Paris Peace Accords 23 Oct. 1991

Friday, September 12, 2014

WWF​៖ មនុស្ស ​២៧​ម៉ឺន​នាក់​ អំពាវ​នាវ​ ឲ្យ​បញ្ឈប់​ គម្រោង​ទំនប់ ​វារី​អគ្គិសនី​ ដន​សាហុង​ | WWF: 270,000 call for end to dam

WWF​៖ មនុស្ស ​២៧​ម៉ឺន​នាក់​ អំពាវ​នាវ​ ឲ្យ​បញ្ឈប់​ គម្រោង​ទំនប់ ​វារី​អគ្គិសនី​ ដន​សាហុង​ 

RFI | ១១ កញ្ញា ២០១៤

ប្រជា​ព​លរដ្ឋ​និង​សកម្មជន​សិទ្ធិ​មនុស្ស​ចូល​រួម​យុទ្ធនាការ​កុំ​ឲ្យ​មាន​ការ​សាង​សង់​ទំនប់​វារី​អគ្គីសនី​ដនសាហុង​នាពេល​កន្លង​មក​
ប្រជា​ព​លរដ្ឋ​និង​សកម្មជន​សិទ្ធិ​មនុស្ស​ចូល​រួម​យុទ្ធនាការ​កុំ​ឲ្យ​មាន​ការ​សាង​សង់​ទំនប់​វារី​អគ្គីសនី​ដនសាហុង​នាពេល​កន្លង​មក​

តំណាង​ សហគមន៍​ និង​អង្គការ​ សង្គម​ស៊ីវិល​ ប្រមាណ ១០អង្គភាព​ បានស្នើ ​ឲ្យ​ក្រុមហ៊ុន មេ​ហ្គា​ហ្វើ​ស​ ផ្អាក​គម្រោង​ ទំនប់​វា​រី​អគ្គិសនី​ ដន​សា​ហុង​ របស់​ឡាវ​ នៅ​លើ​​ដង​​ទន្លេ​ មេគង្គ​ ​ ពួក​គេ បាន​​សម្តែង​​ ពី​​ការ​ព្រួយ​បារម្ភ​, ហើយ ​​បាន​​និយាយ​ ថា,​ មាន​​មនុស្ស​ ២៧​ម៉ឺន​​នាក់​​ ជុំ​វិញ​​ពិភព​លោក​ ដែល​​បាន​​ អំពាវ​នាវ​​ ឲ្យ​​បញ្ឈប់​​ គម្រោង​​នេះ ​​ដោយ​សារ​ តែ​​ វា​​ ផ្តល់​​គុណ​វិបត្តិ​​ ច្រើន​ ជាង​​ផល​ប្រយោជន៍​។


អង្គការ ​មូលនិធិ​ សកល​ សម្រាប់​ ការអភិរក្ស ​ធនធានធម្មជាតិ (ហៅ​កាត់​ ថា WWF) បាន​ផ្សព្វផ្សាយ​ ញ​តិ្ត ​របស់ ​ប្រជាជន​ ប្រមាណ ២៧ម៉ឺន​នាក់ ដែល​អំពាវនាវ ​ឲ្យ​បញ្ឈប់​ គម្រោង​ទំនប់ ​វា​រី​អគ្គិសនី​ ដន​សា​ហុង នៅលើ​ដង​ ទន្លេមេគង្គ ជាប់​ព្រំដែន​ ប្រទេស​ កម្ពុជា ​និង​ឡាវ។  យោងតាម WWF ក្នុងចំណោម​ មនុស្ស ២៧ម៉ឺន​នាក់​នោះ មាន​ប្រជាជន​ កម្ពុ​ជា ជាង១ម៉ឺន ២ពាន់​នាក់ ដែល​បាន​ បញ្ចេញមតិ​ ជំទាស់ ដោយផ្ទាល់ ​តាមរយៈ ​ការសរសេរ ​ញត្តិ, ហើយ​ អ្នក​ផ្សេងទៀត ​បាន​សម្តែង​ មតិ​ តាមរយៈ ​ចុះឈ្មោះ ​តាម​បណ្តាញ​ ប្រព័ន្ធ​ អ៊ិន​ធឺ​ណិ​ត ក្នុងប្រទេស ​ច្រើន ជាង២០០ ជុំវិញ​ពិភពលោក។

ក្នុង​សន្និសីទកាសែត​រួមគ្នា នៅ​ភោជនីយ​ដ្ឋា​ទី​តា​និក នា​ព្រឹក​ថ្ងៃទី១១កញ្ញា​នេះ តំណាង​សហគមន៍ មកពី​ខេត្តក្រចេះ ស្ទឹងត្រែង និង​សហគមន៍​នេសាទ​បឹង​ទន្លេសាប ព្រមទាំង​តំណាង​យុវជន​បាន​សម្តែង​ការព្រួយបារម្ភ​ថា គម្រោង​សាងសង់​ទំនប់​វា​រី​អគ្គិសនី​ដន​សា​ហុង​នេះ​នឹងធ្វើ​ឲ្យ​ពួកគេ​រង​ ទុក្ខលំបាក ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ជីវភាព​ប្រជាជន​បាត់ បង់​ជីវៈចម្រុះ ពិសេស​ត្រី​ដែលជា​ប្រភព​ចិញ្ចឹមជីវិត ប៉ះពាល់​ដល់​វិស័យ​កសិកម្ម​និង​ទេសចរណ៍ ព្រមទាំង​អាច​នឹង​វិនាស​ដល់​សត្វ​ផ្សោត ដែលជា​សត្វ​កម្រ​ថែមទៀត។

លោក ឈិ​ត សំអាត នាយក​អង្គការ WWF បាន​និយាយថា គម្រោង​សាងសង់​នេះ​អាចធ្វើ​ឲ្យ​ប៉ះពាល់​ជា​អវិជ្ជមាន​ដល់​ធនធាន​ជលផល​នៃ​ ទន្លេមេគង្គ​និង​ទន្លេសាប ព្រមទាំង​ប្រជាពលរដ្ឋ​ច្រើនជាង៦០លាន​នាក់ ដែល​កំពុង​រស់នៅ​តំបន់​អាង​ទន្លេមេគង្គ​ផ្នែក​ខាងក្រោម។ លោក ឈិ​ត សំអាត បញ្ជាក់ថា បើ​ធៀប​ប្រៀប​ពី​ផលប្រយោជន៍​និង​គុណវិបត្តិ គឺ​មិនអាច​ទូទាត់​គ្នា​បានឡើយ ព្រោះថា ផល​កម្រៃ​នៃ​កម្លាំង​អគ្គិសនី ២៦០ មេ​ហ្គា​វ៉ាត ដែល​គម្រោង​រំពឹងទុក​នោះ មិនអាច​ប៉ះប៉ូវ​នឹង​ហានិភ័យ​ដ៏​ធ្ងន់ធ្ងរ​បានទេ។

ទោះយ៉ាងណា ពួកគេ​លើកឡើងថា មិនទាន់មាន​របាយការណ៍​ច្បាស់ការ​ណាមួយ ដែល​បញ្ជាក់​ពី​ផលចំណេញ និង​គុណវិបត្តិ​ជាក់ស្តែង ជា​លក្ខណៈ​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​នៅឡើយ​ទេ។ ពួកគេ​ក៏​ស្នើ​ឲ្យ​មានការ​ស្រាវជ្រាវ​ពី​អ្នកជំនាញ​តាមបែប​វិទ្យាសាស្ត្រ​ ពិតប្រាកដ​ដែរ។

តំណាង​សហគមន៍​តំណាង​នាយក​អង្គការ WWF និង​អ្នកតំណាង​ពី​វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​បាន​អះអាងថា នឹង​បន្ត​ដាក់​ញត្តិ​និង​អំពាវ​វនា​វ​ជា​បន្តទៀត ទៅ​បណ្តា​ស្ថានទូត​នានា រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងអស់​តាម​ដង​ទន្លេមេគង្គ និង​ក្រុមហ៊ុន​ពាក់ព័ន្ធផ្សេងៗ ដើម្បី​គៀងគរ​សំឡេង​រួមមួយ ឲ្យ​ផ្អាក​គម្រោង​សាងសង់​ទំនប់​វា​រី​អគ្គិសនី​ដន​សា​ហុង។

គួរ​បញ្ជាក់ថា ក្នុង​សន្និសីទកាសែត នា​ព្រឹក​ថ្ងៃទី១១កញ្ញា​នេះ មិនមាន​វត្តមាន​ភាគី​រដ្ឋាភិបាល​កម្ពុជា​ទេ។ ប៉ុន្តែ ពេល​កន្លងទៅ តំណាង​រដ្ឋាភិបាល​កម្ពុ​ជា ថៃ និង​វៀតណាម​ក៏​ធ្លាប់​បានស្នើ​ឲ្យ​ភាគី​ឡាវ សិក្សា​ផលប៉ះពាល់​ឲ្យ​បានច្បាស់លាស់​ដែរ៕



No comments:

Post a Comment