Paris Peace Accords 23 Oct. 1991

Saturday, September 13, 2014

លោក ផៃ ស៊ីផាន រិះគន់​ ប្រព័ន្ធ​តុលាការ​ នៅ​កម្ពុជា​ ថា​ មិន​យុត្តិធម៌ | Phay Siphan criticizes court system in Cambodia as unjust

លោក ផៃ ស៊ីផាន រិះគន់​ ប្រព័ន្ធ​តុលាការ​ នៅ​កម្ពុជា​ ថា​ មិន​យុត្តិធម៌

RFA / ​វិទ្យុ ​អាស៊ី សេរី | ១២ កញ្ញា ២០១៤

ផៃ ស៊ីផាន ៦១០
អ្នក​នាំ​ពាក្យ​ នៃ​ទីស្ដី ការ​រដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ថ្លែង​ក្នុង​ សន្និសីទ ​កាសែត​ នា​ទីស្ដីការ​ គណៈរដ្ឋមន្ត្រី នៅ​ថ្ងៃ​ ទី​៤ ខែ​មេសា ឆ្នាំ​២០១៤។  RFA/An Sithav

មន្ត្រី ​នាំ​ពាក្យ​ ទីស្ដីការ ​គណៈរដ្ឋមន្ត្រី រិះគន់ ​ប្រព័ន្ធ​តុលាការ​ កម្ពុជា ថា​, ធ្វើ​ការ​ មិន​ត្រឹមត្រូវ។  លោក ផៃ ស៊ីផាន ដែល​ធ្លាប់​ តែ​ សរសើរ​គ្រប់​ម៉ាត់​ ពី​ប្រព័ន្ធ​យុត្តិធម៌ ​នៅ​កម្ពុជា ឥឡូវ​នេះ ​បែរ​ ជា​មាន​ប្រសាសន៍​ ថា, តុលាការ​នេះ​ មាន​ភាព​ មិន​ប្រក្រតី បន្ទាប់​ ពី​គូកន​ របស់ ​លោក​ម្នាក់​ ត្រូវ ​តុលាការ ​ចាប់​ខ្លួន ពី​បទ​បោកប្រាស់​ លុយ ១​លាន​ដុល្លារ។

លោក ផៃ ស៊ីផាន ផ្ទាល់ ​ក៏​ត្រូវ​ បាន​ភាគី​ ដើម​បណ្ដឹង ​ចោទ​ថា, មាន​ពាក់ព័ន្ធ ​នឹង​អំពើ​ ឆបោក​ប្រាក់​ នេះ​ដែរ។

បន្ទាប់​ ពី​មាន​ ការ​ចោទ​ប្រកាន់ លោក ផៃ ស៊ីផាន ថា ​បាន​រត់​ការ​ ក្រោម​តុ​ មិន​បាន​សម្រេច, ហើយ ​គូកន ​របស់ លោក ផៃ ស៊ីផាន ត្រូវ​ បាន​តុលាការ ​ចាប់​ឃុំ​ខ្លួន​មក, លោក ផៃ ស៊ីផាន ក៏​នៅ​តែ​ ចេញ​មុខ ​អះអាង​ថា លោក សាន រីច្ឆឺ (San Richer) ជា​មនុស្ស​ ស្អាតស្អំ។  លោក​ ថែម​ទាំង បាន​ចាត់​ទុក​ ថា, តុលាការ ​កម្ពុជា ចាប់​ខ្លួន ​មិត្តភ័ក្ដិ ​របស់​លោក​ ដោយ​ប្រញិបប្រញាប់​ ពេក​ណាស់, ហើយ ​មាន​ភាព​ មិន​ប្រក្រតី ​ទៀត​ផង។

កាល​ពី​សប្ដាហ៍​មុន លោក សាន រីច្ឆឺ ត្រូវ​បាន​ចាប់​ខ្លួន បន្ទាប់​ពី​សាលា​ដំបូង​ចោទ​ប្រកាន់​ពី​បទ​ឆបោក​ប្រាក់ ១​លាន​ដុល្លារ ពី​ម្ចាស់​គ្លីនិក​ព្យាបាល​ធ្មេញ ម៉ាស្ទ័រ​ឃែរ (Master Care Dental) គឺ​អ្នកស្រី អេង លីគង់។

ករណី​ ឆបោក ​ប្រាក់​នេះ ក៏​ជាប់​ពាក់ព័ន្ធ​ នឹង លោក ស៊ីវ ស៊ីចាន់ អតីត​ ឯកអគ្គរដ្ឋទូត ​សហរដ្ឋ​អាមេរិក ប្រចាំ​អង្គការ​ សហប្រជាជាតិ ដែល​ជា​ខ្មែរ​ អាមេរិកាំង និង​ជា​អ្នក និពន្ធ​សៀវភៅ​ មួយ​ឈ្មោះ ឆ្អឹង​មាស (Golden Bones) រួម​ជាមួយ​ និង​ជនជាតិ​ អាមេរិកាំង ពីរ​ម្នាក់​ទៀត។  បច្ចុប្បន្ន លោក ស៊ីវ ស៊ីចាន់ និង​មនុស្ស​ ពីរ​នាក់ ​ផ្សេង​ទៀត នៅ​មិន​ទាន់ ​ត្រូវ​ បាន​ចាប់​ខ្លួន ​នៅ​ឡើយ​ទេ ដោយសារ ​អ្នក​ទាំង​បី​ កំពុង​ស្នាក់នៅ​ សហរដ្ឋ​អាមេរិក។

អ្នកស្រី អេង លីគង់ ដើម​បណ្ដឹង​បាន​អះអាង​ថា នៅ​ពេល​ដែល​អ្នកស្រី​ដឹង​ខ្លួន​ថា ត្រូវ​គេ​បោកប្រាស់ អ្នកស្រី​បាន​ដាក់​ពាក្យ​ប្ដឹង​អោយ​ស្ថាប័ន​ច្បាប់​ជួយ​ដោះស្រាយ តែ​អ្នកស្រី​ថា​ត្រូវ​បាន លោក ផៃ ស៊ីផាន ចេញ​មុខ​រត់​ការ​ការពារ​ជន​បោកប្រាស់​យ៉ាង​ស្វិតស្វាញ រហូត​ដល់​ត្រូវ​ក្រសួង​មហាផ្ទៃ បង្គាប់​អ្នកស្រី​អោយ​បង់​ប្រាក់​ចំនួន ១​សែន ៥​ម៉ឺន​ដុល្លារ​ថែម​ទៀត​ផង ជា​ប្រាក់​សង​ជំងឺ​ចិត្ត។

បន្ទាប់​ពី​រឿងរ៉ាវ​ឆបោក​នេះ​បែក​ធ្លាយ​ជា​សាធារណៈ លោក ផៃ ស៊ីផាន បាន​ឆ្លើយ​ថា ការ​ជួយ​រត់​ការ​ជាមួយ​តុលាការ​ខ្មែរ​ដោះស្រាយ​ករណី​ឆបោក​នោះ គឺ​លោក​គ្រាន់​តែ​ជួយ​ជន​ជាប់​ចោទ​ឈ្មោះ សាន រីច្ឆឺ ដែល​ជា​ខ្មែរ​អាមេរិកាំង​ដូច​គ្នា ក្រោយ​ការ​ចាប់​ខ្លួន​តែ​ប៉ុណ្ណោះ។ លោក​ក៏​បញ្ជាក់​ដែរ​ថា លោក​មិន​បាន​ទទួល​លាភសក្ការៈ​លុយ​កាក់​អ្វី​ទាំងអស់​ក្នុង​ការ​ជួយ​រត់​ការ​ នេះ។

លោក ផៃ ស៊ីផាន«បាទ! អ្វី​ដែល​ខ្ញុំ​ចង់​ជម្រាប​ជូន​សាធារណជន ហើយ​ដែល​បាន​ស្តាប់​នូវ​ការ​ផ្សព្វផ្សាយ ជាពិសេស​ទទួល​ព័ត៌មាន​ពី​លោកស្រី​ជា​អ្នក​ដើម​ចោទ​ហ្នឹង ដែល​វាយ​ប្រហារ​មក​លើ កិត្តិយស​ខ្ញុំ។ វាយ​ប្រហារ​មក​លើ​កាតព្វកិច្ច​របស់​ខ្ញុំ អា​ហ្នឹង គឺ​ខ្ញុំ​ដូចជា​មិន​សប្បាយ​ចិត្ត​ទេ ពីព្រោះ​យើង​ទាំងអស់​គ្នា​ត្រូវ​គោរព​អ្វី​ទៅ​គេ​ហៅ​ថា​កិត្តិយស និង​សេចក្តី​ថ្លៃថ្នូរ​ផង។ ខ្ញុំ​ពុំ​បាន​ចូលរួម​នៅ​ក្នុង​ពាណិជ្ជកម្ម។ ខ្ញុំ​មិន​បាន​ទទួល​ផល​ពី​ពាណិជ្ជកម្ម។ ខ្ញុំ​អត់​ទាំង​ដឹង គេ​ចុះ​ហត្ថលេខា​អី​ទាំងអស់។ អ្វី​ដែល​ខ្ញុំ​ដឹង គឺ​ខ្ញុំ​ដឹង​ក្រោយ​ពី​គេ​ឃាត់​ខ្លួន លោក រីច្ឆឺត សាន។ គឺ​គេ​ប្ដឹង លោក រីច្ឆឺត សាន។ ខ្ញុំ​បាន​ជម្រាប​ជូន​ទៅ​តុលាការ សុំ​អោយ​មេត្តា​អនុវត្ត​ពេញ​លេញ​នូវ​នីតិវិធី​ដែល​ស្រប​ទៅ​តាម​គតិ​ច្បាប់ ហើយ​សុំ​មេត្តា​ធ្វើ​យ៉ាង​ណា សូម​គោរព​សេចក្តី​ថ្លៃថ្នូរ​របស់​មនុស្ស​តែ​ប៉ុណ្ណោះ។ ហើយ​ការ​សម្រេច​ជា​រឿង​ឆន្ទានុសិទ្ធិ​របស់​ចៅក្រម។ តែ​គួរ​អោយ​សោកស្ដាយ ប្រតិបត្តិការ​នៃ​ការ​ចាប់​ចង​មនុស្ស​ហ្នឹង​ដូចជា​រឿង​មិន​ប្រក្រតី ដែល​ខ្ញុំ​កំពុង​តែ​អង្គុយ​ឆ្ងល់​រហូត​ដល់​ពេល​នេះ។ ហើយ លោក រីច្ឆឺ មិន​មែន​គ្រាន់​តែ​ជា​អ្នក​ខ្មែរ​អាមេរិកាំង ដូច​ខ្ញុំ​ទេ លោក​បាន​ចូលរួម​ច្រើន​នៅ​ក្នុង​សកម្មភាព​មនុស្សធម៌ ក៏ដូចជា​សកម្មភាព​សង្គម ហើយ​លោក គឺ​ជា​សហការី​របស់​ខ្ញុំ ក្នុង​ការ​ពន្យល់​ប្រាប់​មិត្ត​អាមេរិកាំង ដែរ។»

រីឯ​ដើម​បណ្ដឹង អ្នកស្រី អេង លីគង់ វិញ​អះអាង​ថា លោក ផៃ ស៊ីផាន បាន​លូក​ដៃ​ចូល​ក្នុង​រឿង​នេះ​តាំង​ពី​មុន​ការ​ចាប់​ខ្លួន លោក សាន រីច្ឆឺ ហើយ​ថា អ្នកស្រី​មាន​ឯកសារ​សម្រាប់​ជា​ភស្តុតាង​ទាំងអស់៖ «រឿង​គាត់​ ហ្នឹង​មាន​ច្រើន ក៏ប៉ុន្តែ​ខ្ញុំ​មិន​អាច​ពិពណ៌នា​អោយ​អស់​ទេ។ ប៉ុន្តែ​បើ​សិន​ថា​ក្នុង​ករណី​ដែល​គាត់​ត្រូវ​ប្ដឹង ខ្ញុំ​តែ​ម្តង ខ្ញុំ​នឹង​បង្ហាញ​ភស្តុតាង​ម៉ោ​ទាំងអស់​តែ​ម្តង។ ប៉ុន្តែ​គ្រាន់​តែ​ខ្ញុំ​មាន​ភស្តុតាង​បញ្ជាក់​ថា គាត់​ជួយ​អន្តរាគមន៍​សម្រាប់​មនុស្ស​ទាំង​បួន​នាក់​ហ្នឹង​យ៉ាង​ ខ្លាំង...ចា៎។»

មិន​ត្រឹម​តែ​ដោះសា​ខ្លួន​ឯង​ទេ លោក ផៃ ស៊ីផាន ក៏​បាន​ខ្នះខ្នែង​សម្រប​សម្រួល​អោយ​ភរិយា លោក សាន រីច្ឆឺ គឺ​អ្នកស្រី សាន សិទ្ធា បាន​សម្ភាស​ជួប​តាម​ទូរស័ព្ទ​ជាមួយ​វិទ្យុ​អាស៊ីសេរី ទៀត​ផង។ ក្នុង​បទសម្ភាសន៍​នោះ អ្នកស្រី​បដិសេធ​ថា ប្ដី​របស់​អ្នកស្រី​មិន​ជាប់​ពាក់ព័ន្ធ​នឹង​បទ​ឆបោក​ទេ។ អ្នកស្រី​ថា លោក សាន រីច្ឆឺ គ្រាន់​តែ​ជា​បុគ្គលិក​ធម្មតា​របស់​ក្រុមហ៊ុន​អាក្រា (Akra)៖ «ហេតុ ​អី​បាន​តុលាការ​ចាប់​ខ្លួន​ប្ដី​ខ្ញុំ? ខ្ញុំ​ក៏​មាន​ការ​ឆ្ងល់​រឿង​ហ្នឹង​ដែរ ព្រោះ​ប្ដី​ខ្ញុំ​អត់​មាន​ពាក់ព័ន្ធ​សោះ។ បើ​សិន​ជា​មាន​ឯកសារ​មួយ​ណា​ថា ប្ដី​ខ្ញុំ​ពាក់ព័ន្ធ​យក​លុយ​មួយ​លាន​ហ្នឹង​មែន អា​ហ្នឹង គឺ​ខ្ញុំ​អត់​មាន​នេះ​ទេ ក៏ប៉ុន្តែ​វា​អត់​មាន​ភស្តុតាង​ណា ហើយ​ដែល​ប្ដី​ខ្ញុំ​យក​លុយ​មួយ​លាន​ដុល្លារ​ឆបោក​ណាស់ គឺ​អត់​មាន គឺ​ថា​អត់​មាន​ឯកសារ​ណា​មួយ​ដែល​មាន​ឃើញ​ឈ្មោះ​ប្ដី​ខ្ញុំ​ពាក់ព័ន្ធ​នៅ​ ក្នុង​ហ្នឹង​សោះ។ ប្ដី​ខ្ញុំ​អត់​មាន​ស៊ីញេ​ចុះ​កុងត្រា​រវាង​អ្នកស្រី​ជាមួយ​ប្ដី​ ខ្ញុំ...អត់​មាន​សោះ។»

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ពាក្យ​បណ្ដឹង​ឆបោក​នេះ​បញ្ជាក់​ថា កាល​ពី​ឆ្នាំ​២០១២ លោក សាន រីច្ឆឺ និង​លោក ស៊ីវ ស៊ីចាន់ បាន​មក​បញ្ចុះបញ្ចូល អ្នកស្រី អេង លីគង់ ឲ្យ​ចូល​ហ៊ុន​ក្នុង​ក្រុមហ៊ុន​អាក្រា ដើម្បី​ក្លាយ​ជា​សមាជិក​ប្រឹក្សា​ក្រុមហ៊ុន​នេះ។ ប៉ុន្តែ​ក្រោយ​ពេល​អ្នកស្រី​បាន​បង់​ប្រាក់​ហ៊ុន​ចំណែក​របស់​អ្នកស្រី ទៅ​អោយ​ក្រុមហ៊ុន អាក្រា នេះ តាម​ការ​ណែនាំ​របស់ លោក សាន រីច្ឆឺ និង​លោក ស៊ីវ ស៊ីចាន់ និង​មនុស្ស​ពាក់ព័ន្ធ​ផ្សេង​ទៀត​រួច​ហើយ ក្រុម​លោក​ទាំង​បួន​នាក់​នេះ បែរ​ជា​បដិសេធ​មិន​ទទួល​ខុស​ត្រូវ​ចំពោះ​ថវិកា​មួយ​លាន​ដុល្លារ​នោះ​ទៅ​វិញ។

ថ្វី​ត្បិត អ្នកស្រី អេង លីគង់ មាន​ប្រសាសន៍​ថា អ្នកស្រី​មិន​បាន​ដឹង​ប្រាកដ​ថា តើ លោក ផៃ ស៊ីផាន បាន​ទទួល​ភាគ​ផល​ពី​ប្រាក់​មួយ​លាន​ដុល្លារ​យ៉ាង​ណា​ក្តី ក៏​អ្នកស្រី​នៅ​តែ​ចោទ​ប្រកាន់​ថា លោក ផៃ ស៊ីផាន ប្រឹងប្រែង​ណាស់​ក្នុង​ការ​រត់​ការ​ស្វែងរក​ដំណោះស្រាយ​ឲ្យ លោក សាន រីច្ឆឺ និង​លោក ស៊ីវ ស៊ីចាន់ ដែល​បណ្ដាល​ឲ្យ​អ្នកស្រី​ជួប​ឧបសគ្គ​ជាច្រើន ក្នុង​ការ​ស្វែងរក​យុត្តិធម៌​តាម​ប្រព័ន្ធ​តុលាការ។

អ្នកស្រី អេង លីគង់៖ «ទាក់ទង​រឿង​លុយ​មួយ​លាន​ទៅ​ដល់​គាត់ ឬ​អត់? ខ្ញុំ​អត់​បាន​ដឹង​ទេ តែ​គ្រាន់​តែ​ខ្ញុំ​មាន​ភស្តុតាង​បញ្ជាក់​ថា គាត់​ជួយ​អន្តរាគមន៍​សម្រាប់​មនុស្ស​ទាំង​បួន​នាក់​ហ្នឹង​យ៉ាង​ខ្លាំង។ ពាក់ព័ន្ធ​នឹង​ការ​អន្តរាគមន៍​នូវ​ផ្នែក​តុលាការ ខាង​ប៉ូលិស​ខាង​អី គឺ​គាត់​មាន​អន្តរាគមន៍​ជួយ​អ្នក​ទាំង​បួន​ហ្នឹង។ ទាំង​ការ​ទៅ​ជួប​ជាមួយ​មេធាវី​ខ្ញុំ​អី​ហ្នឹង គឺ​គាត់​ជួយ​ធ្វើ​អន្តរាគមន៍។ តែ​ត្រង់​ថា លុយ​មួយ​លាន​ដុល្លារ​ទៅ​ដល់​គាត់ ឬ​ក៏​អត់? អា​ហ្នឹង​ខ្ញុំ​មិន​ដឹង​ទេ។ ខ្ញុំ​សុំ​និយាយ​ពាក្យ​អ៊ីចេះ​យ៉ាង​សាមញ្ញ បើ​សិន​មាន​មនុស្ស​ពីរ​នាក់​វ៉ៃ​គ្នា ឧទាហរណ៍​ទេ​ណា៎ ម្នាក់​ទៀត​ទៅ​ចាប់​គ្រៀក​អ្នក​ទី​មួយ​ហ្នឹង អោយ​អ្នក​ទី​ពីរ​វ៉ៃ។ នេះ​គឺ​ជា​ការ​អន្តរាគមន៍ ឬ​ជា​ការ​កាន់​ជើង​ម្ខាង​ទៀត? ហ្នឹង​ខ្ញុំ​សុំ​សួរ​ទៅ​គាត់​វិញ។»

អ្នកស្រី​អះអាង​ថា លោក សាន រីច្ឆឺ គឺ​ជា​អ្នក​បញ្ចុះបញ្ចូល​អ្នកស្រី​ដំបូង​គេ​បង្អស់ ឲ្យ​ចូល​ភាគហ៊ុន​នឹង​ក្រុមហ៊ុន​ក្លែងក្លាយ​អាក្រា នេះ។

ឯកសារ​នៃ​ការ​ឆ្លើយ​ឆ្លង​តាម​រយៈ​សារ​អេឡិចត្រូនិក ដែល​វិទ្យុ​អាស៊ីសេរី ទទួល​បាន​បង្ហាញ​ថា លោក សាន រីច្ឆឺ ជា​អ្នក​ទាក់ទង អ្នកស្រី អេង លីគង់ មុន​គេ​ក្នុង​នាម​ជា​អ្នក​តំណាង​ឲ្យ​ក្រុមហ៊ុន​អាក្រា។ សារ​អេឡិចត្រូនិក មួយ​របស់ លោក សាន រីច្ឆឺ មក​កាន់ អ្នកស្រី អេង លីគង់ បាន​ណែនាំ​អ្នកស្រី​អំពី​របៀប​ផ្ញើ​ប្រាក់ និង​ឈ្មោះ​ធនាគារ​ដែល​ត្រូវ​ផ្ញើ​ទៅ​សហរដ្ឋ​អាមេរិក។ ធនាគារ​ដែល​អ្នកស្រី​ផ្ញើ​ប្រាក់​ទៅ​នោះ​ឈ្មោះ​ថា ធនាគារ ហ្វឺស ណាយាហ្គារ៉ា (First Niagara Bank) មាន​ទីតាំង​នៅ​ទីក្រុង​ញីវយ៉ក (New York) សហរដ្ឋ​អាមេរិក។

អ្នកស្រី អេង លីគង់ អះអាង​ថា ការ​ដែល​ជំរុញ​ឲ្យ​អ្នកស្រី​ចូល​ភាគហ៊ុន​នោះ ដោយសារ​តែ​អ្នកស្រី​មាន​ការ​ជឿ​លើ​កេរ្តិ៍​ឈ្មោះ​របស់​លោក​ទាំង​ពីរ ជាពិសេស​គឺ​លោក ស៊ីវ ស៊ីចាន់

លោក ស៊ីវ ស៊ីចាន់ ជា​ខ្មែរ​អាមេរិកាំង​មួយ​រូប​ដែល​ធ្លាប់​បាន​ទទួល​តំណែង​ដ៏​មាន​កិត្តិយស​ មួយ នៃ​រដ្ឋបាល​អាមេរិកាំង បន្ទាប់​ពី​លោក​ជួយ​ឃោសនា​រក​សំឡេង​ឆ្នោត​អោយ​ប្រធានាធិបតី​អាមេរិក ចំណែក លោក សាន រីច្ឆឺ ជា​អនុប្រធាន​សភា​ពាណិជ្ជកម្ម​ខ្មែរ​អាមេរិក និង​ជា​ស្ថាបនិក​បង្កើត​ទីក្រុង​ខ្មែរ​នៅ​ទីក្រុង​ឡុងប៊ិច (Long Beach) រដ្ឋ​កាលីហ្វនីញ៉ា (California)។

រីឯ លោក ផៃ ស៊ីផាន ថ្វី​ត្បិត ​តែ​ លោក​ ត្រូវ​ បាន​ដើម​បណ្ដឹង​ ចោទ​ថា ព្យាយាម ​រារាំង​ មិនឲ្យ ​អ្នកស្រី ​រក​យុត្តិធម៌​ តាម​ផ្លូវ​ច្បាប់​ យ៉ាង​ណា​ក្តី លោក​ មិន​ទទួល​ ការ​ចោទ​ប្រកាន់ ​ណា​មួយ​ ជា​ផ្លូវ​ការ​ ពី​តុលាការ​ កម្ពុជា នោះ​ទេ៕



No comments:

Post a Comment