លោក ស ខេង៖ កម្ពុជា សាកល្បង យកជនភៀសខ្លួន ពីអូស្ត្រាលី មួយចំនួនសិន
RFA / វិទ្យុ អាស៊ី សេរី | ២៥ កញ្ញា ២០១៤

លោក ស ខេង ឧបនាយក រដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី ក្រសួង មហាផ្ទៃ
ថ្លែងទៅកាន់ អ្នកចូលរួម ក្នុងឱកាស ផ្ទេរតំណែង អភិបាល នៃគណៈអភិបាល
ខេត្ត ពោធិ៍សាត់ នាសាលប្រជុំ សាលាខេត្ត ពោធិ៍សាត់ នៅថ្ងៃទី៧ ខែឧសភា
ឆ្នាំ២០១៤។ RFA/Chin Chetha
មន្ត្រីជាន់ខ្ពស់ ក្រសួង មហាផ្ទៃ បានបង្ហើប ថា, កម្ពុជា នឹងសាកល្បង ទទួលយក ជនភៀសខ្លួន ដែលស្វែងរក សិទ្ធិជ្រកកោន នៅប្រទេស អូស្ត្រាលី មកកម្ពុជា មួយចំនួនសិន មុន នឹងអាច ទទួលយក ចំនួន ច្រើនរយនាក់។
រដ្ឋមន្ត្រី ក្រសួង មហាផ្ទៃ លោក ស ខេង មានប្រសាសន៍ ប្រាប់អ្នកកាសែត នៅថ្ងៃ ទី២៥ កញ្ញា នៅក្រសួង មហាផ្ទៃ បន្ទាប់ ពីកិច្ចប្រជុំ មួយ ថា, កម្ពុជា នឹងសាកល្បង ទទួលយក ជនភៀសខ្លួន ដែលស្វែងរក សិទ្ធិជ្រកកោន នៅប្រទេស អូស្ត្រាលី មកកម្ពុជា ប្រមាណពី ៤នាក់ ទៅ៥នាក់ ជាដំបូង មុន នឹងបញ្ជូនមក ជាច្រើនរយនាក់។ ប៉ុន្តែ លោក មិនបញ្ជាក់ ពីមូលហេតុ ច្រើនទេ។ លោក ថា នឹងមាន សេចក្ដីប្រកាស រួមមួយ អំពី ហេតុផលនេះ នៅថ្ងៃ ទី២៦ ខែកញ្ញា។
លោក ស ខេង៖ «យើង មិនអាចបញ្ជូន ទាំងគំហុកទេ, គ្រាន់តែ សាកល្បង បួន-ប្រាំនាក់, ពីរ-បីនាក់។ នៅក្នុងសេចក្ដី ប្រកាសរួម, គេ នឹងបញ្ជាក់ អស់ហើយ ចែកជូន។ មែនទែន, ពួកយើងខ្ញុំនេះ គឺ ថា ជាអ្នក ដែលខិតខំ ធ្វើម៉េច ដើម្បី ធានា នូវផលប្រយោជន៍។»
លោក ស ខេង មានប្រសាសន៍ ដូច្នេះ មុនមួយថ្ងៃ ដែលរដ្ឋមន្ត្រី ក្រសួង អន្តោប្រវេសន៍ និងកិច្ចការពារ ព្រំដែន អូស្ត្រាលី លោក ស្កុត ម៉ូរីសុន (Scott Morrison) ដែលគ្រោងមក បំពេញទស្សនកិច្ច នៅកម្ពុជា រយៈពេល ២ថ្ងៃ, គឺថ្ងៃ ទី២៦ ដល់ថ្ងៃ ទី២៧ ខែកញ្ញា។ តាមគម្រោង នឹងមាន ការចុះ ហត្ថលេខា លើអនុស្សរណៈ នៃការ យោគយល់គ្នា រវាង រដ្ឋាភិបាល នៃប្រទេស ទាំងពីរ ទាក់ទងទៅ នឹងការតាំង ទីលំនៅ នៃជនភៀសខ្លួន ដែលស្វែងរក សិទ្ធិជ្រក កោន នៅប្រទេស អូស្ត្រាលី នៅរសៀល ថ្ងៃ ទី២៦ ខែកញ្ញា៕
No comments:
Post a Comment