Paris Peace Accords 23 Oct. 1991

Friday, October 24, 2014

កម្ពុជា,​ ថៃ, ​និង​វៀតណាម​ បើក​វេទិកា ​ស្ដីពី ​ការ​បន្ស៊ាំ​ខ្លួន ​របស់ ​សហគមន៍ ​រស់នៅ​ តាម​មាត់ | Cambodia, Thailand, Vietname open 3rd Annual Coastal Forum

កម្ពុជា,​ ថៃ, ​និង​វៀតណាម​ បើក​វេទិកា ​ស្ដីពី ​ការ​បន្ស៊ាំ​ខ្លួន ​របស់ ​សហគមន៍ ​រស់នៅ​ តាម​មាត់​សមុទ្រ

RFA / ​វិទ្យុ ​អាស៊ី សេរី | ២៣ តុលា ២០១៤
វេទិកា​អង្គការ​សហភាព​អន្តរជាតិ ៦២០
វេទិកា ​ថ្នាក់​តំបន់​ ប្រចាំ​ឆ្នាំ​ លើក​ទី​៣ ​របស់ ​អង្គការ​ សហភាព​ អន្តរជាតិ ដើម្បី​ ការ​អភិរក្ស​ ធម្មជាតិ (IUCN) នា​សណ្ឋាគារ​ ឆ្នេរ​សុខា ខេត្ត ​ព្រះសីហនុ នៅ​ថ្ងៃ ​ទី​២៣ ខែ​តុលា ឆ្នាំ​២០១៤។  RFA/Den Ayuthyea

តំណាង ​អង្គការ​ សហភាព​ អន្តរជាតិ ដើម្បី​ ការ​អភិរក្ស​ ធម្មជាតិ មក​ពី​ប្រទេស ​ចំនួន​៣, មាន​វៀតណាម, ថៃ, និង​កម្ពុជា, រួម​គ្នា ​បើក​វេទិកា ​ថ្នាក់​តំបន់ ដើម្បី​ ចែក​រំលែក​ បទពិសោធន៍ ​ស្ដីពី​ គម្រោង នៃ​ការ​កសាង​ ភាព​ធន់​ទ្រាំ ​ទៅ​នឹង​ផល​ប៉ះពាល់ នៃ​ការ​ប្រែប្រួល​ អាកាស​ធាតុ​ នៅ​អាស៊ី​អាគ្នេយ៍។

មន្ត្រី​ជាន់​ខ្ពស់ ​ក្រសួង​ បរិស្ថាន ដែល​ចូលរួម​ បើក​វេទិកា បាន​គាំទ្រ​ គម្រោង​នេះ និង​ចាត់​ទុក​ ការ​ប្រែប្រួល ​អាកាស​ធាតុ ​ពេល​បច្ចុប្បន្ន ថា​, ជា​បញ្ហា គំរាម​កំហែង​ ដ៏​ធ្ងន់ធ្ងរ​មួយ ដែល​ពិភពលោក​ កំពុង​ជួប​ប្រទះ, ក្នុង​នោះ ​រួម​ទាំង​ កម្ពុជា, ថៃ, និង​វៀតណាម។

មន្ត្រី​ជាន់​ខ្ពស់ ​នៃ​កម្មវិធី​ អង្គការ​ សហភាព​ អន្តរជាតិ ដើម្បី​ ការ​អភិរក្ស​ ធម្មជាតិ (ឬ​ហៅ​កាត់​ ថា, អាយយូស៊ីអិន, IUCN) ប្រចាំ​ប្រទេស​ កម្ពុជា លោក គង់ គឹមស្រេង មាន​ប្រសាសន៍ ​ថា, វេទិកា​ ថ្នាក់​តំបន់ ​ប្រចាំ​ឆ្នាំ ​លើក​ទី​៣ ដែល​កម្ពុជា ធ្វើ​ជា​ម្ចាស់​ផ្ទះ ​ពេល​នេះ មាន​រយៈពេល ៣​ថ្ងៃ, គឺ​ ចាប់​ពី​ថ្ងៃ​ ទី​២៣ ដល់​ថ្ងៃ​ ទី​២៥ ខែ​តុលា។  ហើយ​វេទិកា​នេះ រៀបចំ​ នៅ​សណ្ឋាគារ​ ឆ្នេរ​សុខា ខេត្ត​ព្រះសីហនុ។

លោក​ បន្ត​ថា, គម្រោង​ នៃ​ការ​កសាង​ ភាព​ធន់​ទ្រាំ ​ទៅ​នឹង​ផល​ប៉ះពាល់ នៃ​ការ​ប្រែប្រួល ​អាកាស​ធាតុ​ របស់ អាយយូស៊ីអិន សម្រាប់​កម្ពុជា គឺ​ បាន​ជ្រើស​តំបន់​ ឆ្នេរ​សមុទ្រ​ ខេត្ត​កំពត និង​កោះកុង ដើម្បី​ ផ្ដោត​លើការ ​ការពារ​ ធនធាន​ធម្មជាតិ និង​ផ្តល់​ ការ​អប់រំ ​ផ្សេងៗ​ ដល់​ប្រជា​សហគមន៍ ​ដែល​ងាយ ​រងគ្រោះ។  លោក​ បន្ត​ថា, មុន​នឹង​អនុវត្ត​ គម្រោង​នេះ គឺ ​អង្គការ អាយយូស៊ីអិន បាន​ធ្វើ​ ផែនការ​ គ្រប់គ្រង និង​ប្រើប្រាស់​ ធនធាន​ធម្មជាតិ ​ប្រកប​ ដោយ​និរន្តរភាព, ព្រម​ទាំង​ បាន​កាត់​បន្ថយ​ ការ​គំរាម​កំហែង ​ទៅ​លើ​ធនធាន ​ធម្មជាតិ និង​ជួយ​បង្កើន​ ភាព​ធន់​ទ្រាំ​ ដល់​ប្រជា​សហគមន៍ ត​ទល់​ នឹង​ការ​ប្រែប្រួល​ អាកាស​ធាតុ។

លោក​ បន្ថែម​ថា, ការងារ ​របស់ អាយយូស៊ីអិន ប្រចាំ​កម្ពុជា គឺ ​បាន​ជួយ​អភិរក្ស​ ដែន​ជម្រក​ សត្វ​ព្រៃ​ ពាម​ក្រសោប ដើម្បី ​ជួយ​កាត់​បន្ថយ​ ហានិភ័យ​ របស់​ សហគមន៍​ កោះ​កាពិ ពី​ការ​ប្រែប្រួល​ អាកាស​ធាតុ តាម​រយៈ​ ការ​ស្ដារ​ឡើង​វិញ ​នូវ​ផ្លូវ​ទឹក ​ធ្វើ​ដំណើរ ​ពី​កោះ​កាពិ មក​ទី​រួម​ខេត្ត ​កោះកុង, ព្រម​ទាំង​ បាន​កំណត់​ ផែនទី និង​ការ​អនុវត្ត ​ជាក់ស្តែង ​អំពី​ ព្រៃ​កោងកាង និង​ស្មៅ​សមុទ្រ ​នា​ខេត្ត​ កំពត ដើម្បី​ រួម​ចំណែក​ ដល់​ការ​ ការពារ​ ពី​ផល​ប៉ះពាល់ និង​បញ្ហា​ប្រឈម​ រវាង ​ប្រជាពលរដ្ឋ​ នៅ​ក្នុង​សហគមន៍ ​មាន​លំនៅឋាន និង​ប្រកប ​របរ ​តាម​ឆ្នេរ​សមុទ្រ៖ «អ្វី ​ដែល​ជា​បទពិសោធន៍​ នៅ​ខាង​ថៃ ឬ​វៀតណាម និង​អ្វី​ ដែល​ជា​បទពិសោធន៍​ នៅ​ខាង​ថៃ និង​វៀតណាម ឬ​អ្វី​ ដែល​ជា​បញ្ហា​ នៅ​ខាង​ថៃ និង​វៀតណាម ឬ​នៅ​កម្ពុជា, យើង​ អាច​ផ្លាស់​ប្ដូរ​ នៅ​ក្នុង​វេទិកា​នេះ។  អ្នក​រៀបចំ​ គោល​នយោបាយ​ អាច​ជួប​គ្នា​, ជជែក​គ្នា ផ្លាស់​ប្ដូរ​ បទពិសោធន៍ និង​ជួប​មុខ​គ្នា ដើម្បី​ កសាង​បណ្ដាញ​ ទំនាក់ទំនង។  ទី​ពីរ សហគមន៍ និង​សហគមន៍ ដូច​ដែល​លោក​ បាន​ឃើញ​ស្រាប់​ហើយ គឺ​យើង​មាន​សហគមន៍​មក​ពី​ប្រទេស និង​សហគមន៍​មក​ពី​តាម​តំបន់​ឆ្នេរ​នៃ​ខេត្ត​ទាំង​៤​នៅ​កម្ពុជា និង​សហគមន៍​ពី​ខេត្ត​ចំនួន​៤​ទៀត​ពី​ប្រទេស​វៀតណាម បាន​អញ្ជើញ​មក​ជួប​ជជែក​គ្នា និង​ផ្លាស់​ប្ដូរ​យោបល់​គ្នា​ទៅ​វិញ​ទៅ​មក។»

លោក គង់ គឹមស្រេង ចាត់​ទុក​កិច្ច​គាំពារ​បរិស្ថាន និង​ការ​អភិរក្ស​ធនធាន​ធម្មជាតិ​តំបន់​ឆ្នេរ​សមុទ្រ ថា​ជា​បញ្ហា​ប្រឈម​ដ៏​លំបាក​មួយ ដោយសារ​តែ​កំណើន​ប្រជាពលរដ្ឋ ការ​អភិវឌ្ឍ​គ្មាន​និរន្តរភាព និង​ការ​ថយ​ចុះ​ធនធាន​ធម្មជាតិ ដែល​នាំ​ឲ្យ​បាត់​បង់​តុល្យភាព​នៃ​ប្រព័ន្ធ​អេកូឡូស៊ី និង​ធ្វើ​ឲ្យ​ខូច​ដល់​សុខមាលភាព​ធនធាន​ធម្មជាតិ ដែល​ទ្រទ្រង់ និង​ផ្តល់​សេវាកម្ម​ដល់​ចង្វាក់​ចំណី​អាហារ ទី​ជម្រក​លំនៅឋាន និង​ថាមពល។ លោក​ថា ទន្ទឹម​គ្នា​នេះ ការ​ប្រែប្រួល​អាកាស​ធាតុ ក៏​ជា​បញ្ហា​ប្រឈម​ចម្បង​មួយ​ទៀត​ដែល​បាន​បង្ក​ឲ្យ​មាន​គ្រោះ​ទឹក​ជំនន់ គ្រោះ​រាំង​ស្ងួត ខ្យល់​ព្យុះ រន្ទះ​បាញ់ និង​រលក​កម្ដៅ ហើយ​ភាព​អវិជ្ជមាន​នេះ បាន​បង្ក​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​អាយុ​ជីវិត ផល​ដំណាំ ហេដ្ឋារចនាសម្ព័ន្ធ របរ​ចិញ្ចឹម​ជីវិត សេដ្ឋកិច្ច​សង្គម និង​ប្រព័ន្ធ​អេកូឡូស៊ី​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ហើយ​បញ្ហា​ប្រឈម​នេះ គឺ​សហគមន៍​តាម​តំបន់​ឆ្នេរ​ជា​អ្នក​មាន​ភាព​រងគ្រោះ​ជាង​គេ ទៅ​នឹង​ផល​ប៉ះពាល់​នៃ​ការ​ប្រែប្រួល​អាកាស​ធាតុ ដោយសារ​តែ​អសមត្ថភាព​នៃ​ការ​បន្ស៊ាំ​ខ្លួន​របស់​ប្រជា​សហគមន៍​រស់​តាម​មាត់​ សមុទ្រ បាន​យល់​ដឹង​តិចតួច និង​ជីវភាព​ពឹង​ផ្អែក​ទាំង​ស្រុង​ទៅ​លើ​ធនធាន​ធម្មជាតិ និង​ការ​ខ្វះ​ព័ត៌មាន ជាដើម។

បញ្ហា​នេះ​ដែរ លោក ចាយ សាមិត្ត ប្រតិភូ​រាជ​រដ្ឋាភិបាល​កម្ពុជា ទទួល​បន្ទុក​អគ្គនាយកដ្ឋាន​រដ្ឋបាល​ការពារ និង​អភិរក្ស​ធម្មជាតិ​នៃ​ក្រសួង​បរិស្ថាន មាន​ប្រសាសន៍​ថា បញ្ហា​ប្រែប្រួល​អាកាស​ធាតុ គឺ​ជា​ការ​គំរាម​កំហែង​ដ៏​ធ្ងន់ធ្ងរ ដែល​ពិភពលោក​កំពុង​ជួប​ប្រទះ។ បញ្ហា​ប្រឈម​នេះ ក៏​បាន​ជះ​ឥទ្ធិពល​ដល់​កម្ពុជា ថៃ និង​វៀតណាម ថែម​ទៀត។ លោក​បន្ត​ថា បញ្ហា​ប្រឈម​នៃ​ការ​ប្រែប្រួល​អាកាស​ធាតុ​នេះ ប្រមុខ​ដឹក​នាំ​រដ្ឋាភិបាល​កម្ពុជា ក៏​បាន​ដាក់​បញ្ចូល​ទៅ​ក្នុង​គោល​នយោបាយ​យុទ្ធសាស្ត្រ​ចតុកោណ និង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ ហើយ​ក្រសួង​បរិស្ថាន ក៏​បាន​សហការ​ធ្វើ​ការងារ​នេះ​ជាមួយ​ដៃគូ​អភិវឌ្ឍន៍ វិស័យ​ឯកជន និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​នានា​ជា​បន្តបន្ទាប់។

លោក ចាយ សាមិត្ត ទទួល​ស្គាល់​តម្លៃ​នៃ​ប្រព័ន្ធ​អេកូឡូស៊ី​នៅ​តាម​តំបន់​ឆ្នេរ​សមុទ្រ ដូចជា​ព្រៃ​កោងកាង និង​ស្មៅ​សមុទ្រ ជាដើម ថា​បាន​ជួយ​លើក​កម្ពស់​ដល់​ជីវភាព​រស់នៅ​របស់​ប្រជា​សហគមន៍​តំបន់​ឆ្នេរ និង​តួនាទី​របស់​វា ក្នុង​ការ​កាត់​បន្ថយ​ហានិភ័យ​ពី​ការ​ប្រែប្រួល​អាកាស​ធាតុ​ថែម​ទៀត៖ «ចឹង ​ហើយ​បាន​ជា​បញ្ចូល​បញ្ហា​ប្រែប្រួល​អាកាស​ធាតុ​ចូល​ទៅ​ក្នុង​យុទ្ធសាស្ត្រ​ ចតុកោណ​របស់​រដ្ឋាភិបាល ក្នុង​ការ​ធ្វើ​ម៉េច​បន្ស៊ាំ​ការ​ប្រែប្រួល​អាកាស​ធាតុ​ទៅ​ដល់​សហគមន៍​ មូលដ្ឋាន អាជ្ញាធរ​មូលដ្ឋាន ក៏ដូចជា​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ ដើម្បី​ឲ្យ​ទទួល​បាន​នូវ​ការ​យល់​អំពី​ការ​ប្រែប្រួល​អាកាស​ធាតុ ក៏ដូចជា​ការ​បន្ស៊ាំ​ទៅ​នឹង​ការ​ប្រែប្រួល​អាកាស​ធាតុ​នៅ​ក្នុង​ប្រទេស​ កម្ពុជា របស់​យើង។»

គម្រោង​ការ​កសាង​ភាព​ធន់​ទ្រាំ​ទៅ​នឹង​ផល​ប៉ះពាល់ នៃ​ការ​ប្រែប្រួល​អាកាស​ធាតុ​អាស៊ី​អាគ្នេយ៍ ដែល​មាន​ការិយាល័យ​តំណាង​នៅ​ប្រទេស​វៀតណាម ថៃ និង​កម្ពុជា របស់​សហភាព​អន្តរជាតិ ដើម្បី​ការ​អភិរក្ស​ធម្មជាតិ ផ្តល់​មូលនិធិ​ដោយ​សហភាព​អឺរ៉ុប ដោយ​ចាប់​ផ្ដើម​តាំង​ពី​ឆ្នាំ​២០១១ មក​ម្ល៉េះ។ តាម​រយៈ​វេទិកា​ថ្នាក់​តំបន់​នេះ មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល និង​មន្ត្រី​អង្គការ អាយយូស៊ីអិន អះអាង​ថា តាម​រយៈ​វេទិកា​ប្រចាំ​ឆ្នាំ​ថ្នាក់​តំបន់ ហើយ​មាន​ការ​ចូលរួម​ផ្តល់​នូវ​បទពិសោធន៍ ចំណេះ​ដឹង និង​ការ​អនុវត្ត​ល្អៗ​ពី​កម្រិត​ថ្នាក់​តំបន់ ដល់​ថ្នាក់​មូលដ្ឋាន រវាង​អ្នក​ពាក់ព័ន្ធ​ប្រទេស​ទាំង​៣ គឺ​កម្ពុជា វៀតណាម និង​ថៃ នឹង​ជំរុញ​ឲ្យ​ការ​បន្ស៊ាំ​ខ្លួន​របស់​ប្រជា​សហគមន៍ ទៅ​នឹង​ការ​ប្រែប្រួល​អាកាស​ធាតុ និង​ការ​អភិរក្ស​ធនធាន​ធម្មជាតិ​សមុទ្រ​មាន​លទ្ធផល​ប្រសើរ​នា​ថ្ងៃ​អនាគត៕


No comments:

Post a Comment