Paris Peace Accords 23 Oct. 1991

Tuesday, October 28, 2014

បក្ស​ជាប់​ឆ្នោត​ ទាំង​ពីរ ​ឯកភាព​គ្នា​ ភាគ​ច្រើន​ លើ​សេចក្ដី ​ព្រាងច្បាប់​ គ.ជ.ប. | Both parties agree on most points re draft NEC law

បក្ស​ជាប់​ឆ្នោត​ ទាំង​ពីរ ​ឯកភាព​គ្នា​ ភាគ​ច្រើន​ លើ​សេចក្ដី ​ព្រាងច្បាប់​ គ.ជ.ប.

RFA / ​វិទ្យុ ​អាស៊ី សេរី | ២៧ តុលា ២០១៤
សម រង្ស៊ី ហ៊ុន សែន ៦១០
ប្រធាន​ គណបក្ស​ សង្គ្រោះ​ជាតិ លោក សម រង្ស៊ី (ឆ្វេង) ចាប់​ដៃ​ ជាមួយ ​លោក ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្រោយ​ជំនួប ​ចរចា​ នា​វិមាន​ ព្រឹទ្ធ​សភា​ នៅ​ថ្ងៃ​ ទី​២២ កក្កដា ២០១៤។  RFA/Tin Zakariya

ក្រុម​ការងារ​ គណបក្ស​ សង្គ្រោះជាតិ និង​គណបក្ស ប្រជាជន​កម្ពុជា អះអាង ​ថា, បាន​ឯកភាព​គ្នា ​ជិត​ទាំង​ស្រុង​ ហើយ​ លើ​សេចក្ដី ​ព្រាង​ច្បាប់​ ស្ដីពី ​ការ​រៀបចំ និង​ការ​ប្រព្រឹត្ត​ទៅ ​នៃ​គណៈកម្មាធិការ​ ជាតិ​ រៀបចំ​ ការ​បោះឆ្នោត (គ.ជ.ប.)។

តំណាង​ ក្រុម​ការងារ​ គណបក្ស​ សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង កាល​ពី​ថ្ងៃ ​ទី​២៧ តុលា បញ្ជាក់​ថា, តំណាង​ គណបក្ស​ ទាំង​ពីរ​ សម្រេច​បញ្ចប់​ សេចក្ដី​ព្រាង​ច្បាប់ ​ស្ដីពី​ ការ​រៀបចំ និង​ការ​ប្រព្រឹត្ត​ទៅ ​នៃ​គ.ជ.ប.​ បាន​ប្រមាណ ៩០​ភាគរយ។  ចំណែក​ ឯ១០​ ភាគរយ​ទៀត​ នឹង​បន្ត​ ពិភាក្សា​ នៅ​ថ្ងៃ​ទី​១០ វិច្ឆិកា បន្ថែម​ទៀត។  លោក ​ថា, ប្រសិនបើ​ ក្រុម​ការងារ​ ទាំង​ពីរ​ មិន​អាច ​ឯកភាព​ទាំង​ស្រុង ​ក្នុង​កិច្ច​ប្រជុំ​ ចុង​ក្រោយ ​នេះ​ទៀត, តំណាង ​គណបក្ស​ ទាំង​ពីរ នឹង​ដាក់ ​ឲ្យ​មេដឹកនាំ​ គណបក្ស​ ទាំង​ពីរ​ ជា​អ្នក​សម្រេច​ ជា​ចុង​ក្រោយ។

លោក អេង ឆៃអ៊ាង «យើង​ បាន​ជជែក​គ្នា ​ជា​ច្រើន​សប្តាហ៍​ មក​ហើយ។  ឥឡូវ​ យើង ​ជជែក​ ពី​ទម្រង់​ ជាង៦០​ មាត្រា​ហ្នឹង, យើង​ បាន​ជជែក​ ឯកភាព​គ្នា​ហើយ។  យើង​ នៅ​សល់​តែ ១០​ភាគរយ ដែល​យើង​ មិន​ទាន់ ​ឯកភាព​គ្នា។  យើង​ នឹង​ជជែក​ទៀត​ នៅ​ថ្ងៃ​ ១០ វិច្ឆិកា, ហើយ ​ក្រោយ​ពេល​ បញ្ចប់​, យើង​ នឹង​ធ្វើ​កំណត់ហេតុ​ ដើម្បី​ ឲ្យ​មេដឹកនាំ​ ទាំង​ពីរ ​ជា​អ្នក​សម្រេច។»


លោក អេង ឆៃអ៊ាង បដិសេធ ​មិន​បញ្ជាក់​ ព័ត៌មាន​លំអិត ​ពី​ការ​ខ្វែង​ គំនិត​គ្នា​ ដែល​មិន​អាច​ ឈានទៅ​បញ្ចប់​ សេចក្តី​ព្រាង​ច្បាប់​ នោះ​ទេ។  ប៉ុន្តែ​ ប្រភព​ ជា​សមាជិក​ ក្នុង​ក្រុម​ការងារ ​អះអាង​ថា, ឧបសគ្គ ​រារាំង​ ការ​ឯកភាព​ ទាំង​ស្រុង​នោះ​ គឺ​ ដោយសារ​តែ​ តំណាង​ គណបក្ស​ទាំង​ ពីរ​ បន្ត​ខ្វែង​គំនិត ​លើ​ការ​ជ្រើសរើស​ អគ្គលេខាធិការ និង​អគ្គលេខាធិការ ​រង ​នៃ​​គ.ជ.ប.​

នាយក​ប្រតិបត្តិ​ អង្គការ​ ខុមហ្វ្រែល (Comfrel) លោក គល់ បញ្ញា បញ្ជាក់​ថា ក្រុម​ការងារ​ទាំង​ពីរ​បាន​ប្រើប្រាស់​រយៈពេល​យូរ ហើយ​នៅ​តែ​ខ្វែង​គំនិត​គ្នា​មិន​អាច​បញ្ចប់​សេចក្តី​ព្រាង​ច្បាប់​បាន។ លោក​ស្នើ​ឲ្យ​ក្រុម​ការងារ​ទាំង​ពីរ​បង្ហាញ​នូវ​លទ្ធផល ៩០​ភាគរយ ដែល​បាន​សម្រេច​រួច​មក ហើយ​បង្ហាញ​ចំណុច ១០​ភាគរយ​ផ្សេង​ទៀត​ដែល​មិន​ទាន់​បាន​សម្រេច​នៅ​ឡើយ។ លោក​បញ្ជាក់​ថា របៀប​នៃ​ការ​ជ្រើសរើស​អគ្គលេខាធិការ និង​អគ្គលេខាធិការ​រង គ.ជ.ប ត្រូវ​កំណត់​ឲ្យ​មាន​តម្លាភាព និង​បើក​ទូលាយ​ឲ្យ​បេក្ខជន​គ្រប់​រូប​មាន​សិទ្ធិ​ចូល​រួម​ប្រឡង​ជ្រើសរើស​ បម្រើ​ការងារ​ក្នុង​មុខ​តំណែង​និង​តួនាទី​ទាំង​២។

លោក គល់ បញ្ញា «របៀប ​គាត់​ ចរចា​ មួយ​អាទិត្យ​ ធ្វើម្តង, មួយ​អាទិត្យ​ម្តង​ មិន​ម៉ត់​ចត់​ទេ។  យក​មក​ ជជែក​រាល់​ថ្ងៃ​ បាន​ត្រូវ។  បើ​ គណបក្ស​ ទាំង​ពីរ​ មួយ​អាទិត្យ​ ធ្វើ​ម្តង​នោះ, រឿង​អ្វី​ ការងារ​នេះ​ បាន​លទ្ធផល​ ល្អ។»

ពាក់ព័ន្ធ​ ទៅ​នឹង​សំណើ ​របស់ អង្គការ​ ខុមហ្វ្រែល​នេះ, លោក អេង ឆៃអ៊ាង ឆ្លើយ​តប​វិញ​ ថា, ក្រុម​ការងារ​ ទាំង​ពីរ​ មាន​ក្រម​សីលធម៌​ ដែល​មិន​អាច​ បកស្រាយ​ ពី​ការ​ខ្វែង​ គំនិត​គ្នា ​ក្នុង​ពេល​ជួប​ ការ​ចរចា​ នោះ​ទេ។  លោក​ បន្ត​ថា, គណបក្ស​ទាំង​ពីរ​ មិន​បាន​ លាក់​បាំង​ព័ត៌មាន ​នៃ​ការ​ចរចា​ឡើយ។  ប៉ុន្តែ​ លទ្ធផល ​នៃ​ការ​ចរចា​ នឹង​ប្រកាស​ ជា​សាធារណៈ​ នៅ​ពេល​ សេក្តី​ព្រាង​ច្បាប់​ បាន​សម្រេច ​ជា​ស្ថាពរ។

នៅ​ក្នុង​កិច្ច​ព្រមព្រៀង​ នយោបាយ ​របស់ ​គណបក្ស​ ជាប់​ឆ្នោត​ ទាំង​ពីរ, មុន​ នឹង​បញ្ចប់​ ការ​ជាប់​គាំង នយោបាយ ​កាល​ពី​ថ្ងៃ ​ទី​២២ កក្កដា នោះ, គណបក្ស​ ប្រជាជន​កម្ពុជា និង​គណបក្ស​ សង្គ្រោះ​ជាតិ ឯកភាព ​រៀបចំ​ ក្បាល​ម៉ាស៊ីន គ.ជ.ប. មាន​សមាជិក​ ចំនួន ៩​រូប។  ក្នុង​នោះ ​បេក្ខភាព​ មក​ពី​គណបក្ស​ ទាំង​ពី ​ម្ខាង៤​រូប និង​មក​ ពី​សង្គម​ស៊ីវិល ១​រូប​ទៀត។  មក​ទល់​ ពេល​នេះ, គណបក្ស​ ទាំង​ពីរ​ មិន​ទាន់​ ជជែក​ អំពី​ ការ​រៀបចំ​ សមាសភាព គ.ជ.ប. ថ្មី​ នេះ​នៅ​ឡើយ​ទេ គឺ ​រង់ចាំ​ សភា​អនុម័ត​ច្បាប់​ ស្ដីពី ​ការ​រៀបចំ និង​ការ​ប្រព្រឹត្ត​ទៅ​ នៃ​គ.ជ.ប. និង​ការ​អនុម័ត​ សេចក្ដី​ព្រាង​ច្បាប់​ ការ​វិសោធនកម្ម ​ច្បាប់​បោះ​ឆ្នោត ​ជា​មុន​សិន៕



No comments:

Post a Comment