រដ្ឋាភិបាល មិនទាន់ផ្តល់ សំណង ដល់ជនរងគ្រោះ ក្នុងករណី ផ្ទុះកាំជ្រួច
RFA / វិទ្យុ អាស៊ី សេរី | ៣០ តុលា ២០១៤
រាជរដ្ឋាភិបាល មិនទាន់បង្ហាញ ជំហរ ថា នឹងផ្តល់សំណង បែបណា ទៅជនរងគ្រោះ និងសាច់ញាតិ ជនគ្រោះ ក្នុងហេតុការណ៍ ផ្ទុះកាំជ្រួច ខុសបច្ចេកទេស នៅឡើយ។ ចំណែក សង្គមស៊ីវិល, អ្នកវិភាគសង្គម, និងក្រុមគ្រួសារ ជនរងគ្រោះ បានដាក់បន្ទុក ឲ្យរដ្ឋាភិបាល ទទួលខុសត្រូវ លើរឿងនេះ។
ខណៈ ដែលរដ្ឋាភិបាល មិនទាន់បង្ហាញ ការទទួលខុសត្រូវ ណាមួយ លើហេតុការណ៍ ផ្ទុះកាំជ្រួច ដែលបណ្តាល ឲ្យយុវជនម្នាក់ ស្លាប់ និង៦នាក់ រងរបួសធ្ងន់, មន្រ្តី សង្គមស៊ីវិល, អ្នកវិភាគសង្គម, និងប្រជាពលរដ្ឋ បានដាក់បន្ទុក លើស្ថាប័ន ពាក់ព័ន្ធ, ជាពិសេស រដ្ឋាភិបាល, ត្រូវ ទទួលខុស ទាំងផ្នែក សំណង ផ្លូវច្បាប់ និងសំណង ថវិកា ជូនជនរងគ្រោះ, ព្រមទាំង គ្រួសារសព។
លោកបណ្ឌិត សុខ ទូច សកលវិទ្យាធិការ នៃសកវិទ្យាល័យ ខេមរៈ និងជាអ្នកតាមដាន ស្ថានការណ៍ សង្គម យល់ថា, អ្នក ដែលត្រូវ ទទួលខុសត្រូវ គឺ ក្រសួង និងស្ថាប័ន ពាក់ព័ន្ធ ជាពិសេស គឺ រដ្ឋាភិបាល។ លោក យល់ថា, រដ្ឋាភិបាល ត្រូវ ទទួលខុសត្រូវ លើរឿងនេះ បីចំណុច៖ គឺ ទទួលខុសត្រូវ លើសំណង ផ្លូវច្បាប់ និងលើការ ត្រួតពិនិត្យ នៃហេតុការណ៍ កើតឡើង ដែលនាំ ឲ្យមនុស្ស ស្លាប់ និងរបួសនេះ៖ «ជាការធ្វេសប្រហែស របស់ ស្ថាប័ន ដែលពាក់ព័ន្ធ ដែលគ្មាន សមត្ថភាព គ្រប់គ្រង នៅពេល ដែលកើត ជាយថាហេតុ។ មានតំបន់ខ្លះ ហាមឃាត់ ប្រជាជន ចូលអត់បាន ម៉េច? បើ ប្រជាជន ចូលបាន មានន័យ ថា, សមត្ថកិច្ចក ន្លែងហ្នឹង អត់មាន សមត្ថភាព។ ហេតុអី បានចូល កន្លែងហ្នឹងបាន, ប៉ុន្តែ យើង ត្រូវ មានដាក់វិន័យ។»
ហេតុការណ៍ បាញ់កាំជ្រួច ខុសក្បួន កាលពីយប់ ថ្ងៃទី២៩ ខែតុលា ដើម្បី អបអរសាទរ ខួបទី១០ នៃការឡើង គ្រងរាជ្យសម្បត្តិ នៃព្រះករុណា សម្តេច ព្រះបរមនាថ នរោត្កម សីហមុនី។ ការបាញ់កាំជ្រួចនោះ ធ្វើឡើង នៅត្រើយម្ខាង ដងទន្លេ ទល់មុខ ព្រះបរមរាជវាំង ស្ថិតខណ្ឌ ជ្រោយចង្វារ ក្បែរអគារ សណ្ឋាគារសុខា។
សមត្ថកិច្ច បានលើកឡើង ថា, ករណីនេះបណ្តាលមកពីប្រជាពលរដ្ឋចូលមើលកាំជ្រួចនៅកន្លែងហាមឃាត់។ ប៉ុន្តែទីតាំងដែលសាកសព ណាគ្រី ដារ៉ូ ដេកស្លាប់ក្នុងថ្លុកឈាមនោះ ស្ថិតនៅចម្ងាយប្រមាណ ២០០ម៉ែត្រពីកន្លែងបាញ់កាំជ្រួច ហើយនៅទីនោះមានប្រជាពលរដ្ឋលក់ដូរធម្មតា និងគ្មានដាក់របាំងដែកហាមឃាត់ទេ។
អ្នកស៊ើបអង្កេតជាន់ខ្ពស់នៃអង្គការសិទ្ធិមនុស្សលីកាដូ (Licadho) លោក អំ សំអាត បានប្រសាសន៍ថា នេះជាការធ្វេសប្រហែសរបស់ក្រសួងស្ថាប័នរដ្ឋាភិបាល។ លោក អំ សំអាត ដែលកំពុងតាមដានករណីនេះ បានទាមទារឲ្យរដ្ឋាភិបាលធ្វើការស៊ើបអង្កេតលើរឿងនេះឲ្យបាន ច្បាស់លាស់៖ «រដ្ឋាភិបាលត្រូវតែធ្វើការស៊ើបអង្កេតឲ្យបានដិតដល់ទៅលើបញ្ហា ទាំងអស់នេះ ដើម្បីចៀសវាងនូវឧបទ្ទវហេតុដែលកើតឡើងនៅថ្ងៃក្រោយ ដើម្បីបុណ្យផ្សេងៗទៀតយើងត្រូវតែពិនិត្យក្នុងការទិញកាំជ្រួច បាញ់មកអបអរសាទរនេះឲ្យបានត្រឹមត្រូវ។»
កញ្ញា អ៊ុំ ស្រីម៉ុច ប្រជាពលរដ្ឋរស់នៅខេត្តកណ្តាល យល់ថា ករណីនេះគឺរដ្ឋាភិបាលត្រូវតែផ្តល់សំណងយ៉ាងសមរម្យជូនជនរងគ្រោះ និងសាច់ញតិជនរងគ្រោះ ព្រោះហេតុការណ៍នេះជាការរៀបចំ និងការទទួលខុសត្រូវរបស់រដ្ឋាភិបាល។
កញ្ញា អ៊ុំ ស្រីម៉ុច ស្នើឲ្យសមត្ថកិច្ចពង្រឹងសុវត្តិភាពជូនប្រជាពលរដ្ឋនៅពេលមានពិធី បុណ្យជាតិធំៗ ជាពិសេស គឺនៅក្នុងពិធីបុណ្យអុំទូកខាងមុខនេះ៖ «បើ ខ្ញុំ! ខ្ញុំផ្ទាល់! ខ្ញុំគិតថា គួរណាស់រដ្ឋាភិបាលជាអ្នកទទួលខុសត្រូវ អ៊ីចឹងយើងគ្រាន់តែថា ជួយប៉ះប៉ូវ បើសិនណាប្រជាពលរដ្ឋធ្វើការរកចំណូលជួនក្រុមគ្រួសារ ឧបមាថា មួយខែបាន ២០០អ៊ីចឹង អ៊ីចឹងរាជរដ្ឋាភិបាលត្រូវជួយធ្វើម៉េច ត្រូវជួយផ្គត់ផ្គង់ក្រុមគ្រួសារគាត់វិញ ដូចជាម្តាយឪពុកគាត់ ឬក៏ប្អូនៗគាត់ដែលឋិតនៅក្រោមអាណាព្យាបាលគាត់អ៊ីចឹងទៀត។»
គិតមកទល់ថ្ងៃទី៣០ ខែតុលា សាកសពជនរងគ្រោះត្រូវបានគេដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅលំនៅឋាន នាភូមិចុងខ្សាច់ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្ដាល និងអ្នករបួសខ្លះកំពុងសម្រាកនៅក្នុងមន្ទីរពេទ្យនៅឡើយ។ រដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធមិនទាន់ចេញលិខិតថ្លែងការណ៍ ឬលិខិតសុំទោសចំពោះករណីនេះនៅឡើយទេ។
វិទ្យុអាស៊ីសេរី មិនទាន់អាចសុំការបំភ្លឺពីលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាអ្នកនាំពាក្យរាជរដ្ឋាភិបាល ព្រមទាំងអ្នកនាំពាក្យស្ថាប័នពាក់ព័ន្ធមួយចំនួនទៀតបាននៅឡើយ នៅថ្ងៃទី៣០ ខែតុលា។
ចំណែកអ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង មានប្រសាសន៍ថា ការទទួលខុសត្រូវក្នុងរឿងនេះគឺថ្នាក់ជាតិ ដែលក្នុងនោះរួមមានក្រសួងមហាផ្ទៃ និងទីចាត់ការហ្វឹកហ្វឺននៃអគ្គសេនាធិការដ្ឋានកងយោធពលខេមរភូមិន្ទ។ លោកថា សាលារាជធានីភ្នំពេញ គ្រាន់តែជាផ្នែកមួយនៃការសហការប៉ុណ្ណោះ។ ទោះបែបនេះក្តី លោក ឡុងឌីម៉ង ឲ្យដឹងថា សាលារាជធានីមានថវិកាមួយចំនួនជូនជនរងគ្រោះ និងគ្រួសារសព៖ «យើង ពិបាកដឹងដែរ ដោយសារទីតាំងចំណុចហ្នឹង។ បើនិយាយពីការបែងចែកទទួលខុសត្រូវ គឺទុកជូនទៅខាងថ្នាក់ជាតិហើយ ដូច្នេះ ការទទួលខុសត្រូវរបស់អាជ្ញាធររាជធានីមានមួយផ្នែក គឺក្នុងការសហការ ក្នុងការដែលកៀងប្រជាពលរដ្ឋឲ្យចេញពីតំបន់ជុំវិញបាញ់កាំជ្រួច ហ្នឹង។»
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ មិនទាន់បញ្ជាក់ឲ្យដឹងថា ក្រសួងមហាផ្ទៃ នឹងទទួលខុសត្រូវលើករណីនេះក្នុងកម្រិតណានោះទេ។
ព័ត៌មានចុងក្រោយ៖
អភិបាលរងសាលារាជធានីភ្នំពេញ លោក ឃួង ស្រេង បានឲ្យដឹងថា សាលារាជធានីភ្នំពេញ បានយកថវិការបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅជូនគ្រួសារសព និងជនរងគ្រោះដទៃទៀត។ លោកថា គ្រួសារសពទទួលបានចំនួន ២លានរៀល អ្នករបួសធ្ងន់ទទួលបានថវិកាចំនួន ២លានរៀលដែរ ចំណែកអ្នករងរបួសស្រាលទទួលបានថវិកាម្នាក់ៗចំនួន ១លានរៀល៕
No comments:
Post a Comment