលៗ និងគ្រាន់តែចង់ឲ្យពលរដ្ឋខ្មែរស្ងប់ចិត្ត ចំពោះបញ្ហាអន្តោប្រវេសន៍វៀតណាម ប៉ុណ្ណោះ។
ក្រុមអាជីវករលក់ដូរនៅផ្សារលើ ខេត្តកំពង់ឆ្នាំង បង្ហាញពីទស្សនៈស្រដៀងគ្នាថា ការដឹកនាំប្រទេស និងការដោះស្រាយបញ្ហាអ្វីមួយរបស់រដ្ឋាភិបាលចាប់ពីថ្ងៃនេះទៅ អាចមានសុក្រឹតភាពជាងមុន ពីព្រោះមានសំឡេងគណបក្សប្រឆាំងច្រើនគួរសមក្នុងសភា ដើម្បីជំរុញឲ្យគណបក្សកាន់អំណាចធ្វើការឲ្យបានត្រឹមត្រូវ និងមិនអាចជិះសេះលែងដៃដូចមុនទៀត៖ «ខ្ញុំជឿថា ក្រសួងមហាផ្ទៃ នេះវាគ្មានប្រសិទ្ធភាពប៉ុន្មានទេ គ្រាន់ថារៀបចំហៅថារៀបចំទេ គ្រាន់តែប្រយោលៗទេ វាជាយូរមកហើយ ឃើញតែប៉ុណ្ណឹងដដែល វាអត់មានរីកចម្រើនអីទៅមុខទៀតទេ។ កាលណាបើរាជរដ្ឋាភិបាល ក៏ដូចខាងក្រុមការងារមហាផ្ទៃនេះ គាត់រៀបចំបានត្រឹមត្រូវល្អ ខ្ញុំគិតថាប្រជាជនខ្មែរយើងអាចមានឱកាសរកស៊ីលក់ដូរជួញដូរអី បានមួយកម្រិតដែរ។ បងប្អូនវៀតណាម គាត់ចូលមករកស៊ីនៅក្នុងស្រុកយើងហ្នឹង វារាតត្បាតខ្លាំងណាស់ អ៊ីចឹងធ្វើឲ្យប្រជាជនខ្មែរយើងអត់សូវបានរកទេ គិតទៅមុខរបរណា។»
ចំណែកក្រុមអ្នករត់ម៉ូតូឌុប និងប្រជាពលរដ្ឋនៅសង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង សម្ដែងពីអារម្មណ៍របស់ខ្លួនថា ជាច្រើនឆ្នាំមកហើយដែលជនជាតិវៀតណាម នៅក្នុងសង្កាត់ផ្សារឆ្នាំង និងនៅឃុំឆ្នុកទ្រូ នៃស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង បំផ្លាញធនធានមច្ឆជាតិ និងបំពុលបរិស្ថាន។ ពួកគេគាំទ្រពេញទំហឹងលើការងារគ្រប់គ្រង និងចុះស្រង់ស្ថិតិជនបរទេសឲ្យបានច្បាស់លាស់ ដើម្បីជៀសផុតពីការរិះគន់ និងប្រទេសជាតិរីកចម្រើន ប៉ុន្តែគេខ្លាចតែអាជ្ញាធរធ្វើដូចកាលពីពេលកន្លងទៅ គឺពុំមានប្រសិទ្ធភាពឡើយ និងធ្វើឲ្យពលរដ្ឋខកចិត្តទៅវិញ៖ «ចង់ ឲ្យទប់ស្កាត់ ព្រោះអីដូចអត់មានអ្នកអើពើសោះ ព្រោះអីខ្ញុំសង្កេតមើលទៅវាមានពុករលួយច្រើនដែរ។ រាល់ថ្ងៃដូចយើង ហើយនៅលើទឹកដីខ្មែរយើងវាកាន់តែកើនច្រើនហើយជនអន្តោប្រវេសន៍ ដូចជា ចិន បារាំង វៀតណាម ដូចអត់អីណាមកតាមច្បាប់ផង។ ខ្ញុំអបអរសាទរ បើរៀបចំឲ្យមានការត្រឹមត្រូវ អបអរសាទរណាស់! ហេតុអីពូ? ឲ្យមានការត្រឹមត្រូវទៅវាស្រួលដឹងខុសដឹងត្រូវទាំងអស់គ្នា វាមានការចែកការរកស៊ីស្មើគ្នាៗ កុំឲ្យមានការច្រណែននិន្ទាគ្នា។»
ក្រុមការងារដែលបង្កើតឡើងដោយក្រសួងមហាផ្ទៃ ដើម្បីចុះអនុវត្តការងារគ្រប់គ្រង និងស្រង់ស្ថិតិជនបរទេសនេះ ត្រូវបានបែងចែកជា ៧តំបន់នៅទូទាំង ២៥ខេត្ត និងក្រុង។ ក្រុមការងារដែលបង្កើតឡើង គឺមានតួនាទីត្រួតពិនិត្យលើការចាត់តាំងអនុវត្តច្បាប់ ស្ដីពីការងារគ្រប់គ្រងជនអន្តោប្រវេសន៍ ការត្រួតពិនិត្យដំណើរចេញចូល និងការស្នាក់នៅរបស់ជនបរទេសក្នុងមូលដ្ឋាន និងការពិនិត្យមើលលើពលករបរទេសនៅតាមរោងចក្រ និងសហគ្រាស ជាដើម។ ការធ្វើជំរឿនជនបរទេសនៅកម្ពុជា គឺធ្លាប់ធ្វើម្ដងរួចមកហើយនៅក្នុងឆ្នាំ២០០២ ប៉ុន្តែរហូតមកដល់បច្ចុប្បន្ន មិនទាន់មានតួលេខផ្លូវការណាមួយបញ្ជាក់ថា អន្តោប្រវេសន៍វៀតណាម ទាំងស្រប និងមិនស្របច្បាប់ មានចំនួនប៉ុន្មាននោះទេ។ តួលេខនេះហើយដែលពលរដ្ឋខ្មែរចង់ដឹង។
មន្ត្រីនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ មានប្រសាសន៍ថា ការងារគ្រប់គ្រង និងការធ្វើជំរឿននៅពេលនេះ គឺមិនអាចកំណត់រយៈពេលបញ្ចប់បានឡើយ ដោយសារតែព្រំដែនកម្ពុជា គឺជាព្រំដែនបើកចំហ ដូច្នេះ តួលេខមានការប្រែប្រួលរហូត។ លោកធ្លាប់បញ្ជាក់ថា ការធ្វើជំរឿនជនអន្តោប្រវេសន៍លើកនេះ បើពុំមានភាពច្បាស់លាស់អាចយកជាផ្លូវការបានទេនោះ ប្រហែលក្រសួងមិនបង្កើតក្រុមការងារថ្នាក់ជាតិ ឲ្យចុះធ្វើការងារនេះឡើយ៖ «ក្រសួងមិនទាន់ទៅដល់ជួលកាលគេមិន ទាន់បានគោលការណ៍នោះណា! វាមិនមែនជាយុទ្ធនាការទូទាំងប្រទេសព្រមៗគ្នា គេធ្វើដាច់ដោយដុំ ហើយគេផ្សាយបន្តទៀតទៅ។ បាទ! នៅក្នុងហ្នឹងយើងពិនិត្យមើលឲ្យបានច្បាស់លាស់ដែរ ឧទាហរណ៍ថា ការចេញអត្តសញ្ញាណប័ណ្ណឲ្យ យើងមិនត្រឹមរកតែគាត់ទេ ក្នុងនោះការចេញអត្តសញ្ញាណប័ណ្ណឲ្យមិនត្រឹមត្រូវ ដូច្នេះយើងគួបរកអាបញ្ហាហ្នឹងទៀត ហើយត្រូវតែមានវិធានការចំពោះមន្ត្រីរាជការយើងដែលបានប្រព្រឹត្ត ខុសនោះទៀតផង មិនត្រឹមតែជនអន្តោប្រវេសន៍ដែលយើងរកនោះទេ។»
បច្ចុប្បន្ននៅខេត្តកំពង់ឆ្នាំង ការចុះអនុវត្តការងារគ្រប់គ្រង និងស្រង់ស្ថិតិជនអន្តោប្រវេសន៍ មិនទាន់បានដំណើរការនៅឡើយទេ ដោយក្រុមការងារជំនាញថ្នាក់ក្រសួង មិនទាន់បានចុះមកដល់។ ចំណែកនៅខេត្តពោធិ៍សាត់ បានចុះអនុវត្តការងារនេះពីរបីថ្ងៃហើយ ប៉ុន្តែខាងស្នងការមិនទាន់អាចផ្ដល់ព័ត៌មានច្បាស់លាស់ ដោយរង់ចាំការបូកសរុបលទ្ធផលការងាររបស់មន្ត្រីជំនាញក្រសួងមហាផ្ទៃ ដែលចុះធ្វើការនេះផ្ទាល់។
ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ទទួលបន្ទុកការងារស្ថិតិ លោក បាន ហេង ថ្លែងបញ្ជាក់ថា ការចុះអនុវត្តការងារពីរបីថ្ងៃមកនេះ គឺពុំមានបញ្ហាអ្វីឡើយ ដោយមានខាងលោកជាអ្នកចង្អុលបង្ហាញទីតាំងភូមិសាស្ត្រ។ ចំណែកបច្ចេកទេសការងារ គឺខាងមន្ត្រីជំនាញថ្នាក់ជាតិជាអ្នកអនុវត្តន៍ផ្ទាល់៖ «គេចុះ ឥឡូវគេកំពុងធ្វើបីបួនស្រុកហ្នឹង ស្រុកបាកាន ស្រុកកណ្ដៀង និងក្រុងពោធិ៍សាត់ អីហ្នឹង។ បាទ! អ៊ីចឹងឥឡូវហ្នឹងយើងមិនទាន់ដឹង ហើយចង់រាយការណ៍ដែរ ប៉ុន្តែក្រុមការងារគេកំពុងតែធ្វើ គេធ្វើលម្អិតណាស់! គេមានបិទរូបថត បំពេញសលាកបត្របុគ្គលនីមួយៗ គេធ្វើច្រើនរបៀប។»
នាយកប្រតិបត្តិនៃអង្គការការពារសិទ្ធិជនជាតិភាគតិច (MIRO) លោក អាង ច័ន្ទឫទ្ធិ ធ្លាប់មានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរី ថា កន្លងទៅខាងលោករកឃើញករណីប្រព្រឹត្តអំពើពុករលួយរបស់សមត្ថកិច្ច អន្តោប្រវេសន៍ ដោយមានជនជាតិវៀតណាម មួយចំនួនបង់ប្រាក់ចន្លោះពី ៣០០ ទៅ ៥០០ដុល្លារ ដើម្បីទទួលបានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងមានទម្រង់នៃការប្រព្រឹត្តអំពើពុករលួយមួយចំនួនទៀត។ លោកក៏បានបង្ហាញពីក្ដីបារម្ភដែរថា ការបង្កើតក្រុមការងាររបស់ក្រសួងមហាផ្ទៃ នៅពេលនេះ គឺពុំមានតម្លាភាព ហើយលទ្ធផលទទួលបាននឹងអាចសុក្រឹតនោះទេ ដោយសារតែពុំមានការចូលរួមពីសំណាក់សង្គមស៊ីវិល ឬដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ៕
No comments:
Post a Comment