Paris Peace Accords 23 Oct. 1991

Friday, September 5, 2014

បក្ស​ប្រឆាំង ​ស្នើ​ត្រួត​ពិនិត្យ ​ឡើង​វិញ​ នូវ​ប្រាក់​ជំនួយ​ និង​កម្ចី​ សាងសង់ ​ស្ពាន, ​ផ្លូវ ​ថ្នល់ | Opposition party asks for a review of accounts re public works (bridges, roads)

បក្ស​ប្រឆាំង ​ស្នើ​ត្រួត​ពិនិត្យ ​ឡើង​វិញ​ នូវ​ប្រាក់​ជំនួយ​ និង​កម្ចី​ សាងសង់ ​ស្ពាន, ​ផ្លូវ​ថ្នល់

RFA / ​វិទ្យុ ​អាស៊ី សេរី | ៥ កញ្ញា ២០១៤

ការដ្ឋាន​សាងសង់​ស្ពាន ៣០៥
៥-កញ្ញា-២០១២៖ ការដ្ឋាន​សាងសង់​ស្ពាន ក្រោម​ប្រាក់​កម្ចី​ធនាគារ​អភិវឌ្ឍន៍​អាស៊ី នៅ​ខេត្ត​កំពង់ចាម។  Photo: RFA

រដ្ឋាភិបាល​ ចិន បាន​ផ្ដល់​ ប្រាក់​ជំនួយ និង​កម្ចី​ ដល់​រដ្ឋាភិបាល​ កម្ពុជា មាន​ចំនួន​ច្រើន ​ជាង​គេ​ ក្នុង​ការ​ កសាង​ ហេដ្ឋារចនាសម្ព័ន្ធ​ ស្ពាន, ​ផ្លូវ​ថ្នល់, ក៏ប៉ុន្តែ​ ការ​ប្រើប្រាស់ ​ថវិកា​សាងសង់​ ហេដ្ឋារចនាសម្ព័ន្ធ​ ទាំង​នេះ ត្រូវ​ គណបក្ស​ ប្រឆាំង​ លើក​ឡើង ​ថា, គ្មាន ​គុណភាព និង​គ្មាន​ ប្រសិទ្ធភាព ​នោះ​ឡើយ។

មន្ត្រី​ជាន់​ខ្ពស់​ គណបក្ស ​ប្រឆាំង ស្នើ​ឲ្យ ​មន្ត្រី​ភាគី​ ចិន ត្រួត​ពិនិត្យ​ ជំនួយ និង​កម្ចី ដែល​ផ្ដល់ ​ឲ្យ​កម្ពុជា យក​មក​សាងសង់​ ហេដ្ឋារចនាសម្ព័ន្ធ ​ទាំង​នោះ​ ឡើង​វិញ។

មន្ត្រី​នាំ​ពាក្យ​ គណបក្ស​សង្គ្រោះ​ជាតិ បាន​ស្នើ​ឲ្យ​មន្ត្រី​ស្រាវជ្រាវ និង​ទំនាក់ទំនង​កម្ពុជា​ចិន និង​អាស៊ាន ត្រួត​ពិនិត្យ​ឡើង​វិញ​នូវ​ថវិកា​ដែល​ផ្ដល់​ជំនួយ និង​កម្ចី​ដល់​រដ្ឋាភិបាល​កម្ពុជា សម្រាប់​យក​មក​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​នោះ។

មន្ត្រី​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​អ្នក​នាំ​ពាក្យ លោក យឹម សុវណ្ណ មាន​ប្រសាសន៍​ថា នៅ​ក្នុង​ជំនួប​មន្ត្រី​ស្រាវជ្រាវ​ចិន ដែល​ធ្វើ​បាឋកថា​កិត្តិយស ស្ដីពី​ទស្សនៈ​វិស័យ​សម្រាប់​ទំនាក់ទំនង​ចិន និង​កម្ពុជា ក្នុង​បរិបទ​នៃ​ទំនាក់ទំនង​ចិន និង​អាស៊ាន នៅ​ថ្ងៃ​ទី​៥ កញ្ញា នេះ លោក​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​ចិន សើរើ​ឡើង​វិញ​នូវ​ជំនួយ និង​កម្ចី​ចិន ផ្ដល់​ឲ្យ​សម្រាប់​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ស្ពាន ផ្លូវ​ថ្នល់ ត្រូវ​ធានា​ថា ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​គុណភាព និង​ប្រសិទ្ធភាព។ លោក​បញ្ជាក់​ថា ក្រុមហ៊ុន​ចិន មួយ​ចំនួន បាន​ត្រូវរ៉ូវ​នឹង​មន្ត្រី​កម្ពុជា ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ក្នុង​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​គ្មាន​គុណភាព​ នេះ។

ការ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​កម្ពុជា ក្រោម​ជំនួយ​កម្ចី​របស់​ចិន និង​ជំនួយ​របស់​ប្រទេស​មួយ​ចំនួន​ទៀត ត្រូវ​បាន​គេ​មើល​ឃើញ​ថា សាងសង់​គ្មាន​គុណភាព​នោះ​ទេ។ សាធារណជន​ទូទៅ​តែង​និយាយ​កំប្លុក​កំប្លែង​លេង​ថា ការ​ធ្វើ​ផ្លូវ​នៅ​ស្រុក​ខ្មែរ​ជាប់​រហូត ដែល​ទំនង​សំដៅ​លើ​ផ្លូវ​នោះ​គ្មាន​គុណភាព ធ្វើ​ហើយ​ធ្វើ​ទៀត។

លោក យឹម សុវណ្ណ លើក​ជា​ឧទាហរណ៍​ជាក់ស្ដែង ដូចជា ផ្លូវ​ពី​ភ្នំពេញ ទៅ​សៀមរាប ពី​ភ្នំពេញ ទៅ​ស្ទឹងត្រែង ឥឡូវ​នេះ​ខូចខាត ពិសេស​ផ្លូវ​ពី​ភ្នំពេញ ទៅ​កំពង់ធំ ខូចខាត​ស្ទើរ​តែ​ទាំង​ស្រុង។ លោក យឹម សុវណ្ណ បន្ថែម​ថា មន្ត្រី​ស្រាវជ្រាវ និង​ទំនាក់ទំនង​ចិន កម្ពុជា និង​អាស៊ាន សន្យា​ថា គេ​នឹង​ត្រួត​ពិនិត្យ​ពី​ករណី​នេះ។

មន្ត្រី​នាំ​ពាក្យ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន និង​ជា​រដ្ឋលេខាធិការ លោក សួន រចនា មិន​ធ្វើ​អត្ថាធិប្បាយ​អំពី​បញ្ហា​នេះ​ទេ ដោយ​បង្វែរ​ឲ្យ​សួរ​នាយក​ខុទ្ទកាល័យ​រដ្ឋមន្ត្រី និង​ជា​អនុរដ្ឋលេខាធិការ លោក ស្លូត សំបូរ វិញ។

វិទ្យុ​អាស៊ីសេរី ទាក់ទង លោក ស្លូត សំបូរ នៅ​ថ្ងៃ​ទី​៥ កញ្ញា នេះ តែ​លោក​ប្រាប់​ថា​ជាប់​ប្រជុំ។

នាយក​ប្រតិបត្តិ​នៃ​អង្គការ​សមធម៌​កម្ពុជា លោក អៀង វុទ្ធី ធ្លាប់​ឲ្យ​វិទ្យុ​អាស៊ីសេរី ថា ទឹក​ប្រាក់​កម្ចី​របស់​ចិន លើ​ការ​អភិវឌ្ឍ​វិស័យ​សាងសង់​ផ្លូវ​ថ្នល់ និង​ស្ពាន មិន​មាន​គុណភាព។ ម្យ៉ាង​វិញ​ទៀត ទឹក​ប្រាក់​ទាំង​នោះ ត្រូវ​បាន​ផ្ទេរ​ទៅ​ប្រទេស​ចិន វិញ តាម​រយៈ​ការ​ជួល​បុគ្គលិក​ជា​ជនជាតិ​ចិន ក្រុមហ៊ុន​ចិន និង​ការ​នាំ​ចូល​សម្ភារៈ​ពី​ប្រទេស​ចិន ជាដើម។

របាយការណ៍​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​បង្ហាញ​ថា ចាប់​តាំង​ពី​ឆ្នាំ​១៩៩២ ដល់​បច្ចុប្បន្ន ចិន បាន​ផ្ដល់​ជំនួយ​ឥត​សំណង និង​ប្រាក់​កម្ចី​ត្រង់​អត្រា​ការប្រាក់​ទាប​ចំនួន​ជិត ៣​ពាន់​លាន​ដុល្លារ​អាមេរិក។ ទឹក​ប្រាក់​ទាំងអស់ រដ្ឋាភិបាល​បាន​យក​មក​កសាង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ ដូចជា ការ​កសាង​ស្ពាន ថ្នល់ ជាដើម។

ផ្លូវ​ជាតិ និង​ផ្លូវ​សំខាន់ៗ​នៅ​តាម​បណ្ដា​ខេត្ត​នានា រដ្ឋាភិបាល​ពង្រីក​បាន​ជាង ៤​ម៉ឺន ៥​ពាន់​គីឡូម៉ែត្រ ក្រោម​ជំនួយ​របស់​ដៃគូ​អភិវឌ្ឍន៍​អន្តរជាតិ​ចំនួន​បី រួម​មាន ប្រទេស​ចិន ជប៉ុន និង​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB)។  ក្នុង​ចំណោម​ ហិរញ្ញប្បទាន ​ទាំង​នោះ មាន​តែ​ ប្រទេស ​ជប៉ុន មួយ​ទេ ​ដែល​ផ្ដល់​ជំនួយ​ ឥត​សំណង, ប៉ុន្តែ​ ប្រទេស​ ចិន វិញ ជា​ប្រទេស ​ដែល​ផ្ដល់​ ប្រាក់​កម្ចី​ ធំ​ជាង​គេ​ លើ​វិស័យ ​ហេដ្ឋារចនាសម្ព័ន្ធ​ សម្រាប់ ​រដ្ឋាភិបាល ​កម្ពុជា៕



No comments:

Post a Comment