មន្រ្តី បក្សប្រឆាំង ថា, ទូរទស្សន៍ CNRP នឹងផ្សាយ ព័ត៌មាន ខុសប្លែក ពីទូរទស្សន៍ ដទៃ
VOD | 21 តុលា 2014
មន្រ្តី គណបក្ស សង្រ្គោះជាតិ នៅថ្ងៃ អង្គារនេះ ឲ្យដឹង ថា, គណបក្ស ប្រឆាំង នឹងទទួលបាន អាជ្ញាប័ណ្ណ ទូរទស្សន៍មួយ ដែលគណបក្ស មានគោលបំណង ផ្តល់ព័ត៌មាន បែបវិជ្ជាជីវៈ និងមាន ប្រយោជន៍ ដល់ប្រជាពលរដ្ឋ កម្ពុជា។
អ្នកនាំពាក្យ គណបក្ស សង្រ្គោះជាតិ លោក យឹម សុវណ្ណ មានប្រសាសន៍ ថា, មកដល់ពេលនេះ គណបក្ស សង្រ្គោះជាតិ បានសហការ ជាមួយ ក្រុមហ៊ុន ឯកជនមួយ ដោយដាក់ពាក្យ ទៅក្រសួង ពាណិជ្ជកម្ម ដើម្បី ពិនិត្យ និងចុះបញ្ជី ក្រុមហ៊ុន។ លោក បន្តថា, ទូរទស្សន៍ មួយនេះ នឹងត្រូវ ដាក់ឈ្មោះ ថា, ប្រព័ន្ធ ផ្សព្វផ្សាយ ឯករាជ្យ របស់ កម្ពុជា(Cambodian Independent Media) ដែលនឹងមាន វិជ្ជាជីវៈ, ក្រមសីលធម៌, និងផ្តល់ព័ត៌មាន ពិតប្រាកដ និងមាន ប្រយោជន៍ ដល់ប្រជាពលរដ្ឋ, ដូចជា ការលើកតម្កើង បញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ជាដើម។លោក បន្តថា, ទូរទស្សន៍ មួយនេះ នឹងមិនធ្វើ ដូចទូរទស្សន៍ ក្នុងស្រុក ភាគច្រើន ដែលជាទូរទស្សន៍ របស់ គណបក្ស ប្រជាជនកម្ពុជា។ លោក មានប្រសាសន៍ ថា, ទូរទស្សន៍ មួយនេះ នឹងមិននិយាយ ពីគណបក្ស សង្រ្គោះជាតិ ច្រើននោះទេ, ហើយ នឹងមាន កម្មវិធី កំសាន្តច្រើន។
លោក យឹម សុវណ្ណ ឲ្យដឹងទៀត ថា, បន្ទាប់ ពីការចុះបញ្ជី នៅក្រសួង ពាណិជ្ជកម្ម, គណបក្ស សង្រ្គោះជាតិ នឹងដាក់លិខិត ទៅលោក នាយករដ្ឋមន្រ្តី ផ្ទាល់ ដើម្បី សុំអាជ្ញាប័ណ្ណ ក្នុងការបើក ទូរទស្សន៍ ក្រោមកិច្ចព្រមព្រៀង នយោបាយ រវាង គណបក្ស ប្រឆាំង និងគណបក្ស ប្រជាជនកម្ពុជា កាលពីថ្ងៃ ទី២២ ខែកក្កដា។ លោក បន្តថា, រហូត មកដល់ពេលនេះ គណបក្ស មិនទាន់បាន រៀបចំ ជាធនធាន មនុស្ស នៅឡើយទេ ដោយទុក ឲ្យក្រុមហ៊ុន ឯកជន ជាអ្នកចាត់ចែង។
កន្លងទៅ លោក នាយករដ្ឋមន្ត្រី បានថ្លែង ថា, លោក យល់ព្រម ឲ្យគណបក្ស សង្គ្រោះជាតិ មានទូរទស្សន៍, តែ ត្រូវ សុំអាជ្ញាប័ណ្ណ តាមរយៈ ក្រុមហ៊ុន ឯកជន។ លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាង ថា, ការ ដែលលោក មិនព្រមផ្តល់ អាជ្ញាប័ណ្ណ ឲ្យគណបក្ស សង្គ្រោះជាតិ ដោយផ្ទាល់នោះ ព្រោះ ខ្លាចគណបក្ស ផ្សេងទៀត សូម បង្កើតទូរទស្សន៍ ផ្ទាល់ខ្លួនដែរ៕
No comments:
Post a Comment