Paris Peace Accords 23 Oct. 1991

Sunday, October 19, 2014

កម្ពុជា​ និង​ថៃ ​ប្ដេជ្ញា​ដោះស្រាយ បញ្ហា​ព្រំដែន​ ដែល​នៅ​សេសសល់ | Cambodia, Thai resolve to resolve outstanding border issues

កម្ពុជា​ និង​ថៃ ​ប្ដេជ្ញា​ដោះស្រាយ បញ្ហា​ព្រំដែន​ ដែល​នៅ​សេសសល់

RFA / ​វិទ្យុ ​អាស៊ី សេរី | ១៩ តុលា ២០១៤ 
ហ៊ុន សែន ៦២០
លោក​ នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​សន្និសីទ​ ពាណិជ្ជកម្ម នា​រាជធានី ​ភ្នំពេញ កាល​ពី​ព្រឹក ​ថ្ងៃ​ ទី​៦ តុលា ២០១៤។  RFA/An Sithav

រដ្ឋាភិបាល ​កម្ពុជា និង​រដ្ឋាភិបាល ​យោធា​ថៃ ប្ដេជ្ញា​ថា​, នឹង​ដោះស្រាយ​ បញ្ហា​ព្រំដែន​ ដែល​នៅសេសសល់ ដើម្បី​ សម្រួល​ ដល់​កិច្ច​សហប្រតិបត្តិការ ​រ​វាង ​ប្រទេសជិតខាង ​ទាំង​ពីរ ជាពិសេស ដើម្បី​ ជំរុញ ​ការអភិវឌ្ឍន៍​ តាម​បណ្ដោយ ​ព្រំដែន ដើម្បី​ ធ្វើ​ឲ្យ ​តំបន់​ព្រំដែន​ រវាង​ ប្រទេស ទាំង​ពីរ ក្លាយ​ជា​ព្រំដែន​ សន្តិភាព និង​សហប្រតិបត្តិការ ​លើ​គ្រប់​វិស័យ។  ការ​ប្ដេជ្ញា​ បែបនេះ ធ្វើឡើង ​នៅពេល ​ប្រមុខ​រដ្ឋាភិបាល ​កម្ពុជា និង​ថៃ ជួបពិភាក្សា​គ្នា​ ដាច់ដោយឡែក​មួយ ក្រៅ​ជំនួប​ កំពូល អាស៊ី​-​អឺរ៉ុប​ លើក​ទី​១០ ក្នុង​ទីក្រុង ​មី​ឡង់ (Milan) ប្រទេស ​អ៊ីតាលី (Italy) កាលពីថ្ងៃ ​ទី​១៦ ​ដល់​១៧ តុលា។

​ការ​ដោះស្រាយ​ បញ្ហា​ព្រំដែន, ការ​ជំរុញ​ ការអភិវឌ្ឍន៍​ តាម​តំបន់​ ព្រំដែន, ការ​បង្កើន ​ការ​ផ្លាស់ប្ដូរ ពាណិជ្ជកម្ម ​រវាង ​កម្ពុ​ជា​ និង​ថៃ សុទ្ធសឹង តែ​ ជា​ប្រធានបទ ​សំខាន់ៗ ​មួយ​ចំនួន ដែល​លោក នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​នាយករដ្ឋមន្ត្រី ​ថៃ ប្រា​យុទ្ធ ចាន់ អូចា (Prayuth Chan O Cha) លើក​មក ​ពិភាក្សា ​ជាមួយគ្នា ក្នុង​ពេល​ ទៅ​ចូលរួម​ កិច្ចប្រជុំ​កំពូល​ អាស៊ី​-​អឺរ៉ុប ក្នុង​ប្រទេស​ អ៊ីតាលី។

​ព័ត៌មាន​ ផ្សព្វផ្សាយ​ នៅលើ​គេហទំព័រ ​របស់ ​អង្គភាព ​ព័ត៌មាន និង​ប្រតិកម្ម ​រហ័ស នៃ​ទីស្តីការ​ គណៈរដ្ឋមន្ត្រី ឲ្យ​ដឹង ​ថា, ក្នុង​ជំនួប​ រវាង ​លោក ហ៊ុន សែន និង​លោក ប្រាយុទ្ធ ចាន់ អូចា នោះ មេដឹកនាំ​ ប្រទេស​ ទាំង​ពីរ បាន​ឯកភាព​ ថា នឹង​មិន​ត្រូវ ទុក​បញ្ហា​ព្រំដែន ​ដែល​នៅ​ សេសសល់ ឲ្យ​ក្លាយ​ ជា​ឧបសគ្គ​ ដល់​កិច្ច​សហប្រតិបត្តិការ រវាង​ ប្រទេស ​ទាំង​ពីរ​ នោះ​ឡើយ។  ពួកគេ​ ក៏​ប្ដេជ្ញា​ ខិតខំ​ ពង្រីក ​កិច្ច​សហប្រតិបត្តិការ ឲ្យ​កាន់តែ ​រឹងមាំ ​ទ្វេ​ឡើង​ ថែមទៀត, ជាពិសេស រិះរក ​គ្រប់​មធ្យោបាយ ក្នុង​ការ​អភិវឌ្ឍន៍​ តំបន់​ព្រំដែន មួយ ​ប្រកប ដោយ​សន្តិភាព, កិច្ច​សហប្រតិបត្តិការ​ ពាណិជ្ជកម្ម, វិនិយោគ ការ​ផ្លាស់ប្ដូរ ​ទេសចរណ៍, វប្បធម៌, កីឡា, និង​ភាព ​រីកចម្រើន របស់ ​ពលរដ្ឋ ដែល​រស់​នៅ​ តាម​តំបន់​ព្រំដែន នៃ​ប្រទេស​ ទាំង​ពីរ។

ក្នុង​ជំនួប ​នោះ​ដែរ លោក ប្រាយុទ្ធ ចាន់ អូចា បាន​ថ្លែង​ថា រដ្ឋាភិបាល​ថៃ​មាន​គោ​លន​យោ បាយ និង​គោលបំណង បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស នៅ​តាម​តំបន់​មួយ​ចំនួន​នៃ​ព្រំ ដែន​កម្ពុជា ថៃ ពិសេស​នៅ​តំបន់​ប៉ោយប៉ែត ដើម្បី​ធ្វើការ​អភិវឌ្ឍន៍ សម្រាប់​ធ្វើជា​តំបន់ ពាណិជ្ជកម្ម សណ្ឋាគារ ទីក្រុង និង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ ព្រមទាំង​រោងចក្រ​ខ្នាត​តូច ដើម្បី​ផ្ដល់​ឱកាស​ឲ្យ​ពលរដ្ឋ​រស់នៅ​តាម​បណ្ដោយ​ព្រំដែន និង​ពលករ​ខ្មែរ​អាច​រក​ការងារ ក្នុង តំបន់​សេដ្ឋកិច្ច​ពិសេស​នោះ។

ក្រៅពីនោះ លោក ប្រាយុទ្ធ ចាន់ អូចា ក៏បាន​សន្យា​ថា នឹង​ជួយ​សម្រួល និង​ផ្ដល់​ភាព​អនុគ្រោះ​ផ្នែក​ច្បាប់​ដល់​ពលករ​កម្ពុជា ដែល​ចូល​ទៅ​បម្រើ​ការងារ​ក្នុង​ប្រទេស​ថៃ។

យ៉ាងណាក៏ដោយ ប្រមុខ​ដឹកនាំ​ថៃ​រូប​នេះ ក៏​មិន​ភ្លេច​ថ្លែងអំណរគុណ រដ្ឋាភិបាល​កម្ពុជា ដែល​បាន​ដោះលែង​អ្នកទោស​ថៃ​ឈ្មោះ វីរៈ ស៊ុមខ្វាមឃីត ឲ្យ​មាន​សេរីភាព​ឡើងវិញ កាល​ពី​ពេល​កន្លងមក​នោះ​ដែរ។

ជំនួប​រវាង​មេដឹកនាំ​ប្រទេសជិតខាង​ទាំង​២ ដែល​ជា​សមាជិក​អាស៊ាន នៅ​ក្នុង​ទឹកដី​អឺរ៉ុប​នេះ​គឺជា ​ជំនួប​ផ្លូវ​ការ​លើក​ទី​១ គិត​ចាប់​តាំងពី​មេដឹកនាំ​យោធា​ថៃ​លោក ប្រា​យុទ្ធ ចាន់ អូចា ត្រូវ​បាន​រដ្ឋសភា​ថៃ​បោះឆ្នោត​ជ្រើសតាំង​ជា​នាយករដ្ឋមន្ត្រី ក្នុង​ខែ​សីហា ឆ្នាំ​២០១៤ កន្លងមក ដែល​នៅ​ពេលនោះ លោក ហ៊ុន សែន ក៏បាន​ផ្ញើ​លិខិត​ចូលរួម អបអរសាទរ ផង​ដែរ។

​យ៉ាងណាក៏ដោយ ក្នុង​ជំនួប​នៅ​ប្រទេស​អ៊ីតាលី​នោះ ភាគី​ទាំង​២​មិនបាន​បញ្ជាក់ ថា​តើ​ពួកគេ​នឹង​ដោះស្រាយ​បញ្ហា​ព្រំដែន​សេសសល់​នៅ​ពេលណា ពិតប្រាកដ​នោះ​ឡើយ។

ទាក់ទង​បញ្ហា​ជម្លោះព្រំដែន​កម្ពុជា​ថៃ​នេះ ជាពិសេស​គឺ​ជម្លោះព្រំដែន​នៅ​តំបន់​ប្រាសាទ ព្រះវិហារ ភាគី​ថៃ​មិន​ទាន់​បាន​អនុវត្ត តាម​សាលដីកា​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ​ខែ​វិច្ឆិកា ឆ្នាំ​២០១៣ នៅឡើយ ដែល​បាន​សម្រេច​ជាថ្មី​ឲ្យ​ប្រទេស​ថៃ​ដក​គ្រប់​កងកម្លាំង ប្រដាប់​អាវុធ កង​នគរបាល ឬ​ឆ្មាំ​យាម​ផ្សេងទៀត ចេញពី​តំបន់​ប្រាសាទ​ព្រះវិហារ។

ចំណែក​ខាង​ភាគី​កម្ពុជា​វិញ ក៏បាន​ទុក​ពេល​វេលា​ឲ្យ​ភាគី​ថៃ​ដោះស្រាយ​បញ្ហា វិបត្តិ នយោបាយ​ផ្ទៃក្នុង​ជាមុន​សិន​ដែរ​។ ប៉ុន្តែ​ពេលនេះ វិបត្តិ​នយោបាយ​ក្នុង​ប្រទេស​ថៃ ហាក់​ស្ងប់ស្ងាត់​ទៅវិញ​ហើយ​។ តើ​វា​គួរ​ដល់​ពេល​ដែល​ប្រទេស​ថៃ ងាក​មក​អនុវត្ត សាលដីកា​របស់​តុលាការ យុត្តិធម៌​អន្តរជាតិ ឬក៏​យ៉ាងណា?

ចំពោះ​បញ្ហា​នេះ អ្នកវិភាគ​នយោបាយ​លោក បណ្ឌិត សុខ ទូច កត់​សម្គាល់​ថា តាមពិត កម្ពុជា​គួរតែ​ជំរុញ​ឲ្យ​ភាគី​ថៃ​អនុវត្ត​សាលដីកា​របស់​តុលាការ តាំង​សម័យ​រដ្ឋាភិបាល របស់​អ្នកស្រី យីងឡាក់ ស៊ីណាវ៉ាត់ (Yingluck Sinawatra) មក ​ម្ល៉េះ ប៉ុន្តែ​លោក​ថា កម្ពុជា​ហាក់​ថ្នម​សុខភាព​រដ្ឋាភិបាល​របស់​អ្នកស្រី យីងឡាក់ ហើយ​ទុក​រហូតដល់​ប្រទេស ថៃ​មាន​បញ្ហា​នយោបាយ។ យ៉ាងណាក៏ដោយ លោក​បណ្ឌិត សុខ ទូច ថា បញ្ហា​នៅតែ​អាច ដោះស្រាយ​បាន​ដដែល ប្រសិនបើ​រដ្ឋាភិបាល​ថៃ​បច្ចុប្បន្ន​នេះ មាន​ឆន្ទៈ​ពិតប្រាកដ៖ «ការដែល ​យើង​គោរព​ទៅតាម​ច្បាប់​អន្តរជាតិ ឬ​តុលាការ​អន្តរជាតិ អា​ហ្នឹង​គឺជា​ការ ស្រេច​ទៅ​ហើយ ប៉ុន្តែ​ខ្លាច​ក្រែងតែ គ្រាន់តែ​នីតិវិធី ភាព​លោង​លោម គេ​ដឹង​ខ្មែរ​យើង​ចូល ចិត្ត ពាក្យ​ផ្អែមល្ហែម ប៉ុន្តែ​នៅ​ពេល​ខាងមុខនេះ យើង​តាមដាន​ថា​តើ ថៃ​មានបំណង​យ៉ាង ដូចម្ដេច​នៅ​ក្នុង​ការចរចា​ពី​បញ្ហា​ប្រាសាទ​ព្រះវិហារ។»

ព័ត៌មាន​របស់​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ក៏​ឲ្យ​ដឹង​ដែរ​ថា តប​តាម​ការ​អញ្ជើញ​របស់​លោក ហ៊ុន សែន លោក ប្រាយុទ្ធ ចាន់ អូចា សន្យា​ថា​នឹង​ដឹកនាំ​គណៈប្រតិភូ​រដ្ឋាភិបាល​ថៃ មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ពី​ថ្ងៃ​ទី​៣០​ដល់​៣១ ខែ​តុលា ខាងមុខ ដើម្បី​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​កិច្ច​សហប្រតិបត្តិការ ប្រទេស​ទាំង​២ ឈាន ដល់​ចំណុច​កំពូល​ថ្មី​មួយទៀត។

យ៉ាងណាក៏ដោយ លោក​បណ្ឌិត សុខ ទូច ថា ប្រសិនបើ​ថៃ​ពិត​ជា​មាន​ឆន្ទៈ​ធ្វើ​ឲ្យ​ប្រសើរ កិច្ច​សហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​ជាមួយ​កម្ពុជា​មែន​នោះ រដ្ឋាភិបាល​ថៃ​ត្រូវ​គោរព​សាលដីកា​តុលាការ​យុត្តិធម៌​អន្តរជាតិ​ជាមុន នោះ​មានន័យថា រដ្ឋាភិបាល​ថៃ​ត្រូវ​ដក​កងទ័ព របស់​ខ្លួន​ជា​ឯកតោភាគី ចេញពី​តំបន់​ប្រាសាទ​ព្រះវិហារ​របស់​កម្ពុជា៕



No comments:

Post a Comment