Paris Peace Accords 23 Oct. 1991

Friday, September 12, 2014

សមាជិក​ ក្រុមប្រឹក្សា ​រាជធានី​ មក​ពី​បក្ស ​ប្រឆាំង ​ដើរ​ចេញ​ ពី​កិច្ច​ប្រជុំ​ សាមញ្ញ​ លើក​ទី​៤ | CNRP members of commune council walked out of the 4th general meeting

សមាជិក​ ក្រុមប្រឹក្សា ​រាជធានី​ មក​ពី​បក្ស ​ប្រឆាំង ​ដើរ​ចេញ​ ពី​កិច្ច​ប្រជុំ​ សាមញ្ញ​ លើក​ទី​៤

RFA / ​វិទ្យុ ​អាស៊ី សេរី | ១១ កញ្ញា ២០១៤

ម៉ន ផល្លា ៦២០
អនុប្រធាន​ សមាគម​ ជាតិ ​ក្រុមប្រឹក្សា ​រាជធានី​ខេត្ត និង​ជា​សមាជិក ​ក្រុមប្រឹក្សា ​រាជធានី ​ភ្នំពេញ មក​ពី​គណបក្ស​ សង្គ្រោះ​ជាតិ លោក ម៉ន ផល្លា ក្នុង​កិច្ច​ពិភាក្សា ​តុ​មូល ​របស់ ​វិទ្យុ ​អាស៊ី សេរី កាល​ពី​យប់​ថ្ងៃ​ ទី​១០ ខែ​ឧសភា ឆ្នាំ​២០១៤។  Photo: RFA

វិធី ​តែ​មួយ​គត់ ​របស់ ​គណបក្ស​ប្រឆាំង ដើម្បី​ សម្ដែង​ភាព​ មិន​ពេញ​ចិត្ត​ នៅ​ពេល​ ដែល​ខ្លួន​ ទាមទារ​អ្វី​មួយ​ មិន​បាននោះ គឺ​ ដើរ​ចេញ​ ពី​អង្គ​ប្រជុំ ដោយ​ភាគ​ច្រើន ​គេ​ ឃើញ​ នៅ​ក្នុង​កិច្ច​ប្រជុំ ​សភា។  ប៉ុន្តែ ​ថ្នាក់​ដឹក​នាំ ​ក្រោម​ជាតិ​ របស់ ​គណបក្ស​ សង្គ្រោះ​ជាតិ វិញ ក៏​បាន​ជ្រើស ​វិធី​នេះ ​តាម​មេ​ដឹក​នាំ​ របស់ ​ខ្លួន​ដែរ ដោយ​នាំ​គ្នា ​ដើរ​ចេញ​ ពី​កិច្ច​ប្រជុំ ​សាមញ្ញ​ លើក​ទី​បួន របស់​ ក្រុមប្រឹក្សា​ រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ ទី​១១ កញ្ញា នៅ​សាលា​ រាជធានី​ភ្នំពេញ លើ​ការ​បង្កើត ​គណៈកម្មការ ​លទ្ធកម្ម ​របស់ ​ក្រុមប្រឹក្សា​ រាជធានី​ភ្នំពេញ។

បន្ទាប់​ពី​ដើរ​ចេញ​ ពី​កិច្ច​ប្រជុំ​ នោះ​ភ្លាម, សមាជិក​ ក្រុមប្រឹក្សា​ រាជធានី​ភ្នំពេញ​ មក​ពី​គណបក្ស ​សង្គ្រោះ​ជាតិ បាន​ធ្វើ​សន្និសីទ​ សារព័ត៌មាន​ភ្លាម ដោយ​ចោទ​ប្រកាន់​ មន្ត្រី​ថ្នាក់​ក្រោម​ ជាតិ​ មក​ពី​គណបក្ស​ ប្រជាជន​កម្ពុជា ថា​, ធ្វើ​កិច្ចការ​ លម្អៀង​ ទៅ​រក​ បក្ខពួក​ របស់​ខ្លួន និង​បដិសេធ ​ការ​ចូលរួម ​របស់​មន្ត្រី​ គណបក្ស​ សង្គ្រោះ​ជាតិ នៅ​ក្នុង​កិច្ចការ ​រដ្ឋបាល​ សាធារណៈ។

តំណាង​ សមាជិក ​ក្រុមប្រឹក្សា​ រាជធានី​ភ្នំពេញ​ មក​ពី​គណបក្ស​ សង្គ្រោះ​ជាតិ លោក ម៉ន ផល្លា ដែល​ដឹក​នាំ​ សមាជិក ​របស់​ខ្លួន​ ប្រាំ​រូប​ ផ្សេង​ទៀត ដើរ​ចេញ​ ពី​អង្គ​ប្រជុំ​នោះ​ មាន​ប្រសាសន៍​ ថា, លោក​ ចង់​ឲ្យ​គណៈកម្មការ​ លទ្ធកម្ម​នេះ ​មាន​សមាសភាព ​មួយ​រូប ​មក​ពី​គណបក្ស​ សង្គ្រោះ​ជាតិ និង​ចំនួន​ ពីរ​រូប​ទៀត ​មក​ពី​គណបក្ស ​ប្រជាជន​កម្ពុជា ដើម្បី​ ចូលរួម​ ធ្វើ​កិច្ចការ​នេះ បម្រើ​ផល​ប្រយោជន៍​ ដល់​សាធារណជន។  ប៉ុន្តែ ការ​ស្នើសុំ​នេះ ត្រូវ​ បាន​គេ​ បដិសេធ​ ដោយ​សមាជិក ​ក្រុមប្រឹក្សា​ មក​ពី​គណបក្ស​ ប្រជាជន​ កម្ពុជា។

វិទ្យុ​ អាស៊ី សេរី បាន​ទាក់ទង លោក ម៉ប់ សារិន ប្រធាន ​ក្រុម​ប្រឹក្សា​ រាជធានី​ភ្នំពេញ តែ ​ទូរស័ព្ទ​ មិន​អាច ​ទាក់ទង​បាន នៅ​ថ្ងៃ​ ទី​១១ កញ្ញា។

ប៉ុន្តែ មន្ត្រី​ អ្នក​នាំ​ពាក្យ​ សាលា​រាជធានី ​ភ្នំពេញ លោក ឡុង ឌីម៉ង់ បាន​ឲ្យ​ដឹង​ ថា, ការ​បកស្រាយ ​របស់ ​សមាជិក​ ក្រុមប្រឹក្សា​ មក​ពី​គណបក្ស ​សង្គ្រោះ​ជាតិ ថា ​មិន​មាន​ មូលដ្ឋាន និង​មិន​ត្រឹមត្រូវ។  លោក​ បញ្ជាក់​ថា យោង​តាម​ច្បាប់​ នៃ​ការ​បង្កើត​ គណៈកម្មការ​នេះ គឺ​ មិន​មាន​ តំណាង​ មក​ពី​គណបក្ស​ សង្គ្រោះ​ជាតិទេ​ ក្នុង​នោះ គណៈកម្មការ​នេះ ​ត្រូវ​ មាន​សមាសភាព ​បី​រូប ​ច្រើន​បំផុត៖ ទី​មួយ​, មក​ពី​ប្រធាន​ មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ; ទី​ពីរ, មក​ពី​ក្រុម​ប្រឹក្សា​ រាជធានី; និង​ទី​បី, មក​ពី​អភិបាល​ រាជធានី

ទោះ​ជា​យ៉ាង​ណា គោល​បំណង​នៃ​ការ​បង្កើត​គណៈកម្មការ​លទ្ធកម្ម​នេះ គឺ​ជា​ការ​ខិតខំ​មួយ​របស់​រដ្ឋាភិបាល ក្នុង​ការ​កែ​ទម្រង់​ហិរញ្ញវត្ថុ​សាធារណៈ និង​ដើម្បី​ឲ្យ​មាន​តម្លាភាព ក្នុង​ការ​ដេញ​ថ្លៃ​សាធារណៈ។ អង្គការ​សង្គម​ស៊ីវិល និង​ម្ចាស់​ជំនួយ​អភិវឌ្ឍន៍​មួយ​ចំនួន យល់​ឃើញ​ថា ការ​បង្កើត​គណៈកម្មការ​ដោយ​មាន​ការ​ចូលរួម​ពី​គ្រប់​ភាគី​ទាំងអស់ គឺ​ជា​យន្តការ​មួយ​ប្រកប​ដោយ​ប្រសិទ្ធភាព​បន្ថែម​ទៀត ដើម្បី​ត្រួត​ពិនិត្យ​ប្រសិទ្ធភាព​នៃ​ការ​ដេញ​ថ្លៃ​គម្រោង និង​ការ​អនុវត្ត​គម្រោង​ជា​សាធារណៈ។

នាយក​អង្គការ​តម្លាភាព លោក ព្រាប កុល មាន​ប្រសាសន៍​ថា អំពើ​ពុក​រលួយ​នៅ​ក្នុង​គម្រោង ដែល​អនុវត្ត​នៅ​ប្រទេស​កម្ពុជា មាន​រូបភាព​ជាច្រើន​ដែល​ត្រូវ​គេ​លាក់​បាំង។ អ្នក​ប្រព្រឹត្តិ​អំពើ​ពុក​រលួយ មាន​ល្បិចកល​ខ្ពស់​បំផុត ឆ្លៀត​កេង​ចំណេញ​ពី​នីតិវិធី​នីមួយៗ​ដូចជា ការ​ធ្វើ​លទ្ធកម្ម គាត់​មាន​គ្នីគ្នា ឬ​មាន​ក្រុមហ៊ុន​ដែល​ជា​មិត្តភ័ក្ដិ​ដាក់​ដេញ​ថ្លៃ ជាដើម។ លោក​បញ្ជាក់​ថា ប្រសិន​បើ​យើង​ពិនិត្យ​មើល​នីតិវិធី​ទាំង​នេះ​នឹង​ភ្នែក គឺ​មិន​ខុស​អី​ទេ ប៉ុន្តែ​នៅ​ពី​ក្រោយ​នៃ​ការ​អនុវត្ត គឺ​មាន​ល្បិច​ផ្សេងៗ​ដែល​នាំ​ឲ្យ​មាន​ការ​កេង​ប្រយោជន៍ ដើម្បី​ចំណេញ​ថវិកា​ផ្ទាល់​ខ្លួន។

បន្ថែម​លើ​នេះ មន្ត្រី​ថ្នាក់​ខ្ពស់​ផ្នែក​កិច្ចការ​សង្គម​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) ប្រចាំ​កម្ពុជា លោក ម៉ារ សុភា បាន​អះអាង​ថា ធនាគារ​អភិវឌ្ឍន៍​អាស៊ី ធ្លាប់​ដាក់​ទណ្ឌកម្ម​ផ្សេងៗ​ដល់​អ្នក​អនុវត្តន៍​គម្រោង​មក​ពី​ជួរ​ រដ្ឋាភិបាល​កម្ពុជា និង​អ្នក​ជំនាញការ​ដែល​ជួយ​ក្នុង​ការ​អនុវត្ត​គម្រោង ជាដើម៕



No comments:

Post a Comment