Paris Peace Accords 23 Oct. 1991

Wednesday, October 15, 2014

សម្ភាស​លោក ប្រេដ អាដាម ករណី​លោក ហ៊ុន សែន ចោទ​ថា​, អនុវត្ត​ ស្តង់ដារ ​ពីរ | Interview with Brad Adams whom Hun Sen accuses of double standard

សម្ភាស​លោក ប្រេដ អាដាម ករណី​លោក ហ៊ុន សែន ចោទ​ថា​, អនុវត្ត​ ស្តង់ដារ ​ពីរ

RFA / ​វិទ្យុ ​អាស៊ី សេរី | ១៤ តុលា ២០១៤
ប្រែត អាដាម (Brad Adams) ៦១០
នាយក​ប្រតិបត្តិ ​ទទួល​បន្ទុក​ កិច្ចការ ​តំបន់​អាស៊ី របស់ ​អង្គការ​ ឃ្លាំ​មើល​ សិទ្ធិ​មនុស្ស​ អន្តរជាតិ (យូមែន រ៉ៃត៍ វច្ឆ៍, Human Rights Watch) លោក ប៊្រែដ អាដាម (Brad Adams) ក្នុង​បន្ទប់​ផ្សាយ​ របស់ ​វិទ្យុ ​អាស៊ី សេរី នា​ទីក្រុង​ វ៉ាស៊ីនតោន (Washington, D.C.) សហរដ្ឋ​ អាមេរិក កាល​ពី​ថ្ងៃ​ ទី២៨ ខែ​មិថុនា ឆ្នាំ​២០១៣។  Photo: RFA

លោក​ នាយក​រដ្ឋមន្ត្រី ហ៊ុន សែន រិះ​គន់ លោក ប្រេដ អាដាម (Brad Adams) នាយក ​អង្គការ​ ឃ្លាំ​មើល​ សិទ្ធិ​មនុស្ស​ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ទទួល​បន្ទុក ​ផ្នែក​អាស៊ី ថា, ជា​ភ្នាក់ងារ ​សិទ្ធិ​មនុស្ស​ម្នាក់ ​អនុវត្ត​ស្តង់ដារ​ ពីរ (double standard), គឺ​ ជា​មនុស្ស ​ដែល​អនុវត្ត​ គោលការណ៍ ​មិន​ស្មើ​គ្នា, រិះ​គន់​តែ​ បញ្ហា​សិទ្ធិ​មនុស្ស​ នៅ​ក្នុង​ប្រទេស​ ដទៃ, ប៉ុន្តែ​ ការ​រំលោភ​ សិទ្ធិ​មនុស្ស​ កើត​មាន ​នៅ​ក្នុង​ប្រទេស​ របស់ ​ខ្លួន​ឯង, គឺ ​សហរដ្ឋ​ អាមេរិក, មិន​រិះ​គន់​ទេ។

តើ លោក ប្រេដ អាដាម ឆ្លើយ​តប​ យ៉ាង​ណា​ ចំពោះ ​ការ​ចោទ​ប្រកាន់ ​នេះ?

សូម ​អញ្ជើញ​ស្តាប់​ ការ​បកស្រាយ ​របស់លោក ប្រេដ អាដាម តាម​ការ​សាកសួរ​ របស់លោក ជី វិតា ដែល​មាន​ សេចក្តី​ ដូច​ត​ទៅ៖

លោក ជី វិតា៖ ជម្រាប​សួរ លោក ប្រេដ អាដាម   មន្ត្រី​រដ្ឋាភិបាល​ កម្ពុជា និយាយ ​ថា, លោក ​តែង​តែ​ រិះ​គន់ ​រដ្ឋាភិបាល​ កម្ពុជា ជាប់​ជានិច្ច។  ពួក​គេ​ ថា, លោក ​មើល​ឃើញ ​រដ្ឋាភិបាល​ កម្ពុជា តែ ​ក្នុង​ផ្លូវ​អាក្រក់, ពោល គឺ​ មិន​ដែល​ល្អ​ ត្រង់​ណា​ទេ។  តើ​ លោក ​ឆ្លើយ​យ៉ាង​ណា​ដែរ?

លោក ប្រេដ អាដាម៖ ខ្ញុំ​ ធ្វើ​កិច្ចការ​ ជា​សកម្មជន ​សិទ្ធិ​មនុស្ស។  មុខងារ ​របស់​ខ្ញុំ គឺ​ ពិនិត្យ​មើល​ ហេតុការណ៍​ពិត ​ដែល​កើត​ឡើង។  ខ្ញុំ​ ពិនិត្យ​មើល និង​បញ្ចេញ​យោបល់ ​លើ​ស្ថានភាព​ សិទ្ធិ​មនុស្ស ​នៅ​ក្នុង​ប្រទេស ​ចំនួន ​១៦ ជុំវិញ​ តំបន់​អាស៊ី។  ខ្ញុំ​ ត្រួត​មើល​ ការងារ​នេះ ​ចាប់​ពី​ប្រទេស​ អាហ្វហ្គានីស្ថាន រហូត ​ដល់​ប្រទេស​ កូរ៉េ​ ខាង​ជើង។  នៅ​ពេល​ យើង ​ឃើញ​រដ្ឋាភិបាល​ ធ្វើ​កិច្ចការ ​វិជ្ជមាន ឬ​ធ្វើ​កិច្ចការ​ ការពារ​ ប្រជាពលរដ្ឋ, យើង​ ស្វាគមន៍ និង​លើក​ទឹក​ចិត្ត។  នៅ​ពេល ​រដ្ឋាភិបាល ​រំលោភ​សិទ្ធិ ​ប្រជាពលរដ្ឋ, យើង​ សម្ដែង​មតិ​ ប្រឆាំង។  យើង ​ទាមទារ​ ឲ្យបញ្ឈប់​ ការ​រំលោភ​នោះ។

សម្រាប់​ នៅ​ក្នុង​ប្រទេស​ កម្ពុជា វិញ, រដ្ឋាភិបាល ​រំលោភ​សិទ្ធិ​ ប្រជាពលរដ្ឋ​ កម្ពុជា ជា​លក្ខណៈ​ ប្រព័ន្ធ។   រាប់​ទសវត្សរ៍​ មក​ហើយ អ្នក​រំលោភ​ សិទ្ធិ​មនុស្ស ​នៅ​ក្នុង​ប្រទេស​នេះ តែង ​ទទួល​បាន​ និទ្ទណ្ឌភាព ឬ​រួច​ខ្លួន ​ពី​ការ​ ផ្ដន្ទាទោស។  ឧទាហរណ៍​ ថ្មីៗ​នេះ, កម្មករ និង​សកម្មជន ​សហជីព ត្រូវ​ បាន​តុលាការ ​ចោទ​ប្រកាន់ ទាក់ទង ​នឹង​ការ​ធ្វើ​ បាតុកម្ម ​កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១៣ និង​ខែ​មករា ឆ្នាំ​នេះ នៅ​ពេល​កម្មករ ​ធ្វើ​កូដកម្ម​ ទាមទារ​ ដំឡើង ​ប្រាក់​ខែ​គោល, ហើយ​ ពួក​គេ ​ត្រូវ​ បាន​កម្លាំង ​រដ្ឋាភិបាល ​បង្ក្រាប។  ចំណែក​ កម្លាំង ​កង​រាជ​អាវុធហត្ថ និង​ក្រុម​ទាហាន ​នៃ​អង្គភាព​ ឆត្រ​យោង​ ៩១១ ដែល​យើង​ បាន​ឃើញ ​វាយ​បង្ក្រាប​ កម្មករ ​វិញ​នោះ មិន​ត្រូវ​ បាន​តុលាការ​ កោះ​ហៅ​ មក​សាកសួរ​ នោះ​ទេ។  មិន​ត្រឹម​តែ​ មិន​ត្រូវ ​បាន​តុលាការ​ ចោទ​ប្រកាន់ ​អំពី​ ការ​វាយ​បង្ក្រាប​ បាញ់​សម្លាប់​ កម្មករ​ ប៉ុណ្ណោះ​ទេ, ប៉ុន្តែ​ យើង ​ឃើញ​រដ្ឋាភិបាល​ កម្ពុជា ថែម​ទាំង​ បាន​ផ្តល់​រង្វាន់​ លើក​ទឹក​ចិត្ត​ ដល់​កង​កម្លាំង​ សន្តិសុខ​ រដ្ឋាភិបាល ​ទាំង​នេះ​ ទៀត​ផង ដោយ​បញ្ជាក់ ​ថា, ពួក​គេ​ បាន​ធ្វើ​ កិច្ចការ​ បាន​ល្អ​ វិសេសវិសាល។  នេះ គឺ​ ជា​ទង្វើ​ លើក​ស្ទួយ​ និទ្ទណ្ឌភាព, ជា​ទង្វើ​ លើក​ទឹក​ចិត្ត ​នូវ​ការ​ ដែល​ពួក​គេ​ បាន​បាញ់​សម្លាប់ ​កម្មករ, ហើយ ​ដែល​អ្នក​ខ្លះ​ ពាក់ព័ន្ធ​ នឹង​ឧក្រិដ្ឋកម្ម​ ទៀត​ផង។

ដូច្នេះ នៅ​ពេល​ឃើញ ​នូវ​អំពើ​ បែបៗ​ នេះ​ហើយ, វា​ ពិបាក​ណាស់​ សម្រាប់​ខ្ញុំ​ ក្នុង​ការ ​រាយការណ៍​ ថា, រដ្ឋាភិបាល​ កម្ពុជា កំពុង​ ដើរ​លើ​ផ្លូវ​ វិជ្ជមាន​នោះ។  ការ​ពិត​ទៅ, ខ្ញុំ​ ចង់​ណាស់, ចង់​រាយការណ៍​ ថា, រដ្ឋាភិបាល​ កម្ពុជា កំពុង​ ចាត់​វិធានការ តាម​ផ្លូវ​ច្បាប់ ដើម្បី​ បញ្ឈប់​ អំពើ ​រំលោភ​ សិទ្ធិ​មនុស្ស ​ដោយ​កម្លាំង ​សន្តិសុខ របស់​ រដ្ឋាភិបាល។  ដូច្នេះ ប្រសិន​បើ​ នៅ​ពេល​ណា​ មាន​អំពើ ​រំលោភ​ សិទ្ធិ​មនុស្ស, ហើយ ​រដ្ឋាភិបាល​ កម្ពុជា ចាត់​វិធានការ​ តាម​ផ្លូវ​ច្បាប់ ឲ្យ​ភ្នាក់ងារ​ រដ្ឋ ​ដែល​ល្មើស​ច្បាប់ ទទួល​ខុស​ត្រូវ​ នូវ​អំពើ​ របស់ ​ខ្លួន​ហើយ, ខ្ញុំ​ នឹង​ជា​មនុស្ស​ ដំបូង​គេ ដើម្បី ​និយាយ​សរសើរ​ ដល់​រដ្ឋាភិបាល​ កម្ពុជា។

លោក ជី វិតា៖ លោក​ នាយក​រដ្ឋមន្ត្រី ហ៊ុន សែន លើក​ឡើង​ថា លោក​មើល​ឃើញ​តែ​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ប៉ុន្តែ​មិន​ឃើញ​រិះ​គន់​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​សហរដ្ឋ​អាមេរិក ទេ ពោល​គឺ​លោក​ជា​មន្ត្រី​សិទ្ធិ​មនុស្ស​ដែល​មាន​ស្តង់ដារ​ពីរ អនុវត្ត​គោលការណ៍​មិន​អោយ​ដូច​គ្នា។ ជា​ឧទាហរណ៍ លោក​នាយក​រដ្ឋមន្ត្រី​មាន​ប្រសាសន៍​ថា ការ​ប្រើ​កម្លាំង​ប៉ូលិស​បង្ក្រាប​ទៅ​លើ​បាតុករ​នៅ​ទីក្រុង​ហ្វឺហ្កូសសាន់ (Ferguson) ក្នុង​រដ្ឋ​មិសសូរី (Missouri) សហរដ្ឋ​អាមេរិក បន្ទាប់​ពី​មន្ត្រី​ប៉ូលិស​អាមេរិក​ស្បែក​ស​ម្នាក់ បាញ់​សម្លាប់​យុវជន​ស្បែក​ខ្មៅ​ម្នាក់​ឈ្មោះ ម៉ៃខល ប្រោន (Michael Brown) កាល​ពី​ថ្ងៃ​ទី​៩ សីហា កន្លង​ទៅ។ ចំពោះ​ព្រឹត្តិការណ៍​នេះ លោក ហ៊ុន សែន ថា លោក​នៅ​ស្ងៀមស្ងាត់​មិន​បញ្ចេញ​ប្រតិកម្ម​អ្វី​សោះ។

សូម​អញ្ជើញ​ស្តាប់​ប្រសាសន៍​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​លើក​ឡើង​អំពី​រឿង​នេះ កាល​ពី​ថ្ងៃ​ទី​២១ ខែ​សីហា ឆ្នាំ​២០១៤៖ «នៅ ​អាមេរិក គ្រាន់​តែ​បាតុករ​គប់​ដប​ទឹក​សុទ្ធ​ដាក់​សមត្ថកិច្ច ត្រូវ​ចាប់​ខ្លួន​ភ្លាមៗ។ អាមេរិក ដូច​អត់​ថា​អី។ ដល់​មក​ដល់​ស្រុក​យើង គេ​ដុត​ឡាន គេ​គប់​ដុំ​ថ្ម បាញ់​ចំពាម​គ្រាប់​ដែក ដល់​យើង​គ្រប់គ្រង​ស្ថានការណ៍ គេ​ថា​យើង​រំលោភ​សិទ្ធិ​មនុស្ស។ ខ្ញុំ​មិន​ថា​ដៀមដាម​អី​អោយ​អាមេរិក​ទេ ប៉ុន្តែ​ស្តង់ដារ​ខុស​គ្នា។ យើង​បាន​ចាត់​វិធានការ​សុវត្ថិភាព​សម្រាប់​ពលរដ្ឋ​ទូទៅ ត្រឹម​តែ​បិទ​ដី​ជាង​កន្លះ​ហិកតារ​បន្តិច ថា​ផ្អាក​អា​ហ្នឹង​សិន ដោយសារ​តែ​ឃើញ​មាន​បញ្ហា គេ​ថា​យើង​រំលោភ​សិទ្ធិ​បញ្ចេញ​មតិ។ ដល់​អាមេរិក ដាក់​បំរាម​គោចរ​ពេញ​ម៉ា​ទីក្រុង ទៅ​ជា​អត់​អី។ ឥឡូវ​យើង​បកស្រាយ​ថា​ម៉េច​ហ្អក? តែ​អា​ហ្នឹង​ទុក​អោយ​អាមេរិក​ដោះស្រាយ​ខ្លួន​ឯង​ចុះ។ ហើយ​ស្រុក​អាមេរិក មិន​ងាយ​មាន​បាតុកម្ម​កើត​ឡើង​បែប​ហ្នឹង​ទេ។ ប៉ុន្តែ​អា​នេះ​កង​ត្រាច​កង​ធ្នង់។ ថ្ងៃ​នេះ​ប៉ះ​យើង ថ្ងៃ​ស្អែក​ប៉ះ​គេ។ រឿង​វា​អ៊ីចឹង។ អ៊ីចឹង​យើង​ត្រូវ​មាន​ស្តង់ដារ​មួយ​អោយ​ពិត​ប្រាកដ។ ដល់​គេ គេ​ធើ​ថា គេ​អ៊ីចេះ​គេ​អ៊ីចេះ ដើរ​ប្រដៅ​គេ។ ឥឡូវ​ខ្ញុំ​មិន​ទាន់​ឮ​អា​អ្នក​ដែល​ស្រែក​មក​យើង​នែ ជា​ពិសេស ប្រេដ អាដាម ស្រែក​ទៅ​រដ្ឋការ អូបាម៉ា (Obama) យ៉ាង​ម៉េច ប្រេដ អាដាម។ អ៊ីចឹង​អា​នោះ (អាច) ឆ្លើយ​មក​ថា ទេ​អញ​ធ្វើ​សិទ្ធិ​មនុស្ស​រឿង​អាស៊ី​ទេ​តើ (សើច)។ ចាំ​មើល! នឹង​ដោះស្រាយ​តាម​ច្រក​ហ្នឹង (គឺ​ថា) អញ​ធ្វើ​សិទ្ធិ​មនុស្ស​រឿង​អាស៊ី​ទេ​តើ អញ​មិន​មែន​ធ្វើ​សិទ្ធិ​មនុស្ស​នៅ​អាមេរិក​ឯណា។ នោះ​គឺ​ជនជាតិ​អាមេរិក​ចំ។ នៅ​លើ​ពិភពលោក​គ្មាន​ទេ​ស៊ិងហ្គឹល​ស្តង់ដារ (Single Standard) មាន​តែ​ដប់ប៊ល​ស្តង់ដារ (Double Standard) ឬ​រហូត​ដល់​ទ្រិបពោល​ស្តង់ដារ (Triple Standard)»

លោក ជី វិតា៖ តើ​លោក​ឆ្លើយ​តប​បែប​ណា​ដែរ?

លោក ប្រេដ អាដាម៖ បើ​តាម​ខ្ញុំ​ដឹង លោក ហ៊ុន សែន និយាយ​ត្រូវ​ត្រង់​ថា ខ្ញុំ​ជា​មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អង្គការ​យូមែន រ៉ៃត៍ វ៉ច្ឆ ទទួល​បន្ទុក​ផ្នែក​អាស៊ី។ ដូច្នេះ កិច្ចការ​របស់​ខ្ញុំ គឺ​រាយការណ៍​ពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​តំបន់​អាស៊ី។ ប៉ុន្តែ​ជា​ការ​ពិត ខ្ញុំ​មាន​ការ​ព្រួយ​បារម្ភ​ណាស់​អំពី​ហេតុការណ៍​ដែល​កើត​ឡើង​នៅ​ក្នុង​រដ្ឋ ​មិសសូរី (Missouri) សហរដ្ឋ​អាមេរិក។ ទោះ​ជា​យ៉ាង​ណា អង្គការ​សិទ្ធិ​មនុស្ស​យូមែន រ៉ៃត៍ វ៉ច្ឆ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ជាច្រើន​អំពី​ហេតុការណ៍​ដែល​បាន​កើត​ឡើង​នៅ​ រដ្ឋ​មិសសូរី (Missouri) និង​ភាព​ឃោរឃៅ​របស់​ប៉ូលិស​ជាទូទៅ​នៅ​សហរដ្ឋ​អាមេរិក។ ខ្ញុំ​បាន​ធំ​ដឹង​ក្តី​នៅ​ទីក្រុង​ឡសអេនចេល្លេស (Lose Angeles) ជា​ទី​ដែល​មាន​អំពើ​ឃោរឃៅ​របស់​ប៉ូលិស​តែង​កើត​មាន​ឡើង។ ជា​ញឹកញាប់ អំពើ​ឃោរឃៅ​របស់​ប៉ូលិស​នៅ​ពេល​នោះ ពាក់ព័ន្ធ​ទៅ​នឹង​ការ​ប្រកាន់​ជាតិ​សាសន៍។ យើង​ឃើញ​ប៉ូលិស​បង្ក្រាប​វាយ​ដំ​ទៅ​លើ​ពលរដ្ឋ​អាមេរិកកាំង​ស្បែក​ខ្មៅ​ច្រើន ​ណាស់ នៅ​ទីក្រុង​ឡសអេនចេល្លេស (Lose Angeles)។ ខ្លួន​ខ្ញុំ​ផ្ទាល់ បាន​ដើរ​ក្បួន​តវ៉ា និង​ចូលរួម​យ៉ាង​សកម្ម​ប្រឆាំង​នឹង​ការ​បង្ក្រាប​របស់​ប៉ូលិស​នៅ​សហរដ្ឋ​ អាមេរិក។ ខ្ញុំ​រីករាយ​ណាស់​ដែល លោក ហ៊ុន សែន លើក​រឿង​នេះ​ឡើង។ ដូច​បាន​និយាយ​ហើយ អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ​យូមែន រ៉ៃត៍ វ៉ច្ឆ និង​ខ្លួន​ខ្ញុំ​ផ្ទាល់ គឺ​ប្រឆាំង​នឹង​អំពើ​ឃោរឃៅ​របស់​ប៉ូលិស​នៅ​សហរដ្ឋ​អាមេរិក។

ទាក់ទង​នឹង​ការ​ចោទ​ថា ខ្ញុំ​មើល​ឃើញ​តែ​បញ្ហា​គេ តែ​បញ្ហា​ក្នុង​ប្រទេស​ខ្លួន​ឯង​មើល​មិន​ឃើញ​នោះ សូម​បញ្ជាក់​ថា អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ បាន​បោះពុម្ព​ផ្សាយ​អំពី​ស្ថានភាព​សិទ្ធិ​មនុស្ស​កើត​ឡើង​ក្នុង​សហរដ្ឋ​ អាមេរិក​ច្រើន​ជាង​នៅ​ប្រទេស​ណាៗ​ទាំងអស់​លើ​ពិភពលោក​នេះ។ បើ​ទោះ​ជា​ខ្ញុំ​គិត​ថា ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​សហរដ្ឋ​អាមេរិក វា​មិន​អាក្រក់​ជាង​គេ​នៅ​ក្នុង​ពិភពលោក​នេះ​ក៏ដោយ ក៏​យើង​គិត​ថា សហរដ្ឋ​អាមេរិក ក៏​ត្រូវ​ការ​ការ​ឃ្លាំ​មើល​ដែរ។ ខ្ញុំ​ចង់​ជូន​ឧទាហរណ៍​អោយ​លោក​យល់​ថា ខ្ញុំ​ជា​ញឹកញាប់​តែង​រិះ​គន់ លោក ហ៊ុន សែន ផ្ទាល់។ ពិត​ណាស់ គឺ​យើង​រិះ​គន់​មេ​ដឹក​នាំ​រដ្ឋាភិបាល នៅ​ពេល​ពួក​គេ​ពាក់ព័ន្ធ​នឹង​ការ​រំលោភ​សិទ្ធិ​មនុស្ស មិន​ថា​នៅ​ក្នុង​ប្រទេស​ណា​ឡើយ។

អង្គការ​សិទ្ធិ​មនុស្ស​យូមែន រ៉ៃត៍ វ៉ច្ឆ បាន​អំពាវនាវ​អោយ​មាន​ការ​ជំនុំ​ជម្រះ និង​ផ្ដន្ទាទោស លោក ចច ប៊ូស (George Bush) នៅ​ពេល​គាត់​ជា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក និង​លោក ដូណាល់ រ៉ាំហ្វេល (Donald Rumsfeld) នៅ​ពេល​គាត់​ធ្វើ​ជា​រដ្ឋមន្ត្រី​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក ចំពោះ​បទឧក្រិដ្ឋ​ទាំង​ឡាយ​ដែល​បាន​កើត​ឡើង​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់ និង​ក្នុង​ប្រទេស​ផ្សេងៗ​ទៀត។ ដូច្នេះ យើង​មិន​បាន​ញញើត ឬ​ស្ទាក់ស្ទើរ​ក្នុង​ការ​រិះ​គន់​អ្នក​កាន់​អំណាច​ដ៏​មាន​ឥទ្ធិពល​នៅ​លើ​លោក ​នេះ​ឡើយ។ គឺ​យើង​ធ្វើ​កិច្ចការ​របស់​យើង​ដោយ​មិន​មាន​ពុតត្បុត​អ្វី​ទេ។ យើង​ចង់​អោយ​មាន​ការ​គោរព​សិទ្ធិ​មនុស្ស និង​យុត្តិធម៌ កើត​មាន​គ្រប់​ទីកន្លែង​ទាំងអស់។ មិន​ថា​ឡើយ​ប្រទេស​មហា​អំណាច​ដូច​សហរដ្ឋ​អាមេរិក ឬ​ប្រទេស​តូច​ដូចជា​កម្ពុជា ឡើយ។

លោក ជី វិតា៖ តើ​វា​ខុស​ប្លែក​គ្នា​យ៉ាង​ណា​ដែរ​រវាង​ហេតុការណ៍​ប៉ូលិស​អាមេរិក បង្ក្រាប​បាតុករ​នៅ​ក្នុង​រដ្ឋ​មិសសូរី (Missouri) សហរដ្ឋ​អាមេរិក និង​ហេតុការណ៍​ប៉ូលិស​ខ្មែរ​បង្ក្រាប​បាតុករ​នៅ​ប្រទេស​កម្ពុជា?

លោក ប្រេដ អាដាម៖ រាល់​ហេតុការណ៍​ដែល​បាន​កើត​ឡើង​វា​មាន​ភាព​ខុស​ប្លែក​គ្នា ដែល​ត្រូវ​អោយ​មាន​ការ​ស៊ើប​អង្កេត​អោយ​បាន​ស៊ី​ជម្រៅ និង​ដោយ​ឯករាជ្យ។ ចំពោះ​ហេតុការណ៍​ដែល​កើត​ឡើង​នៅ​ក្នុង​រដ្ឋ​មិសសូរី (Missouri) សហរដ្ឋ​អាមេរិក មនុស្ស​ម្នា​ដែល​តាម​ដាន​រឿង​នេះ​នៅ​មាន​ការ​យល់​ឃើញ​ផ្សេងៗ​គ្នា។ អ្នក​ខ្លះ​ថា ជន​រងគ្រោះ​ជា​បុរស​វ័យ​ក្មេង​ស្បែក​ខ្មៅ ដែល​ត្រូវ​ប៉ូលិស​បាញ់​ស្លាប់​នោះ គឺ​បាន​ព្យាយាម​ចូល​ទៅ​ក្នុង​ឡាន​ប៉ូលិស ហើយ​ប៉ូលិស​រូប​នោះ​ដើម្បី​ការពារ​ខ្លួន ប៉ូលិស​ក៏​បាញ់​ទៅ។ អ្នក​ផ្សេង​យល់​ថា ជន​រងគ្រោះ​បាន​ដើរ​ចេញ​ពី​ឡាន​ប៉ូលិស​ហើយ ហើយ​បែរ​មុខ​បក​មក​វិញ ក៏​ត្រូវ​ប៉ូលិស​បាញ់​តែ​ម្តង។ ចំពោះ​ខ្ញុំ​វិញ ខ្ញុំ​អត់​ដឹង​ហេតុការណ៍​កើត​ឡើង​យ៉ាង​ម៉េច​ទេ ពីព្រោះ​ខ្ញុំ​មិន​មែន​ជា​អ្នក​ស៊ើប​អង្កេត​រឿង​នេះ​ដោយ​ផ្ទាល់។

អ្វី​ដែល​ខ្ញុំ​អាច​និយាយ​បាន​អំពី​កម្ពុជា វិញ​នោះ គឺ​ថា ហេតុការណ៍​ដែល​បាន​កើត​ឡើង​នៅ​ថ្ងៃ​ទី​២ និង​ទី​៣ ខែ​មករា ឆ្នាំ​២០១៤ គឺ​កម្លាំង​អាជ្ញាធរ​បាន​វាយ​បង្ក្រាប​ទៅ​លើ​បាតុករ។ បន្ទាប់​មក បាតុករ​ខ្លះ​គប់​ដុំ​ថ្ម និង​ដប​ទឹក​ត្រឡប់​ទៅ​វិញ។ ប៉ុន្តែ​កម្លាំង​ប៉ូលិស​បាន​ប្រើ​អាវុធ​ប្រល័យ​ជីវិត បាញ់​តប​ទៅ​ពួក​បាតុករ​វិញ ដែល​ក្រុម​អង្កេត​របស់​ខ្ញុំ និង​ក្រុម​អង្កេត​ដទៃ​ទៀត​រក​ឃើញ​ច្បាស់​ថា ស្ថានការណ៍​នា​ពេល​នោះ មិន​មាន​ការ​ចាំបាច់​ប្រើប្រាស់​អាវុធ​បាញ់​ទៅ​លើ​បាតុករ ដើម្បី​ការពារ​ខ្លួន​ឡើយ។ ពេល​នោះ ប៉ូលិស​អាច​ដក​ថយ​យ៉ាង​ងាយ​បំផុត។

ចំពោះ​ព្រឹត្តិការណ៍​ដែល​កើត​ឡើង​នៅ​រដ្ឋ​មិសសូរី (Missouri) សហរដ្ឋ​អាមេរិក វិញ យើង​មិន​ទាន់​ដឹង​ថា ហេតុការណ៍​នោះ​កើត​ឡើង​របៀប​ម៉េច​ទេ ដោយសារ​រឿង​នេះ​កំពុង​ស្ថិត​ក្នុង​ការ​ស៊ើប​អង្កេត។ ប៉ុន្តែ​បើ​ទោះ​ជា​យុវជន ម៉ៃខល ប្រោន (Michael Brown) អាច​បាន​ប្រើ​ហិង្សា​ណា​មួយ​ទៅ​លើ​មន្ត្រី​ប៉ូលិស​រូប​នោះ​ក៏ដោយ ក៏​មន្ត្រី​ប៉ូលិស​នោះ​គួរ​តែ​បាន​ប្រើ​វិធី​ដក​ថយ។ ហើយ​នៅ​មាន​វិធី​ផ្សេងៗ​ទៀត ដែល​មិន​ផ្តាច់​ជីវិត​មនុស្ស ដែល​មន្ត្រី​ប៉ូលិស​គួរ​បាន​អនុវត្ត ជា​ជាង​ប្រើ​កាំភ្លើង​បាញ់​សម្លាប់​គាត់​នៅ​ពេល​នោះ។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ អ្វី​ដែល​ខុស​គ្នា​រវាង​នៅ​សហរដ្ឋ​អាមេរិក និង​នៅ​កម្ពុជា នោះ គឺ​ថា នៅ​សហរដ្ឋ​អាមេរិក ដូចជា​ព្រឹត្តិការណ៍​នៅ​រដ្ឋ​មិសសូរី (Missouri) នេះ ជា​ឧទាហរណ៍ សាធារណជន​មាន​សេចក្តី​សង្ឃឹម ឬ​រំពឹង​ថា ការ​ស៊ើប​អង្កេត​ស្វែងរក​ការ​ពិត​ដោយ​ឯករាជ្យ​មួយ នឹង​ត្រូវ​ធ្វើ​ឡើង ហើយ​ប្រសិន​បើ​លទ្ធផល​ស៊ើប​អង្កេត​បង្ហាញ​ថា មន្ត្រី​ប៉ូលិស​ដែល​បាញ់ លោក ម៉ៃខល ប្រោន (Michael Brown) នោះ​រំលោភ​ច្បាប់​ព្រហ្មទណ្ឌ មន្ត្រី​ប៉ូលិស​រូប​នោះ​នឹង​ត្រូវ​ចោទ​ប្រកាន់​តាម​ផ្លូវ​ច្បាប់។ រីឯ​នៅ​កម្ពុជា វិញ រហូត​មក​ដល់​ពេល​នេះ យើង​មិន​ឃើញ​មាន​សញ្ញា​នៃ​ការ​ស៊ើប​អង្កេត​ឯករាជ្យ​ណា​មួយ​កើត​ឡើង​នៅ​ឡើយ ហើយ​ក៏​ច្បាស់​ណាស់​ថា នឹង​មិន​មាន​ឡើយ។ មិន​ត្រឹម​តែ​មិន​មាន​ការ​ស៊ើប​អង្កេត​ដោយ​ឯករាជ្យ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ថែម​ទាំង​បាន​ចាប់​បាតុករ ២៣​នាក់ យក​ទៅ​ឃុំ​ដោយ​ខុស​ច្បាប់ ដាក់​អោយ​រស់នៅ​ក្នុង​លក្ខខណ្ឌ​អាក្រក់​អស់​រយៈពេល ៤​ខែ នៅ​ខេត្ត​កំពង់ចាម ទៀត​ផង។ ហើយ​ឥឡូវ យើង​ឃើញ​មាន​ការ​ចោទ​ប្រកាន់​សកម្មជន និង​មន្ត្រី​សហជីព​ថែម​ទៀត​ផង។

នៅ​សហរដ្ឋ​អាមេរិក ប្រាកដ​ណាស់​យើង​មិន​មាន​ប្រព័ន្ធ​យុត្តិធម៌​ដ៏​ល្អ​ឥត​ខ្ចោះ​នោះ​ទេ។ ខ្ញុំ​ផ្ទាល់ និង​អង្គការ​សិទ្ធិ​មនុស្ស​យូមែន រ៉ៃត៍ វ៉ច្ឆ តែង​រិះ​គន់​រដ្ឋាភិបាល​នៃ​ប្រទេស​មហា​អំណាច​នេះ។ ទោះ​ជា​យ៉ាង​ណា នៅ​សហរដ្ឋ​អាមេរិក គេ​មាន​ប្រព័ន្ធ​ជួយ​ការពារ​សិទ្ធិ​របស់​ជន​រងគ្រោះ ប៉ុន្តែ​នៅ​កម្ពុជា វិញ ស្ទើរ​តែ​មិន​ឃើញ​មាន​ឡើយ។ យើង​ឃើញ​មាន​តែ​ប្រព័ន្ធ​នយោបាយ​ត្រួតត្រា និង​គ្រប់គ្រង​ដោយ​នាយក​រដ្ឋមន្ត្រី និង​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​ប៉ុណ្ណោះ។

លោក ជី វិតា៖ ជា​ចុង​ក្រោយ តើ​លោក​មាន​អ្វី​បន្ថែម​ទេ?

លោក ប្រេដ អាដាម៖ ខ្ញុំ​ថា លោក ហ៊ុន សែន ទៅ​វិញ​ទេ​ជា​មេ​ស្តង់ដារ​ពីរ។ គឺ​ស្តង់ដារ​មួយ​សម្រាប់​ខ្លួន​គាត់ និង​កម្លាំង​សន្តិសុខ​របស់​គាត់។ ស្តង់ដារ​មួយ​ទៀត គឺ​សម្រាប់​មនុស្ស​ទូទៅ​នៅ​ក្នុង​ប្រទេស។ នេះ​ហើយ​ជា​បញ្ហា​ដែល​បង្ក​ការ​លំបាក​ដល់​ពលរដ្ឋ។ ពលរដ្ឋ​ក្រីក្រ​រស់នៅ​តាម​ខេត្ត ដែល​ដីធ្លី និង​ផ្ទះ​សម្បែង​របស់​ពួក​គាត់ ត្រូវ​បាន​រឹប​អូស​យក មាន​ការ​លំបាក​ណាស់​ក្នុង​ការ​ការពារ​ទ្រព្យ​សម្បត្តិ​របស់​ខ្លួន ពីព្រោះ​ងាក​ទៅ​រក​តុលាការ​អោយ​ជួយ តុលាការ​មិន​ឯករាជ្យ ងាក​ទៅ​រក​ប៉ូលិស​អោយ​ជួយ ប៉ូលិស​មិន​ឯករាជ្យ ហើយ​ងាក​ទៅ​រក​រដ្ឋាភិបាល​ដែល​មាន​កាតព្វកិច្ច​ការពារ​ពលរដ្ឋ​នោះ បែរ​ជា​រំលោភ​សិទ្ធិ​របស់​ពួក​គេ​ទៅ​វិញ។




No comments:

Post a Comment