Paris Peace Accords 23 Oct. 1991

Thursday, October 9, 2014

សង្គម​ស៊ីវិល ​អះអាង​ថា, ​ការ​ចុះ​ស្រង់​ស្ថិតិ ជន​បរទេស​ នៅ​កំពង់ឆ្នាំង ​ពុំ​មាន​ សុក្រឹតភាព | Census taking of foreigners in Kampong Chhang lacking integrity, says civil society

សង្គម​ស៊ីវិល ​អះអាង​ថា, ​ការ​ចុះ​ស្រង់​ស្ថិតិ ជន​បរទេស​ នៅ​កំពង់ឆ្នាំង ​ពុំ​មាន​ សុក្រឹតភាព

RFA / ​វិទ្យុ ​អាស៊ី សេរី | ៨ តុលា ២០១៤ 
ចុះ​ឈ្មោះ​វៀតណាម កំពង់ឆ្នាំង ៦២០
សកម្មភាព​ អាជ្ញាធរ ​ស្រង់​ឈ្មោះ​ ជន​បរទេស នៅ​សង្កាត់​ផ្សារ ឆ្នាំង, ក្រុង​ កំពង់ឆ្នាំង, ខេត្ត ​កំពង់ឆ្នាំង កាល​ពី​ថ្ងៃ​ ទី​៦ ខែ​តុលា ឆ្នាំ​២០១៤។  RFA/Chin Chetha

មន្ត្រី​ជាន់​ខ្ពស់ ​រដ្ឋាភិបាល និង​សមត្ថកិច្ច​ ថ្នាក់​មូលដ្ឋាន សុទ្ធតែ​ បង្ហាញ ​ពី​ភាព​ជឿ​ជាក់ និង​អះអាង ​អំពី​ សុក្រឹតភាព ​នៃ​ការ​ចុះ​ស្រង់​ ស្ថិតិ និង​គ្រប់គ្រង​ ជនជាតិ​បរទេស ដែល​កំពុង ​រស់នៅ ​ក្នុង​ប្រទេស​កម្ពុជា។

ចំណែក​ សង្គម​ស៊ីវិល និង​អ្នក​វិភាគ​ បញ្ហា​សង្គម ​យល់​ថា, ការ​គ្រប់គ្រង ​ប្រកប​ ដោយ​ប្រសិទ្ធភាព និង​មាន ​តួលេខ ​ជន​បរទេស​ ត្រឹមត្រូវ គឺ​ ជា​គុណ​ប្រយោជន៍ ​ដ៏​ច្រើន ក្នុង​ការ​គ្រប់គ្រង ​ស្ថានការណ៍ និង​ធ្វើ​ ផែនការ​ អភិវឌ្ឍន៍​ជាតិ។  ប៉ុន្តែ ​ការ​ចុះ​ស្រង់​ស្ថិតិ ឬ​គ្រប់គ្រង​ ជន​បរទេស ដែល​ក្រសួង​ មហាផ្ទៃ កំពុង​អនុវត្ត គឺ​ ពុំ​មាន​ សុក្រឹតភាព​ឡើយ។

រយៈពេល​ជិត​ពីរ​ខែ​មក​ហើយ​ដែល​ក្រុម​ការងារ​ថ្នាក់​ជាតិ​នៃ​ក្រសួង​ មហាផ្ទៃ សហការ​ជាមួយ​មន្ត្រី​ថ្នាក់​មូលដ្ឋាន​នៅ​តាម​បណ្ដា​ខេត្ត​នានា ដើម្បី​ចុះ​ស្រង់ និង​គ្រប់គ្រង​ស្ថិតិ​ជន​បរទេស។
ដោយ​ឡែក​នៅ​ខេត្ត​កំពង់ឆ្នាំង ដែល​ជា​ខេត្ត​មួយ​មាន​ពលរដ្ឋ​វៀតណាម ទាំង​ស្រប និង​មិន​ស្រប​ច្បាប់​រស់នៅ​ច្រើន​ជាង​គេ​នោះ ខាង​សមត្ថកិច្ច​បាន​ចុះ​អនុវត្ត​ការងារ​ជិត​មួយ​សប្ដាហ៍​មក​ហើយ ប៉ុន្តែ​ព័ត៌មាន​ទាក់ទង​នឹង​សកម្មភាព​ការងារ ឬ​នីតិវិធី​នៃ​ការ​ចុះ​ស្រង់​ស្ថិតិ​នេះ មិន​ត្រូវ​បាន​គេ​បញ្ចេញ​ឲ្យ​ដឹង​នៅ​ឡើយ​ទេ ដោយ​អះអាង​ថា ក្រុម​ការងារ​ជំនាញ​កំពុង​ចុះ​ធ្វើ​ការ​មិន​ទាន់​ចប់។
ចាប់​តាំង​ពី​ព្រឹក​ព្រលឹម ជន​បរទេស​ចម្រុះ​ជាតិ​សាសន៍ ជាពិសេស​ជនជាតិ​វៀតណាម ខ្លះ​ឈរ និង​ខ្លះ​អង្គុយ​ប្រជ្រៀត​គ្នា​នៅ​លើ​បង់​ក្រោម​ដើម​ពោធិ៍ ក្បែរ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​ផ្សារឆ្នាំង ដើម្បី​រង់ចាំ​ផ្ដល់​ព័ត៌មាន​អំពី​ប្រវត្តិ និង​ការ​ស្នាក់នៅ​របស់​ខ្លួន​នៅ​លើ​ទឹក​ដី​ប្រទេស​កម្ពុជា ជូន​សមត្ថកិច្ច។ ទីតាំង​ចុះ​ឈ្មោះ និង​ប្រមូល​ព័ត៌មាន​ជន​បរទេស នៅ​ក្រុង​កំពង់ឆ្នាំង មាន ៤​ទីតាំង គឺ​ទី​១ នៅ​ម្ដុំ​វត្ត​យាយ​ទេព ទី​២​នៅ​ក្រោម​ដើម​ពោធិ៍​ក្បែរ​មាត់​ទន្លេ​ផ្សារ​ក្រោម និង​ចំនួន​ពីរ​ទីតាំង​ទៀត​នៅ​ចុង និង​ដើម​ភូមិ​ចុងកោះ ស្ថិត​នៅ​ក្នុង​សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង។

ពលរដ្ឋ​វៀតណាម ម្នាក់​រស់នៅ​ភូមិ​កណ្ដាល សង្កាត់​ផ្សារឆ្នាំង កំពុង​ឈរ​ផ្អៀងផ្អង​មើល​ទៅ​ក្រុម​សមត្ថកិច្ច​សាកសួរ​ព័ត៌មាន និង​សរសេរ​បំពេញ​ឯកសារ​ដល់​ជន​បរទេស​ផ្សេង​ទៀត លោក ចាំង អៀងយុង មាន​ប្រសាសន៍​ថា រូប​លោក និង​ប្រពន្ធ​កូន ទើប​បាន​ចុះ​ឈ្មោះ និង​ថត​រូប ហើយ​រង់ចាំ​ទទួល​យក​បង្កាន់ដៃ​ដែល​ចេញ​ដោយ​ក្រុម​ការងារ​ថ្នាក់​ក្រសួង។ លោក​អះអាង​ថា លោក​ព្យាយាម​នាំ​កូន​ប្រពន្ធ​មក​ចុះ​ឈ្មោះ​នៅ​ម្ដុំ​ដើម​ពោធិ៍​ផ្សារ​ក្រោម រយៈពេល​បី​ថ្ងៃ​ជាប់ៗ​គ្នា​មិន​បាន​សម្រេច ដោយសារ​តែ​មាន​មនុស្ស​ច្រើន​ពេក។ លោក​សប្បាយ​ចិត្ត និង​សង្ឃឹម​ថា គ្រួសារ​របស់​លោក​នឹង​ទទួល​បាន​ឯកសារ​ស្នាក់នៅ​ក្នុង​ប្រទេស​កម្ពុជា ពីព្រោះ​គ្រួសារ​របស់​លោក​បាន​ចូល​មក​តាំង​ទី​លំនៅ​នៅ​ស្រុក​ខ្មែរ​ជិត ៤០​ឆ្នាំ​មក​ហើយ ប៉ុន្តែ​ពុំ​មាន​ឯកសារ​អ្វី​សោះ៖ «បួន​ប្រាំ​នាក់​ទាំង​ ប្ដី​ទាំង​ប្រពន្ធ​កូន​ទាំងអស់។ យើង​អត់​មាន​សំបុត្រ (ឯកសារ​ស្នាក់នៅ) កម្ពុជា មាន​តែ​សំបុត្រ​វៀតណាម ទាំង។ សប្បាយ​ចិត្ដ ឥឡូវ​នៅ​លើ​ទឹក​ដី​គេ​នៅ​ពេល​គេ​ហៅ​ឲ្យ​ធ្វើ​អី​ក៏​ធ្វើ​ដែរ។»

រហូត​មក​ដល់​ពេល​នេះ ខាង​ក្រុម​ការងារ​ថ្នាក់​ជាតិ និង​សមត្ថកិច្ច​មូលដ្ឋាន នៅ​តែ​ព្យាយាម​លាក់​បាំង​អំពី​នីតិវិធី នៃ​ការ​ចុះ​ស្រង់​ស្ថិតិ និង​គ្រប់គ្រង​ជន​បរទេស ដោយ​មិន​និយាយ​ចេញ​ឲ្យ​បាន​ច្បាស់​លាស់​នៅ​ឡើយ។ ប៉ុន្តែ​ជន​បរទេស​ដែល​ឆ្លង​កាត់​ការ​ជួប​សម្ភាស និង​ផ្ដល់​ព័ត៌មាន​ដល់​សមត្ថកិច្ច បង្ហើប​ថា ក្រុម​ការងារ​បាន​សួរ​ផ្ដោត​សំខាន់​ទៅ​លើ​ប្រវត្តិ​នៃ​ការ​រស់នៅ​មុន​ឆ្នាំ​ ១៩៧៩ ហើយ​ចូល​មក​រស់នៅ​ស្រុក​ខ្មែរ​នៅ​ឆ្នាំ​ណា និង​ចូល​តាម​ច្រក​ព្រំដែន​ណា ជាដើម។

ទាក់ទង​បញ្ហា​នេះ អ្នក​សម្រប​សម្រួល​នៃ​អង្គការ​ការពារ​សិទ្ធិ​ជនជាតិ​ភាគ​តិច (MIRO) ប្រចាំ​ខេត្ត​កំពង់ឆ្នាំង លោក ទត គឹមស្រូយ ថ្លែង​ថា ក្នុង​រយៈពេល​ជិត​មួយ​សប្ដាហ៍ គឺ​ចាប់​ពី​ថ្ងៃ​ទី​២ ដល់​ថ្ងៃ​ទី​៦ ខែ​តុលា ឆ្នាំ​២០១៤ ខាង​លោក​មិន​ទាន់​រក​ឃើញ​ពី​ភាព​មិន​ប្រក្រតី ឬ​ការ​ទារ​ប្រាក់​ពី​ជន​បរទេស ដែល​ចូល​មក​បង្ហាញ​អត្តសញ្ញាណកម្ម​របស់​ខ្លួន ដល់​ក្រុម​មន្ត្រី​សមត្ថកិច្ច​នៅ​ឡើយ​ទេ។ លោក​បន្ត​ថា ការ​អនុវត្ត​ការងារ​របស់​ក្រុម​មន្ត្រី​សមត្ថកិច្ច​នៅ​ជំហាន​ទី​១​នេះ អាច​នឹង​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ​ច្រើន ប៉ុន្តែ​លោក​ស្នើ​ឲ្យ​អាជ្ញាធរ និង​សមត្ថកិច្ច​ពាក់ព័ន្ធ ស្រង់​ស្ថិតិ​ឲ្យ​បាន​ល្អិតល្អន់ និង​គ្រប់​ជន​បរទេស​ទាំងអស់​ដែល​កំពុង​រស់នៅ​ក្នុង​ទឹក​ដី​ខេត្ត​ កំពង់ឆ្នាំង៖ «ការ​ចុះ​ធ្វើ​ស្ថិតិ​ជំរឿន​ដល់​ប្រជាពលរដ្ឋ​វៀតណាម នេះ ខ្ញុំ​ឃើញ​ថា មាន​ភាព​ល្អ​ប្រសើរ ដោយសារ​អី ព្រោះ​ទីតាំង​នៅ​ជិត​ទីលំនៅ​របស់​ប្រជាពលរដ្ឋ។ ហើយ​មួយ​ទៀត​មាន​ការ​បង្ក​លក្ខណៈ​ពី​អាជ្ញាធរ បាន​ទៅ​ជម្រាប​ពួក​គាត់​ឲ្យ​ពួក​គាត់​មក​ធ្វើ​គ្រប់ៗ​គ្នា។ នៅ​ក្នុង​នេះ បើ​តាម​ខ្ញុំ​ជួប​សម្ភាស​ផ្ទាល់​ជាមួយ​អ្នក​ដែល​បាន​ធ្វើ​ហើយ​ហ្នឹង គឺ​អត់​ទេ។ សូម្បី​តែ​ទឹក​សុទ្ធ ឬ​ទឹក​ក្រូច​ដែល​យើង​ទិញ​យក​ទៅ​ឲ្យ​អ្នក​ធ្វើ ជាពិសេស​គឺ​ប៉ូលិស​មក​ពី​ក្រសួង គេ​មិន​ទទួល​យក​ទេ គេ​ខ្លាច​មេ​គេ​ថា​គេ​ពុក​រលួយ​អ៊ីចឹង​ទៅ​ណា។»

ប្រធាន​ក្រុម​ការងារ​ចុះ​ស្រង់​ស្ថិតិ​ម្នាក់​ដែល​ថ្លែង​ក្នុង​លក្ខខណ្ឌ​ មិន​បញ្ចេញ​ឈ្មោះ និង​សំឡេង ឲ្យ​ដឹង​ថា សម្រាប់​នៅ​ខេត្ត​កំពង់ឆ្នាំង ចាប់​តាំង​ពី​ការ​ចុះ​ស្រង់​ស្ថិតិ​នៅ​ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរណ៍ រហូត​មក​ដល់​ក្រុង​កំពង់ឆ្នាំង ខាង​ក្រុម​ការងារ​ថ្នាក់​ក្រសួង បាន​បែង​ចែក​ពី ៣ ទៅ ៥​ក្រុម ទៅ​តាម​ចំនួន​ជន​បរទេស​មាន​ច្រើន ឬ​តិច​នៅ​តាម​តំបន់​នីមួយៗ។ លោក​ថា ការ​ចុះ​អនុវត្ត​ការងារ​នេះ មិន​កំណត់​ពេលវេលា​បញ្ចប់ ប៉ុន្តែ​បាន​យក​ចិត្ត​ទុក​ដាក់ និង​ស្រង់​ទាល់​តែ​អស់​ជន​បរទេស​ក្នុង​មូលដ្ឋាន ដោយ​សន្និដ្ឋាន​ទៅ​លើ​របាយការណ៍ ឬ​ស្ថិតិ​របស់​អាជ្ញាធរ​មូលដ្ឋាន​ដែល​មាន​ស្រាប់។

ចំណែក​ស្នងការ​រង និង​ជា​អ្នក​ទទួល​បន្ទុក​ការងារ​ស្ថិតិ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ឆ្នាំង លោក ប៉ាល់ សូត្រ បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ជុំវិញ​សកម្មភាព​ចុះ​អនុវត្ត​ការងារ​ស្រង់​ ស្ថិតិ និង​គ្រប់គ្រង​ជន​បរទេស​នេះ​ឡើយ ដោយ​លោក​ប្រាប់​ថា កំពុង​ជាប់​ប្រជុំ។

យ៉ាង​ណា ប្រធាន​សេនាធិការ លោក ស៊ុំ សុជាតិ ថ្លែង​បញ្ជាក់​ថា ខាង​លោក​ក៏​មិន​ទាន់​អាច​ផ្ដល់​ព័ត៌មាន​អ្វី​បាន​ដែរ ពីព្រោះ​មិន​ទាន់​មាន​របាយការណ៍​ពី​មន្ត្រី​អ្នក​ចុះ​អនុវត្ត​ផ្ទាល់ ប៉ុន្តែ​លោក​ថា លទ្ធផល​ការងារ​ជំហាន​ទី​១ អាច​នឹង​ដឹង​ក្នុង​ពេល​ឆាប់ៗ៖ «ក្រុម ​ដែល​ចុះ​មក​ហ្នឹង គឺ​សហការ​ជាមួយ​ថ្នាក់​ជាតិ គឺ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​មក។ ដូច្នេះ អត់​ទាន់​បាន​រាយការណ៍​មួយ​ជំហាន​នៅ​ឡើយ​ទេ។ ឥឡូវ​នៅ​ក្រុង​កំពង់ឆ្នាំង ដល់​ចប់​វគ្គ​ក្រុង​កំពង់ឆ្នាំង គេ​ទៅ​ស្រុក​រលាប្អៀរ គេ​ចប់​មួយ​ជុំ​ហ្នឹង បាន​គេ​រាយការណ៍ បាន​យើង​បូក​សរុប​ម្ដង។»

បើ​ទោះ​បី​ជា​ពុំ​មាន​ស្ថិតិ​ផ្លូវ​ការ​ណា​មួយ​បង្ហាញ​ពី​ចំនួន​ជន​បរទេស ដែល​កំពុង​រស់នៅ​ក្នុង​ទឹក​ដី​ខេត្ត​កំពង់ឆ្នាំង ប៉ុន្តែ​អធិការ​ក្រុង​កំពង់ឆ្នាំង និង​មន្ត្រី​ទទួល​បន្ទុក​ស្ថិតិ​នៃ​ស្នងការ​នគរបាល​ខេត្ត បាន​អះអាង​តាម​រយៈ​បណ្ដាញ​ផ្សព្វផ្សាយ​ព័ត៌មាន​ក្នុង​ស្រុក​ថា នៅ​ទូទាំង​ខេត្ត​កំពង់ឆ្នាំង ក្នុង​ឆ្នាំ​២០១៤ តួលេខ​នៃ​ជន​បរទេស​ដែល​ភាគ​ច្រើន​ជា​ជនជាតិ​វៀតណាម មាន​ចំនួន ១.៧២៣​គ្រួសារ ស្មើ​នឹង​ចំនួន​មនុស្ស ៨.៦៦៩​នាក់។ ក្នុង​នោះ នៅ​ក្រុង​កំពង់ឆ្នាំង មាន​ចំនួន ៧៤៨​គ្រួសារ ស្មើ​នឹង​ចំនួន​មនុស្ស ៣.៩០៧​នាក់។

អ្នក​ស្រាវជ្រាវ​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក កែម ឡី យល់​ថា សកម្មភាព​ចុះ​ស្រង់​ស្ថិតិ និង​គ្រប់គ្រង​ជន​បរទេស​របស់​ក្រសួង​មហាផ្ទៃ នៅ​ពេល​នេះ គឺ​ពុំ​មាន​ប្រសិទ្ធភាព​ច្រើន​ឡើយ ដោយសារ​តែ​ពុំ​មាន​ការ​ចូលរួម​ពី​ដៃគូ​ពាក់ព័ន្ធ ឬ​ក្រុមហ៊ុន​មាន​ជំនាញ​ឯកទេស​ធ្វើ​ស្ថិតិ​ចូលរួម។ លោក​បន្ត​ថា ប្រសិន​បើ​មាន​តួលេខ​នៃ​ជន​អន្តោប្រវេសន៍​ត្រឹមត្រូវ​អាច​យក​ជា​ការ​បាន គឺ​អាច​ញែក​ដាច់​នូវ​ជន​បរទេស​ណា​រស់នៅ​ស្រប​ច្បាប់ និង​ជន​បរទេស​ណា​រស់នៅ​ខុស​ច្បាស់ ដើម្បី​កាត់​បន្ថយ​ហានិភ័យ​ជាតិ​សំខាន់ៗ ដូចជា អាណានិគម​បែប​ថ្មី​របស់​បរទេស ឬ​បទ​ឧក្រិដ្ឋកម្ម​ផ្សេងៗ៖ «ប៉ូលិស​ គ្រាន់​តែ​ជា​អ្នក​អនុវត្តន៍​ទេ ប៉ុន្តែ​ដល់​ពេល​ឲ្យ​ទៅ​ធ្វើ​ការ​សិក្សា​ស្រាវជ្រាវ​ធំៗ អ៊ីចឹង​ទាល់​តែ​គេ​ជួយ​សហការ​ជាមួយ​ដៃគូ​អភិវឌ្ឍន៍ ហើយ​គេ​ធ្វើ​ម្ដង​៦ ទៅ ៧​លាន​ដុល្លារ ហើយ​គេ​ធ្វើ​មាន​វិធីសាស្ត្រ​អី​ត្រឹមត្រូវ មិន​ចេះ​តែ​ឆ្លើយ​អ៊ីចឹង​ទេ។ ថ្នាក់​ដឹក​នាំ​យើង​អត់​សូវ​ប្រើ​បញ្ញវន្ត​ខ្មែរ​ដែល​នៅ​ក្នុង​រដ្ឋាភិបាល​ មាន​សមត្ថភាព​ទេ ច្រើន​តែ​ប្រើ​អ្នក​មាន​លុយ ឬ​មួយ​ក៏​មាន​បក្ស​មាន​ពួក​អ៊ីចឹង​ណា។ ទាល់​តែ​អ្នក​ហ្នឹង​គាំទ្រ​នយោបាយ​ច្បាស់ មិន​មែន ប៉ុន្តែ​អ្នក​ដែល​មាន​សមត្ថភាព​ពិត​ប្រាកដ​មិន​សូវ​ប្រើ​ទេ ដល់​អ៊ីចឹង​ទៅ ប្រសិទ្ធភាព​ការងារ​វា​ទៅ​តាម​ហ្នឹង​ដែរ។»

មន្ត្រី​ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ ធ្លាប់​បញ្ជាក់​ប្រាប់​វិទ្យុ​អាស៊ីសេរី ថា ក្រសួង​បាន​បង្កើត​ក្រុម​ការងារ​ថ្នាក់​ជាតិ ដើម្បី​ចុះ​ធ្វើ​ការងារ​ស្រង់​ស្ថិតិ និង​គ្រប់គ្រង​ជន​បរទេស ដោយ​បែង​ចែក​ចេញ​ជា ៧​តំបន់​គោលដៅ​នៅ​ទូទាំង ២៥​ខេត្ត និង​ក្រុង ហើយ​អ្នក​អនុវត្តន៍​ការងារ​នេះ គឺ​យក​តែ​មន្ត្រី​រាជការ​ស៊ី​ប្រាក់​ខែ​រដ្ឋ។ លោក​ថា ការ​រិះគន់​នានា​តែង​តែ​កើត​មាន​ឡើង ប៉ុន្តែ​លោក​បញ្ជាក់​ថា ប្រសិន​បើ​ការ​ចុះ​ធ្វើ​ស្ថិតិ និង​គ្រប់គ្រង​ជន​បរទេស​នា​ពេល​នេះ ពុំ​មាន​សុក្រឹតភាព ហើយ​តួលេខ​អាច​យក​ជា​ផ្លូវ​ការ​បាន ប្រហែល​ជា​ក្រសួង​មិន​ចាំបាច់​បង្កើត​ក្រុម​ការងារ​ថ្នាក់​ជាតិ ចុះ​ធ្វើ​ការងារ​នេះ​ឡើយ៕




No comments:

Post a Comment