ពលរដ្ឋ ខេត្ត សៀមរាប ជាង៥០០នាក់ ដណ្ដើមដីគ្នា បន្ទាប់ ពីអាជ្ញាធរ ផ្ដល់ដី ឲ្យជាង ៩៦ហិកតា ដល់អ្នកតវ៉ា ៨៥គ្រួសារ
VOD | ៧ កញ្ញា ២០១៤
ប្រជាពលរដ្ឋ ជាង ៥០០នាក់ បិទផ្លូវជាតិ នៅជើងភ្នំ គូលេន មិនឲ្យ ធ្វើចរាចរណ៍ ដើម្បី ទាមទារ ចំណែកដី ដែលអាជ្ញាធរ ខេត្ត សៀមរាប ចែកឲ្យ អ្នកមានតវ៉ា រឿងជម្លោះ ដីធ្លី ចំនួន ៨៥គ្រួសារ។អ្នកស្រុក បន្ទាយស្រី ខេត្ដ សៀមរាប នាំគ្នា ធ្វើដូច្នេះ បន្ទាប់ ពីអាជ្ញាធរ ខេត្ត សម្រេចកាត់ដី ជាង៩៦ ហិកតា ផ្ដល់ឲ្យ ពលរដ្ឋ ៨៥គ្រួសារ ដែលធ្លាប់ ធ្វើការតវ៉ា ទាមទារ យ៉ាងខ្លាំងក្លា នាពេល កន្លងមក។
តំណាង ពលរដ្ឋ ៨៥គ្រួសារ នៅភូមិ ត្បែងលិច លោក ចាន់ រិទ្ធិ ប្រាប់VOD នៅរសៀល ថ្ងៃអាទិត្យ ទី៧ កញ្ញា ថា, អភិបាលរង ខេត្ដ សៀមរាប លោក ស៊ិន រុន បានកាត់ដី ចំនួន ៩៦,៤ហិកតា ដែលមានជម្លោះ ជាមួយ រដ្ឋបាល ព្រៃឈើ ស្ថិតនៅឃុំ ត្បែង, ស្រុក បន្ទាយស្រី និងធ្វើ សាលាកប័ត្រ ដើម្បី កាន់កាប់ ស្របច្បាប់ ផ្ដល់ឲ្យ ពលរដ្ឋ ៨៥គ្រួសារ, ប៉ុន្ដែ មានមេភូមិ ត្បែងលិច ឈ្មោះ ម៉ៅ ង៉ា និងបក្សពួក ពីរនាក់ទៀត ដឹកនាំ ពលរដ្ឋ ប្រមាណ ៥០០នាក់ បិទផ្លូវ មិនឲ្យ ធ្វើចរាចារណ៍ ដើម្បី ទាមទារ ឲ្យចែក កដី ជាង៩៦ ហិកតានោះ ដល់ពួកគេដែរ។ លោក ថា បើ ទោះបី មានសមត្ថកិច្ច រារាំង ក៏ពលរដ្ឋ ទាំងនោះ មិនព្រម បើកផ្លូវដែរ។
ពលរដ្ឋ មួយរូបទៀត លោក យក់ ចែម ឲ្យដឹង ថា, ដីពលរដ្ឋ ជាង៩៦ ហិកតានោះ ត្រូវ បានរដ្ឋបាល ព្រៃឈើ ដកហូត យកជួល ឲ្យក្រុមឈ្មួញ ដាំដំឡូងមី ក្រោមហេតុផល យកដាំដើមឈើ។ លោក បន្ដថា, ពួកគេ បានតវ៉ា ទាមទារ ជាច្រើនឆ្នាំ មកហើយ រហូត មានដំណោះស្រាយ ខ្លះ បែរ ជាមាន ក្រុមមនុស្ស ដឹកនាំ ដោយមេភូមិ ត្បែងលិច មកចង់បាន ចំណែកដែរ។ លោក ថា, ការលេចមនុស្ស ផ្សេង មកតវ៉ា ចង់បាន ចំណែក ដែរនោះ ទំនង មានបញ្ជា ពីបក្សពួក ខាងណាមួយ ដើម្បី បង្កបញ្ហា ដល់ពលរដ្ឋ ៨៥គ្រួសារ។
VOD មិនអាច ទាក់ទង អភិបាលរង ខេត្ដ សៀមរាប លោក ស៊ិន រុន ដែលចុះធ្វើ សាលាកប័ត្រ ជូនពលរដ្ឋ ដើម្បី អត្ថាធិប្បាយ លើករណីនេះ បានទេ។ ប៉ុន្ដែ ប្រធាន ក្រុមប្រឹក្សា ស្រុក បន្ទាយស្រី លោក ថាប់ សារ៉ន មានប្រសាសន៍ ទទួលស្គាល់ ថា, ពលរដ្ឋ ដែលបិទផ្លូវ មានចេតនា រំខានពលរដ្ឋ ៨៥គ្រួសារ នោះផង និងទាមទារ ឲ្យអាជ្ញាធរ ខេត្ដ ចែកដី ជាង ៩៦ ហិកតានោះ ដល់ពួកគេផង។
អ្នកឃ្លាំមើល ការរំលោភ សិទ្ធិមនុស្ស នៃអង្គការ លីកាដូ ខេត្ដ សៀមរាប លោក ចៅ ល័ក្ខវណ្ណា មានប្រសាសន៍ថា ដើមឡើយ ពលរដ្ឋមានជម្លោះដីធ្លីនៅសហគមន៍ចំបក់មានជាង១រយគ្រួសារ ប៉ុន្ដែពួកគេមួយចំនួនបានបោះបង់ការតវ៉ាទាមទារ។ លោកថា នៅដើមខែកញ្ញានេះ អាជ្ញាធរប្រគល់ដី និងធ្វើប័ណ្ណកាន់កាប់ស្របច្បាប់ផ្ដល់ឲ្យ អ្នកតវ៉ាជាច្រើនឆ្នាំមកហើយហើយនោះចំនួន៨៥គ្រួសារ។ ស្រាប់តែពលរដ្ឋដែលលះបង់ការទាមទារទាំងនោះ កៀរគរគ្នាមកទាមទារចង់បានចំណែកដែរ បង្កឲ្យមានការរាំងស្ទះក្នុងការដោះស្រាយ។ លោកចៅ ល័ក្ខវណ្ណា ថា លោកកំពុងស៊ើបអង្កេតលើករណីនេះបន្ដទៀត ថាតើពលរដ្ឋដែលចង់បានចំណែកទាំងនោះមកពីតំបន់ណា៕
No comments:
Post a Comment