Paris Peace Accords 23 Oct. 1991

Friday, October 3, 2014

រដ្ឋាភិបាល ​មិន​អាច​ ដំឡើង​ប្រាក់​ខែ ​ជូន​កម្មករ​ ឲ្យ​បាន​ ១៧៧​ ដុល្លារ​ ក្នុង​ស្ថានភាព ​បច្ចុប្បន្ន | Not possible for govt to increase wage of workers to $177 now

រដ្ឋាភិបាល ​មិន​អាច​ ដំឡើង​ប្រាក់​ខែ ​ជូន​កម្មករ​ ឲ្យ​បាន​ ១៧៧​ ដុល្លារ​ ក្នុង​ស្ថានភាព ​បច្ចុប្បន្ន

RFA / ​វិទ្យុ ​អាស៊ី សេរី | ២ តុលា ២០១៤

ចម ប្រសិទ្ធិ ៦២០
ទេសរដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ ក្រសួង ​ឧស្សាហកម្ម និង​សិប្បកម្ម លោក ចម ប្រសិទ្ធិ (ឆ្វេង) និង​ជា​អតីត ​រដ្ឋមន្ត្រី ​ក្រសួ ង​ពាណិជ្ជកម្ម ថ្លែង​នៅ​ក្នុង ​កិច្ច​ប្រជុំ​សភា នៅ​ថ្ងៃ​ ទី​២ ខែ​តុលា ឆ្នាំ​២០១៤។  RFA/Tin Zakariya

តំណាង​ រដ្ឋាភិបាល បាន​បកស្រាយ ​នៅ​ក្នុង​រដ្ឋសភា​ ជូន​គណបក្ស​ ប្រឆាំង​ ថា, រដ្ឋាភិបាល ​មិន​អាច ​ដំឡើង​ប្រាក់​ខែ ​ជូន​កម្មករ ​ឲ្យ​បាន ​ចំនួន ១៧៧​ដុល្លារ នោះ​ទេ ពីព្រោះ ​ថា, នៅ​មាន​ បញ្ហា ជាច្រើន​ ដែល​ធ្វើ​ ឲ្យ​និយោជក ​មិន​អាច​ ចំណេញ​បាន នៅ​ក្នុង​ស្ថានភាព​ បច្ចុប្បន្ន​នេះ ដោយ​គេ​ ត្រូវ​ បង់​ពន្ធ​ ជូន​ប្រទេស​ នាំ​ចូល​ សម្លៀកបំពាក់ ​ពី​កម្ពុជា។

ការ​អះអាង​ បែប​នេះ នៅ​ក្នុង​សម័យ​ ប្រជុំ​សភា​ លើក​ទី​៣ នីតិកាល ទី​៥ នៅ​ថ្ងៃ​ ព្រហស្បតិ៍ ទី​២ តុលា ដែល​តំណាង​រាស្ត្រ​ គណបក្ស​ ប្រឆាំង​ បាន​ទាមទារ​ ឲ្យ​ដំឡើង ​ប្រាក់​ខែ​ ជូន​កម្មករ ដើម្បី ​ឲ្យ​កម្មករ ​រស់នៅ​ បាន​សមរម្យ​ ក្នុង​តម្លៃ​ ជា​មនុស្ស។

មន្ត្រី​ជាន់​ខ្ពស់ ​រដ្ឋាភិបាល និង​ជា​អតីត ​រដ្ឋមន្ត្រី​ ពាណិជ្ជកម្ម ឆ្លើយ​តប ​ទៅ​នឹង ​ការ​ស្នើសុំ ​របស់ ​តំណាង​រាស្ត្រ​ គណបក្ស ​សង្គ្រោះ​ជាតិ នៅ​ក្នុង​កិច្ច​ប្រជុំ ​រដ្ឋសភា ព្រឹក​ថ្ងៃ​ ទី​២ តុលា ថា, រដ្ឋាភិបាល​ មិន​អាច​ ដំឡើង​ប្រាក់​ខែ ​ជូន​កម្មករ​ តាម​ការ​ស្នើសុំ ​បាន​ទេ។

ទេសរដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី ​ក្រសួង ​ឧស្សាហកម្ម និង​សិប្បកម្ម លោក ចម ប្រសិទ្ធិ និង​ជា​អតីត ​រដ្ឋមន្ត្រី ​ក្រសួង​ ពាណិជ្ជកម្ម បាន​លើក​ឡើង​ នៅ​ក្នុង​កិច្ច​ប្រជុំ​ សភា នៅ​ខណៈ​ សភា ​ប្រជុំ​ពិភាក្សា​ អនុម័ត​ សេចក្ដី​ព្រាង​ច្បាប់ ស្ដីពី​ វិសោធនកម្ម​ មាត្រា​ មួយ​ចំនួន ​នៃ​ច្បាប់​ ស្ដីពី​ ការ​គ្រប់គ្រង​ រោងចក្រ និង​សិប្បកម្ម​ ថា, រដ្ឋាភិបាល​ ចង់​ឲ្យ ​ដំឡើង​ប្រាក់​ខែ ​ជូន​កម្មករ​ លើស​ពី​កម្មករ​ ទាមទារ​ បច្ចុប្បន្ន​ ទៅ​ទៀត, តែ ​មូលហេតុ​ ដែល​មិន​អាច​ ដំឡើង​បាន ដោយសារ​តែ ​ប្រទេស​ទិញ​ សម្លៀកបំពាក់​ ពី​កម្ពុជា នោះ គឺ​ អ្នក​បញ្ជា​ទិញ​ ត្រូវ​ បង់​ពន្ធ​ អស់​ច្រើន។

លោក ចម ប្រសិទ្ធិ អះអាង​ថា ការ​នាំ​សម្លៀកបំពាក់​ទៅ​កាន់​ប្រទេស​មួយ​ចំនួន គឺ​អយុត្តិធម៌​សម្រាប់​កម្ពុជា ណាស់ ដូចជា ការ​នាំ​សម្លៀកបំពាក់​ទៅ​លក់​នៅ​សហរដ្ឋ​អាមេរិក បាន​ថវិកា​ប្រមាណ ៦​ពាន់​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក គឺ​ត្រូវ​បង់​ពន្ធ​ចន្លោះ​ពី ៤៦០​លាន ទៅ ៥០០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក ក្នុង​១​ឆ្នាំៗ។ ការ​នាំ​ចេញ​ទៅ​ប្រទេស​បារាំង បាន​ថវិកា​ប្រមាណ ៤​ពាន់​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក ត្រូវ​បង់​ពន្ធ​ប្រមាណ ៥០០​លាន​ដុល្លារ និង​ការ​នាំ​ទៅ​ប្រទេស​អង់គ្លេស ក៏​ដូច​គ្នា គឺ​អ្នក​បញ្ជា​ទិញ​ត្រូវ​បង់​ពន្ធ​ប្រមាណ ៥០០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក ដូច​គ្នា។

លោក ចម ប្រសិទ្ធិ ពន្យល់​ថា ការ​បង់​ពន្ធ​ទាំង​នេះ គឺ​ធ្វើ​ឲ្យ​និយោជក​បាត់​ចំណូល ហើយ​ក៏​ជា​កត្តា​មួយ​ធ្វើ​ឲ្យ​និយោជក​មិន​អាច​ដំឡើង​ប្រាក់​ឈ្នួល​ជូន​ កម្មករ​តាម​ការ​ស្នើសុំ​នោះ​ដែរ។

ទោះ​បី​ជា​ការ​អនុម័ត​សេចក្តី​ព្រាង​ច្បាប់ ស្ដីពី​វិសោធនកម្ម​មាត្រា​មួយ​ចំនួន នៃ​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​រោងចក្រ និង​សិប្បកម្ម ដែល​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​មិន​បាន​ជំទាស់​ទៅ​នឹង​ការ​អនុម័ត​ សេចក្ដី​ព្រាង​ច្បាប់​នេះ​ក្ដី ក៏ប៉ុន្តែ តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ មួយ​ចំនួន ក្នុង​នោះ​មាន​ទាំង​មេ​គណបក្ស លោក សម រង្ស៊ី ផង បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ដំឡើង​ប្រាក់​ខែ​ជូន​កម្មករ និង​ត្រូវ​គិតគូរ​ពី​លក្ខខណ្ឌ​ការងារ​សមរម្យ មាន​ប្រាក់​ធានា​រ៉ាប់រង​សង្គម និង​ត្រូវ​ដំឡើង​ប្រាក់​ខែ​ជូន​កម្មករ​ឲ្យ​បាន ១៧៧​ដុល្លារ ជាដើម។

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​តំណាង​រាស្ត្រ លោក សម រង្ស៊ី មាន​ប្រសាសន៍​ថា ការ​បង្កើត​អគារ​រោងចក្រ​ឲ្យ​បាន​ច្រើន មិន​មែន​ជា​កត្តា​សំខាន់​នោះ​ទេ។ បញ្ហា​សំខាន់​នៅ​ត្រង់​ថា រដ្ឋាភិបាល​ត្រូវ​ដំឡើង​ប្រាក់​ខែ​ជូន​កម្មករ និង​ទប់ស្កាត់​អតិផរណា ដើម្បី​ឲ្យ​កម្មករ​មាន​លទ្ធភាព​រស់នៅ​បាន​សមរម្យ​ជា​មនុស្ស។

លោក សម រង្ស៊ី ដែល​ជា​អតីត​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ជា​អ្នក​ជំនាញ​សេដ្ឋកិច្ច​ផង​នោះ អះអាង​ថា ការ​ដំឡើង​ប្រាក់​ខែ​ជូន​កម្មករ​ក្នុង​បច្ចុប្បន្ន​នេះ មិន​មែន​ជា​ការ​លំបាក​នោះ​ទេ។ លោក​បាន​លើក​ពី​បញ្ហា​ជាក់ស្ដែង​កំពុង​កើត​មាន​នៅ​ក្នុង​សង្គម​កម្ពុជា ដោយ​លោក​ទទូច​ឲ្យ​រដ្ឋាភិបាល​លុប​បំបាត់​ការ​ចំណាយ​លុយ​ក្រោម​តុ គឺ​សំដៅ​លើ​អំពើ​ពុក​រលួយ ដោះស្រាយ​បញ្ហា​តម្លៃ​ថាមពល​អគ្គិសនី​ថ្លៃ បញ្ហា​ហេដ្ឋារចនាសម្ព័ន្ធ និង​ការ​ដឹក​ជញ្ជូន​នៅ​កំពង់ផែ​មាន​តម្លៃ​ថ្លៃ ជាដើម។

នៅ​ក្នុង​កិច្ច​ប្រជុំ​របស់​គណៈកម្មការ​ប្រឹក្សា​ការងារ ស្ដីពី​ការ​ចរចា​រឿង​ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្មករ​កាត់​ដេរ និង​ស្បែក​ជើង​នៅ​កម្ពុជា កាល​ពី​ខែ​កញ្ញា គឺ​ខាង​និយោជក និង​តំណាង​សហជីព មិន​ទាន់​ត្រូវរ៉ូវ​គ្នា​នៅ​ឡើយ។ ខាង​សហជីព​នៅ​តែ​ទាមទារ​ឲ្យ​ដំឡើង​ប្រាក់​ឈ្នួល​ឲ្យ​បាន ១៧៧​ដុល្លារ​ក្នុង​១​ខែ នៅ​ខណៈ​ប្រាក់​ខែ​កម្មករ​បាន​តែ ១០០​ដុល្លារ។

ការ​ចរចា​អំពី​ប្រាក់​ឈ្នួល​រវាង​ភាគី​កម្មករ និង​ថៅកែ គឺ​នៅ​ចន្លោះ​តួលេខ​ពី ១១០​ដុល្លារ ទៅ ១៧៧​ដុល្លារ​ក្នុង​១​ខែ។ ប្រសិន​បើ​មិន​មាន​ការ​ព្រមព្រៀង​គ្នា​លើ​តួលេខ​ណា​មួយ​ទេ រដ្ឋាភិបាល​នឹង​កំណត់​តួលេខ​មួយ​ឱ្យ​ភាគី​កម្មករ​ទទួល​យក។ ចំណុច​នេះ ក៏​ជា​ការ​ស្នើសុំ​ដោយ​ភាគី​ថៅកែ​ដែរ៕



No comments:

Post a Comment