Paris Peace Accords 23 Oct. 1991

Saturday, September 13, 2014

វៀតណាម ​ស្នើ​ជា​ថ្មី ​ឲ្យ​កម្ពុជា​ ចាត់​វិធានការ​ បញ្ឈប់​សកម្មភាព ​ខុស​ឆ្គង ​របស់​ បាតុករ​ខ្មែរ | Vietnam renws its call for Cambodia to take measures to end protests

វៀតណាម ​ស្នើ​ជា​ថ្មី ​ឲ្យ​កម្ពុជា​ ចាត់​វិធានការ​ បញ្ឈប់​សកម្មភាព ​ខុស​ឆ្គង ​របស់​ បាតុករ​ខ្មែរ

RFA / ​វិទ្យុ ​អាស៊ី សេរី | ១៣ កញ្ញា ២០១៤

តវ៉ា ទូត​វៀតណាម ៦១០
សមត្ថកិច្ច​ ដាក់​បារាស ​រារាំង ​អ្នក​តវ៉ា ​នៅ​ក្បែរ​ ស្ថានទូត​ វៀតណាម នៅ​ព្រឹក​ថ្ងៃ ​ទី​៨ កក្កដា ឆ្នាំ​២០១៤។  (RFA/Uon Chhin)

ក្រសួង​ ការ​បរទេស​ វៀតណាម ស្នើ​ជា​ថ្មី​ទៀត ​ឲ្យ​រដ្ឋាភិបាល​ កម្ពុជា ចាត់​វិធានការ​ បញ្ឈប់​សកម្មភាព ​ខុស​ឆ្គង ​របស់​ បាតុករ​ខ្មែរ។  ការ​ស្នើ​នេះ ធ្វើ​ឡើង ​ក្នុង​ពេល​ ដែល​អង្គការ​ សមាគម​ខ្មែរ​ កម្ពុជា​ក្រោម និង​ពលរដ្ឋ​ខ្មែរ គ្រោង​ធ្វើ​ បាតុកម្ម ​ប្រឆាំង ​ការ​បំភ្លៃ​ ប្រវត្តិសាស្ត្រ ​របស់​មន្ត្រី​ ស្ថានទូត ​វៀតណាម នៅ​ដើម​ខែ​ តុលា ខាង​មុខ ប្រសិន​បើ ​រដ្ឋាភិបាល ​វៀតណាម មិន​ឆ្លើយ​តប ​ផ្លូវ​ការ​ តាម​ការ​ទាមទារ ​របស់​ពួក​គេ។

ក្រសួង​ ការ​បរទេស ​កម្ពុជា នៅ​ពុំ​ទាន់​បញ្ជាក់​ ថា ​យ៉ាង​ណា ចំពោះ​ សំណើ​ របស់ ​ក្រសួង​ ការ​បរទេស​ វៀតណាម គឺ ​គ្រាន់​តែ​ អះអាង​ ថា, កម្ពុជា មាន​តួនាទី​ ធានា​សុវត្ថិភាព ​ដល់​គ្រប់​ស្ថានទូត​ ទាំងអស់​ នៅ​កម្ពុជា។


អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា លោក កុយ គួង មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១៣ កញ្ញា ថា ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ កម្ពុជា មាន​ភារកិច្ច​ការពារ​សុវត្ថិភាព​ដល់​គ្រប់​ស្ថានទូត​បរទេស​ទាំងអស់​ដែល​ ប្រចាំ​នៅ​កម្ពុជា មិន​ថា​ស្ថានទូត​នោះ​ជា​របស់​ប្រទេស​ណា​មួយ​ឡើយ។ លោក កុយ គួង អះអាង​បន្ត​ថា ចំណែក​សិទ្ធិ​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី គឺ​ត្រូវ​បាន​ធានា​ដោយ​រដ្ឋធម្មនុញ្ញ​កម្ពុជា។

លោក កុយ គួង«រាល់​ការ​ ធ្វើ​បាតុកម្ម ​ផ្សេងៗ​ហ្នឹង គឺ ​យើង​ មិន​អនុញ្ញាត​ ដល់​បាតុកម្ម​ណា​ ដែល​ប្រព្រឹត្ត​ទៅ​ ដោយ​ខុស​ច្បាប់ ឬ​ឯ​បាតុកម្ម​ ប្រព្រឹត្ត​ទៅ ​ក្នុង​ក្របខ័ណ្ឌ​ច្បាប់។  អា​ហ្នឹង​ វា​ មិន​ជា​បញ្ហា​ទេ ឲ្យ​តែ​ ស្ថិត​ក្នុង​ ក្របខ័ណ្ឌ​ច្បាប់។  ព្រោះ​ សិទ្ធិ​ធ្វើ​បាតុកម្ម​, យើង​ ដឹង​ហើយ ថា​ មាន​ចែង ​ក្នុង​រដ្ឋធម្មនុញ្ញ​ណា, ហើយ​ យើង​ មាន​ច្បាប់​ ធ្វើ​បាតុកម្ម​ទៀត។  ច្បាប់​បាតុកម្ម​ សំដៅ​ ទៅ​លើ​ បាតុកម្ម​ ដោយ​សន្តិវិធី។  ដូច្នេះ​ យើង ​មិន​អនុញ្ញាត ​ដល់​បាតុកម្ម​ណា ​ដែល​ខុស​ច្បាប់, ហើយ​ បាតុកម្ម​ ខុស​ច្បាប់ ភាគ​ច្រើន​ យើង ​សំដៅ​ លើ​បាតុកម្ម​ណា​ ដែល​បង្ក ​ឲ្យ​មាន​អំពើ​ ហិង្សា​នោះ។  គឺ​ រដ្ឋាភិបាល ​មិន​អនុញ្ញាត​ ជា​ដាច់​ខាត។»

បណ្ដាញ​សារព័ត៌មាន​ចិន ស៊ិនហួ (Xinhua) បាន​ផ្សាយ​ដោយ​ស្រង់​សម្ដី​របស់​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​វៀតណាម លោក ឡេ ហាយ បិញ (Le Hai Binh) ដែល​បាន​ថ្លែង​នៅ​ទីក្រុង​ហាណូយ កាល​ពី​ថ្ងៃ​ទី​១១ ខែ​កញ្ញា ថា វៀតណាម ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ចាត់​វិធានការ​មាន​ប្រសិទ្ធភាព ដើម្បី​បញ្ឈប់​សកម្មភាព​ខុស​ឆ្គង​របស់​បាតុករ​ខ្មែរ​ប្រឆាំង​វៀតណាម។ លោក ឡេ ហាយ បិញ ថ្លែង​បន្ត​ថា សកម្មភាព​ខុស​ឆ្គង​របស់​បាតុករ​នេះ មិន​ស្រប​ទៅ​នឹង​មិត្តភាព​ជា​ប្រពៃណី និង​ទំនាក់ទំនង​ល្អ​ប្រសើរ​រវាង​ប្រទេស​កម្ពុជា និង​វៀតណាម ឡើយ។

ការ​ថ្លែង​របស់​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​វៀតណាម នៅ​ថ្ងៃ​ទី​១១ កញ្ញា នោះ គឺ​ចំ​ថ្ងៃ​ដែល​អនុ​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​វៀតណាម លោក ហ្វាម ក្វាង វិញ (Pham Quang Vinh) ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា និង​បាន​ជួប​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា លោក ហោ ណាំហុង។ លោក កុយ គួង បាន​អះអាង​ថា នៅ​ក្នុង​ជំនួប​នោះ លោក ហ្វាម ក្វាង វិញ សន្យា​ថា ស្ថានទូត​វៀតណាម នឹង​ធ្វើ​កំណត់​ទូត​ទៅ​ក្រសួង​ការ​បរទេស​កម្ពុជា ដើម្បី​ដក​មន្ត្រី​នាំ​ពាក្យ​ស្ថានទូត​វៀតណាម ប្រចាំ​កម្ពុជា លោក ត្រឹង វ៉ាំង ថុង ទៅ​វៀតណាម វិញ។

យ៉ាង​ណា​ក៏ដោយ បណ្ដាញ​សារព័ត៌មាន ​វៀតណាម ឈ្មោះ វៀតណាម​ផ្លាស (Vietnamplus) បាន​ផ្សាយ ​ថា ទាក់ទង​នឹង​ការ​ធ្វើ​បាតុកម្ម​របស់​ពលរដ្ឋ​ខ្មែរ​នៅ​មុខ​ស្ថានទូត​វៀតណាម នា​ពេល​កន្លង​មក លោក ហ្វាម ក្វាង វិញ បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ចាត់​វិធានការ​ចាំបាច់​គ្រប់​បែប​យ៉ាង ដើម្បី​រារាំង​កុំ​ឲ្យ​សកម្មភាព​ដដែល​នោះ​កើត​ឡើង​ជា​ថ្មី​ទៀត។

នេះ​ជា​លើក​ទី​៣​ហើយ​ដែល​ក្រសួង​ការ​បរទេស​វៀតណាម ស្នើ​ឲ្យ​កម្ពុជា ចាត់​វិធានការ​ចំពោះ​បាតុករ​ខ្មែរ។ ការ​លើក​ឡើង​របស់​វៀតណាម ជា​បន្តបន្ទាប់​នេះ ត្រូវ​បាន​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ចាត់​ទុក​ថា រដ្ឋាភិបាល​កុម្មុយនីស្ត​វៀតណាម កំពុង​ជ្រៀត​ជ្រែក​ចូល​កិច្ចការ​ផ្ទៃ​ក្នុង​របស់​កម្ពុជា។

សាស្ត្រាចារ្យ ​ផ្នែក​វិទ្យាសាស្ត្រ​ នយោបាយ លោក​បណ្ឌិត រស់ រ៉ាវុធ មាន​ប្រសាសន៍​ថា ការ​ស្នើសុំ​របស់​រដ្ឋាភិបាល​វៀតណាម គឺ​ជា​សិទ្ធិ​របស់​ពួក​គេ ប៉ុន្តែ​លោក​ថា វៀតណាម គួរ​បញ្ឈប់​តាំង​ខ្លួន​ឯង​ជា​បង​ធំ​របស់​ខ្មែរ​ទៀត​ទៅ។ លោក​មាន​ប្រសាសន៍​បន្ត​ថា រដ្ឋធម្មនុញ្ញ​កម្ពុជា ការពារ​សិទ្ធិ​ធ្វើ​បាតុកម្ម​អហិង្សា​របស់​ពលរដ្ឋ​ខ្មែរ ហើយ​ថា ប្រសិន​បើ​រដ្ឋាភិបាល​កម្ពុជា ធ្វើ​តាម​រដ្ឋាភិបាល​វៀតណាម មែន​នោះ នោះ​បង្ហាញ​ថា រដ្ឋាភិបាល​កម្ពុជា នៅ​តែ​ទទួល​ឥទ្ធិពល​ពី​ប្រទេស​វៀតណាម ដូច​ការ​ចោទ​ប្រកាន់​ដដែល។

លោក​បណ្ឌិត រស់ រ៉ាវុធ«ក្នុង​ករណី​ ការ​ធ្វើ​បាតុកម្ម ​របស់​ ខ្មែរ​ ក្រោម​ហ្នឹង គឺ​ ជា​សិទ្ធិ​ របស់​ ខ្មែរ​ក្រោម។  ប៉ុន្តែ​ ការ​ស្នើ​នេះ ​ប្រសិន​ណា​ ប្រទេស​កម្ពុជា ចាត់​វិធានការ​ ណា​មួយ​ ចំពោះ​ បាតុកម្ម​ របស់​ ខ្មែរ​ក្រោម​ អហិង្សា​នោះ, វា​ ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ​ នៃ​ព្រះរាជាណាចក្រ​ កម្ពុជា។  អ៊ីចឹង គេ​ អាច​ចោទ​ រដ្ឋាភិបាល​ កម្ពុជា ថា, នៅ​ចំណុះ​ វៀតណាម ដដែល។  អ៊ីចឹង ​ការ​ស្នើ ​របស់​ វៀតណាម គឺ​ ជា​សំណើ ​ផ្លូវ​ទូត​មួយ។  ប៉ុន្តែ​ ការ​ចាត់​វិធានការ​ ណា​មួយ​ របស់ ​រដ្ឋាភិបាល ​កម្ពុជា នោះ, អា​ហ្នឹង​ ជា​សិទ្ធិ​ របស់​ រដ្ឋាភិបាល​ កម្ពុជា។»

លោក​បណ្ឌិត រស់ រ៉ាវុធ មាន​ប្រសាសន៍​ថា ជម្លោះ​ប្រវត្តិសាស្ត្រ​នេះ គឺ​ជា​ជម្លោះ​ផ្លូវ​ទូត​រវាង​កម្ពុជា និង​វៀតណាម។  លោក​ ថា នៅ​ពេល​ដែល​វៀតណាម សន្យា​ដក​មន្ត្រី​នាំ​ពាក្យ​របស់​គេ​ទៅ​វិញ​នោះ នោះ​បាតុករ​ក៏​គួរ​ថយ​មួយ​ជំហាន​ដែរ ដើម្បី​ពិចារណា​ដែរ។

ទោះ​យ៉ាង​ណា​ក៏ដោយ ប្រធាន​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម លោក ថាច់ សេដ្ឋា ធ្លាប់​បាន​អះអាង​ហើយ​ថា បើ​ទោះ​ជា​រដ្ឋាភិបាល​វៀតណាម ដក លោក ត្រឹង វ៉ាំង ថុង ត្រឡប់​ទៅ​វៀតណាម វិញ​ក៏ដោយ វៀតណាម ត្រូវ​បញ្ជាក់​ឲ្យ​ច្បាស់​ថា តើ​ការ​ដក​នោះ​ដោយសារ​តែ លោក ត្រឹង វ៉ាំង ថុង ត្រូវ​ផុត​អាណត្តិ​ត្រឡប់​ទៅ​វិញ ឬ​ក៏​ដោយសារ​តែ​ការ​ថ្លែង​ខុស​ឆ្គង​អំពី​ប្រវត្តិសាស្ត្រ​ទឹក​ដី​កម្ពុជា​ ក្រោម។  លោក​ ថា ប្រសិន​បើ​ រដ្ឋាភិបាល ​វៀតណាម យល់​ថា, លោក ត្រឹង វ៉ាំង ថុង ពិត​ជា​មាន​ កំហុស​មែន​នោះ វៀតណាម ត្រូវ​តែ​សុំ​ទោស​ពលរដ្ឋ​ខ្មែរ​ជា​សាធារណៈ ឬ​ត្រូវ​ទទួល​ស្គាល់​ការ​បំភ្លៃ​ប្រវត្តិសាស្ត្រ​របស់​ខ្លួន។ បើ​មិន​ដូច្នោះ​ទេ ពួក​គេ​នឹង​នាំ​គ្នា​ធ្វើ​បាតុកម្ម​នៅ​មុខ​ស្ថានទូត​វៀតណាម នៅ​ដើម​ខែ​តុលា បន្ត​ទៀត៕



No comments:

Post a Comment