កូនស្រី លោក កឹម សុខា ថា, ការធ្វើ នយោបាយ ចំណេញ ជាងចូល ជាសមាជិក គ.ជ.ប.
VOD | ១៤ តុលា ២០១៤
ស្តាប់សំឡេង៖ |
ចម្លងទុក |
កូនស្រី ច្បង របស់ អនុប្រធាន គណបក្ស សង្រ្គោះជាតិ កញ្ញា កឹម មនោវិទ្យា បដិសេធ មិនចូល ជាសមាជិក គណៈកម្មាធិការ ជាតិ រៀបចំ ការបោះឆ្នោត (គ.ជ.ប.) តាមសំណើ របស់បក្ស ដោយសំអាង ថា, បើ កញ្ញា នៅធ្វើ នយោបាយ នឹងបាន ផលចំណេញ ច្រើនជាង។
អនុប្រធាន កិច្ចការ សាធារណៈ របស់ គណបក្ស សង្រ្គោះជាតិ កញ្ញា កឹម មនោវិទ្យា ឲ្យVOD ដឹងនៅព្រឹក ថ្ងៃអង្គារ ទី១៤នេះ ថា, ការ ដែលកញ្ញា បដិសេធ មិនចូលរួម ក្នុងគ.ជ.ប. មិនមែន ដោយសារតែ មានមតិរិះគន់ នោះទេ, ហើយ នេះ ជាជម្រើស ផ្ទាល់ខ្លួន របស់កញ្ញា។ កញ្ញា បន្តថា, ប្រសិនបើ ខ្លួន ចូលក្នុង គ.ជ.ប. នោះ, ខ្លួន នឹងមានសម្ពាធ មិនអាច ធ្វើអ្វីបាន ដូចនៅក្នុង បក្សទេ, ព្រោះ បុគ្គល ដែលចូលកាន់ តួនាទី ក្នុង គ.ជ.ប. ត្រូវតែ ឯករាជ្យ។ កញ្ញា បន្ថែមថា៖ «តែ ចូល គ.ជ.ប. ធ្វើអី ផ្សេងទៀត, គឺ អត់បាន ទាំងអស់។ អាចធ្វើបាន តែ នៅក្នុង គ.ជ.ប. មួយទេ។ រឿង គ.ជ.ប. ត្រូវ ចេញ ពីបក្ស, ត្រូវ អត់ធ្វើអ្វី បានទាំងអស់។ ប្រសិន ជាខ្ញុំ គិតថា, នេះ ជាអ្វី ដែលខ្ញុំ ត្រូវធ្វើ, ហើយ គ.ជ.ប. ជាកន្លែង ដែលខ្ញុំ គួរទៅ, ទោះ មានការរិះគន់ លើសនេះ ១០០០ ដងទៀត ក៏ខ្ញុំ នៅតែ ទៅដែរ។ បើ ខ្ញុំ គិតថា, ធ្វើហ្នឹង ត្រូវ។ បើ ខ្ញុំ គិតថា, ចូលទៅ គ.ជ.ប. ជាកន្លែង ដែលខ្ញុំ ធ្វើទៅ មានប្រយោជន៍ ជាងគេ, ព្រោះ អ្នក ធ្វើការងារ ធំៗ មិនមែន តាមយោបល់ អ្នកដទៃ, គិត ថា ល្អឬ មិនល្អទេ, គឺ ថា, យើង សម្រេចខ្លួនឯង, គិតថា, យើង ចូលទៅធ្វើហ្នឹង, វា ចំណេញ ឬអត់។ ហើយ ចំពោះខ្ញុំ, ខ្ញុំ មើលថា, បើ ខ្ញុំ ទៅ គ.ជ.ប. ហ្នឹងទៅ, ខ្ញុំ បានធ្វើ ការងារ តិចជាង បើ ខ្ញុំ នៅក្រៅ គ.ជ.ប.។»
សម្រាប់ អនុប្រធាន គណបក្ស សង្រ្គោះជាតិ លោក កឹម សុខា មានប្រសាសន៍ ថា, ការ ដែលកូនស្រី របស់លោក សម្រេចចិត្តនេះ គឺ ជាសិទ្ធិ របស់គាត់, ព្រោះ ថា, ការស្នើ ឲ្យកញ្ញា កឹម មនោវិទ្យា ចូលជាសមាជិក ក្នុង គ.ជ.ប. គឺ ជាសំណើ ក្រៅផ្លូវការ របស់លោក សម រង្ស៊ី ប្រធាន គណបក្ស សង្គ្រោះជាតិ។ លោក បញ្ជាក់ថា «ជាសំណើ របស់ លោកប្រធាន សម រង្ស៊ី ទេ ដែលមាន គំនិតចង់ ឲ្យកឹម មនោវិទ្យា ហ្នឹង ជាសមជិក គ.ជ.ប., ជាសំណើ របស់ គាត់ទេ។ កន្លងមកហ្នឹង កឹម មនោវិទ្យា បាននិយាយហើយ ថា, គាត់ ពិចារណា, ហើយ គាត់ មិនទាន់បាន សម្រេច ឯណា ពីមុនមក, ហើយ ឥឡូវ គាត់ ពិចារណា យល់ឃើញ យ៉ាងម៉េច នោះ ជាសិទ្ធិ របស់គាត់។»
លោក កឹម សុខា ក៏បង្ហើប ឲ្យដឹងដែរ ថា, មកដល់ ពេលនេះ គណបក្ស ទាំងពីរ កំពុង ពិភាក្សា ពីការធ្វើច្បាប់ បោះឆ្នោត។ ចំណែក ការឯជ្រើសតាំង សមាជិក សម្រាប់ ក្បាលម៉ាស៊ីន ដឹកនាំ គ.ជ.ប. ថ្មីនេះ នៅមិនទាន់ សម្រេច នៅឡើយទេ។
នាយក ប្រតិបត្តិ អង្គការ និកហ្វិច លោក ហង្ស ពុទ្ធា មានប្រសាសន៍ ថា, ការបដិសេធ របស់កញ្ញា កឹម មនោវិទ្យា គឺ ជាសិទ្ធិ របស់គាត់, ហើយ ថា សម្រាប់បុគ្គល ដែលចូល ក្នុងកិច្ចការ គ.ជ.ប. មិនគួរ ជាសាច់ញាតិ របស់មន្ត្រី គណបក្ស នយោបាយទេ, គឺ ត្រូវតែ មានតម្លាភាព និងឯករាជ្យភាព, ចៀសវាង ការមិនទុកចិត្ត ពីភាគី គណបក្ស នយោបាយ ម្ខាងទៀត។ លោក មានប្រសាសន៍ ថា៖ «ត្រូវតែ ជាមនុស្ស ឯករាជ, ហើយ និងមាន តម្លាភាព ដើម្បី ឲ្យគណបក្ស នយោបាយ ដែលប្រកួតប្រជែងហ្នឹង លោក មានការ ទុកចិត្តគ្នា ទៅវិញទៅមក, ពីព្រោះ បទពិសោធន៍ បោះឆ្នោត នៅស្រុកខ្មែរ ពេល ដែលលទ្ធផល ឬក៏ការបោះឆ្នោត គឺតែងតែ មានបញ្ហា។ អ៊ីចឹង វា បង្កទៅបាតុកម្ម, វា បង្ក ទៅជារឿង ផ្សេងៗទៀត ដែលខ្ញុំ គិតថា, អាច ធ្វើឲ្យមាន អស្ថិរភាពសង្គម។»
ថ្មីៗ ក្រោយពេល គណបក្ស ទាំងពីរ ព្រមព្រៀងគ្នា បង្កើតក្បាលម៉ាស៊ីន គ.ជ.ប. ថ្មី ដោយមាន សមាជិក មកពីគណបក្ស នីមួយៗ បួនៗរូប និងបេក្ខជន ទី៩ ជាមនុស្ស ឯករាជ្យ មកពីសង្គម ស៊ីវិល មានលេចឮ ព័ត៌មាន ថា, គណបក្ស សង្រ្គោះជាតិ ចង់ដាក់កញ្ញា កឹម មនោវិទ្យា ជាបេក្ខភាពម្នាក់ ទៅក្នុងក្បាលម៉ាស៊ីន គ.ជ.ប. ថ្មីនោះ។ ប៉ុន្តែ មានការរិះគន់ ពីសង្គមស៊ីវិល និងប្រជាពលរដ្ឋ មួយចំនួន ថា, គណបក្សនេះ ធ្លាប់រិះគន់ គណបក្ស ប្រជាជនកម្ពុជា ថា, បក្សពួកនិយម, ប៉ុន្តែ បែរ ជាខ្លួនឯង ដើរជាន់គន្លង គណបក្ស ប្រជាជនកម្ពុជា ដែរ។ ប៉ុន្តែ ទោះ ជាយ៉ាងណា, នៅពេលនោះ កញ្ញា កឹម មនោវិទ្យា បានបដិសេធ ថា, ខ្លួន មិនបានដឹង ពីការជ្រើសតំាងកញ្ញា ឲ្យចូលក្នុង សមាសភាព គ.ជ.ប. ថ្មីនោះទេ។ វា គឺ ជាការសម្រេច របស់បក្ស តែប៉ុណ្ណោះ៕
No comments:
Post a Comment