អ្នកតវ៉ា ដុតរូប អ្នកស្រី ស៊ុយ សុផាន ម្ចាស់ក្រុមហ៊ុន ផានអុីម៉ិច
VOD | ១៤ តុលា ២០១៤
ស្តាប់សំឡេង៖ |
ចម្លងទុក |
អ្នក មានជម្លោះ ដីធ្លី នៅសហគមន៍ បុរីកីឡា ដុតរូប ទីងម៉ោង តំណាង ឲ្យប្រធាន ក្រុមហ៊ុន ផានអ៊ីមិច នៅមុខ សាលារាជធានី ភ្នំពេញ ក្នុងព្រឹត្តិការណ៍ តវ៉ាមួយ នៅព្រឹក ថ្ងៃអង្គារនេះ ខណៈ ជនរងគ្រោះ ដែលក្រុមហ៊ុននេះ បានបណ្តេញចេញ ជាងពីរឆ្នាំ មុន នៅមិនទាន់មាន ដំណោះស្រាយ។
តំណាង អ្នកតវ៉ា អ្នកស្រី ឆាយ គឹមហ៊ន ឲ្យដឹង នៅកន្លែង តវ៉ានាថ្ងៃ ទី១៤ ខែតុលា ឆ្នាំ២០១៤នេះ ថា, មកដល់ ពេលនេះ, សាលារាជធានី នៅតែ មិនបង្ហាញ តម្លាភាព ពីយន្តការ ដោះស្រាយ ជម្លោះ រឿងបណ្តេញចេញ។ អ្នកស្រី អះអាង ថា, សាលារាជធានី បង្កើត គណៈកម្មការ ដោះស្រាយ វិវាទ ដោយមិន ឲ្យពួកគាត់ ជាអ្នករងគ្រោះ ពិតប្រាកដ ចូលពិភាក្សា។ ស្ត្រី រូបនោះ ឲ្យដឹងទៀត ថា, រយៈ ជាង២ឆ្នាំ មកនេះ ពួកគេ ជួបការលំបាក ដោយគ្មាន ជម្រកស្នាក់ នៅបាត់បង់ មុខរបរ, ខ្លះ ធ្វើចំណាកស្រុក ប្រថុយ នឹងគ្រោះថ្នាក់ គ្រប់ពេល ដោយសារ ការបណ្តេញចេញនេះ។
អ្នកស្រី ឆាយ គឹមហ៊ន ឲ្យដឹងទៀតថា ចំណែកការសុំកិច្ចអន្តរាគមន៍ពីសាលារាជធានីភ្នំពេញវិញ នៅតែមិនអាចជំរុញឲ្យលោកស្រី ស៊ុយ សុផាន ចេញមុខទទួលខុសត្រូវផ្តល់សំណងដល់ជនរងគ្រោះ ដែលក្រុមហ៊ុនបានបណ្តេញចេញនោះទេ។ ស្ត្រីរូបនោះយល់ថា ការពន្យារពេលរកដំណោះស្រាយនេះ បង្ហាញថា ក្រុមហ៊ុនហាក់មានអំណាចជាងមន្ត្រីអនុវត្តច្បាប់។ អ្នកស្រីបន្ថែមថា៖ «ខ្ញុំ សូម សរសើរ ថា, លោកស្រី ស៊ុយ សុផាន, គាត់ មានសិទ្ធិអី, អំណាចអី ដែលធំជាង នាយករដ្ឋមន្ត្រីនោះ បានជាកែប្រែ របស់សម្តេច ហ៊ុន សែន បាននេះ ពីអគារ១០ បែរ ជាមក ៨វិញ។»
ក្រុមអ្នកតវ៉ាអះអាងថា ការដុតរូបទីងម៉ោងតំណាង លោកស្រី ស៊ុយ សុផាន ពេលនេះ បង្ហាញថាការរស់នៅលើគំនរសំរាមជាង២ឆ្នាំ ក្រោយការបណ្តេញចេញមកនេះ ពួកគេបានស្គាល់គ្រប់រស់ជាតិជីវិត ហើយជាសារបង្ហាញថា ពួកគេទំនងជាអស់ការអត់ធ្មត់ ក្នុងការរង់ចាំការពន្យារពេលរកដោះស្រាយនេះទៀតទេ។
យ៉ាងនេះក្តីមន្ត្រីរដ្ឋបាលសាលារាជធានី លោក មាន យ៉ាដា ចេញមកបកស្រាយមុខអ្នកតវ៉ាថា មន្ត្រីជំនាញកំពុងពន្លឿនកិច្ចការនេះ ដោយសហការជាមួយក្រុមអង្គការសង្គមស៊ីវិល។
ម្យ៉ាងវិញទៀតលោកថា ញត្តិអ្នកភូមិដែលស្នើនៅថ្ងៃនេះ នឹងត្រូវបញ្ជូនទៅអភិបាលក្រុងលោក ប៉ា សុជាតិវង្ស ដើម្បីពិនិត្យ ប៉ុន្តែបង្ហាញជំហរថាទំនងជាគ្មានលទ្ធភាពជំរុញឲ្យក្រុមហ៊ុនផានអ៊ី មិច គោរពកិច្ចសន្យាសង់អាគារចំនួន១០តាមកិច្ចសន្យាទេ។ លោកមានប្រសាសន៍ថា៖ «កុំ និយាយរឿង អគារ ទី៩ ឬទី១០។ សំខាន់, បងប្អូន មានលក្ខណៈ វិនិច្ឆ័យ គ្រប់គ្រាន់ ក្នុងការទទួលផ្ទះ ឬអត់ តែប៉ុណ្ណឹង បានហើយ។ ឥឡូវ យើង រកឲ្យឃើញ ប៉ុណ្ណឹងទៅ បានហើយ។»
សង្គមស៊ីវិលចំនួន៥ដូចជាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា សមាគមការពារសិទ្ធិមនុស្សអាដហុក សិទ្ធិលំនៅដ្ឋាន សមាគមធាងត្នោត និងCHRACជាដើម បានចេញសេចក្តីថ្លែងការណ៍រួមនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៤នេះ ឲ្យដឹងថា សង្គមស៊ីវិលស្វាគមន៍រាល់ការបើកទូលាយ ដើម្បីបង្ហាញតម្លាភាពនៃការរកដំណោះស្រាយរឿងបណ្តេញនៅសហគមន៍បុរី កីឡានេះ។
ប៉ុន្តែក្រុមអង្គការទាំងនោះបានរកឃើញមានភាពមិនប្រក្រតីមួយចំនួន ដូចជាការបញ្ចូលបន្ថែមចំនួនគ្រួសារ ដែលរងផលប៉ះពាល់ជាដើម។ ចំណែកអ្នករងគ្រោះពិតប្រាកដនៅសហគមន៍បុរីកីឡាមិនអនុញ្ញាតឲ្យតំណាង បានចូលរួមក្នុងដំណើរការពិគ្រោះយោបល់ វាយតម្លៃបឋមលើគ្រួសារដែលមានសិទ្ធិ ឬគ្មានសិទ្ធិទទួលបានលំនៅដ្ឋានជាដើម។
សង្គមស៊ីវិលជំរុញឲ្យសាលារាជធានីត្រូវពិចារណាករណីនេះឡើងវិញ ដើម្បីរកដំណោះស្រាយមួយទទួលយកបានទាំងភាគីក្រុមហ៊ុន និងជនរងគ្រោះដែលបានបណ្តេញចេញ៕
No comments:
Post a Comment