Paris Peace Accords 23 Oct. 1991

Thursday, September 25, 2014

មន្ត្រី ​អ.ស.ប​. ស្នើ​រដ្ឋាភិបាល​ កម្ពុជា ​អនុញ្ញាត​ ឲ្យ​ក្រុម​ប្រឆាំង ​មាន​ស្ថាប័ន ​ឯករាជ្យ | UN official calls for govt to allow opposition to have independent institutions

មន្ត្រី ​អ.ស.ប​. ស្នើ​រដ្ឋាភិបាល​ កម្ពុជា ​អនុញ្ញាត​ ឲ្យ​ក្រុម​ប្រឆាំង ​មាន​ស្ថាប័ន ​ឯករាជ្យ

RFA / ​វិទ្យុ ​អាស៊ី សេរី |៥ កញ្ញា ២០១៤

សុរិយា ស៊ូប៊ែឌី ៦១០
អ្នក​រាយការណ៍ ពិសេស ​របស់ អង្គការ​ សហប្រជាជាតិ ទទួល​បន្ទុក​ សិទ្ធិ​មនុស្ស ប្រចាំ​កម្ពុជា លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) ផ្ដល់​បទ​សម្ភាសន៍​ ដល់​អ្នក​កាសែត នា​មុខ​ ទីស្ដីការ​ គណៈរដ្ឋមន្ត្រី នៅ​ថ្ងៃ ​ទី២២ ខែ​ឧសភា ឆ្នាំ​២០១៣។  RFA/Leng Maly

អ្នក​រាយការណ៍ ​ពិសេស​ អង្គការ​ សហប្រជាជាតិ ​ទទួល​បន្ទុក​ សិទ្ធិ​មនុស្ស​ ប្រចាំ​កម្ពុជា លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) បញ្ជាក់ ​ថា, ស្ថានភាព​ នយោបាយ ​នៅ​កម្ពុជា បាន​ផ្លាស់ប្ដូរ​ នៅ​ពេល​បច្ចុប្បន្ន, ប៉ុន្តែ​ កិច្ច​ការពារ​ ផ្នែក​សិទ្ធិ​មនុស្ស  និង​ការ​ផ្ដល់​ អភិបាលកិច្ច​ល្អ​ នៅ​មិន​ទាន់​មាន ​នៅ​ឡើយ​ទេ។

សេចក្ដី​ថ្លែងការណ៍​ លោក សុរិយា ស៊ូប៊ែឌី ផ្សាយ​កាល​ពី​ថ្ងៃ​ ទី​២៤ កញ្ញា សរសេរ​ ថា, ស្ថានភាព ​កម្ពុជា មាន​ភាព ​ប្រសើរ​ ជាង៥​ឆ្នាំ​មុន។  ប៉ុន្តែ​ កម្ពុជា ក្នុង​ពេល​បច្ចុប្បន្ន​ ចាំបាច់​ត្រូវ​ បង្កើត​ ឲ្យ​មាន​ រចនាសម្ព័ន្ធ សម្រាប់​ ការពារ​សិទ្ធិ​មនុស្ស ដើម្បី​ អាច​ឈាន ​ទៅ​ធ្វើ​ កំណែទម្រង់​ ប្រកប​ ដោយ​ខ្លឹមសារ។

លោក​ បន្ថែម​ទៀត ​ថា, ចាប់​តាំង ​ពី​លោក ​ចូល​កាន់​តំណែង ​កាល​ពី​ឆ្នាំ ​២០០៩ មក, លោក ​បាន​ធ្វើ​ របាយការណ៍ ​ជា​ច្រើន​ ស្ដីពី​ កំណែ​ទម្រង់ ​ប្រព័ន្ធ​ យុត្តិធម៌,​ រដ្ឋ​សភា, កំណែ​ទម្រង់ ​បោះឆ្នោត, និង​ដីធ្លី ដើម្បី ជួយ​រដ្ឋាភិបាល ​ធ្វើ​កំណែ​ទម្រង់ ​ក្នុង​ស្ថាប័ន​រដ្ឋ​ សម្រាប់ ​ជួយ​ការពារ និង​លើក​តម្កើង​ សិទ្ធិ​មនុស្ស។

សម្រាប់ ​របាយការណ៍ ​ក្រោយ​បង្អស់ ​របស់​លោក ​ដែល​នឹង​ត្រូវ​ ដាក់​ទៅ​ ឲ្យ​ក្រុមប្រឹក្សា​ សិទ្ធិមនុស្ស ​អន្តរជាតិ​ នៅ​ពេល​ ខាង​មុខ​នេះ, លោក សុរិយា ស៊ូប៊ែឌី បាន​ផ្ដោត​ ទៅ​លើ​ស្ថាប័ន​ ឯករាជ្យ​ សម្រាប់ ​តាម​ដាន ​ដំណើរការ ​រដ្ឋាភិបាល ដែល​បច្ចុប្បន្ន​ កម្ពុជា កំពុង​ខ្វះខាត ​ស្ថាប័ន​ទាំង​នេះ។

លោក សុរិយា ស៊ូប៊ែឌី បន្ថែម​ទៀត​ ថា, អនុសាសន៍ ​សរុប​ សំខាន់​បំផុត​ សម្រាប់ ​អាណត្តិ​ របស់​លោក​ គឺ​ រដ្ឋាភិបាល​ កម្ពុជា ត្រូវ​ ពិចារណា​ ធ្វើ​ឲ្យ​ គណបក្ស ​ប្រឆាំង ​ក្លាយ​ជា​ស្ថាប័ន ​ឯករាជ្យ​មួយ។  លោក​ សង្ឃឹម​ថា, ពេល​មាន​ស្ថាប័ន ​គណបក្ស ប្រឆាំង​ ឯករាជ្យ​នោះ, ស្ថាប័ន​ សំខាន់ៗ​ មួយ​ចំនួន ដូចជា​ប្រព័ន្ធ​ យុត្តិធម៌, គណៈកម្មាធិការ​ ជាតិ​ រៀបចំ​ ការ​បោះ​ឆ្នោត, និង​រដ្ឋសភា នឹង​អាច​ ចាប់​ផ្ដើម ​ធ្វើ​កំណែ​ទម្រង់ បាន។

លោក​ ថា, ការ​ខ្វះខាត​ ក្នុង​ការ​ផ្ដល់ ​យុត្តិធម៌​ ដល់​ជន​រងគ្រោះ​ អាច​ជា​ហេតុផល ​មួយ​ បណ្ដាល ​ឲ្យ​កងកម្លាំង ​រដ្ឋាភិបាល​ អាច​ប្រើប្រាស់​ កម្លាំង​បង្ក្រាប ​បាតុករ​ អហិង្សា ​សា​ជា​ថ្មី​ទៀត, ហើយ​ បញ្ជី​ នៃ​អំពើ ​និទ្ទណ្ឌភាព ​នឹង​កើន​ឡើង​ មិន​ចេះ​ចប់។

​លោក ឈាង វុន តំណាងរាស្ត្រ​ គណបក្ស ​ប្រជាជន​កម្ពុជា និង​ជា​មន្ត្រី​ នាំ​ពាក្យ ​រដ្ឋសភា​ មាន​ប្រសាសន៍ ​ថា, គណបក្ស ​ជាប់​ឆ្នោត​ ទាំង​ពីរ​ កំពុង​សិក្សា​ច្បាប់ ដើម្បី​ ផ្ដល់​ថវិកា​ ទៅ​ដល់​គណបក្ស​ នយោបាយ​ ដែល​ទទួល​ បាន​សន្លឹក​ឆ្នោត។  ទោះ​បី​ ជា​យ៉ាង​ណា​ ក៏ដោយ, លោក​ បញ្ជាក់​ ថា, លទ្ធិប្រជាធិបតេយ្យ ​មិន​ធ្លាក់ ​ពី​លើ​មេឃ​ទេ; វា​ ទាមទារ​ ពេល​វេលា​ យូរ​ ដើម្បី​ បង្កើត​សមត្ថភាព​ ពលរដ្ឋ​ ឲ្យ​យល់​ដឹង​ ពី​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស។

​លោក សុរិយា ស៊ូប៊ែឌី ក៏​ស្នើ​ ឲ្យ​សហគមន៍ ​អន្តរជាតិ ត្រូវ​ តាមដាន, ​ត្រួតពិនិត្យ​ លើ​ស្ថានភាព ​ប្រទេស​កម្ពុជា និង​ជួយ​តម្រង់ ​ទិស​រដ្ឋាភិបាល​ ឲ្យ​ដើរ​ លើ​ផ្លូវ​ត្រូវ​ សម្រាប់ ​ការពារ​ សិទ្ធិ​មនុស្ស។

លោក សុរិយា ស៊ូប៊ែឌី នឹង​ធ្វើ​ដំណើរ​ មក​កម្ពុជា ម្តង​ទៀត ​នៅ​ខែ​ មករា ឆ្នាំ​២០១៥ ដើម្បី​ បន្ត​បេសកកម្ម​ ស្វែង​រក​ការ​ពិត។  លោក​ នឹង​បញ្ចប់​ អាណត្តិ នៅ​ខែ​មីនា ឆ្នាំ​២០១៥៕




No comments:

Post a Comment