Paris Peace Accords 23 Oct. 1991

Sunday, October 19, 2014

កម្ពុជា ​និង​អូស្ត្រាលី ​នៅ​តែ ​អនុវត្ត​ កិច្ច​ព្រមព្រៀង ​បញ្ជូន ​ជន​ភៀស​ខ្លួន​ ទោះ​បី ​ម្ចាស់​ស្រុក​ខ្លះ ​ជំទាស់ | Cambodia and Australia will continue to implement refugee agreement despite opposition

កម្ពុជា ​និង​អូស្ត្រាលី ​នៅ​តែ ​អនុវត្ត​ កិច្ច​ព្រមព្រៀង ​បញ្ជូន ​ជន​ភៀស​ខ្លួន​ ទោះ​បី ​ម្ចាស់​ស្រុក​ខ្លះ ​ជំទាស់ 

RFI / វិទ្យុ​ បារាំង​ អន្តរជាតិ | ១៩ តុលា ២០១៤

កិច្ចព្រមព្រៀងលើការទទួលយកជនភៀសខ្លួនពីអូស្រ្តាលី មកកម្ពុជា កាលពីថ្ងៃទី២៦ ខែកញ្ញា។
កិច្ចព្រមព្រៀង លើការទទួលយក ជនភៀសខ្លួន ពីអូស្រ្តាលី មកកម្ពុជា កាលពីថ្ងៃ ទី២៦ ខែកញ្ញា។  RFI/ Siv Channa

រដ្ឋាភិបាល​ កម្ពុជា​ និង​អូស្ត្រាលី ​នៅ​តែ​ ឯកភាព​គ្នា ​អនុវត្ត​ កិច្ច​ព្រមព្រៀង ​បញ្ជូន ​ជនភៀស​ខ្លួន​ ពី​អូស្ត្រាលី​ មក​កាន់​កម្ពុជា​ ដដែល​ បើ​ ទោះ​បី ​កិច្ច​ព្រម​ព្រៀង​នេះ ​ធ្វើ​ឡើង​ ក្រោម​សម្រែក​ តវ៉ា​ មិន​សុខ​ចិត្ត​ ពី​សំណាក់ ​ប្រជា​ពលរដ្ឋ ​ខ្មែរ​ មួយ​ចំនួន ​ដែល​ជា​ម្ចាស់​ស្រុក​ ក៏​ដោយ។ ​ ការ​ឯកភាព​ គ្នា​នេះ ​ត្រូវ បាន​ប្រកាស​ ឲ្យ​ដឹង​ ពី​លោក​ កៅ ​គឹមហួន​ រដ្ឋ​មន្ត្រី​ ប្រតិភូ​ អម​នាយក​រដ្ឋមន្ត្រី ​នៅ​ក្នុង​សន្និសីទ​ កាសែត​មួយ នៅ​ព្រឹក​ ថ្ងៃ​អាទិត្យ​នេះ​ បន្ទាប់​ ពី​ថ្នាក់​ដឹកនាំ ​រដ្ឋាភិបាល​កម្ពុជា ​វិល​ត្រឡប់​ ពី​ចូល​រួម​ កិច្ច​ប្រជុំ​ កំពូល​ អាស៊ី-​អឺរ៉ុប​វិញ។

ការឯកភាព​ គ្នា​នោះ បាន​ធ្វើឡើង​ ក្នុងជំនួប ​ទ្វេភាគី ​រវាង ​ប្រមុខ​រដ្ឋាភិបាល​ កម្ពុជា ​លោក​ ហ៊ុន សែន និងប្រមុខ ​ការបរទេស​ អូស្ត្រាលី លោក​ស្រី ​ជូលី​ ប៊ីសប់ ​​នៅក្នុង​កិច្ចប្រជុំ​ កំពូល អាស៊ី-អឺរ៉ុប លើក​ទី១០ កាលពី​ថ្ងៃ ទី១៦ និងទី​១៧ តុលា​ កន្លងទៅ។  កិច្ចប្រជុំ​ ដែល​ធ្វើឡើង ​រយៈពេល​ ពីរ​ថ្ងៃ​ នៅក្នុង​ទីក្រុង ​មី​ឡង់ ប្រទេស ​អ៊ីតាលី។ 


នៅក្នុង​សន្និសីទ កាសែត​ នៅឯ ព្រលានយន្តហោះ​ អន្តរជាតិ​ ភ្នំពេញ​នោះ លោក កៅ គឹមហួន បាន​លើកឡើង ថា, ទោះបី​ មានការ ​ឯកភាពគ្នា​ អនុវត្ត​ កិច្ចព្រមព្រៀង​នេះ​ ក៏ដោយ, ក៏ប៉ុន្តែ​ លោក​ នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បានបញ្ជាក់ ​ទៅកាន់​ រដ្ឋមន្ត្រី ការបរទេស ​អូស្ត្រាលី​ ថា, ត្រូវ ធ្វើឡើង​ តាម​គោលការណ៍​ ស្ម័គ្រចិត្ត ​របស់ ​ជនភៀសខ្លួន​ ទាំងនោះ។  សូម បញ្ជាក់ថា, រដ្ឋាភិបាល​ កម្ពុជា និងអូស្ត្រាលី បាន​ចុះ ​កិច្ចព្រមព្រៀង ​បញ្ជូន និង​ទទួលយក​ ជនភៀសខ្លួន ​ទាំងនោះ កាល​ថ្ងៃ ទី២៦ កញ្ញា​ កន្លងមក។  មន្ត្រី ​រដ្ឋាភិបាល​ បាន​ពន្យល់ ថា, ការបញ្ជូន​ ជនភៀសខ្លួន ​ពី​ប្រទេស​ អូស្ត្រាលី ឲ្យ​មក​ រស់នៅ ក្នុង​ប្រទេស ​ក​ម្ពុ​ជា​នេះ គឺ ធ្វើឡើង​ តាម​កាតព្វកិច្ច ដែល​កំណត់ ​ក្នុង​អនុសញ្ញា​ អន្តរជាតិ, ព្រមទាំង ​ស្របតាម​ច្បាប់​ ជាតិ ​កម្ពុជា​ ផងដែរ។

យ៉ាងណា ក៏ដោយ, ប្រជាពលរដ្ឋ​ ខ្មែរ​ មួយចំនួន​ដែលជា​ម្ចាស់​ស្រុក​បានចេញ​តវ៉ា​ជា ​បន្តបន្ទាប់​ប្រឆាំងនឹង​កិច្ចព្រមព្រៀង​ដ៏​ចម្រូង​សម្រាស​មួយ​នេះ។ អ្នក​តវ៉ា​លើកឡើងថា កម្ពុជា​មិនទាន់​អាច​ទទួលយក​ជនភៀសខ្លួន​ទាំងនោះ​បានទេ ព្រោះ​ពលរដ្ឋ​ខ្លួន​មិនទាន់​ទទួលបាន​ការរស់​នៅ​​ល្អប្រសើរ​នៅឡើយ។ បញ្ហា​ជម្លោះដីធ្លី​នៅតែ​កើតមាន ហើយ​ការគោរព​សិទ្ធិមនុស្ស​ទៀត​សោត​នៅតែមាន​កម្រិត នេះ​សុទ្ធតែជា​មូល​ហេតុដែល​ពលរដ្ឋ​ខ្មែរ​ខ្លះ​បាន​ទទូច​ឲ្យ​រដ្ឋាភិបាល​ លុបចោល​កិច្ចព្រមព្រៀង​នោះ​វិញ។

ប្រឈម​នឹង​បញ្ហា​នេះ កាលពី​ថ្ងៃទី ១៦ តុលា លោក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ដែល​ជា​អ្នកចុះហត្ថលេខា​ទទួលយក​ជនភៀសខ្លួន​ពី​អូស្ត្រាលី​មកកាន់​កម្ពុជា បាន​អំពាវនាវ​កុំ​ឲ្យ​ប្រជាពលរដ្ឋ​ព្រួយ​ខ្លាំងពេក​ពី​រឿង​ជនភៀសខ្លួន​នេះ។ លោក​រដ្ឋមន្ត្រី​បាន​សង្កត់ធ្ងន់ថា ការ​បញ្ជូន​ជន​ភៀស​ខ្លូន​គឺធ្វើឡើង​តាម​គោល​ការស្ម័គ្រចិត្ត​មិនមែន​ ចាប់បង្ខំ​នោះទេ ហើយ​លោក​រំពឹងថា ជនភៀសខ្លួន​ទាំងនោះ​នឹងមិន​ស្ម័គ្រចិត្ត​មក​រស់នៅក្នុង​ប្រទេស​ក​ម្ពុ​ជា​ ទាំងអស់​នោះដែរ។

ដោយឡែក​ចំពោះ​ពេលវេលា​នៃ​ការបញ្ជូន​ជន​ភៀស​ទាំងនោះ​វិញ លោក​កៅ គឹមហួន បាន​បញ្ជាក់ថា ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា និង​អូស្ត្រាលី​មិនទាន់​កំណត់​នៅឡើយ​ទេ​នៅក្នុង​ជំនួប​ទ្វេភាគី​នោះ។ ក៏ប៉ុន្តែ​លោក លោក ឡុង វិ​សា​លោ រដ្ឋលេខាធិការ​ក្រសួងការបរទេស និង​ជា​ប្រធាន​ក្រុមការងារ​របស់​រដ្ឋាភិបាលទទួលបន្ទុក​ជនភៀសខ្លួន​ពី​ប្រទេស ​អូស្ត្រាលី ធ្លាប់បាន​អះអាង​ប្រាប់​អ្នកកាសែត​នាពេល​កន្លងមក​ថា ជំហាន​ដំបូង ជនភៀសខ្លួន​ទាំងនោះ អាច​រស់នៅ​បណ្តោះអាសន្ន​នៅក្នុង​ទីក្រុង​ភ្នំពេញ មុននឹង​បញ្ជូន​ទៅកាន់​មណ្ឌល​រស់នៅ ក្រៅ​ក្រុង៕

No comments:

Post a Comment