លទ្ធផល នៃកិច្ចប្រជុំ ស្ដីពី វិសោធនកម្ម ច្បាប់បោះឆ្នោត
RFA / វិទ្យុ អាស៊ី សេរី | ៨ កញ្ញា ២០១៤
ក្រុមការងារ គណបក្ស ប្រជាជនកម្ពុជា និងបក្ស សង្គ្រោះជាតិ
ជួបប្រជុំ ពិភាក្សា លើសេចក្ដី ស្នើច្បាប់ ស្ដីពី ការរៀបចំ និងការ
ប្រព្រឹត្តទៅ របស់គណៈកម្មាធិការ ជាតិ រៀបចំ ការបោះឆ្នោត (គ.ជ.ប.)
នៅរដ្ឋសភា កាលពីល្ងាច ថ្ងៃ ទី៨ កញ្ញា ២០១៤។ RFA/Van Vichar
ក្រុមការងារ ចម្រុះ នៃគណបក្ស ទាំងពីរ បញ្ចប់កិច្ចប្រជុំ ពិភាក្សា លើសេចក្ដី ស្នើច្បាប់ ស្ដីពី ការរៀបចំ និងប្រព្រឹត្តទៅ របស់ គណៈកម្មាធិការ ជាតិ រៀបចំ ការបោះឆ្នោត (គ.ជ.ប.) ត្រង់មាត្រា ដែលចែង ពីតួនាទី និងភារកិច្ច របស់ គណៈកម្មការ ឃុំ-សង្កាត់ និងការិយាល័យ រៀបចំ ការបោះឆ្នោត។ កិច្ចប្រជុំនេះ ប្រព្រឹត្តទៅ វិមានរដ្ឋសភា នៅល្ងាចថ្ងៃ ទី៨ ខែកញ្ញា ឆ្នាំ២០១៤។
កិច្ចប្រជុំនេះ មិនត្រូវ បានទទួល ការចាប់អារម្មណ៍ ច្រើន ពីបណ្ដាញ សារព័ត៌មាន ជាតិ និងអន្តរជាតិ ឡើយ។ ប្រជុំមួយ ល្ងាចពេញ មានអ្នកកាសែត តែ ម្នាក់គត់ ដែលចាំ យកព័ត៌មាន ពីលទ្ធផល នៃកិច្ចប្រជុំ នេះ, គឺ អ្នកយកព័ត៌មាន វិទ្យុ អាស៊ី សេរី។ ជាលទ្ធផល ភាគី ទាំងពីរ ព្រមព្រៀងគ្នា លើមាត្រា មួយចំនួន នៃសេចក្ដី ស្នើច្បាប់ ចែងពីតួនាទី គណៈកម្មការ ឃុំ រៀបចំ ការបោះឆ្នោត។ មាត្រានោះ ចែងថា, គណៈកម្មការ ឃុំ រៀបចំ ការបោះឆ្នោត ត្រូវ ជ្រើសតាំង ដោយក្រុមការងារ ដែលស្ថិតក្រោម សមត្ថកិច្ច គណៈកម្មការ ខេត្ត រៀបចំ ការបោះឆ្នោត, ហើយ មាន គ.ជ.ប. ជាអ្នកទទួល ខុសត្រូវ។ នៅពេល ដែលមាន ការដកហូត ឬបញ្ឈប់តំណែង បុគ្គលនេះ ចាំបាច់ ត្រូវ មានការ ព្រមព្រៀង ជាលាយលក្ខណ៍អក្សរ ពី គ.ជ.ប.។ យន្តការ នៃការ ដកហូត តួនាទី ទាំងអស់នេះ ត្រូវ ស្នើឡើង ដោយគណៈកម្មការ ខេត្ត រៀបចំ ការបោះឆ្នោត។
ប្រធាន ក្រុមចរចា គណបក្ស ប្រជាជនកម្ពុជា លោក ប៊ិន ឈិន បញ្ជាក់ថា ភាគីទាំងពីរបានព្រមព្រៀងគ្នារួចរាល់ហើយពីសេចក្ដីស្នើច្បាប់នេះ ត្រឹមមាត្រាដែលនិយាយពីតួនាទីរបស់គណៈកម្មការឃុំរៀបចំការបោះ ឆ្នោត។ លោកបន្តថា ភាគីទាំងពីរនឹងបញ្ចប់ការរៀបចំច្បាប់ស្ដីពីការរៀបចំនិងប្រព្រឹត្ត ទៅនៃ គ.ជ.ប. នេះត្រឹមថ្ងៃទី២៩ ខែកញ្ញា។
ចំណែកប្រធានក្រុមចរចាគណបក្សសង្គ្រោះជាតិ លោក គួយ ប៊ុនរឿន វិញលើកឡើងថា ភាគីទាំងពីរជជែកគ្នាលំអិតរួចហើយពីសេចក្ដីស្នើច្បាប់នេះដើម្បី ធានាថា អ្នកដែលកាន់ការជាមន្ត្រីបោះឆ្នោតតាំងពីថ្នាក់លើដល់ក្រោមនោះ អាចបំពេញការងារដោយតម្លាភាព។ លោកបន្ថែមថា បក្សទាំងពីរនឹងខិតខំពិនិត្យសេចក្ដីស្នើច្បាប់នេះឲ្យឆាប់ចប់ នឹងឈានទៅពិនិត្យសម្រេចរៀបចំសេចក្ដីស្នើច្បាប់បោះឆ្នោតនៅពេល បន្ទាប់ទៀត។
ទោះបីភាគីគណបក្សទាំងពីរប្រាប់ថា ចង់ពន្លឿនការរៀបចំសេចក្ដីស្នើច្បាប់នេះក៏ដោយ ប៉ុន្តែភាគីទាំងពីរជួបប្រជុំគ្នាលើបញ្ហានេះក្នុង១សប្ដាហ៍ម្ដង ប៉ុណ្ណោះ។ នៅសប្ដាហ៍ទី២ និងទី៣ នៃខែកញ្ញា នេះ ក្រុមការងារចម្រុះនៃបក្សទាំងពីរសម្រេចផ្អាកការប្រជុំសិន ក្រោមហេតុផលជាប់រវល់ការងារផ្សេងនិងជាប់ធ្វើបុណ្យភ្ជុំ។
នៅថ្ងៃទី២៩ ខែកញ្ញា ខាងមុខ ក្រុមការងារនៃគណបក្សទាំងពីរនឹងជជែកគ្នាពីសេចក្ដីស្នើច្បាប់នេះ ត្រង់មាត្រាដែលនិយាយពីតួនាទីនិងភារកិច្ចរបស់មន្ត្រីការិយាល័យ បោះឆ្នោត។
មន្ត្រីទាំងពីរបក្សបញ្ជាក់ថា ច្បាប់ដែលចែងពីតួនាទីរបស់មន្ត្រីតាមការិយាល័យបោះឆ្នោតនេះ ទាមទារឲ្យពិនិត្យឲ្យហ្មត់ចត់មែនទែន ព្រមទាំងថ្លឹងថ្លែងឲ្យគ្រប់ជ្រុងជ្រោយ ព្រោះមន្ត្រីទាំងអស់នេះធ្វើការតែ ៤ថ្ងៃ ហើយបានកម្រៃក៏តិចតួចទៀត។ បើច្បាប់តឹងពេកខ្លាចរកមនុស្សធ្វើការមិនបាន តែបើធូរពេកអាចនឹងបាត់បង់ប្រសិទ្ធភាពការងារ។
កាលពីឆ្នាំ២០១៣ មន្ត្រីការិយាល័យបោះឆ្នោតមួយចំនួន ដូចជានៅខេត្តសៀមរាប ខេត្តក្រចេះ ត្រូវបានថ្នាក់លើបន្ទោសថា ធ្វើការងារខុសនីតិវិធីច្បាប់ ហើយក្រុមប្រឹក្សាធម្មនុញ្ញបញ្ជាឲ្យ គ.ជ.ប ដាក់ទោសទៀតផង។ ប៉ុន្តែវិទ្យុអាស៊ីសេរី រកឃើញថា មន្ត្រីការិយាល័យបោះឆ្នោតមួយចំនួននៅខេត្តក្រចេះ ដែលមិនបានបិទកញ្ចប់សុវត្ថិភាពនោះ គឺតាមមន្ត្រីបោះឆ្នោតថ្នាក់ឃុំប៉ុណ្ណោះ៕
No comments:
Post a Comment