Paris Peace Accords 23 Oct. 1991

Wednesday, October 1, 2014

រដ្ឋាភិបាល ​មិន​អនុវត្ត​ គម្រោង​សង់​ទំនប់​ វារីអគ្គិសនី ​តំបន់​អារ៉ែង​ នៅ​អាណត្តិ​ នេះ​ទេ | Govt not implement plan for dam in Areng during this mandate

រដ្ឋាភិបាល ​មិន​អនុវត្ត​ គម្រោង​សង់​ទំនប់​ វារីអគ្គិសនី ​តំបន់​អារ៉ែង​ នៅ​អាណត្តិ​ នេះ​ទេ

RFA / ​វិទ្យុ ​អាស៊ី សេរី | ១ តុលា ២០១៤

ស្ទឹង​អារ៉ែង កោះកុង ៣០៥
អ្នក​ភូមិ ​បោក​គក់ ​សម្លៀក​បំពាក់ ​នៅ​ស្ទឹង​ អារ៉ែង ក្នុង​ស្រុក ​ថ្មបាំង, ខេត្ត​ កោះកុង កាល​ពី​ថ្ងៃ​ ៥ មេសា ឆ្នាំ​២០១២។  អ្នក​ភូមិ ​ប្រើប្រាស់​ ទឹក​ស្ទឹង​នេះ ​ជា​ប្រចាំ សម្រាប់ ​ជីវិត​រស់​នៅ​ ប្រចាំ​ថ្ងៃ។  RFA/Sek Bandith

មេ​ដឹក​នាំ ​គណបក្ស ​ប្រឆាំង លោក សម រង្ស៊ី អះអាង​ ថា, រដ្ឋាភិបាល​ អាណត្តិ ​ទី​៥​នេះ នឹង​មិន​អនុវត្ត​ គម្រោង​ទំនប់​ វារីអគ្គិសនី​ តំបន់​អារ៉ែង ខេត្ត​កោះកុង ទេ។  លោក​ ថ្លែង​បែប​នេះ នៅ​មុខ​មន្ទីរ រដ្ឋសភា​ជាតិ បន្ទាប់ ​ពី​លោក ​ជួប​ចរចា​ ក្រៅ​ផ្លូវ​ការ​ ជាមួយ លោក ហ៊ុន សែន ក្នុង​កិច្ច​ប្រជុំ​ សភា នៅ​ថ្ងៃ​ ទី​១ ខែ​តុលា។

ទោះ​បី​ លោក​ នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មិន​បាន​ និយាយ​ផ្ទាល់​ ជាមួយ​ ក្រុម​កាសែត, ប៉ុន្តែ​ លោក​ បាន​ប្រាប់​ តាម​រយៈលោក សម រង្ស៊ី ថា, រដ្ឋាភិបាល ​អាណត្តិ​នេះ ​អត់​ទាន់​មាន ​សេចក្តី​សម្រេច​ ណា​មួយ ដើម្បី​ អភិវឌ្ឍ​តំបន់​ អារ៉ែង ទៅ​ជា​ទំនប់ ​វារីអគ្គិសនី​ទេ។  លោក សម រង្ស៊ី បាន​ថ្លែង ប្រាប់​ទៅ​ ប្រជាពលរដ្ឋ កុំ​ ឲ្យ​មាន​ ការ​ព្រួយ​បារម្ភ​ ចំពោះ ​ការ​អភិវឌ្ឍ​ តំបន់​អារ៉ែង នេះ៖ «វារីអគ្គិសនី ​នៅ​អារ៉ែង នេះ, សម្ដេច ហ៊ុន សែន បាន​បញ្ជាក់ ​ប្រាប់​ខ្ញុំ​ ថា, ប្រហែល​ អាណត្តិ​នេះ ​អត់​ធ្វើ​ទេ, អត់​សម្រេច​ អាណត្តិ​នេះ​ទេ, លើក​ទៅ​ ជំនាន់​ក្រោយ។  ខ្មែរ​យើង​ ជំនាន់​ក្រោយ, ​អ្នក​ សម្រេច​ទៅ។  កុំឲ្យ​ បង​ប្អូន​ បារម្ភ។»

នាយក​ អង្គការ ​វេទិកា​ មិន​មែន​ រដ្ឋាភិបាល (ឬ​ហៅ​កាត់​ ថា អិនជីអូ ហ្វរ៉ុម, NGO Forum) លោក តឹក វណ្ណារ៉ា បាន​ថ្លែង​ ស្វាគមន៍ ​ចំពោះ ការ​ពន្យារ​ពេល ​របស់ ​រដ្ឋាភិបាល ក្នុង​ការ​អភិវឌ្ឍ​ តំបន់​ស្ទឹង​ អារ៉ែង នេះ។  ជាង​នេះ​ ទៅ​ទៀត, លោក​ ទាមទារ​ ឲ្យ​រដ្ឋាភិបាល មុន​ នឹង​សម្រេច ​អភិវឌ្ឍ​តំបន់​ ណា​មួយ ត្រូវ​ មាន​ការ​ចូលរួម ​ពី​សង្គម​ស៊ីវិល និង​ភាគី​ ពាក់ព័ន្ធ​ ដទៃ​ទៀត។

ទោះ​បី​ ការ​អភិវឌ្ឍ ​តំបន់​អារ៉ែង មិន​ទាន់ ​លេច​រូប​រាង​ក្តី, ប៉ុន្តែ ​ព្រៃ​ឈើ​ នៅ​តំបន់​នេះ កំពុង​ ត្រូវ​ បាន​ឈ្មួញ​ កាប់​បំផ្លាញ​ ជា​បន្តបន្ទាប់។  ករណី​នេះ លោក សម រង្ស៊ី អះអាង​ ថា, លោក​ នឹង​ប្រើប្រាស់ ​តួនាទី ​ជា​អ្នក​តំណាង​រាស្ត្រ ដើម្បី ​ទៅ​ពិនិត្យ​មើល ​ការ​កាប់​បំផ្លាញ​ ព្រៃ​ឈើ ​នៅ​តំបន់​ អារ៉ែង, ព្រម​ទាំង​ ស្នើ​ឲ្យ​ រដ្ឋាភិបាល ពិនិត្យ​ឡើង​វិញ​ ចំពោះ ​ករណី​នេះ៕


No comments:

Post a Comment