Paris Peace Accords 23 Oct. 1991

Saturday, September 27, 2014

ព័ត៌មាន​ ជុំវិញ​ គម្រោង​បញ្ជូន ​ជន​ភៀស​ខ្លួន ​ពី​អូស្ត្រាលី​ នៅ​តែ​ ឋិត​ក្នុង​ភាព​ អាថ៌កំបាំង | Refugee deal still shrouded in secrecy

ព័ត៌មាន​ ជុំវិញ​ គម្រោង​បញ្ជូន ​ជន​ភៀស​ខ្លួន ​ពី​អូស្ត្រាលី​ នៅ​តែ​ ឋិត​ក្នុង​ភាព​ អាថ៌កំបាំង

RFA / ​វិទ្យុ ​អាស៊ី សេរី |៦ កញ្ញា ២០១៤

ស ខេង និង​ស្កុត ម៉ូរីសុន (Scott Morrison) ៦២០
រដ្ឋមន្ត្រី​ ក្រសួង​ មហាផ្ទៃ​កម្ពុជា លោក ស ខេង (ស្ដាំ) និង​រដ្ឋមន្ត្រី​ ក្រសួង​ អន្តោប្រវេសន៍ ​អូស្ត្រាលី លោក ស្កុត ម៉ូរីសុន (Scott Morrison) ក្នុង​ពិធី​ ចុះ​ហត្ថលេខា​ អនុស្សរណៈ ​យោគយល់ ​នៃ​ការ​បញ្ជូន​ ជន​ភៀស​ខ្លួន ​ដែល​ស្វែងរក​ សិទ្ធិ​ជ្រក​កោន​ នៅ​ប្រទេស ​អូស្ត្រាលី មក​តាំង ​ទីលំនៅ ​ក្នុង​ប្រទេស​ កម្ពុជា នា​ក្រសួង​ មហាផ្ទៃ នៅ​ថ្ងៃ ​ទី​២៦ ខែ​កញ្ញា ឆ្នាំ​២០១៤។  RFA/Yeang Socheametta

រដ្ឋាភិបាល ​កម្ពុជា និង​រដ្ឋាភិបាល ​អូស្ត្រាលី នៅ​តែ មិន​បញ្ចេញ​ ព័ត៌មាន ​ឲ្យ​សាធារណជន​ បាន​ដឹង ជុំវិញ ​គម្រោង​បញ្ជូន​ ជន​ភៀស​ខ្លួន ​ដែល​ស្វែងរក​ សិទ្ធិ​ជ្រក​កោន​ នៅ​ប្រទេស​ អូស្ត្រាលី មក​តាំង ​ទីលំនៅ ​ក្នុង​ប្រទេស​ កម្ពុជា នោះ​ឡើយ បើ ​ទោះ​ជា​ប្រទេស​ ទាំង​ពីរ​ បាន​ចុះ ​ហត្ថលេខា​ លើ​អនុស្សរណៈ នៃ​ការ​យោគយល់​គ្នា ​រួច​ហើយ​ ក៏ដោយ នៅ​រសៀល​ ថ្ងៃ​ ទី​២៦ កញ្ញា នៅ​ឯ​ក្រសួង​ មហាផ្ទៃ។  សង្គម​ស៊ីវិល​ សោកស្ដាយ​ ចំពោះ​ ការ​លាក់​កំបាំង ​ព័ត៌មាន​នេះ

នៅ​ទីបំផុត ព័ត៌មាន​ លម្អិត ​ជុំវិញ​ ជន​ភៀស​ខ្លួន ​ដែល​ត្រូវ​ បញ្ជូន​មក​ កម្ពុជា ពី​ប្រទេស ​អូស្ត្រាលី មិន​ត្រូវ ​បាន​រដ្ឋមន្ត្រី​ ក្រសួង​ មហាផ្ទៃ​ កម្ពុជា លោក ស ខេង និង​រដ្ឋមន្ត្រី ក្រសួង​ អន្តោប្រវេសន៍​ អូស្ត្រាលី លោក ស្កុត ម៉ូរីសុន (Scott Morrison) លាត​ត្រដាង ​ឲ្យ​ដឹង​ឡើយ​ នៅ​ក្នុង​ពិធី​ ចុះ​ហត្ថលេខា​ អនុស្សរណៈ នៃ​ការ​ យោគយល់​គ្នា ​រវាង ​ប្រទេស ​ទាំង​ពីរ។

ពិធី​ ចុះ​ហត្ថលេខា​ ដែល​មាន ​រយៈពេល ​ប្រហែល ៥​នាទី, ប៉ុន្តែ​ មាន​អ្នក​ សារព័ត៌មាន ​ជាច្រើន​ រង់ចាំ​ ប្រហែល ២​ម៉ោង ​មុន​នោះ បាន​បិទ​បញ្ចប់ ​ទៅ​វិញ ​ត្រឹម​តែ​ ការ​ចុះ​ ហត្ថលេខា,​ ផ្លាស់​ប្ដូរ​ ឯកសារ, ជល់​កែវ​ស្រា, និង​ចាប់​ដៃ ​លា​គ្នា​ប៉ុណ្ណោះ។  ទាំង​រដ្ឋមន្ត្រី​ ក្រសួង​ មហាផ្ទៃ​ កម្ពុជា លោក ស ខេង និង​រដ្ឋមន្ត្រី ក្រសួង​ អន្តោប្រវេសន៍ អូស្ត្រាលី លោក ស្កុត ម៉ូរីសុន មិន​បាន​និយាយ​ ជាមួយ ​អ្នក​សារព័ត៌មាន​ សូម្បី​តែ ​មួយ​ម៉ាត់ បើ ​ទោះ​ជា​អ្នក​ សារព័ត៌មាន​ ជាតិ និង​អន្តរជាតិ ខំ​ប្រឹង ​ស្រែក​សួរ និង​ព្យាយាម ​រត់​ស្ទាក់​ ឈូឆរ​ប្រៀប ​ដូច​ព្រូឡាន ​រត់​ស្ទាក់​ម៉ូយ​ នៅ​ថ្ងៃ​ ភ្ជុំបិណ្ឌ​ ក៏ដោយ​ចុះ។

យ៉ាង​ណា​ ក៏ដោយ នៅ​ក្នុង​សេចក្តី​ ប្រកាស​ព័ត៌មាន ​រួម​ ដែល​ចែក​ចាយ ​ឲ្យ​អ្នក​សារព័ត៌មាន បន្ទាប់​ ពី​ពិធី ​ចុះ​ហត្ថលេខា បញ្ជាក់​ ថា, អនុស្សរណៈ ​នៃ​ការ ​យោគយល់​គ្នា ​រវាង ​កម្ពុជា និង​អូស្ត្រាលី នឹង​ផ្តល់ ​ការ​តាំង​ ទីលំនៅ ​ឲ្យ​ជន​ភៀស​ខ្លួន ​នៅ​ក្នុង​ប្រទេស ​កម្ពុជា ដោយ​ផ្អែក ​លើ​មូលដ្ឋាន​ ស្ម័គ្រ​ចិត្ត, ហើយ ​ស្រប​ទៅ ​នឹង​អនុសញ្ញា​ ជន​ភៀស​ខ្លួន, ហើយ​ ថា​ ចំនួន និង​ពេលវេលា​ សម្រាប់​ ការ​តាំង​ ទីលំនៅ នឹង​ត្រូវ ​បាន​កំណត់​ ដោយ​ប្រទេស​ កម្ពុជា។

សេចក្តី​ប្រកាស ​ព័ត៌មាន ក៏​លើក​ឡើង ​ប្រសាសន៍ លោក ស ខេង ដែល​អះអាង​ ថា, កម្ពុជា ជា​ហត្ថលេខី​ នៃ​អនុសញ្ញា​ ជន​ភៀស​ខ្លួន​ ឆ្នាំ​១៩៥១ និង​ពិធី​សារ ​ឆ្នាំ​១៩៦៧ ទាក់ទង​ ជន​ភៀស​ខ្លួន, ហើយ​ កម្ពុជា ក៏​មាន​អនុក្រឹត្យ ​ស្ដីពី​ នីតិវិធី​ សម្រាប់​ ការ​ទទួល​ស្គាល់​ ជន​ភៀស​ខ្លួន ឬ​ការ​ផ្តល់​ សិទ្ធិ​ជ្រក​កោន ​ឲ្យ​ជន​បរទេស ​នៅ​កម្ពុជា។  ដូច្នេះ ការ​ផ្តល់​ ទីលំនៅ​ ឲ្យ​ជន​ភៀស​ខ្លួន គឺ​ ជា​សកម្មភាព​ មនុស្ស​ធម៌ ដែល​នឹង​ជួយ ​ពួក​គេ​ ចាប់​ផ្តើម​ ជីវិត​ថ្មី ​ស្រប​តាម​ច្បាប់ ​របស់​ កម្ពុជា។

ចំណែក លោក ស្កុត ម៉ូរីសុន វិញ​ អះអាង ​ថា, ក្នុង​នាម​ ជា​ភាគី​ អនុសញ្ញា​ ជន​ភៀស​ខ្លួន កម្ពុជា ក្នុង​ពេល​ ដែល​កំពុង ​ប្រឹងប្រែង​ អភិវឌ្ឍ​ ប្រទេស​ខ្លួន ​ក្រោយ​ពី​សង្គ្រាម​ ស៊ីវិល, កម្ពុជា ក៏​កំពុង​ បង្ហាញ​សមត្ថភាព និង​ឆន្ទៈ​ខ្លួន រួម​ចំណែក​ ក្នុង​បញ្ហា​ មនុស្ស​ធម៌។

សេចក្តី​ប្រកាស​ ព័ត៌មាន​រួម ​អះអាង​ ថា, ឋិត​ក្រោម ​អនុស្សរណៈ​ នេះ, ប្រទេស​ អូស្ត្រាលី នឹង​ប្រើប្រាស់​ អ្នក​ជំនាញ និង​បទពិសោធន៍ ​របស់​ខ្លួន ដើម្បី ​ជួយ​កម្ពុជា ពង្រឹង​ការ​គាំទ្រ​ ការ​តាំង​ទីលំនៅ​ ដែល​ផ្តល់​ ឲ្យ​ជន​ភៀស​ខ្លួន​ នៅ​កម្ពុជា, ហើយ​ ថា, អូស្ត្រាលី នឹង​ចេញ​ថ្លៃ ចំណាយ​ផ្ទាល់​ លើ​ការ​ចាត់​ចែង, រួម​មាន ការ​គាំទ្រ​ បឋម​ សម្រាប់ ​ជន​ភៀស​ខ្លួន, ការ​កសាង ​សមត្ថភាព​ សម្រាប់​ កម្ពុជា ដើម្បី​ ធានា​ថា, កម្ពុជា មាន​ធនធាន ​សមរម្យ ដើម្បី ​ទទួល និង​ធ្វើ​សមាហរណកម្ម ​ជន​ភៀស​ខ្លួន​ ប្រកប​ ដោយ​ជោគជ័យ។

សេចក្តី​ប្រកាស​ព័ត៌មាន​រួម​ឲ្យ​ដឹង​ដែរ​ថា ដើម្បី​ធានា​ការ​អនុវត្ត​ប្រកប​ដោយ​ភាព​វិជ្ជមាន និង​ប្រសិទ្ធភាព កម្ពុជា និង​អូស្ត្រាលី បាន​ព្រមព្រៀង​គ្នា​អនុវត្ត​ការ​ចាត់​ចែង​សាកល្បង​បឋម ដែល​ផ្ដើម​ដោយ​ជន​ភៀស​ខ្លួន​មួយ​ក្រុម​តូច​ប៉ុណ្ណោះ ហើយ​បន្ត​ដោយ​ការ​តាំង​ទីលំនៅ​បន្ថែម​ទៀត ស្រប​តាម​សមត្ថភាព​របស់​កម្ពុជា។

ទោះ​ជា​យ៉ាង​ណា សង្គម​ស៊ីវិល​នៅ​តែ​បន្ត​ចាត់​ទុក​កិច្ច​ព្រមព្រៀង​នេះ ថា​ជា​ការ​រំលោភ​ទៅ​លើ​អនុសញ្ញា​អន្តរជាតិ​ស្ដីពី​ជន​ភៀស​ខ្លួន​ឆ្នាំ​១៩៥១ ដោយសារ​តែ​វា​មិន​មាន​មធ្យោបាយ​ណា​មួយ ដែល​រដ្ឋាភិបាល​អូស្ត្រាលី អាច​ធានា​ថា ខណៈ​ដែល​ជន​ភៀស​ខ្លួន​ទាំង​នេះ​មក​ដល់​កម្ពុជា ពួក​គេ​នឹង​ទទួល​បាន​ការ​ការពារ​សិទ្ធិ​មនុស្ស​មូលដ្ឋាន ដូច​ដែល​មាន​នៅ​ប្រទេស​អូស្ត្រាលី ឡើយ។

គណៈកម្មាធិការ​ប្រព្រឹត្តិកម្ម​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា ហៅ​កាត់​ថា ច្រាក់ (CHRAC) ដែល​ជា​បណ្ដុំ​នៃ​អង្គការ​ចំនួន​២១ ដែល​រហូត​មក​ដល់​ពេល​នេះ​បាន​ចេញ​របាយការណ៍​ចំនួន​៤​រួច​ហើយ ចាប់​ពី​ខែ​មិថុនា មក ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា និង​អូស្ត្រាលី បើក​ចំហ​ព័ត៌មាន​ជុំវិញ​ការ​ព្រមព្រៀង​ផ្តល់​ការ​តាំង​ទីលំនៅ​នោះ សម្ដែង​ការ​បារម្ភ​ជា​ថ្មី​ពី​បញ្ហា​នេះ។ ពួក​គេ​លើក​ឡើង​ថា កម្ពុជា មិន​មែន​ជា​កន្លែង​មាន​សុវត្ថិភាព​សម្រាប់​ជន​ភៀស​ខ្លួន​នោះ​ទេ។

ប្រធាន​លេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ប្រព្រឹត្តិកម្ម​អង្គការ​ការពារ ​សិទ្ធិ​មនុស្ស​កម្ពុជា លោក សួន ប៊ុនស័ក្តិ ដែល​ចូលរួម​ឃ្លាំ​មើល​ក្នុង​ពិធី​ចុះ​ហត្ថលេខា​ដែរ​នោះ សម្ដែង​ការ​ហួស​ចិត្ត​នៅ​ពេល​រដ្ឋាភិបាល​ទាំង​ពីរ​មិន​បើក​ចំហ​ព័ត៌មាន។ លោក​មាន​ប្រសាសន៍​ថា រឿង​នេះ​ជា​រឿង​សំខាន់​របស់​ប្រទេស​ជាតិ។ ពលរដ្ឋ​ខ្មែរ​ចង់​ដឹង​ថា ហេតុ​អ្វី​បាន​ជា​អូស្ត្រាលី បញ្ជូន​ជន​ភៀស​ខ្លួន​មក​កម្ពុជា ហើយ​ថា តើ​កម្ពុជា មាន​លទ្ធភាព និង​បាន​ត្រៀម​ខ្លួន​យ៉ាង​ម៉េច​ខ្លះ​ក្នុង​ការ​ទទួល​ជន​ភៀស​ខ្លួន។

លោក សួន ប៊ុនស័ក្តិ៖ «រឿង​សំខាន់ គឺ​រដ្ឋាភិបាល​ទាំង​ពីរ អូស្ត្រាលី​កម្ពុជា គួរ​តែ​បើក​ចំហ​ព័ត៌មាន​ឲ្យ​បាន​ច្បាស់​លាស់ ឲ្យ​បាន​ទូលំទូលាយ​ទៅ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា ដើម្បី​ប្រជាពលរដ្ឋ​កម្ពុជា ក៏ដូចជា​សកម្មជន​សិទ្ធិ​មនុស្ស​អូស្ត្រាលី ដែរ គេ​អាច​មាន​ជា​យោបល់​មាន​ជា​មតិ​ផ្សេងៗ​ថា តើ​គួរ​ធ្វើ​យ៉ាង​ម៉េច​ដើម្បី​សុវត្ថិភាព​ជន​ភៀស​ខ្លួន​ទាំងអស់​ហ្នឹង។ បើ​តាម​ដែល​ខ្ញុំ​ដឹង គឺ​ជន​ភៀស​ខ្លួន​រស់នៅ​ឯ​ជំរំ​នៅ​ឯ​ប្រទេស​អូស្ត្រាលី ទេ ហើយ​បើ​បញ្ជូន​ជន​ភៀស​ខ្លួន​មក​កម្ពុជា មក​នៅ​ក្នុង​ជំរំ​ដដែល តើ​មាន​ន័យ​អី ហើយ​ជន​ភៀស​ខ្លួន សូម​បញ្ជាក់​ជូន​ថា ដែល​ហៅ​ថា​ជន​ភៀស​ខ្លួន មិន​មែន​សម្រាប់​តែ​នៅ​ក្នុង​ជំរំ​ទេ​ណា បើ​កាល​ណា​ទទួល​បាន​ឋានៈ​ជា​ជន​ភៀស​ខ្លួន​ហើយ គឺ​មាន​ឋានៈ​ស្មើ​នឹង​អន្តោប្រវេសន៍​ស្រប​ច្បាប់ ដែល​គេ​មាន​សេរីភាព​ដូច​គេ​ដូច​ឯង​ចឹង។»

ព្រម​ជាមួយ​គ្នា ឧត្ដមស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​ជន​ភៀស​ខ្លួន ហៅ​កាត់​ថា យូ.អិន.អេច្ឆ.ស៊ី.អ (UNHCR) នៅ​ថ្ងៃ​ទី​២៦ កញ្ញា ចេញ​សេចក្តី​ថ្លែងការណ៍​សម្ដែង​ការ​ព្រួយ​បារម្ភ​ពី​ការ​បញ្ជូន​ជន​ភៀស​ ខ្លួន​មក​កម្ពុជា នេះ។

ឧត្ដមស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​ជន​ភៀស​ខ្លួន លោក អង់តូនីញ៉ូ ហ្គូទែរ៉ែស (António Guterres) លើក​ឡើង​ក្នុង​សេចក្តី​ថ្លែងការណ៍​ថា នេះ​គឺ​ជា​ការ​ដើរ​ភ្លាត់​ពី​បទដ្ឋាន​អន្តរជាតិ ដែល​គួរ​ឲ្យ​បារម្ភ។ លោក​ថា វា​ជា​ការ​សំខាន់​ដែល​ប្រទេស​ទាំងអស់​នៅ​លើ​ពិភពលោក មិន​ផ្ទេរ​ការ​ទទួល​ខុស​ត្រូវ​របស់​ខ្លួន ចំពោះ​ជន​ភៀស​ខ្លួន ទៅ​កាន់​កន្លែង​ផ្សេង​ទៀត។ លោក​បន្ត​ថា ការ​ចែក​រំលែក​ការ​ទទួល​ខុស​ត្រូវ​អន្តរជាតិ គឺ​ជា​មូលដ្ឋាន​ដែល​ធ្វើ​ឲ្យ​ប្រព័ន្ធ​ជន​ភៀស​ខ្លួន​លើ​ពិភពលោក​ទាំង​មូល​ ដំណើរ​ការ។ លោក អង់តូនីញ៉ូ ហ្គូទែរ៉ែស សង្ឃឹម​ថា រដ្ឋាភិបាល​អូស្ត្រាលី នឹង​ពិចារណា​ឡើង​វិញ​ពី​ករណី​នេះ។

ចំណែក​គណបក្ស​ប្រឆាំង​ដែល​ពុំ​សូវ​ទទួល​បាន​ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ​ ដូច​សង្គម​ស៊ីវិល និង​ពលរដ្ឋ​ដែរ​នោះ អះអាង​ថា ប្រទេស​កម្ពុជា នៅ​មិន​ទាន់​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់ ក្នុង​ការ​ទទួល​ជន​ភៀស​ខ្លួន​នៅ​ឡើយ ព្រោះ​ថា សេដ្ឋកិច្ច​កម្ពុជា នៅ​មាន​កម្រិត​ទាប ហើយ​បញ្ហា​គោរព​សិទ្ធិ​មនុស្ស​ទៀត​សោត ក៏​នៅ​មាន​កម្រិត។ យ៉ាង​ណា​ក៏ដោយ គណបក្ស​ប្រឆាំង​លើក​ឡើង​ថា ពួក​គេ​បន្ត​តាម​ដាន​កិច្ច​ព្រមព្រៀង​នេះ ហើយ​បើ​រក​ឃើញ​ថា កិច្ច​ព្រមព្រៀង​នេះ​មាន​ភាព​អវិជ្ជមាន​នោះ នោះ​ពួក​គេ​នឹង​កោះ​ហៅ​មន្ត្រី​រដ្ឋាភិបាល​ពាក់ព័ន្ធ​ធ្វើ​ការ​សាកសួរ។

ជាមួយ​គ្នា​នេះ​ដែរ អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូម៉ែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) កត់​សម្គាល់​ថា កិច្ច​ព្រមព្រៀង​រវាង​កម្ពុជា និង​អូស្ត្រាលី គឺ​មិន​ឆ្លើយ​តប​ទៅ​នឹង​ការ​ប្ដេជ្ញា​ចិត្ត​របស់​អូស្ត្រាលី ក្នុង​ការ​បញ្ជូន​ជន​ភៀស​ខ្លួន​ទៅ​កាន់​ប្រទេស​ទី​៣ ដែល​មាន​សុវត្ថិភាព​នោះ​ឡើយ ដោយ​អង្គការ​មួយ​នេះ​យល់​ថា បើ​ទោះ​ជា​កម្ពុជា ជា​ភាគី​នៃ​អនុសញ្ញា​ជន​ភៀស​ខ្លួន​ក៏ដោយ តែ​ប្រទេស​ក្រីក្រ​មួយ​នេះ ធ្លាប់​ខកខាន​មិន​បាន​ការពារ​ជន​ភៀស​ខ្លួន និង​អ្នក​ស្វែងរក​សិទ្ធិ​ជ្រក​កោន​ឲ្យ​បាន​ត្រឹមត្រូវ​ឡើយ ហើយ​ថែម​ទាំង​បាន​បញ្ជូន​ជន​ទាំង​នោះ​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ បើ​ទោះ​ជា​ដឹង​ថា ពួក​គេ​នឹង​ត្រូវ​រដ្ឋាភិបាល​ប្រទេស​ពួក​គេ ធ្វើ​បាប​ក៏ដោយ តួយ៉ាង​ដូច​ជនជាតិ​អ៊ុយហ្គរ៍ (Uyghur) នៅ​ប្រទេស​ចិន ជាដើម៕


No comments:

Post a Comment