Paris Peace Accords 23 Oct. 1991

Friday, October 24, 2014

សមត្ថកិច្ច​ ចាប់​មនុស្ស ​១០​នាក់​ ពី​បទ​ប៉ុនប៉ង​ ផ្ដួល​រំលំ​ រដ្ឋាភិបាល | Security arrested 10 for conspiring to overthrow govt

សមត្ថកិច្ច​ ចាប់​មនុស្ស ​១០​នាក់​ ពី​បទ​ប៉ុនប៉ង​ ផ្ដួល​រំលំ​ រដ្ឋាភិបាល

RFA / ​វិទ្យុ ​អាស៊ី សេរី | ២៣ តុលា ២០១៤
២៣ តុលា ៦២០
ក្រុម​យុវជន ​និង​និស្សិត ហែ​ក្បួន​​ ទាមទារ ​ឲ្យ​មាន​ ការ​គោរព​​​ សន្ធិសញ្ញា​ កិច្ច​ព្រមព្រៀង​ ទីក្រុង​ ប៉ារីស នា​រាជធានី ​​ភ្នំពេញ នៅ​ថ្ងៃ​ ទី​២៣ តុលា ២០១៤។  RFA/Uon Chhin

សមត្ថកិច្ច​ ឃាត់​ខ្លួន ​សមាជិក ​រណសិរ្ស ​រំដោះ​ជាតិ​ ខ្មែរ​ ១០​នាក់ ក្រោម​បទ​ចោទ ​ពី​គម្រោង ​ផ្តួល​រំលំ ​រដ្ឋាភិបាល ​លោក​ នាយករដ្ឋមន្រ្តី ហ៊ុន សែន។  ការ​ឃាត់​ខ្លួន​នេះ ធ្វើ​ឡើង ​បន្ទាប់ ​ពី​អ្នក​ទាំង ១០​នាក់​នោះ ប្រមូល​ផ្តុំ​គ្នា ​ធ្វើ​បាតុកម្ម ​នៅ​មុខ​ ស្ថាន​ទូត វៀតណាម ទាមទារ​ ឲ្យ​គោរព​ កិច្ច​ព្រមព្រៀង ​ទីក្រុង​ប៉ារីស ២៣ តុលា ឆ្នាំ​១៩៩១។

មន្រ្តី​ អង្គការ​ សិទ្ធិ​មនុស្ស ​រិះគន់ ​ការ​ឃាត់​ខ្លួន ​បាតុករ​ ទាំង១០​នាក់​នោះ ដោយ​ចាត់​ទុក​ ថា, ជា​ការ ​រំលោភ​សិទ្ធិ ​សេរីភាព ​ផ្នែក​បញ្ចេញ​មតិ។

អគ្គ​ស្នងការ ​រង​ នគរបាល ជាតិ លោក​ ឧត្តមសេនីយ៍​ឯក គៀត ច័ន្ទថារិទ្ធ បញ្ជាក់​ នៅ​លើ​គេហទំព័រ​ ស្នងការ​ រង ​នគរបាល ​ជាតិ​ ថា, សមត្ថកិច្ច​ ឃាត់​ខ្លួន​ ជនសង្ស័យ ​ចំនួន ១០​នាក់ កាល​ពី​យប់ ​ថ្ងៃ​ទី​២២ និង​ព្រឹក​ថ្ងៃ ​ទី​២៣ ខែ​តុលា នៅ​ទីក្រុង ​ភ្នំពេញ ពី​បទ​ប៉ុនប៉ង​ ផ្តួល​រំលំ ​រដ្ឋាភិបាល ​របស់​លោក​ នាយករដ្ឋមន្រ្តី ហ៊ុន សែន

លោក​បន្ត​ថា ជនសង្ស័យ​ទាំង​នោះ​ជា​សមាជិក​រណសិរ្ស​រំដោះ​ជាតិ ដែល​ភាគ​ច្រើន​ជា​កសិករ។ នៅ​ក្នុង​ការ​ឃាត់​ខ្លួន​ជនសង្ស័យ​ទាំង​នោះ សមត្ថកិច្ច​ក៏​អះអាង​ថា បាន​ដក​ហូត​វត្ថុតាង​មួយ​ចំនួន ហើយ​សមាជិក​ចលនារ​ណសិរ្ស​រំដោះជាតិ​ទាំង ១០​នាក់​នោះ ត្រូវ​បាន​សមត្ថកិច្ច​កំពុង​ធ្វើការ​សាកសួរ និង​បំពេញ​សំណុំ​រឿង​តាម​នីតិវិធី​ដើម្បី​បញ្ជូន​ទៅ​តុលាការ។

មន្រ្តី​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌីម៉ង់ បញ្ជាក់​ថា សមត្ថកិច្ច​រាជធានី​ភ្នំពេញ បាន​សហការ​នឹង​អគ្គស្នងការ​រង​នគរបាល​ជាតិ ឃាត់​ខ្លួន​ជនសង្ស័យ​ទាំង ១០​នាក់​នោះ។

សេចក្តី​ថ្លែងការណ៍​របស់​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ​ចេញ​កាល​ពី​ថ្ងៃ​ទី​ ២៣ តុលា សម្ដែង​ក្តី​បារម្ភ​ពី​សុវត្ថិភាព​សមាជិក​រណសិរ្ស​ទាំង ១០​នាក់ ក្រោយ​ពី​ការ​ចាប់​ខ្លួន។ សេចក្តី​ថ្លែងការណ៍​បន្ត​ថា អ្នក​ទាំង ១០​នាក់​នោះ មាន​គម្រោង​ធ្វើ​បាតុកម្ម​មុខ​ស្ថានទូត​វៀតណាម ទាមទារ​ឲ្យ​ប្រទេស​នេះ​គោរព​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស ២៣ តុលា ឆ្នាំ​១៩៩១។ រណសិរ្ស​នេះ​ចាត់​ទុក​ការ​ចាប់​ឃាត់​ខ្លួន​នេះ​ថា ជា​អំពើ​រំលោភ​សិទ្ធិ​មនុស្ស សិទ្ធិ​សេរីភាព និង​រំលោភ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស។ រណសិរ្ស​នេះ​ស្នើ​ឲ្យ​អង្គការ​សិទ្ធិ​មនុស្ស​ជាតិ និង​អន្តរជាតិ ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​ឲ្យ​ដោះលែង​មេដឹកនាំ​បាតុករ​ឲ្យ​មាន​សេរីភាព​ឡើង ​វិញ​ជា​បន្ទាន់។

លោក សម សេរី ប្រធាន​ចលនា​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ ជា​អ្នក​ដឹកនាំ​ចលនា​ប្រឆាំង​នឹង​លោក ហ៊ុន សែន បច្ចុប្បន្ន​កំពុង​ស្នាក់នៅ​ប្រទេស​ជិត​ខាង​នៃ​កម្ពុជា ដើម្បី​ធ្វើ​យុទ្ធនាការ​ទាមទារ​សិទ្ធិ​សេរីភាព និង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា។

កាល​ពី​ពេល​ថ្មីៗ​នេះ តុលាការ​រាជធានី​ភ្នំពេញ បាន​កាត់​ទោស​លោក សម សេរី ឲ្យ​ជាប់​ពន្ធនាការ​រយៈពេល ៩​ឆ្នាំ ពី​បទ​បង្កើត​ចលនា​ប្រឆាំង​រដ្ឋាភិបាល​កម្ពុជា។

លោក សម សេរី បដិសេធ​ថា លោក​មិន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​បង្កើត​ក្រុម​ប្រដាប់​អាវុធ​ដើម្បី​ផ្តួល​ រំលំ​រដ្ឋាភិបាល​ឡើយ។ លោក​ធ្លាប់​អះអាង​ថា លោក​តស៊ូ​មតិ​ដោយ​អហិង្សា​ដើម្បី​មាន​ការ​ផ្លាស់ប្តូរ​នៅ​កម្ពុជា។

វិទ្យុ​អាស៊ីសេរី នៅ​មិន​ទាន់​អាច​ទាក់ទង​លោក សម សេរី បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី​២៣ តុលា នេះ។

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ អគ្គស្នងការ​រង​នគរបាល​ជាតិ​អះអាង​ថា ចលនា​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ​នេះ បង្កើត​ឡើង​ដោយ​ក្នុង​គោលបំណង​ផ្តួល​រំលំ​រាជរដ្ឋាភិបាល​កម្ពុជា តាម​រយៈ​ការ​កសាង​កម្លាំង​ប្រដាប់​អាវុធ​ដោយ​ខុស​ច្បាប់ បញ្ជូន​ភ្នាក់ងារ​សម្ងាត់​មក​ស៊ើប​ទីតាំង​យោធា​សំខាន់ៗ ហើយ​ធ្វើ​សកម្មភាព​បាច​ខិត្តប័ណ្ណ​ប្រឆាំង​ប្រមុខ​រាជរដ្ឋាភិបាល និង​ហ្វឹកហាត់​កម្លាំង​ភេវរកម្ម។ រូបភាព​ដែល​បាន​ដាក់​នៅ​លើ​គេហទំព័រ​ប៉ូលិស​បង្ហាញ​ពី​រូបភាព​របស់​លោក សម សេរី ស្លៀក​ពាក់​ជា​យោធា និង​មាន​អាវុធ។ វិទ្យុ​អាស៊ីសេរី នៅ​មិន​ទាន់​អាច​បញ្ជាក់​បាន​ថា រូបភាព​របស់​សមត្ថកិច្ច​ជា​រូបភាព​ពិត​ប្រាកដ ឬ​ក៏​ជា​រូបភាព​ឆ្នៃប្រឌិត​នៅ​ឡើយ​ទេ។

មន្រ្តី​ជាន់​ខ្ពស់​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (Licadho) លោក អំ សំអាត បញ្ជាក់​ថា អង្គការ​របស់​លោក​កំពុង​តាម​ដាន​ឃ្លាំមើល​ការ​ចាប់​ខ្លួន​បាតុករ​ទាំង ១០​នាក់​នោះ។ លោក​បន្ត​ថា សមត្ថកិច្ច​ត្រូវ​តែ​ពិនិត្យ​ឲ្យ​បាន​ត្រឹមត្រូវ​រវាង​សិទ្ធិ​មនុស្ស ការ​បញ្ចេញ​មតិ និង​ការ​ចោទ​ប្រកាន់​ថា អ្នក​ទាំង​នោះ​ជា​ជនសង្ស័យ​ផ្តួល​រំលំ​រដ្ឋាភិបាល​កម្ពុជា។

កាល​ពី​ខែ​មីនា ឆ្នាំ​២០១៣ សមត្ថកិច្ច​នគរបាល​ជាតិ​កម្ពុជា សហការ​នឹង​ប៉ូលិស​ថៃ ចាប់​ខ្លួន​សមាជិក​​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ ចំនួន ៤​នាក់​មក​កម្ពុជា ដើម្បី​ផ្តន្ទាទោស។ ​បច្ចុប្បន្ន​លោក សម សេរី កំពុង​ភៀស​ខ្លួន​ពី​ការ​តាម​ចាប់​របស់​សមត្ថកិច្ច​ថៃ។ មក​ទល់​ថ្ងៃ​ទី​២៣ តុលា លោក សម សេរី នៅ​មាន​សេរីភាព​នៅ​ឡើយ​ទេ៕


No comments:

Post a Comment