អ្នកភូមិ នៅស្វាយរៀង ចោទអាជ្ញាធរ ថា, លក់ដី អាងសាធារណៈ របស់រដ្ឋ
RFA / វិទ្យុ អាស៊ី សេរី | ១៩ កញ្ញា ២០១៤
អ្នកភូមិ កំពុងព្រួយបារម្ភ ខ្លាចបាត់បង់ដី, ហើយ អំពាវនាវ ឲ្យអាជ្ញាធរ រក្សាដីនោះ ទុកប្រើប្រាស់ ជាប្រយោជន៍ រួម របស់ ប្រជាពលរដ្ឋ។ ប៉ុន្តែ មេភូមិ បដិសេធ ចំពោះ ការចោទប្រកាន់នេះ។
អ្នកភូមិ ប្រមាណ ៧០នាក់ ដែលបាន នាំគ្នាផ្ដិត ស្នាមមេដៃ ប្ដឹងមេភូមិ ទៅសាលាស្រុក ដោយចោទប្រកាន់ ថា លក់ដីសាធារណៈ របស់រដ្ឋ កំពុងព្រួយបារម្ភ ពីសុវត្ថិភាព បន្ទាប់ ពីមេភូមិ បានដើរគំរាមកំហែង រកឈ្មោះ អ្នកដែលចេញមុខ តវ៉ា ប្រឆាំង។
អ្នកភូមិ បញ្ជាក់ថា, ផ្ទៃដី ដែលមេភូមិ លក់នោះ មានទំហំ ១០០គុណ នឹង១០០ ម៉ែត្រ ស្ថិតនៅភូមិ សណ្ដូត, ឃុំ អង្គតាសូ, ស្រុក ស្វាយជ្រំ, ខេត្ត ស្វាយរៀង។ ដីនោះ ត្រូវ អាជ្ញាធរភូមិ លក់ទៅឲ្យ អ្នកភូមិ ក្បែរខាង ចំនួន ៤គ្រួសារ ធ្វើជាកម្មសិទ្ធិ ស្របច្បាប់។
អ្នកភូមិ សណ្ដូត លោក កង អឿន ថ្លែងនៅថ្ងៃ ទី១៩ កញ្ញា ថា, ផ្ទៃដី ដែលមេភូមិ លក់នោះ ជាដី អាងសាធារណៈ របស់ ប្រជាពលរដ្ឋ ក្នុងសហគមន៍ ភូមិ សណ្ដូត ប្រើប្រាស់ ជាប្រយោជន៍ រួម។ លោក បន្តថា, បន្ទាប់ទទួល ដំណឹងថា មេភូមិ លក់ដីនោះភ្លាម, ប្រជាពលរដ្ឋ ក្នុងភូមិ តវ៉ា ជាបន្តបន្ទាប់។ ក្រោយមក នៅថ្ងៃ ទី១២ កញ្ញា អ្នកភូមិ នាំគ្នា ប្រមូល ស្នាមមេដៃ បានប្រមាណ ជាង៧០ ស្នាមមេដៃ ដាក់ប្ដឹង ទៅសាលាស្រុក ស្វាយជ្រំ តវ៉ា យកដីនោះ មកវិញ ទុកជាសម្បត្តិ រួម ក្នុងសហគមន៍៖ «ជួយផ្ដិត មេដៃហ្នឹង ដើម្បី យកទៅដាក់ ពាក្យបណ្ដឹង អីបាទ។ ដល់ពេល អ៊ីចឹងទៅ, ខ្ញុំ យកទៅដាក់ ទៅដល់ ស្រុកហើយ។ អភិបាល ស្រុកហ្នឹង ទទួលហើយ។ មេភូមិ ដើរគំរាមប្រជា ពលរដ្ឋ ថា, ពីណាខ្លះ ហ៊ានផ្ដិត មេដៃហ្នឹង, គាត់ ចង់ចាប់ ចង់ហៅ អីណា ទៅកន្លែង ស្រុក, កន្លែងអីណា គាត់ណោះ។»
អ្នកភូមិបន្តថា រហូតមកទល់ពេលនេះ អាជ្ញាធរស្រុកពុំទាន់មានចំណាត់ការពាក់ព័ន្ធនឹងបណ្ដឹងពួកគាត់ថាយ៉ាងណានៅឡើយទេ។
ឆ្លើយតបនឹងការចោទប្រកាន់នេះ មេភូមិសណ្ដូត លោក សេក ឆូយ មានប្រសាសន៍បញ្ជាក់ថា លោកពុំបានលក់ដីសាធារណៈធ្វើជាសម្បត្តិផ្ទាល់ខ្លួន ដូចការចោទប្រកាន់របស់អ្នកភូមិនោះទេ។ លោកបន្តថា ហេតុដែលលោកប្រគល់ដីទៅឲ្យអ្នកភូមិទាំង ៤គ្រួសារ ធ្វើជាកម្មសិទ្ធិស្របច្បាប់នោះ ពីព្រោះពួកគាត់បានដាំដុះអាស្រ័យផលជាច្រើនឆ្នាំមកហើយ។ ចំណែកឯករណីថា លោកទៅគំរាមកំហែងប្រជាពលរដ្ឋ មិនឲ្យផ្ដិតស្នាមមេដៃនោះ លោកថាជារឿងមិនពិតឡើយ ដោយថា លោកគ្រាន់តែសុំពិនិត្យស្នាមមេដៃដែលបានផ្ដិតរួច ដើម្បីចង់ដឹងពីចំនួនអ្នកតវ៉ាពិតប្រាកដប៉ុណ្ណោះ៖ «សុរិយោដីតេ មកខ្ញុំ ហើយគាត់ៗនៅអង្គុយជាមួយខ្ញុំដែរ គ្រាន់តែឃើញស្នាមមេដៃគាត់ឲ្យខ្ញុំសួរ មុនដំបូងហៅមកផ្ទះខ្ញុំ តែគាត់មិនមក។ ដល់គាត់មិនមក ខាងសុរិយោដីគាត់ថាអូ! អ៊ីចឹងអ៊ំឯងប្រជាពលរដ្ឋរបស់អ៊ំឯងៗសួរគាត់ទៅ ព្រោះខ្ញុំមានបទពិសោធន៍អឺ! ដោះស្រាយអ៊ីចឹងដែរ។ គេផ្ដិតមេដៃអ៊ីចឹង ដល់ពិនិត្យមែនទែនទៅ បានមនុស្សមិនដល់ ២០នាក់ទេ សុទ្ធតែមេដៃក្លែងក្លាយទាំងអស់។»
ទាក់ទងនឹងបញ្ហានេះ មន្ត្រីសម្របសម្រួលអង្គការការពារសិទ្ធិមនុស្សលីកាដូ (Licadho) ប្រចាំខេត្តស្វាយរៀង លោក នុត ប៊ូពិនណារ័ត្ន ពន្យល់ថា ដីអាងសាធារណៈជាសម្បត្តិរួមរបស់ប្រជាពលរដ្ឋ ហើយមេភូមិមិនអាចយកដីនោះទៅលក់ឲ្យបុគ្គលណាម្នាក់ធ្វើជា កម្មសិទ្ធិផ្ទាល់ខ្លួនបានឡើយ។ លោកថា បញ្ហានេះប្រជាពលរដ្ឋមានសិទ្ធិផ្ដិតស្នាមមេដៃដាក់ពាក្យប្ដឹងទៅ អាជ្ញាធរស្រុក និងមន្ត្រីពាក់ព័ន្ធ ដើម្បីទាមទារតាមផ្លូវច្បាប់។ លោក នុត ប៊ូពិនណារ័ត្ន ចាត់ទុកការសុំពិនិត្យស្នាមមេដៃរបស់មេភូមិនេះ ថាជាទង្វើមួយគំរាមកំហែងប្រជាពលរដ្ឋ។
លោក នុត ប៊ូពិនណារ័ត្ន៖ «គឺយើងអាចបំពេញឯកសារដាក់ពាក្យទៅសាលា ខេត្ត ដាក់ទៅស្រុក ដើម្បីឲ្យគាត់ជួយអន្តរាគមន៍ដោះស្រាយរឿងដីស្រះហ្នឹង។ ហើយយើងត្រូវស្វែងរកពីមូលហេតុនៃផលប្រយោជន៍ពីស្រះហ្នឹង បានប្រយោជន៍ទៅពលរដ្ឋអីរបៀបម៉េច ហេតុអីបានជាមេភូមិលក់បាន អាហ្នឹងយើងអាជ្ញាធរថ្នាក់លើដឹង។ ជួនកាលថ្នាក់លើគេអត់ដឹងទេ ថ្នាក់ស្រុកថ្នាក់អត់ដឹងទេ អ៊ីចឹងយើងត្រូវតែធ្វើស្នាមមេដៃហ្នឹងឯង។ ប្រជាពលរដ្ឋត្រូវមានស្នាមមេដៃ ហើយពាក្យបណ្ដឹង ដើម្បីឲ្យអាជ្ញាធរជួយដោះស្រាយលើមេភូមិហ្នឹងទៀត ព្រោះមិនមែនធំតែមេភូមិហ្នឹងទេ។»
អ្នកភូមិនៅតំបន់នោះ កំពុងព្រួយបារម្ភខ្លាចបាត់បង់ដីសម្បត្តិសាធារណៈ ធ្លាក់ទៅជាកម្មសិទ្ធិបុគ្គល ហើយថា ពួកគាត់នឹងតវ៉ាបន្តទៀត ប្រសិនបើអាជ្ញាធរស្រុកមិនបានដោះស្រាយតាមសំណើរបស់ប្រជាពលរដ្ឋនោះ៕
No comments:
Post a Comment