វៀតណាម សន្យា ដកមន្ត្រី នាំពាក្យ ទូតវៀតណាម នៅកម្ពុជា
RFA / វិទ្យុ អាស៊ី សេរី | ១២ កញ្ញា ២០១៤
មន្ត្រីនាំពាក្យ ក្រសួង ការបរទេស កម្ពុជា លោក កុយ គួង អះអាងថា, អនុរដ្ឋមន្ត្រី ការបរទេស វៀតណាម លោក ហ្វាម ក្វាង វិញ (Pham Quang Vinh) ដែលបាន មកធ្វើ ទស្សនកិច្ច នៅកម្ពុជា កាលពីថ្ងៃ ព្រហស្បតិ៍ ទី១១ កញ្ញា សន្យាថា នឹងដកមន្ត្រី នាំពាក្យ ស្ថានទូត វៀតណាម លោក ត្រឹង វ៉ាន់ ថុង (Tran Van Thong) បន្ទាប់ ពីមន្ត្រីនាំពាក្យ រូបនោះ បានធ្វើ អត្ថាធិប្បាយ ពាក់ព័ន្ធបញ្ហា ទឹកដីខ្មែរ កម្ពុជាក្រោម។
លោក កុយ គួង ប្រាប់អ្នក សារព័ត៌មាន ថា, ក្រោយជំនួប រវាង លោក ហោ ណាំហុង រដ្ឋមន្ត្រី ការបរទេស កម្ពុជា និងអនុរដ្ឋមន្ត្រី ការបរទេស វៀតណាម លោក ហ្វាម ក្វាង វិញ នៅទីស្ដីការ ក្រសួង ការបរទេស កាលពីថ្ងៃ ទី១១ កញ្ញា មន្ត្រី ការទូត វៀតណាម បានសន្យា ថា, ស្ថានទូត វៀតណាម នឹងធ្វើកំណត់ ហេតុទូត មួយច្បាប់ ទៅក្រសួង ការបរទេស កម្ពុជា ដើម្បី ដកមន្ត្រីនាំពាក្យ លោក ត្រឹង វ៉ាន់ ថុង ទៅវៀតណាម វិញ។
កាលពីខែមិថុនា លោក ត្រឹង វ៉ាន់ ថុង បានអះអាង ប្រាប់វិទ្យុ អាស៊ី សេរី ថា, បារាំង មិនបាន កាត់ទឹកដី ឲ្យខ្មែរ កម្ពុជាក្រោម ទៅឱ្យ វៀតណាម ឡើយ, គឺ វៀតណាម បានគ្រប់គ្រង ទឹកដីខ្មែរ កម្ពុជាក្រោម តាំងពីយូរយារណាស់ មកហើយ។ អត្ថាធិប្បាយនេះ បណ្ដាល ឲ្យខ្មែរ កម្ពុជាក្រោម និងពលរដ្ឋខ្មែរ ផ្សេងទៀត ផ្ទុះកំហឹង ធ្វើបាតុកម្ម ទាមទារ ឲ្យស្ថានទូត វៀតណាម សុំទោស ជាសាធារណៈ និងដក អ្នកនាំពាក្យ វៀតណាម រូបនេះចេញ រហូត ដល់ឈាន ទៅដល់ ការដុតទង់ជាតិ វៀតណាម ថែមទៀតផង។
លោក កុយ គួង មិនបានបញ្ជាក់ ថា, ពេលណា ទើបលោក ត្រឹង វ៉ាន់ ថុង នឹងវិលត្រឡប់ ទៅប្រទេស វៀតណាម ឡើយ៕
No comments:
Post a Comment