ពលរដ្ឋ នៅស្វាយរៀង ចោទមេឃុំ ថា, ដោះដូរដី សាលាឃុំ ទៅឲ្យ សាច់ញាតិ ស្ងាត់ៗ
RFA / វិទ្យុ អាស៊ី សេរី | ២៧ កញ្ញា ២០១៤
អ្នកភូមិ មួយចំនួន កំពុង ព្រួយបារម្ភ ខ្លាចបាត់បង់ដី ទីសាធារណៈ របស់រដ្ឋ ធ្លាក់ទៅ ជាកម្មសិទ្ធិ ឯកជន បន្ទាប់ ពីទទួលដំណឹង ពីការដោះដូរ ដីនោះ ពីអ្នក បោះបង្គោល ធ្វើរបង លើដី សាលាឃុំ។ ប៉ុន្តែ មេឃុំ បដិសេធ ថា, ជារឿង មិនពិតឡើយ។
ប្រជាពលរដ្ឋមួយចំនួនរស់នៅក្បែរសាលាឃុំ បានតវ៉ាប្រឆាំងនឹងក្រុមអ្នកបោះបង្គោល ឲ្យបញ្ឈប់សកម្មភាពភ្លាមៗមួយរំពេច បន្ទាប់ពីទទួលដំណឹង ហើយពួកគាត់កំពុងរៀបចំពាក្យបណ្ដឹងដាក់ទៅអង្គភាពប្រឆាំងអំពើពុក រលួយ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។
អ្នកភូមិម្នាក់ថ្លែងក្នុងលក្ខខណ្ឌមិនឲ្យបញ្ចេញឈ្មោះ នៅថ្ងៃទី២៧ កញ្ញា ថា មេឃុំអណ្ដូងពោធិ៍ ស្រុករមាសហែក ខេត្តស្វាយរៀង ថាបានប្រព្រឹត្តអំពើពុករលួយ ដោយដោះដូរដីសាលាឃុំដែលមានទំហំទទឹងប្រមាណ ៣០ម៉ែត្រ គុណនឹង ២៨ម៉ែត្រ ស្ថិតនៅទីប្រជុំ នៅភូមិត្រពាំងបុស្ស ឃុំអណ្ដូងពោធិ៍ ទៅឲ្យសាច់ញាតិរបស់ខ្លួន មានទីតាំងស្ថិតនៅទីដាច់ស្រយាលឆ្ងាយពីផ្ទះរបស់ប្រជាពលរដ្ឋ ស្ថិតនៅភូមិត្រពាំងបន្ទាយ ក្នុងផ្ទៃដីទំហំទទឹងប្រមាណ ៥០ម៉ែត្រ គុណ ៣០ម៉ែត្រ។
អ្នកភូមិរូបនេះបន្តថា ការដោះដូរនេះ ធ្វើឡើងដោយស្ងៀមស្ងាត់ ហើយប្រជាពលរដ្ឋមួយចំនួននៅក្បែរខាងសាលាឃុំ ឃើញសកម្មភាពមិនស្រួល ពីព្រោះមានមនុស្សមួយចំនួនទៅបោះបង្គោលរបងបម្រុងយកដីសាលាឃុំ ធ្វើជាកម្មសិទ្ធិ៖ «ខ្ញុំសួរថា របងហ្នឹងធ្វើឲ្យពីណារបងហ្នឹងអឺ! គ្រូឲ្យធ្វើឲ្យ គេអ្នកបើកលុយធ្វើឲ្យ។ អើ! សួរទៅគេថាអ្នកឲ្យលុយឲ្យដីហ្នឹងគេដូរដាច់ស្រេចហើយ បានគេធ្វើរបង។ អាហ្នឹងអ្នកនៅជិតៗហ្នឹងចេះតែនាំគ្នាថាឲ្យដែរ ថាមួយម៉ាត់ពីរៗថាឲ្យទៅ គេថានេះយកលេសថាធ្វើរបង ប៉ុន្តែកាលណាប្រជាជនតវ៉ាខ្លាំង ធ្វើម្ដងបន្តិចៗមិនធ្វើចំហម្ដងទេ ធ្វើលាក់លៀម។»
ពលរដ្ឋរូបនេះឲ្យដឹងទៀតថា ផ្ទៃដីដែលប្រជាពលរដ្ឋតវ៉ាមិនឲ្យដោះដូរនោះ ពួកគាត់នៅក្បែរសាលាឃុំ ទទួលដំណឹងអំពីការដោះដូរនេះជាបន្តបន្ទាប់ជាច្រើនខែមកហើយ ប៉ុន្តែពុំមាននរណាម្នាក់គិតថាជារឿងពិតនោះទេ។ រហូតមកទល់ថ្ងៃទី២០ កញ្ញា មានការបោះបង្គោលរបង ទើបដឹងថាជាការពិត ហើយនាំគ្នាតវ៉ាប្រឆាំង។
ឆ្លើយតបនឹងការចោទប្រកាន់នេះ មេឃុំអណ្ដូងពោធិ៍ អ្នកស្រី គិម សុនណារី បដិសេធចំពោះការចោទប្រកាន់របស់អ្នកភូមិ ដែលថាអ្នកស្រីដោះដូរដីសាលាឃុំដែលមានហាងឆេងខ្ពស់ទៅសាច់ញាតិ របស់ខ្លួនធ្វើជាកម្មសិទ្ធិនោះ ជារឿងមិនពិតឡើយ។ អ្នកស្រីបញ្ជាក់ថា ការបដិសេធនេះ ពីព្រោះពុំមានឯកសារបញ្ជាក់ពីអាជ្ញាធរស្រុកជុំវិញការដោះដូរដីនៅ ឡើយទេ។
អ្នកស្រី គិម សុនណារី៖ «ដីហ្នឹងជាដីរបស់សាលាឃុំ ហើយអ៊ីចឹងប្រជាពលរដ្ឋគាត់ចេះតែមកបត់ដៃបត់ជើងនៅខាងមុខសាលាឃុំ នោះណាស់។ ហើយរួចហើយហ្នឹង ខ្ញុំក៏សម្រេចចិត្តថាបោះបង្គោលដើម្បីឃាំងរបងទៅធ្វើរបងធ្វើអី ឲ្យបានស្អាតទៅ កុំឲ្យមានបងប្អូនប្រជាពលរដ្ឋយើងក្មេងក្មាងអីគាត់មកជុះបត់ដៃ បត់ជើងនៅខាងមុខសាលាឃុំហ្នឹង។ ហើយបើសិនជាចេះតែចោទអ៊ីចឹង បើអ៊ីចឹងសាលាឃុំហ្នឹងខ្ញុំធ្វើរបងអត់បាន ខ្ញុំសួរថា តើសាលាឃុំអត់មានរបងហ្នឹង ខ្ញុំធ្វើអត់បានទេឬអី?»
ទាក់ទងនឹងបញ្ហានេះដែរ មន្ត្រីសម្របសម្រួលអង្គការលីកាដូ (Licadho) ប្រចាំខេត្តស្វាយរៀង លោក នុត ប៊ូពិនណារ័ត្ន មានប្រសាសន៍ថា មេឃុំគ្មានសិទ្ធិអំណាចដោះដូរដីសាលាឃុំ ទៅឲ្យបុគ្គលណាម្នាក់ធ្វើជាកម្មសិទ្ធិនោះទេ លើកលែងតែរដ្ឋាភិបាលដែលធ្វើឡើងតាមរយៈនៃការអនុប្រយោគ។ លោក នុត ប៊ូពិនណារ័ត្ន ចាត់ទុកការឆ្លើយបដិសេធរបស់មេឃុំនេះថា គ្រាន់តែជាលេសមួយ ដើម្បីដោះបន្ទុកពីការទទួលខុសត្រូវរបស់ខ្លួនប៉ុណ្ណោះ។
លោក នុត ប៊ូពិនណារ័ត្ន៖ «យើងមើលឃើញកន្លងមក សាលាឃុំទូទៅក្នុងខេត្តស្វាយរៀង កម្រមានរបងណាស់បាទ! អ៊ីចឹងដល់គាត់ធ្វើរបង ហើយដល់ឥឡូវដល់ពេលមានប្រតិកម្មកើតឡើងពីប្រជាពលរដ្ឋ ដែលមានការតវ៉ាពីប្រជាពលរដ្ឋនេះ ជាការងារមួយដែលលោកស្រីមេឃុំហ្នឹង គាត់ត្រូវឆ្លើយថា គាត់មិនទាន់មានជាលាយលក្ខណ៍អក្សរ គាត់គ្រាន់ធ្វើរបងព័ទ្ធការពារសាលាឃុំ អាហ្នឹងគ្រាន់តែជាលេសមួយ ដើម្បីបន្ថយទៅនឹងអ្វីដែលគាត់បាន ដែលមានបំណងក្នុងការដោះដូរហ្នឹងឯង។»
លោកបន្តថា បញ្ហានេះ ប្រជាពលរដ្ឋអាចដាក់ពាក្យប្ដឹងទៅអភិបាលស្រុក ឬអភិបាលខេត្ត ឲ្យជួយអន្តរាគមន៍ទប់ស្កាត់ការដោះដូរនោះតាមផ្លូវច្បាប់។
បើតាមអ្នកភូមិឲ្យដឹងថា ផ្ទៃដីសាលាឃុំដែលដោះដូរនោះ អាចនឹងធ្លាក់ទៅជាកម្មសិទ្ធិឯកជន ដោយស្របច្បាប់ក្នុងពេលឆាប់ៗ ប្រសិនបើមន្ត្រីពាក់ព័ន្ធពុំមានវិធានការទាន់ពេលនោះ៕
No comments:
Post a Comment