មេដឹកនាំ បក្សសង្គ្រោះជាតិ ជួបពិភាក្សា ជាមួយ សហភាព អឺរ៉ុប រឿងកែទម្រង់ បោះឆ្នោត
RFA / វិទ្យុ អាស៊ី សេរី | ២ តុលា ២០១៤
ប្រធាន ប្រតិភូ នៃសហភាព អឺរ៉ុប ប្រចាំ កម្ពុជា
លោក ឯកអគ្គរដ្ឋទូត ហ្សង់ ហ្រ្វង់ស័រ កូតាំង (Jean Francois CAUTAIN)
ផ្ដល់បទសម្ភាសន៍ ដល់វិទ្យុ អាស៊ី សេរី កាលពីថ្ងៃ ទី១៦ ខែតុលា
ឆ្នាំ២០១៣។ RFA/Mom Sophon
ថ្នាក់ដឹកនាំ កំពូល គណបក្ស សង្គ្រោះជាតិ ជួបទូត ចំនួន ៦ប្រទេស នៃសហភាព អឺរ៉ុប និងឯកអគ្គរដ្ឋទូត សហភាព អឺរ៉ុប ប្រចាំកម្ពុជា នៅរសៀល ថ្ងៃទី២ ខែតុលា នៅវិមាន រដ្ឋសភា ជាតិ។
ជំនួបនោះ ភាគី ទាំងពីរ ព្រមព្រៀង លើចំណុច ធំៗ ចំនួនពីរ, គឺ ទី១, សហភាព អឺរ៉ុប ត្រៀមខ្លួន ជួយកែទម្រង់ ការបោះឆ្នោត។ ទី២, ប្រទេស នៃសហភាព អឺរ៉ុប ចង់ដឹង ពីការធ្វើ កំណែទម្រង់ រដ្ឋសភាជាតិ។
ឯកអគ្គរាជទូត និងឯកអគ្គ រដ្ឋទូត ប្រទេស អង់គ្លេស (England), បារាំង (France), ស៊ុយអែត (Sweden), អាល្លឺម៉ង់ (Germany), ប៊ុលការី (Bulgaria), សាធារណរដ្ឋ ឆេក, និងឯកអគ្គរដ្ឋទូត សហភាព អឺរ៉ុប ប្រចាំប្រទេស កម្ពុជា បានជួបជាមួយ លោក សម រង្ស៊ី, លោក កឹម សុខា, និងមន្ត្រី ជាន់ខ្ពស់ នៃគណបក្ស សង្គ្រោះជាតិ ផ្សេងទៀត។
អនុប្រធាន គណបក្ស សង្គ្រោះជាតិ លោក កឹម សុខា បានថ្លែង ឲ្យដឹង ថា, បណ្ដាប្រទេស ក្នុងសហភាព អឺរ៉ុប នឹងមកជួយ ប្រទេសកម្ពុជា ក្នុងពេល ឆាប់ៗនេះ ក្នុងការធ្វើ កំណែទម្រង់ ការបោះឆ្នោត។ លោក កឹម សុខា បានបន្តទៀត ថា, សហភាពអឺរ៉ុប ចង់ដឹង ថា, ការកែទម្រង់ រដ្ឋសភាជាតិ គឺ បានដល់កម្រិត ណាហើយ បន្ទាប់ ពីគណបក្ស សង្គ្រោះជាតិ បានចូលសភា។
ជាការឆ្លើយតប លោក កឹម សុខា បញ្ជាក់ ថា, គណបក្ស សង្គ្រោះជាតិ ចង់ឲ្យមាន ការធ្វើវិសោធនកម្ម បទបញ្ជាផ្ទៃក្នុង សភា ក្នុងពេលឆាប់ៗ នេះ។ ទាក់ទង នឹងកំណែទម្រង់ ស្ថាប័ន បោះឆ្នោត, លោក កឹម សុខា បានបញ្ជាក់ ថា, ប្រទេស ជប៉ុន បានត្រៀម មកជួយ ប្រទេសកម្ពុជា, ប៉ុន្តែ រង់ចាំ ភាគីកម្ពុជា មានការ ឯកភាពគ្នា សិន៕
No comments:
Post a Comment