Paris Peace Accords 23 Oct. 1991

Tuesday, October 21, 2014

បក្ស​ទាំង​ពីរ ចង់​ធ្វើ ​សេចក្ដី​ ព្រាង​ច្បាប់​ បឋម​ស្ដីពី​ ស្ថាប័ន គ.ជ.ប. ​ឲ្យ​ចប់ ​មុន​ដាច់​ឆ្នាំ​ ២០១៤ | Both parties want to finish draft law on NEC by end of year 2014

បក្ស​ទាំង​ពីរ ចង់​ធ្វើ ​សេចក្ដី​ ព្រាង​ច្បាប់​ បឋម​ស្ដីពី​ ស្ថាប័ន គ.ជ.ប. ​ឲ្យ​ចប់ ​មុន​ដាច់​ឆ្នាំ​ ២០១៤

RFA / ​វិទ្យុ ​អាស៊ី សេរី | ២១ តុលា ២០១៤
សម រង្ស៊ី ហ៊ុន សែន ៦១០
ប្រធាន ​គណបក្ស​ សង្គ្រោះ​ជាតិ លោក សម រង្ស៊ី (ឆ្វេង) ចាប់​ដៃ​ ជាមួយ​ លោក​ នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្រោយ​ជំនួប​ ចរចា ​នា​វិមាន​ ព្រឹទ្ធ​សភា​ នៅ​ថ្ងៃ​ ទី​២២ កក្កដា ២០១៤។  RFA/Tin Zakariya

តំណាង​ គណបក្ស ​ទាំង​ពីរ បាន​បញ្ចប់​ ការ​តាក់​តែង​ សេចក្ដី​ ព្រាង​ច្បាប់ ស្ដីពី​ ការ​រៀបចំ និង​ការ​ប្រព្រឹត្ត​ទៅ​ នៃ​គណៈកម្មាធិការ​ ជាតិ​ រៀបចំ​ ការ​បោះ​ឆ្នោត, តែ ​នៅ​កំពុង​ ពិភាក្សា​ លើ​ចំណុច​ មិន​ត្រូវ​គ្នា​ មួយ​ចំនួន។  តំណាង​ គណបក្ស​ សង្គ្រោះ​ជាតិ អះអាង​ ថា, គណបក្ស​ ទាំង​ពីរ ​ចង់​ឲ្យ​ធ្វើ​ សេចក្ដី​ព្រាង​ច្បាប់​ បឋម​នេះ ​ឲ្យ​ចប់​ មុន​ដាច់​ឆ្នាំ​ ២០១៤។

ការ​បន្ត​ ជួប​គ្នា​ រវាង​ តំណាង​ គណបក្ស​ ទាំង​ពីរ​នេះ នៅ​ស្រប​ពេល​ រដ្ឋាភិបាល​ ជប៉ុន នឹង​បញ្ជូន​ តំណាង ​របស់​ខ្លួន​ មក​ជួប​ តំណាង ​គណបក្ស ប្រជាជន​កម្ពុជា និង​តំណាង​ គណបក្ស​ សង្គ្រោះ​ជាតិ ដើម្បី​ ពិនិត្យ​លទ្ធផល និង​ការ​ស្ទាបស្ទង់​ ដល់​គណបក្ស​ ទាំង​ពីរ អំពី​ ការ​កែ​ទម្រង់ ការ​បោះ​ឆ្នោត។

សេចក្ដី ​ព្រាង​ច្បាប់​ ស្ដីពី​ ការ​រៀបចំ និង​ការ​ប្រព្រឹត្ត​ទៅ ​នៃ​គណៈកម្មាធិការ​ ជាតិ ​រៀបចំ​ ការ​បោះ​ឆ្នោត​ មាន៧​ជំពូក និង៦៦​ មាត្រា​នោះ គណបក្ស​ ទាំង​ពីរ​ កំពុង​ ជជែក​គ្នា​ អំពី​ ចំណុច ​ខ្វែង​គំនិត​គ្នា​ មួយ​ចំនួន ​នៅថ្ងៃ​ ទី​២០ តុលា។

តំណាង ​គណបក្ស​ សង្គ្រោះ​ជាតិ លោក គួយ ប៊ុនរឿន មាន​ប្រសាសន៍​ ក្រោយ​ពេល ​ប្រជុំ​គ្នា ​ជាមួយ ​តំណាង​ គណបក្ស​ ប្រជាជន​កម្ពុជា ដែល​មាន ​សមាសភាព​ ម្ខាង១៨​រូប​ នៅ​វិមាន​ រដ្ឋសភា នៅ​ល្ងាច ​ថ្ងៃ​ទី​២០ តុលា ថា, សេចក្ដី ​ព្រាង​ច្បាប់ ​បឋម​នេះ គណបក្ស ​ទាំង​ពីរ​ បាន​ធ្វើ​ រួច​រាល់​ ស្ទើរ​តែ​ ចប់​ទាំង​ស្រុង​ ហើយ។  លោក​ បញ្ជាក់​ថា, តំណាង គណបក្ស​ទាំង​ពីរ​ កំពុង​ ជជែក​ អំពី​ ការ​ជ្រើស​តាំង ​អគ្គលេខាធិការ និង​អគ្គលេខាធិការ ​រង​ នៃ​ស្ថាប័ន ​រៀបចំ​ ការ​បោះ​ឆ្នោត។

លោក គួយ ប៊ុនរឿន លើក​ឡើង​ ថា, សេចក្ដី​ ព្រាង​ច្បាប់​ បឋម​នេះ ​នៅ​មាន​ ចំណុច​ ខ្វែង​គំនិត​គ្នា​ មួយ​ចំនួន​ នៅ​ត្រង់ ​ជំពូក ​ទី​៣ ជាដើម ដែល​គណបក្ស​ ទាំង​ពីរ​ នឹង​ស្រង់​យក ​ចំណុច ​មិន​ទាន់​ ឯកភាព​គ្នា​ ដាក់​ជូន​ ថ្នាក់​ដឹក​នាំ, ហើយ​ នឹង​សម្រេច​ ជា​ក្រោយ៖ «ចំណុច​ខ្លះ​ ដែល​មិន​ទាន់​បាន​ ស្រុះស្រួល​គ្នា, ចំណុច​ទាំង​ហ្នឹង​ ដូចជា​ ការ​ជ្រើស​រើស​ អគ្គលេខាធិការ​ហ្នឹង, មាន​ការ ​ពិគ្រោះ​គ្នា​ ថា, តើ​ ត្រូវ​ យក​រូបមន្ត​ណា ដើម្បី​ ធានា ​ឲ្យ​អគ្គលេខាធិការ​ហ្នឹង​ ឲ្យ​បាន​ ពេញ​លេញ ​របស់​ខ្លួន ក្នុង​នាម​ ជា​ជំនួយ​ការ​ របស់​ គណៈកម្មាធិការ?  ទី​២, ធ្វើ​ម៉េច​ ឲ្យ​អគ្គលេខាធិការ និង​មន្ត្រី​ នៅ​ក្រោម​ឱវាទ មាន​ការ​ ទទួល​ខុស​ត្រូវ, ហើយ​ និង​ក្រោម​ ត្រួត​ពិនិត្យ ​របស់​ គណៈកម្មាធិការ​ ជាតិ​ រៀបចំ​ ការ​បោះ​ឆ្នោត​ តែ​ម្ដង។»

ប្រធាន ​គណៈកម្មាធិការ​ អព្យាក្រឹត្យ និង​យុត្តិធម៌ ដើម្បី​ ការ​បោះ​ឆ្នោត ​ដោយ​សេរី និង​ត្រឹមត្រូវ ​នៅ​កម្ពុជា លោក​បណ្ឌិត ហង្ស ពុទ្ធា មាន​ប្រសាសន៍​ ថា, កត្តា​ចម្បង​ នៃ​សេចក្ដី ​ព្រាង​ច្បាប់​នេះ ត្រូវ​ កំណត់​ ឲ្យ​ស្ថាប័ន រៀបចំ​ ការ​បោះ​ឆ្នោត​នេះ ​ឯករាជ្យ​ ដាច់​ចេញ​ ពី​គណបក្ស នយោបាយ​ ឲ្យ​បាន​ ពិត​ប្រាកដ, ហើយ ត្រូវ​ ដាក់​ទោសទណ្ឌ​ ចំពោះ​ មន្ត្រី​ស្ថាប័ន​នេះ​ ដែល​ប្រព្រឹត្ត​ ខុស៖ «គណបក្ស ​ទាំង​ពីរ​ ត្រូវ​តែ​ ជំរុញ ដើម្បី​ ឲ្យ​ច្បាប់ ​ស្ដីពី ​ការ​ប្រព្រឹត្ត​ទៅ​ នៃ​ការ​រៀបចំ​ ការ​បោះ​ឆ្នោត ​នៅកម្ពុជា នេះ ឲ្យ​បាន​ ឆាប់​រហ័ស។»

គណបក្ស ​ទាំង​ពីរ​ បន្ត ​ជជែក​គ្នា​ លើ​សេចក្ដី​ ព្រាង​ច្បាប់​ បឋម ស្ដីពី​ ការ​រៀបចំ និង​ការ​ប្រព្រឹត្ត​ទៅ ​នៃ​គណៈកម្មាធិការ ​ជាតិ​ រៀបចំ​ ការ​បោះ​ឆ្នោត​នេះ នៅ​ស្រប​ពេល ​រដ្ឋាភិបាល​ ជប៉ុន នឹង​បញ្ជូន​ ក្រុម​តាម​ដាន​ អំពី​ ការ​កែ​ទម្រង់ ​ការ​បោះ​ឆ្នោត​ មក​កម្ពុជា រយៈពេល​ ពីរ​ថ្ងៃ, គឺ​ ថ្ងៃ​ ទី​២១ តុលា និង​ថ្ងៃ​ ទី​២២ តុលា។

នៅ​ក្នុង​សេចក្ដី ​ប្រកាស​ព័ត៌មាន ​របស់​ ស្ថានទូត​ជប៉ុន នៅ​ថ្ងៃ​ ទី​២០ តុលា, បញ្ជាក់​ថា ក្រុម​តាម​ដាន​ ជប៉ុន ដែល​ដឹក​នាំ​ ប្រធាន​ នាយកដ្ឋាន​ ផែនការ ​ជំនួយ​ តាម​ប្រទេស​ ទី​១ អគ្គនាយកដ្ឋាន​ សហប្រតិបត្តិការ ​អន្តរជាតិ នៃ​ក្រសួង​ ការ​បរទេស​ ជប៉ុន លោក តាដាយូគិ មីយ៉ាស៊ីតា (Tadayuki Miyashita) នោះ នឹង​ធ្វើ ​បទ​បង្ហាញ​ អំពី​ លទ្ធផល​ នៃ​ការ​ស្ទាបស្ទង់​ ដែល​បាន​ធ្វើ​ កាល​ពី​ខែ​ ឧសភា កន្លង​ទៅ ជូន​សមាជិក ​នៃ​ការងារ​ គណបក្ស ​ប្រជាជន​ កម្ពុជា និង​គណបក្ស​ សង្គ្រោះ​ជាតិ។  បន្ទាប់​មក លោក​ នឹង​ពិភាក្សា​គ្នា ​អំពី លទ្ធផល​ ប្រតិបត្តិការ​ ក្នុង​ការ​កែ​ទម្រង់​ ការ​បោះ​ឆ្នោត​ នៅ​កម្ពុជា ជាមួយ​ ភាគី​ ពាក់ព័ន្ធ​នានា, រួម​មាន​ អាជ្ញាធរ​ ពាក់ព័ន្ធ​ នឹង​ការងារ​ បោះ​ឆ្នោត, ដៃគូ​ អភិវឌ្ឍន៍ ​បរទេស, និង​សង្គម​ស៊ីវិល។

លោក គួយ ប៊ុនរឿន បញ្ជាក់​ ថា, ក្រុម​តាម​ដាន ​ជប៉ុន នេះ នឹង​ជួប​ តំណាង ​ក្រុម​ការងារ ​គណបក្ស ​ទាំង​ពីរ, ហើយ ​នឹង​ជួប​ ដាច់​ដោយ​ឡែក ​រវាង​ មេ​ដឹក​នាំ ​គណបក្ស​ ទាំង​ពីរ នៅ​ថ្ងៃ​ ទី​២២ តុលា នៅ​វិមាន ​រដ្ឋសភា ចាប់​ពី​ម៉ោង ៨​ព្រឹក។

លោក​បណ្ឌិត ហង្ស ពុទ្ធា បន្ថែម​ ថា, នៅ​ក្នុង​សេចក្ដី​ ព្រាង​ច្បាប់​ ដែល​គណបក្ស​ ទាំង​ពីរ​ កំពុង​ធ្វើ​នេះ ត្រូវ​តែ​ ជ្រើស​រើស ​ប្រធាន​ ដឹក​នាំ​ស្ថាប័ន ​រៀបចំ​ ការ​បោះ​ឆ្នោត​ ជា​មនុស្ស​ ទី​៩ ដែល​ចេញ ​ពី​អង្គការ​ សង្គម​ស៊ីវិល។

នៅ​ក្នុង​ កិច្ច​ព្រមព្រៀង ​នយោបាយ ​របស់ គណបក្ស​ ជាប់​ឆ្នោត​ ទាំង​ពីរ មុន​នឹង​បញ្ចប់​ ការ​ជាប់​គាំង ​នយោបាយ កាល​ពី​ថ្ងៃ​ ទី​២២ កក្កដា នោះ, គណបក្ស​ ប្រជាជន ​កម្ពុជា និង​គណបក្ស​ សង្គ្រោះ​ជាតិ ឯកភាព​ រៀបចំ​ ក្បាល​ម៉ាស៊ីន គ.ជ.ប. មាន​សមាជិក​ ចំនួន ៩​រូប, ក្នុង​នោះ ​បេក្ខភាព ​មក​ពី​គណបក្ស ​ទាំង​ពី​ ម្ខាង៤​រូប និង​មក ​ពី​សង្គម​ស៊ីវិល ១​រូប​ទៀត។  មក​ទល់ ​ពេល​នេះ គណបក្ស​ ទាំង​ពីរ​ មិន​ទាន់ ​ជជែក​ អំពី​ ការ​រៀបចំ​ សមាសភាព គ.ជ.ប. ថ្មី​នេះ ​នៅ​ឡើយ​ទេ, គឺ ​រង់ចាំ​ សភា​ អនុម័ត​ច្បាប់ ​ស្ដីពី ​ការ​រៀបចំ និង​ការ​ ប្រព្រឹត្ត​ទៅ​ នៃ​គណៈកម្មាធិការ​ ជាតិ ​រៀបចំ​ ការ​បោះ​ឆ្នោត និង​ការ​អនុម័ត​ សេចក្ដី​ព្រាង​ច្បាប់, ​ការ​វិសោធនកម្ម​ ច្បាប់​បោះ​ឆ្នោត ​ជា​ មុន​សិន៕


No comments:

Post a Comment