បទយកការណ៍៖ សាលា នៅខេត្ត ស្ទឹងត្រែង អត់មាន គ្រូបង្រៀន ខណៈ ការបោះឆ្នោត ជាប់បក្សប្រឆាំង
VOD | ៤ កញ្ញា ២០១៤
ស្តាប់សំឡេង៖ |
ចម្លងទុក |
នេះ ជាការព្រួយបារម្ភ របស់ ជនជាតិដើម ភាគតិច នៅខេត្ត ស្ទឹងត្រែង ដែលនិយម និយាយភាសា ឡាវ។ ពួកគេ បារម្ភ ខ្លាចបាត់បង់ ទំនៀមទំលាប់ ប្រពៃណី ដូនតា ដោយសាតែ ថ្នាលបណ្តុះចំណេះ ដឹងក្មេង ជំនាន់ក្រោយ នៅតំបន់នោះ បច្ចុប្បន្ន កំពុងធ្លាក់ចុះ យ៉ាងគំហុក។
នៅពេល អ្នកយកព័ត៌មាន VOD ចុះទៅ ដល់មូលដ្ឋាននោះ, តំណាង សហគមន៍ លោក ហ្វុត ឃឿន ឲ្យដឹង ថា, យុវជន ជាជនជាតិដើម ភាគតិច នៅតំបន់នោះ ជាង៩០% បានបោះបង់ ការសិក្សា ត្រឹមថ្នាក់ ទី៥ ឬទី៦ ដោយសារតែ ជីវភាពក្រីក្រ និងគ្មាន សាលារៀន។ លោក បន្ត ថា៖ «គាត់ និយាយបានមែន, ប៉ុន្តែ ការចេះដឹង តិច។ សម្រាប់ វប្បធម៌, គាត់ អត់ចេះ តែម្តង។»
បុរសវ័យ ជាង៣០ឆ្នាំរូបនោះឲ្យដឹងទៀតថា ការបោះបង់ការសិក្សានៅថ្នាក់បឋម របស់យុវជនជនជាតិដើមនេះ ដោយសារ សាលារៀនដែលត្រូវទៅរៀនបន្ត មានតែនៅទីរួមស្រុក និងខេត្ត ដែលពួកគេភាគច្រើន គ្មានមធ្យោបាយធ្វើដំណើរទៅមក។
លោក ហ្វុត ឃឿន ឲ្យដឹងទៀតថា ក្រៅពីសាលាឆ្ងាយពិបាកធ្វើដំណើរ អនុវិទ្យាល័យមួយខ្នង ដែលសង់រួចនៅចុងភូមិ តាំងពីឆ្នាំ២០០៦ រហូតមកដល់ពេលនេះជិត៨ឆ្នាំមកហើយ គ្មានគ្រូមកបង្រៀនទេ ដែលធ្វើឲ្យយុវជនបាត់ឱកាសសិក្សា ហើយពួកគេងាកទៅស្រើបស្រាលនឹងសម្ភារៈនិយម ភ្លេចគិតពីការគោរពបូជាព្រលឹងដូនតាទៅវិញ។ លោកបញ្ជាក់ ថា៖ «សូម្បីក្មេងអាយុ១២ឆ្នាំ ក៏ចេះជិះម៉ូតូដែរភូមិហ្នឹង ហើយ គាត់ក៏ប្រហែលជាអត់គិតដល់ ផលប្រយោជន៍ថ្ងៃក្រោយទេ។»
បើតាមលោក ហ្វុត ឃឿន ក្រៅតែពីគ្មានគ្រូមកបង្រៀន ក៏មានមូលហេតុច្រើនទៀត គឺអាចមកពីភូមិដែលពួកគាត់រស់នៅនេះ ជាតំបន់ព្រៃឆ្ងាយដាច់ស្រយាលពីទីប្រជុំជន។ ម្យ៉ាងទៀត អាចមក ពីសហគមន៍នេះ ធ្លាប់ចេញ តវ៉ា ញឹកញាប់, មិនព្រម ទៅរស់នៅ កន្លែងថ្មី តាមការតម្រូវ របស់ អាជ្ញាធរ ដែលចង់ សាងសង់ ទំនប់វារីអគ្គិសនី សេសាន ក្រោម២។ ប៉ុន្តែ អ្វីដែលជា បញ្ហាកត់សំគាល់របស់តំណាងសហគមន៍រូបនោះ គឺការដែលសាលារៀននេះអត់មានគ្រូបង្រៀន ដោយសារអ្នកភូមិភាគច្រើននៅឃុំស្រែគរ បានបោះឆ្នោតគាំទ្រ លោក សៀក មេកុង មកពីគណបក្សសម រង្ស៊ី ឲ្យធ្វើជាមេឃុំ។
អ្នកស្រុក យល់ថា ទំនង ជាលទ្ធផល បោះឆ្នោតនេះ ធ្វើឲ្យមន្ត្រី ពាក់ព័ន្ធ មួយចំនួន ដែលប្រកាន់ និន្នាការ នយោបាយ បក្សកាន់អំណាច មិនសប្បាយចិត្ត ទើប ធ្វើឲ្យ សាលា ដែលសង់រួច ច្រើនឆ្នាំ មិនត្រូវ បានគេ បញ្ជូនគ្រូ ឲ្យមក បង្រៀននោះ។
មេឃុំ ស្រែគរ លោក សៀក មេកុង ឲ្យដឹងដែរ ថា, នៅឃុំនេះ យុវជន មានអាយុ ចាប់ពី ១៨ឆ្នាំឡើង មានចំនួន ជាង២,០០០នាក់ហើយ, រីឯ ការស្នើសុំ គ្រូ មកបង្រៀន នៅអនុវិទ្យាល័យ ដើម្បី បំពេញ តម្រូវការ របស់សិស្ស, លោក ថា គ្មានចម្លើយ វិជ្ជមានទេ, បើ ទោះបី លោក ធានា ធ្វើផ្ទះ សម្រាប់ ឲ្យគ្រូ ដែលមកបង្រៀន ស្នាក់នៅ ក៏ដោយ។ លោក មានប្រសាសន៍ ថា៖ «គ្រូ អនុវិទ្យាល័យ ក៏ដោយ, យើង ធានា។ ប៉ុន្តែ គាត់ មិនឲ្យ។ នេះ ជាការ រើសអើងមួយ។»
អនុវិទ្យាល័យដែលសង់រួចជិតឆ្នាំ១០ឆ្នាំ តែមិនបានដាក់ឈ្មោះនោះ គឺសង់លើដីទួលមួយកន្លែង នៅចុងភូមិស្រែគរ២ ឃុំស្រែគរ ស្រុកសេសាន្ត ខេត្តស្ទឹងត្រែង។ នៅជុំវិញបរិវេណសាលារៀនដែលមាន៥បន្ទប់ មានសង់បង្គន់អនាម័យ នៅក្បែនោះ សង់កន្លែងសម្រាប់ហាត់កីឡា និងមានអណ្តូងទឹកមួយ។
ប្រធានការិយាល័យ អប់រំយុវជន និងកីឡាស្រុក សេសាន្ត លោក សូលាង ប៊ុនលឺត បានច្រានចោលការចោទប្រកាន់ដែលថា ការមិនបញ្ជូនគ្រូឲ្យទៅបង្រៀននៅសាលានេះ ដោយសាររើសអើងគណបក្ស។ លោកអះអាងថា មូលហេតុដែលមន្ទីរអប់រំស្រុក មិនទាន់បញ្ជូនគ្រូឲ្យទៅបង្រៀននៅអនុវិទ្យាល័យនោះ ដោយសាតែគ្មានសិស្សមករៀន។ លោកបន្ត ថា៖ «ប្រសិនជាអាជ្ញាធរឃុំ គាត់ឆ្លើយអ៊ីចឹង មានន័យថាគាត់កំពុងជះទឹកមកមន្ទីរអប់រំហើយ។»
តែនាយកប្រតិបត្តិវិទ្យាស្ថាន ខ្មែរសម្រាប់អភិវឌ្ឍន៍ជាតិ(KIND) លោក សេង ឫទ្ធី យល់ថា ការរើសអើងផ្នែកនយោបាយ តែងកើតមានជារឿយៗទាំងនៅក្នុងរាជធានីខេត្ត ទាំងនៅតំបន់ដាច់ស្រយាល។ លោកជំរុញឲ្យអាជ្ញាធរគ្រប់រូបគួរគិតពីប្រយោជន៍ជាតិ ជាងប្រយោជន៍បក្ខពួក។ លោកបញ្ជាក់ ថា៖ «យើងធ្វើម៉េច ចាត់ទុកវិស័យសិក្សាធិការជារឿងទាំងអស់គ្នា អត់មានជានិន្នាការនយោបាយទេ ត្រូវតែជ្រោមជ្រែង ត្រូវតែជួយទាំងអស់គ្នា ត្រូវតែគិតគូរទាំងអស់គ្នា មិនថាអ្នកនោះមាននិន្នាការនយោបាយណា ត្រូវចាត់ទុកវិស័យអប់រំជាអាទិភាព ហើយត្រូវមានផែនការច្បាស់លាស់ នៅក្នុងការគិតគូរទៅដល់វិស័យអប់រំនេះ។»
ប៉ុន្តែបើគេងាកទៅមើលសាលារៀន នៅភូមិអូរជ្រៃ ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក្ស ខេត្តបាត់ដំបងវិញ ក្រុមអង្គការសង្គមស៊ីវិលកំពុងប្រកាសរកជំនួយ ដើម្បីសាងសង់សាលារៀន ខណៈមានទាំងសិស្ស មានទាំងគ្រូ តែសាលារៀនសង់ពីកូនឈើ គ្រាន់តែជាជំរុំបណ្តោះអាសន្ន លើទីទួលដោយគ្មានជញ្ជាំងបិទបាំង តាំងពីឆ្នាំ២០០៦។
មេឃុំបារាំងធ្លាក់ មកពីគណបក្សប្រជាជនកម្ពុជា លោក ចាយ ម៉ោញ អះអាងថា ពេលនេះលោកទទួលបានការសន្យាពីស្ថាប័នរដ្ឋមួយចំនួន ថាជួយសង់អគារចំនួន១០បន្ទប់។ ក្នុងនោះ៤បន្ទប់អាចរួចមុនសិស្សចូលកងឆ្នាំនេះ និង៦បន្ទប់ទៀត មន្ត្រីជំនាញបានចុះមកសិក្សាហើយ។
រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកវិស័យអប់រំថា មានតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកដល់ការអភិវឌ្ឍជាតិ។ ប្រមុខរដ្ឋាភិបាល ក៏បានចាត់ទុកកុមារ យុវជន និងមនុស្សពេញវ័យ ត្រូវទទួលបានការសិក្សា និងការអប់រំពេញមួយជីវិត ដែលមានភាពពាក់ព័ន្ធ និងឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារប្រកបដោយគុណភាពខ្ពស់។
របាយការណ៍របស់ ក្រសួងអប់រំ យុវជន និង កីឡា ឲ្យដឹងថា កុមារដល់វ័យសិក្សាមកចុះឈ្មោះចូលរៀនពីមួយឆ្នាំទៅមួយឆ្នាំ មានការកើនឡើង។ទន្ទឹមនេះ ចំនួនសាលារៀន និងគ្រូបង្រៀនព្រមទាំងអត្រាចុះឈ្មោះចូលរៀននៅគ្រប់កម្រិត សិក្សាចំណេះទូទៅ ក៏បានកើនឡើងជាលំដាប់ ជាពិសេសនៅតាមតំបន់ជនបទ។ ជាងនេះទៅទៀតអនុវិទ្យាល័យត្រូវបានបង្កើតឡើង ស្ទើរគ្រប់ឃុំ-សង្កាត់ទូទាំងប្រទេស ហើយចំនួនគ្រឹះស្ថានអប់រំមធ្យមសិក្សាបច្ចេកទេស និងគ្រឹះស្ថានឧត្តមសិក្សា ព្រមទាំងបុគ្គលិក បង្រៀន ក៏មានការកើនឡើងដែរ។
យ៉ាងណាក៏ដោយ មេឃុំស្រែគរ ជាតំបន់ដែលខ្វះសាលារៀន ជំរុញឲ្យរដ្ឋាភិបាល បង្កើតធនធានមនុស្ស នៅតំបន់ជនបទដាច់ស្រយាល ពិសេសតំបន់ជនជាតិដើមភាគតិច ដែលកំពុងវាយលុកដោយវប្បធម៌បរទេស ធ្វើឲ្យការប្រតិបត្តិបែបប្រពៃណីដូនតា ប្រឈមនឹងការបាត់បង់៖ «នៅក្នុង នាមខ្ញុំជាអាជ្ញាធរ និងក្នុងនាមជាខ្មែរដូចគ្នា កុំមានភាពរើសអើង ដែលធ្វើឲ្យខ្មែរនិងខ្មែរបែកបាក់សាមគ្គី កុំឲ្យមានប្រវត្តិសាស្ត្រចារ។ ហើយយើងគួរកែទម្លាប់រើសអើងនេះ វាមិនល្អទេនៅក្នុងសង្គម៕»
No comments:
Post a Comment