Paris Peace Accords 23 Oct. 1991

Wednesday, October 1, 2014

អាជ្ញាធរ​ អប្សរា​ បដិសេធ ​ចំពោះ ​ការ​ផ្សាយ របស់​CNN​ ថា, ​ជណ្ដើរ​ អង្គរ វត្ត​ គួរ​ ឲ្យ​ភ័យ​ខ្លាច | Apsara Authority rejects CNN's claim that Angkor Wat steps are worrisome

អាជ្ញាធរ​ អប្សរា​ បដិសេធ ​ចំពោះ ​ការ​ផ្សាយ របស់​CNN​ ថា, ​ជណ្ដើរ​ អង្គរ វត្ត​ គួរ​ ឲ្យ​ភ័យ​ខ្លាច

RFA / ​វិទ្យុ ​អាស៊ី សេរី | ១ តុលា ២០១៤

ភ្ញៀវ​ទេសចរ​សៀមរាប ៦១០
ភ្ញៀវ​ទេសចរ​ចម្រុះ​ជាតិ​សាសន៍​ជាច្រើន​ចូល​ទស្សនា​អង្គរវត្ត នៃ​ខេត្ត​សៀមរាប កាល​ពី​ថ្ងៃ​ទី២៥ ខែ​សីហា ឆ្នាំ​២០១៣។  RFA/Hang Savyouth

អាជ្ញាធរ​ អប្សរា បាន​ប្រកាស​ បដិសេធ ​ការ​ផ្សាយ ​របស់ ​ទូរទស្សន៍ ស៊ីអ៊ិនអ៊ិន (CNN) ថា, ​ជណ្ដើរ​ របស់ ​ប្រាសាទ ​អង្គរ វត្ត ជា​ជណ្ដើរ​ ដែល​មាន​សភាព ​គួរ​ ឲ្យ​ភ័យ​ខ្លាច​ ជាង​គេ ក្នុង​ចំណោម​ ជណ្ដើរ​ឡើង​ ទៅ​កាន់ ​ទីតាំង ​រមណីយដ្ឋាន ​ល្បីៗ​ ចំនួន​១៣ លើ​ពិភពលោក។

មន្ត្រី​ជាន់​ខ្ពស់​ អាជ្ញាធរ​ អប្សរា បាន​ឲ្យ​ដឹង ​ថា, បច្ចុប្បន្ន ជណ្ដើរ​ឡើង ទៅ​កាន់​កំពូល​ ប្រាសាទ​ នៅ​អង្គរ វត្ត​ នោះ មាន​ការ​រៀបចំ​ ដើម្បី​ ឲ្យ​ទេសចរ​ អាច​ឡើង​ចុះ ​ដោយ​សុវត្ថិភាព​ហើយ។

មន្ត្រី​ជាន់​ខ្ពស់ ​អាជ្ញាធរ​ អប្សរា បាន​ចាត់​ទុក​ ការ​ផ្សាយ ​របស់​ ទូរទស្សន៍​ ពិភពលោក ស៊ីអ៊ិនអ៊ិន ថា, ​ជា​ការ​បំផ្លើស ​ខុស​ ពី​ការ​ពិត ចំពោះ ព័ត៌មាន​ ថា, ​គួរ​ ឲ្យ​ភ័យ​ខ្លាច ​អំពី​ ជណ្ដើរ​ឡើង​ ទៅ​កាន់​កំពូល ​ប្រាសាទ ​នៅ​អង្គរ វត្ត ខេត្ត ​សៀមរាប។

លោក ប៊ុន ណារិទ្ធិ អគ្គនាយក​ អាជ្ញាធរ​ អប្សរា មាន​ប្រសាសន៍​ នៅ​ថ្ងៃ ​ទី​១ តុលា ថា, រូបភាព​ជណ្ដើរ​ ដែល​ទូរទស្សន៍ ស៊ីអ៊ិនអ៊ិន ផ្សាយ​នោះ គឺ​ មិន​ត្រឹមត្រូវ​ទេ។  វា​ ជា​រូបភាព​ ចាស់​ ជាង៥​ឆ្នាំ​ មក​ហើយ។  លោក​ ចាត់​ទុក​ ការ​ផ្សាយ​ ព័ត៌មាន ​របស់ ស៊ីអ៊ិនអ៊ិន អំពី​ ជណ្ដើរ ​នៅ​ប្រាសាទ​ អង្គរ វត្ត​ នោះ គឺ​ គ្មាន ​ការ​ផ្ទៀងផ្ទាត់, ហើយ​ ខុស​ ពី​ការ​ពិត៖ «មិន​ដឹង​ ថា ​អ្នក​ និយាយ​នោះ មាន​បំណង ​អី?  គាត់​ និយាយ​នោះ បើ ​ធៀប​ ជាមួយ​ ការ​ពិត គឺ​ វា​ មិន​ពិត។  យក​រូបថត​ ជា​រឿង​យូរ​ មក​ហើយ​ មក​និយាយ!  ធ្វើ ​ឲ្យ​អ្នកមើល​ យល់​ច្រឡំ​ស្មាន ​ថា, ​សម័យ ​ឥឡូវ​នេះ។  អាច​គេ​ មាន​បំណង​ ណា​មួយ, ខ្ញុំ​ ក៏​មិន​ដឹង​ដែរ។  តែ​ យើង​ ពិបាក​ទទួល​ណាស់ ព្រោះ​ រូបថត​ ដែល​ថត​ ច្រើន​ឆ្នាំ​ មក​ហើយ ផ្សាយ​អ៊ីចឹង ដូចជា​បច្ចុប្បន្ន​ នេះ​ អ៊ីចឹង។»

កាល​ពី​ថ្ងៃ​ទី​២៥ កញ្ញា វែបសាយ (Website) របស់​ទូរទស្សន៍ ស៊ីអ៊ិនអ៊ិន ឈ្មោះ ស៊ីអ៊ិនអ៊ិន ត្រាវែល បាន​បង្ហោះ​អត្ថបទ​មួយ ដោយ​មាន​ដាក់​រូបថត​ជណ្ដើរ​ចោត​ឡើង​ទៅ​កំពូល​ប្រាសាទ​អង្គរវត្ត ដោយ​មាន​ភ្ញៀវ​ទេសចរ​កំពុង​តែ​តោង​ចុះ​ពី​លើ​មក​ផង។ អត្ថបទ​នោះ បាន​ដាក់​ចំណង​ជើង​ថា ជណ្ដើរ​ដ៏​គួរ​ឲ្យ​ខ្លាច​នៅ​លើ​ពិភពលោក។ ចំពោះ​ចំណង​ជើង​រូបថត​វិញ ស៊ីអ៊ិនអ៊ិន បាន​ដាក់​ចំណង​ជើង​ថា កាំ​ជណ្តើរ​នៅ​ប្រាសាទ​អង្គរវត្ត​នៅ​កម្ពុជា ជា​ការ​រំឭក​ឲ្យ​អ្នក​ឡើង​ជណ្ដើរ​នោះ​ដឹង​ថា ការ​ឡើង​ឋានសួគ៌​មិន​មែន​ជា​ការ​ងាយ​ទេ។

នៅ​ថ្ងៃ​ទី​៣០ កញ្ញា អាជ្ញាធរ​អប្សរា​បាន​ចេញ​ផ្សាយ​សេចក្តី​បំភ្លឺ​ចំនួន ៥​ទំព័រ ឆ្លើយ​តប​អត្ថបទ​របស់ ស៊ីអ៊ិនអ៊ិន នោះ និង​ចាត់​ទុក​ថា ការ​ផ្សាយ​របស់ ស៊ីអ៊ិនអ៊ិន មិន​ត្រឹមត្រូវ​ទេ គឺ​ជា​ការ​បំផ្លើស ហើយ​រូបថត​នោះ​ជា​រូបថត​ចាស់​ជា​យូរ​ឆ្នាំ​មក​ហើយ។

លិខិត​បំភ្លឺ​របស់​អាជ្ញាធរ​អប្សរា​បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​មាន​ជណ្ដើរ​ជាច្រើន​សម្រាប់​ឡើង​ទៅ​លើ​ប៉ម​កំពូល​ប្រាសាទ​ កណ្ដាល​នោះ ឬ​ហៅ​ថា បាកាណ​នោះ បាន​បិទ​ហាម​ឃាត់ ហើយ​មាន​ជណ្ដើរ​ថ្មី​២ ធ្វើ​ពី​ឈើ​ទំហំ ១​ម៉ែត្រ ២​តឹក មាន ៤៧​កាំ ដោយ​មាន​បង្កាន់​ដៃ​សម្រាប់​ភ្ញៀវ​ទេសចរ​ប្រើ​ឡើង និង​ចុះ។

ទាក់ទង​នឹង​ជណ្ដើរ​ឡើង​កំពូល​ប៉ម​ប្រាសាទ​អង្គរវត្ត​នេះ អ្នក​បកប្រែ​ភាសា និង​មគ្គុទ្ទេសក៍​ភ្ញៀវ​មួយ​រូប គឺ​លោក ព្រំ សុវណ្ណ មាន​ប្រសាសន៍​ថា ជណ្ដើរ​ចោត​ឡើង​ទៅ​កំពូល​ប្រាសាទ​អង្គរវត្ត ឬ​ហៅ​ថា​បាកាណ​នោះ គឺ​មាន​ការ​លំបាក​មែន។ លោក​បាន​លើក​ឡើង​ថា ពិត​មែន​តែ​មាន​ជណ្ដើរ​ឈើ​ថ្មី​សាងសង់​សម្រាប់​ភ្ញៀវ​ឡើង​ចុះ​មែន ប៉ុន្តែ​វា​មាន​លក្ខណៈ​ចង្អៀត ព្រោះ​ទេសចរ​ភាគ​ច្រើន​ចង់​ឡើង​ទៅ​លើ​បាកាណ​នោះ នៅ​ពេល​ពួក​គេ​មក​លេង​អង្គរវត្ត៖ «ខ្ញុំ​ជា​អ្នក​មគ្គុទ្ទេសក៍​ទេសចរណ៍​ នោះ ខ្ញុំ​សង្កេត​ឃើញ​ថា មាន​ការ​ពិបាក​នៅ​កន្លែង​នោះ​មែន​ទែន។ មើល​ទៅ​វា​មាន​បង្កាន់​ដៃ​តែ​ពីរ​ជណ្ដើរ​ទេ តែ​ដល់​កន្លែង​ដែរ​ផុត​នោះ ហើយ​ដល់​ចូល​ទៅ​នោះ​អត់​មាន​បង្កាន់​ដៃ​ទេ។ អ៊ីចឹង​ក៏​វា​អាច​បង្ក​គ្រោះថ្នាក់​មួយ​ដែរ។ សំណូម​របស់​ខ្ញុំ បើ​សិន​ជា​អាច​ធ្វើ​ទៅ​រួច សុំ​ធ្វើ​កន្លែង​ឡើង​ផ្សេង កន្លែង​ចុះ​ផ្សេង ហើយ​សុំ​ធ្វើ​បង្កាន់​ដៃ​ឲ្យ​ដល់​ខាង​លើ បើ​ធ្វើ​ត្រឹម​តែ​ជណ្ដើរ​អ៊ីចឹង ក៏​វា​ពិបាក​ដែរ។»

រមណីយដ្ឋាន​អង្គរ បាន​ទទួល​ចំណាត់​ថ្នាក់​ជា​បេតិកភណ្ឌ​ពិភពលោក ចាប់​ពី​ខែ​ធ្នូ ឆ្នាំ​១៩៩២។ របាយការណ៍​រដ្ឋាភិបាល​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ឆ្នាំ​២០១៣ មាន​ភ្ញៀវ​ទេសចរ​ជាង ៤​លាន​នាក់ មក​ទស្សនកិច្ច​ប្រទេស​កម្ពុជា បើ​ប្រៀបធៀប​ជាមួយ​ឆ្នាំ​២០១២ គឺ​មាន​ការ​កើន​ឡើង ១៧,៥%៕



No comments:

Post a Comment