គ.ជ.ប. បំផ្លាញ សន្លឹកឆ្នោត ចាស់ៗ លើកទី៣ ដើម្បី សន្សំសំចៃ ការចំណាយ
RFA / វិទ្យុ អាស៊ី សេរី | ២៤ តុលា ២០១៤

ម៉ាស៊ីន កាត់ចិញ្ច្រាំ ក្រដាសសន្លឹកឆ្នោត
ក្នុងឃ្លាំងមួយ នៅសង្កាត់ បឹងកក់១ ខណ្ឌ ទួលគោក រាជធានីភ្នំពេញ
នៅថ្ងៃ ទី២៤ ខែតុលា ឆ្នាំ២០១៤។ RFA/Yeang Socheametta
គណៈកម្មាធិការ ជាតិ រៀបចំ ការបោះឆ្នោត (គ.ជ.ប.) រៀបចំ ពិធីបំផ្លាញ សន្លឹកឆ្នោត ជាលើកទី៣ នៅព្រឹកថ្ងៃ ទី២៤ ខែតុលា។ ការបំផ្លាញនេះ មន្ត្រី គ.ជ.ប. អះអាង ថា ធ្វើឡើង ស្របតាមច្បាប់ កំណត់ និងដើម្បី សន្សំសំចៃ ការចំណាយ សម្រាប់ ការថែរក្សា, ព្រោះថា គ.ជ.ប. ត្រូវ រក្សាទុក បន្តទៀត នូវសន្លឹកឆ្នោត ដែលប្រើរួច កាលពីឆ្នាំ ២០១៣។
សន្លឹកឆ្នោត ចាស់ ប្រមាណ ២១លានសន្លឹក (២០.៩៩២.៥០៤ សន្លឹក), ក្នុងនោះ រួមមាន សន្លឹកឆ្នោត ដែលបាន ប្រើប្រាស់ ក្នុងការបោះឆ្នោត ជ្រើសតាំង តំណាងរាស្ត្រ ឆ្នាំ២០០៨ និងសន្លឹកឆ្នោត ដែលបាន ប្រើប្រាស់ ក្នុងការបោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សា ឃុំ-សង្កាត់ ឆ្នាំ២០១២ ត្រូវ បានដឹកជញ្ជូន ចេញពីឃ្លាំង គណៈកម្មាធិការ ជាតិ រៀបចំ ការបោះឆ្នោត ទៅដាក់ នៅឃ្លាំងមួយ ឋិតក្នុងសង្កាត់ បឹងកក់១ ខណ្ឌ ទួលគោក។ នៅទីនោះ សន្លឹកឆ្នោត ត្រូវ បានគេ រើសចេញ ពីស្បោង ដែលមាន ទាំងអស់ ប្រមាណ ៣ម៉ឺន ៥ពាន់កញ្ចប់ (៣៤.៩៨២ កញ្ចប់), រួច ដាក់ចូល ក្នុងម៉ាស៊ីន កាត់ចិញ្ច្រាំ ជាបន្តបន្ទាប់។
ប្រធាន គ.ជ.ប. លោក អ៊ឹម សួស្តី ដែលបាន ចូលរួម ក្នុងពិធីបំផ្លាញ សន្លឹកឆ្នោត ដែរនោះ ថ្លែង ថា, អនុវត្ត តាមច្បាប់ ស្ដីពី ការជ្រើសតាំង តំណាងរាស្ត្រ និងច្បាប់ ស្ដីពី ការបោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សា ឃុំសង្កាត់ តម្រូវ ឲ្យ គ.ជ.ប. រៀបចំ គណៈកម្មការមួយ ដើម្បី បំផ្លាញសន្លឹកឆ្នោត ដែលបាន ប្រើប្រាស់ ក្នុងការបោះឆ្នោត ជ្រើសតាំង តំណាងរាស្ត្រ និងការបោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សា ឃុំ-សង្កាត់ តាមអាណត្តិ នីមួយៗ, បន្ទាប់ ពីរក្សាទុក ដោយសុវត្ថិភាព រយៈពេល ៤ឆ្នាំ សម្រាប់ ការបោះឆ្នោត ជ្រើសតាំង តំណាងរាស្ត្រ និងរយៈ ពេល ២ឆ្នាំ សម្រាប់ ការបោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សា ឃុំ-សង្កាត់។

ឃ្លាំងស្តុកសន្លឹក
ឆ្នោតចាស់ៗរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
នៅសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ រូបថតថ្ងៃទី២៤ ខែតុលា
ឆ្នាំ២០១៤ (RFA/Yeang Socheametta)
គ.ជ.ប ប្រកាសថា ការបំផ្លាញនេះ គឺធ្វើឡើងចាប់ពីថ្ងៃទី២៤ តុលា រហូតដល់ចុងសប្ដាហ៍នេះ។ ក្នុងដំណើរការប្រព្រឹត្តទៅនៃការងារបំផ្លាញនេះដែរ គ.ជ.ប ចាត់តាំងមន្ត្រីឲ្យតាមដាន និងត្រួតពិនិត្យជាប្រចាំ ហើយក្នុងរយៈពេលនេះ តំណាងគណបក្សនយោបាយ អ្នកសង្កេតការណ៍ និងអ្នកយកព័ត៌មាន ក៏អាចចូលរួមតាមដានសង្កេតមើលបានផងដែរ។
នាយកប្រតិបត្តិអង្គការខុមហ្វ្រែល (Comfrel) លោក គល់ បញ្ញា មានប្រសាសន៍ថា ការបំផ្លាញសន្លឹកឆ្នោតប្រើប្រាស់រួចដូចនេះ ជារឿងធម្មតាទេ ដើម្បីសម្រួលដល់បញ្ហាកង្វះឃ្លាំងស្តុកទុក។ ទោះជាយ៉ាងណា លោកថា មុនឯកសារទាំងអស់នេះត្រូវបានបំផ្លាញចោល គ.ជ.ប គួរតែបើកចំហឲ្យភាគីពាក់ព័ន្ធ ពិនិត្យមើលសន្លឹកឆ្នោតទាំងនេះជាថ្មី ដើម្បីអាចរៀនសូត្រ ឬធ្វើការប្រៀបធៀបទៅនឹងលទ្ធផលជាក់ស្តែងក្នុងការបោះឆ្នោតកន្លង មក។
លោក គល់ បញ្ញា៖ «យើងត្រូវឲ្យគេធ្វើសវនកម្មពិនិត្យមើល យើងដកពិសោធមើលថា តើកន្លងមកបោះលើសច្រើនហ្នឹង គេយកទៅប្រើប៉ុន្មាន សល់ប៉ុន្មាន។ ហេតុអ្វីលើកក្រោយយើងត្រូវធ្វើឲ្យលើសរហូតដល់ពីរបីលានសន្លឹក អ៊ីចឹង? យើងត្រូវធ្វើសវនកម្ម ពេលខ្លះការបោះឆ្នោតនៅ ៥ឆ្នាំមុនហ្នឹង មានកន្លែងខ្លះមានទំនាស់ អាចបើកឲ្យទូលាយ គេមកធ្វើសវនកម្ម តើសន្លឹកឆ្នោតហ្នឹង ហើយលទ្ធផលហ្នឹងវាដូចគ្នាអត់ ហើយយកជាមេរៀនទេ មិនមែនយកធ្វើជាផ្លាស់ប្ដូរអីទេ អាហ្នឹងឲ្យចឹងទៅ បន្ទាប់មកបំផ្លាញចោលទៅ។»
នេះជាលើកទី៣ហើយដែល គ.ជ.ប រៀបចំឲ្យមានការបំផ្លាញសន្លឹកឆ្នោតប្រើប្រាស់រួចបែបនេះ។ កាលពីឆ្នាំ២០០៥ សន្លឹកឆ្នោតដែលបានប្រើប្រាស់ក្នុងការបោះឆ្នោតឆ្នាំ១៩៩៨ និងឆ្នាំ២០០២ ត្រូវបានបំផ្លាញដោយការដុតកម្ទេច ហើយនៅឆ្នាំ២០០៩ សន្លឹកឆ្នោតដែលបានប្រើប្រាស់ក្នុងការបោះឆ្នោតឆ្នាំ២០០៣ និងឆ្នាំ២០០៧ ក៏ត្រូវបានបំផ្លាញ ប៉ុន្តែដោយការកាត់ចិញ្ច្រាំ។
លោក អ៊ឹម សួស្តី អះអាងថា ការជ្រើសរើសយកវិធីបំផ្លាញដោយការកាត់ចិញ្ច្រាំ គឺជាជម្រើសមួយដ៏ល្អបំផុត ពីព្រោះវាមិនបណ្ដាលឲ្យប៉ះពាល់បរិស្ថាន និងមានលក្ខណៈងាយស្រួលជាងការបំផ្លាញដោយការដុតកម្ទេច៕
No comments:
Post a Comment