ក្រុមបាតុករ ដុតទង់ជាតិ វៀតណាម ទាមទារ ឲ្យសុំទោស រឿងប្រវត្តិសាស្ត្រ កម្ពុជា ក្រោម
RFA / វិទ្យុ អាស៊ី សេរី | ៤ តុលា ២០១៤
ក្រុមបាតុករ តវ៉ា រឿងប្រវត្តិសាស្ត្រ ទឹកដី កម្ពុជាក្រោម
ដុតទង់ជាតិ វៀតណាម ជិតស្ថានទូត វៀតណាម នៅថ្ងៃ ទី៤ ខែតុលា ឆ្នាំ២០១៤។ RFA/Yeang Socheametta (Click to view more photos)អង្គការ សមាគម ខ្មែរ កម្ពុជា ក្រោម សម្ព័ន្ធ យុវជនខ្មែរ ដើម្បី លទ្ធិប្រជាធិបតេយ្យ និងប្រជាពលរដ្ឋ ច្រើនរយនាក់ បានទៅ ប្រមូលផ្តុំគ្នា នៅក្បែរ ស្ថានទូត វៀតណាម ប្រចាំកម្ពុជា ដើម្បី បន្តទាមទារ ឲ្យរដ្ឋាភិបាល វៀតណាម សុំទោសពលរដ្ឋខ្មែរ និងទទួលស្គាល់ ប្រវត្តិសាស្ត្រពិត ទឹកដី កម្ពុជា ក្រោម ដែលវៀតណាម បាននិយាយ បំភ្លៃ កន្លងមក។
ក្នុងពេល តវ៉ានោះ បាតុករ ស្រែកជេរ រដ្ឋាភិបាល វៀតណាម, ហើយ ថែមទាំង ដុតទង់ជាតិ វៀតណាម ទៀតផង។
ទង់ជាតិវៀតណាម ប្រមាណ ៤ ទៅ ៥ផ្ទាំង និងទង់ក្រដាសជាច្រើនសន្លឹកផ្សេងទៀត ត្រូវបានព្រះសង្ឃ និងប្រជាពលរដ្ឋមួយក្រុមយកមកជាន់ឈ្លី រួចដុតកម្ទេចចោល ដើម្បីសម្ដែងកំហឹងចំពោះរដ្ឋាភិបាលវៀតណាម ដែលមិនព្រមចេញមុខដោះស្រាយបញ្ហាការបំភ្លៃប្រវត្តិសាស្ត្រទឹកដី កម្ពុជាក្រោម និងមិនព្រមសុំទោសប្រជាពលរដ្ឋខ្មែរជាសាធារណៈ។ ពួកគេគំរាមថា អាចនឹងមានការដុតជាបន្តបន្ទាប់ទៀត ប្រសិនបើរដ្ឋាភិបាលវៀតណាម មិនព្រមចេញមុខទទួលខុសត្រូវចំពោះការបំភ្លៃប្រវត្តិសាស្ត្ររបស់ ខ្លួន។ក្រៅពីជាន់ឈ្លី និងដុតទង់ជាតិវៀតណាម បាតុករមួយចំនួនផ្សេងទៀត បានយកស្ទីកឃ័រទង់ជាតិវៀតណាម ទៅបិទជាប់នឹងស្បែកជើង បាតជើង ព្រមទាំងគូទរបស់ពួកគេ ដើម្បីបង្ហាញពីការមិនពេញចិត្តចំពោះប្រទេសវៀតណាម។ ស្របពេលជាមួយគ្នា ក៏មានបាតុករផ្សេងទៀត ខ្លះស្រែកបន្ទរ ខ្លះឡើងថ្លែងចំណាប់អារម្មណ៍របស់ខ្លួនអំពីប្រវត្តិសាស្ត្រទឹកដី កម្ពុជាក្រោម។ ហើយខ្លះទៀត ស្រែកអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរ នាំគ្នាឈប់ប្រើប្រាស់ទំនិញ និងសេវាកម្មរបស់ក្រុមហ៊ុនវៀតណាម នៅកម្ពុជា បន្តទៀត។
នេះជាលើកទី៤ហើយដែលអង្គការសមាគមខ្មែរកម្ពុជាក្រោម និងប្រជាពលរដ្ឋខ្មែរធ្វើបាតុកម្មប្រឆាំងនឹងការបំភ្លៃ ប្រវត្តិសាស្ត្ររបស់វៀតណាម ហើយក៏ជាលើកទី២ដែរ ដែលឈានដល់ការដុតកម្ទេចទង់ជាតិវៀតណាម ដូច្នេះ បើទោះជារដ្ឋាភិបាលវៀតណាម ធ្លាប់បានទទូចឲ្យរដ្ឋាភិបាលកម្ពុជា ចាត់វិធានការរារាំងមិនឲ្យមានបាតុកម្មប្រឆាំងពួកគេ និងចំពោះអ្នកដែលហ៊ានដុតទង់ជាតិវៀតណាម ក៏ដោយ។ យ៉ាងណាក៏ដោយ ដូចបាតុកម្មមុនៗដែរ មន្ត្រីស្ថានទូតវៀតណាម មិនបានចេញមកជួបក្រុមអ្នកតវ៉ានោះទេ។
ប្រធានសហគមន៍ខ្មែរកម្ពុជាក្រោម លោក ថាច់ សេដ្ឋា ដែលជាអ្នកដឹកនាំបាតុកម្មនេះ មានប្រសាសន៍ថា ពលរដ្ឋសម្ដែងកំហឹងឈឺចាប់ចំពោះការបំភ្លៃប្រវត្តិសាស្ត្ររបស់វៀតណាម ហើយលោកសង្ឃឹមថា រដ្ឋាភិបាលវៀតណាម ព្រមប្រកាសទទួលស្គាល់ប្រវត្តិសាស្ត្ររបស់ខ្មែរ ដើម្បីកុំឲ្យជម្លោះប្រវត្តិសាស្ត្រនេះអូសបន្លាយតទៅទៀត៖ «ឃើញ គាត់មានកំហឹងជាងមុន យើងស្ទើរតែទប់មិនចង់បាន។ ក្នុងឋានៈយើងអ្នករៀបចំ យើងមានការខិតខំឲ្យអស់ពីសមត្ថភាព យើងទប់កុំឲ្យមានអំពើហិង្សាកើតឡើង ដោយសារយើងឃើញទឹកចិត្តប្រជាពលរដ្ឋ លោកពុះកញ្ជ្រោលខ្លាំង។ ដូច្នេះ ដើម្បីបញ្ចប់បញ្ហានេះ ខ្ញុំសូមអំពាវនាវដល់រដ្ឋាភិបាលខ្មែរ ធ្វើកិច្ចការជាមួយរដ្ឋាភិបាលយួន ឲ្យបានឆាប់ ដើម្បីឲ្យរដ្ឋាភិបាលយួន ទទួលស្គាល់ការពិតនៃប្រវត្តិសាស្ត្រជាលាយលក្ខណ៍អក្សរ នេះគឺបញ្ចប់បញ្ហាទាំងអស់ហើយ។»
មន្ត្រីសាលារាជធានីភ្នំពេញ បានអះអាងថា ពួកគេមិនអនុញ្ញាតឲ្យអង្គការសមាគមខ្មែរកម្ពុជាក្រោម និងសម្ព័ន្ធយុវជនខ្មែរដើម្បីលទ្ធិប្រជាធិបតេយ្យ ធ្វើការប្រមូលផ្តុំនៅមុខស្ថានទូតវៀតណាម នោះទេ ដើម្បីរក្សាសណ្ដាប់ធ្នាប់ និងការពារសន្តិសុខសុវត្ថិភាពរបស់ស្ថានទូត។ យ៉ាងណាក៏ដោយ បើទោះជាមានការដាក់ពង្រាយសមត្ថកិច្ចច្រើនរយនាក់នៅក្បែរស្ថានទូត វៀតណាម ក្តី ប៉ុន្តែសមត្ថកិច្ចមិនបានបំបែកការប្រមូលផ្តុំរបស់បាតុករឡើយ។
ប្រធានផ្នែកអង្កេតនៃសមាគមអាដហុក (Adhoc) លោក នី ចរិយា ដែលចូលរួមឃ្លាំមើលការប្រមូលផ្តុំរបស់ខ្មែរក្រោមដែរនោះ កត់សម្គាល់ថា ការប្រមូលផ្តុំរបស់ពលរដ្ឋពេលនេះ គឺជាសិទ្ធិសេរីភាពក្នុងការសម្ដែងមតិរបស់ពួកគាត់។ លោកមានប្រសាសន៍ថា ដើម្បីបញ្ចប់ការតវ៉ានេះ រដ្ឋាភិបាលវៀតណាម គួរចេញមុខដោះស្រាយ និងទទួលស្គាល់ប្រវត្តិសាស្ត្រ ដើម្បីបញ្ចៀសកុំឲ្យមានកំហឹងជាតិសាសន៍រវាងប្រជាជាតិទាំងពីរ។ ចំពោះការដុតទង់ជាតិវៀតណាម វិញ លោក នី ចរិយា យល់ថា វាកើតឡើងដោយសារកំហឹងស្នេហាជាតិ ដែលលោកថា សូម្បីតែពលរដ្ឋវៀតណាម ក៏ធ្លាប់ដុតទង់ជាតិចិន ដែរ នៅពេលដែលវៀតណាម មានជម្លោះដែនកោះជាមួយចិន។
លោក នី ចរិយា៖ «កាលណាវៀតណាម ធ្វើរបៀបនេះ គឺជាអំពើមួយដែលខ្ញុំយល់ថា ធ្វើឲ្យមានការដុតនូវកំហឹងជាតិសាសន៍ ហើយអាហ្នឹងវាអាចឈានទៅដល់មានបញ្ហាហិង្សាខាងជាតិសាសន៍ អ៊ីចឹងវាមិនមែនជារឿងមួយល្អទេ បើគ្រាន់តែយើងប្រកាសជាសាធារណៈទទួលស្គាល់ប្រវត្តិសាស្ត្រមួយម៉ាត់ វាមិនមែនជារឿងអីធំដុំសោះ ដែលវៀតណាម គួរតែធ្វើ។»
ការប្រមូលផ្តុំ បានរំសាយទៅវិញនៅម៉ោងប្រមាណ ៤ និង ៣០នាទីរសៀល។ បើតាម លោក ថាច់ សេដ្ឋា បាតុករនឹងទៅប្រមូលផ្តុំគ្នានៅមុខស្ថានទូតវៀតណាម ជាថ្មីទៀតនៅព្រឹកថ្ងៃទី៥ និងទី៦ តុលា។ ចំណែកនៅថ្ងៃទី៧ និងទី៨ តុលា ពួកគេនឹងទៅប្រមូលផ្តុំគ្នានៅទីលានប្រជាធិបតេយ្យ រួចដើរហែញត្តិទៅដាក់នៅមន្ទីររដ្ឋសភា នៅវិមានសន្តិភាព នៅស្ថានទូតបារាំង និងនៅឧត្ដមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា៕
No comments:
Post a Comment