Paris Peace Accords 23 Oct. 1991

Thursday, October 9, 2014

បក្ស​សង្គ្រោះ​ជាតិ ​គ្រោង​ស្នើ​ សេចក្ដី​ព្រាងច្បាប់​ ដំឡើង​ប្រាក់​ឈ្នួល​ កម្មករ​ ទៅ​រដ្ឋ​សភា | CNRP plans to request draft law in Parliament to raise wage of workers

សុន ឆ័យ ៦១០
តំណាង​រាស្ត្រ ជាប់​ឆ្នោត ​គណបក្ស​ សង្គ្រោះ​ជាតិ លោក សុន ឆ័យ ផ្ដល់​បទសម្ភាសន៍ ​នៅ​ខាង​មុខ​ ស្នងការដ្ឋាន​ នគរបាល​រាជធានី ​ភ្នំពេញ កាល​ពី​ថ្ងៃ​ ទី​១៥ កក្កដា ២០១៤។
RFA/Sek Bandith

បក្ស​សង្គ្រោះ​ជាតិ ​គ្រោង​ស្នើ​ សេចក្ដី​ព្រាងច្បាប់​ ដំឡើង​ប្រាក់​ឈ្នួល​ កម្មករ​ ទៅ​រដ្ឋ​សភា

RFA / ​វិទ្យុ ​អាស៊ី សេរី | ៨ តុលា ២០១៤

សមាជិក​ សភា​ មក​ពី​គណបក្ស​ សង្គ្រោះ​ជាតិ គ្រោង​ នឹង​ស្នើ​ សេចក្ដី​ព្រាង​ច្បាប់​ កំណត់​ប្រាក់​ឈ្នួល ​កម្មករ​ អប្បបរមា ១៧៧​ដុល្លារ​ ទៅ​រដ្ឋ​សភា​ ពិភាក្សា និង​អនុម័ត ​នៅ​ពេល ​ឆាប់ៗ​ ខាង​មុខ។

គណបក្ស ​សង្គ្រោះ​ជាតិ បាន​រៀបចំ ​សេចក្ដី​ព្រាង​ច្បាប់​នេះ ​រួច​ហើយ ដោយ​រង់ចាំ​ តែ​ ការ​ចូល​រួម​ ពិនិត្យ, ផ្ដល់​គំនិត​បន្ថែម ​ពី​សង្គម​ស៊ីវិល និង​ក្រុម​សហជីព ប៉ុណ្ណោះ។


​ប្រសិនបើ ​គ្មាន​ ការ​ប្រែប្រួល​ទេ នៅ​អាទិត្យ​ក្រោយ សេចក្ដី​ព្រាង​ច្បាប់​ ស្ដីពី​ ការ​កំណត់​ ប្រាក់​ឈ្នួល​ កម្មករ និង​មន្ត្រី​ រាជការ នឹង​ចែក​ផ្ញើ​ ជូន​ទៅ​បណ្ដា​ សង្គម​ស៊ីវិល និង​សហជីព​ ដើម្បី ​ពិនិត្យ​មើល។

ការ​សម្រេច​ ដូច​នេះ បន្ទាប់ ​ពី​មាន​ជំនួប​ រវាង​ អនុ​ប្រធាន ​ទី​១ រដ្ឋ​សភា លោក កឹម សុខា និង​អនុ​ប្រធាន ​គណៈកម្មការ​ ជំនាញ ​រដ្ឋ​សភា​ មក​ពី​គណបក្ស ​សង្គ្រោះ​ជាតិ ជាមួយ ​របស់​ ក្រុម​សហជីព​ នៅ​មន្ទីរ​ រដ្ឋ​សភា នៅ​ព្រឹក​ថ្ងៃ ​ទី​៨ ខែ​តុលា។

ប្រធាន​ ក្រុម​តំណាងរាស្ត្រ​ គណបក្ស​ សង្គ្រោះ​ជាតិ និង​ជា​អនុ​ប្រធាន គណៈកម្មការ​ ហិរញ្ញវត្ថុ​ ធនាគារ, និង​សវនកម្ម​ នៃ​រដ្ឋ​សភា លោក សុន ឆ័យ បាន​ថ្លែង​ ឲ្យ​ដឹង​ថា, ការ​ផ្ញើ ​សេចក្ដី​ ព្រាង​ច្បាប់​នេះ ​ទៅ​សហជីព​ និង​សង្គម​ស៊ីវិល មិន​ត្រូវ​ការ ​ចំណាយ​ពេល ​វែង​ពេក​ទេ ព្រោះ ​នៅ​ពេល​នេះ លោក មាន​គ្រប់គ្រាន់​ អស់​ហើយ, នៅ​រង់ចាំ​ តែ ​ការ​ពិនិត្យ​, ការ​ផ្ដល់​មតិ​ ពី​សហជីព​ និង​សង្គម​ស៊ីវិល​ ប៉ុណ្ណោះ។

លោក សុន ឆ័យ រំពឹង​ថា, សេចក្ដី​ព្រាង​ច្បាប់​នេះ ពេល​បញ្ជូន​ទៅ​ សភា ​នឹង​ត្រូវ​ បាន​ការ​គាំទ្រ​ ពី​សមាជិក​ សភា​ មក​ពី​គណបក្ស​ ប្រជាជន​កម្ពុជា។

​កន្លង​មក ​លោក សុន ឆ័យ ក៏​ធ្លាប់​ផ្ញើ​ សេចក្ដី​ ព្រាង​ច្បាប់​នេះ ​ទៅ​រដ្ឋ​សភា​ ដើម្បី ​អនុម័ត​ដែរ, ប៉ុន្តែ​ ត្រូវ​ បាន​រដ្ឋ​សភា​ ច្រានចោល។  លោក សម រង្ស៊ី ប្រធាន​ គណបក្ស​ សង្គ្រោះ​ជាតិ ក៏​ធ្លាប់​បាន​ថ្លែង​ នៅ​ក្នុង​រដ្ឋ​សភា ដោយ​បាន​ ទាមទារ​ ឲ្យ​រដ្ឋាភិបាល ​ផ្ដល់​ប្រាក់​ឈ្នួល​ ជូន​កម្មករ ​ចំនួន ១៧៧​ដុល្លារ ​ក្នុង​មួយ​ខែ, ប៉ុន្តែ ​ត្រូវ​ បាន​មន្ត្រី ​រដ្ឋាភិបាល​ បដិសេធ។

​ប្រធាន​ សហជីព​ ស៊ីខាវឌូ (C-CAWDU) លោក អាត់ ធន់ បាន​ឲ្យ​ដឹង​ ថា, លោក​ ពេញ​ចិត្ត​ ចូលរួម ​ពិនិត្យ និង​ផ្ដល់​គំនិត ​ទៅ​លើ​សេចក្ដី​ ព្រាង​ច្បាប់​ថ្មី ​របស់ គណបក្ស ​ប្រឆាំង។  លោក អាត់ ធន់ យល់​ថា, ប្រសិនបើ​ ប្រទេស​កម្ពុជា មាន​ច្បាប់​ ស្ដីពី​ ការ​កំណត់​ ប្រាក់​ឈ្នួល​ កម្មករ, នោះ ​នឹង​ផ្ដល់ ​ប្រយោជន៍​ ច្រើន ​ដល់​កម្មករ, ហើយ ​ក៏​មិន​ចាំបាច់ ​ឲ្យ​កម្មករ​ ធ្វើការ ​ទាមទារ​ ដំឡើង​ប្រាក់​ឈ្នួល​ដែរ។

​លោក សុន ឆ័យ បាន​ស្នើ​ ឲ្យ​តំណាងរាស្ត្រ​ គណបក្ស ​ប្រជាជន​ កម្ពុជា គិតគូរ​ ពី​ប្រយោជន៍ ​កម្មករ ព្រោះ​ថា ការ​ដំឡើង​ ប្រាក់​ឈ្នួល ​កម្ពុជា ក៏​មាន​ ការ​ព្រមព្រៀង ​ពី​សមាគម​ អ្នក​បញ្ជា​ទិញ។

សមាជិក​ សភា​ គណបក្ស​ ប្រជាជន​កម្ពុជា លោក ឈាង វុន មិន​ទាន់ ​ធ្វើ​អត្ថាធិប្បាយ ​ណា​មួយ​ លើ​សេចក្ដី​ ព្រាង​ច្បាប់​នេះ ​នៅ​ឡើយ​ទេ ដោយ​លោក​ រង់ចាំ​ ពិនិត្យ​មើល​សិន។  លោក ឈាង វុន មាន​ប្រសាសន៍ ​ថា, លោក​ គាំទ្រ​សេចក្ដី​ ព្រាង​ច្បាប់​ណា ​ដែល​ធ្វើ​ឡើង​ ដើម្បី​ ឲ្យ​ប្រាក់ខែ​ កម្មករ​ បាន​សមរម្យ, មិន​ប៉ះពាល់ ​អ្នក​វិនិយោគ, មិន​ប៉ះពាល់​ ទីផ្សារ, និង​មិន​ប៉ះពាល់ ​សេដ្ឋកិច្ច​ជាតិ។

​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ប្រាក់​ឈ្នួល​នេះ មាន​ដាក់​បញ្ចូល​ប្រាក់​ឈ្នួល​កម្មករ ប្រាក់​បៀវត្ស មន្ត្រី​រាជការ គ្រូបង្រៀន​ផង​ដែរ និង​ចែង​យ៉ាង​ច្បាស់​ពី​ការ​ដំឡើង​ប្រាក់​បៀវត្ស​ជា​រៀង​រាល់​ឆ្នាំ។ អ្វី​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​រំពឹង​ថា សភា​នឹង​ពិនិត្យ​សេចក្ដី​ព្រាង​ច្បាប់​នេះ ព្រោះតែ​គណៈកម្មាធិការ​ទី​៨ នៃ​រដ្ឋ​សភា​ដែល​ទទួល​ពិនិត្យ​សំណើ​ច្បាប់​នេះ​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ៕





No comments:

Post a Comment