Paris Peace Accords 23 Oct. 1991

Friday, October 24, 2014

តុលាការ​កំពូល​ សម្រេច ​ឲ្យ​លោក ហេង ពៅ ជាប់​គុក​ ១៦​ឆ្នាំ​ ពី​បទ​ជាប់​ពាក់ព័ន្ធ ​មនុស្ស​ឃាត | Supreme Court sentenced Heng Pov to 16 years

តុលាការ​កំពូល​ សម្រេច ​ឲ្យ​លោក ហេង ពៅ ជាប់​គុក​ ១៦​ឆ្នាំ​ ពី​បទ​ជាប់​ពាក់ព័ន្ធ ​មនុស្ស​ឃាត

RFA / ​វិទ្យុ ​អាស៊ី សេរី | ២៤ តុលា ២០១៤
ហេង ពៅ ៦២០
អតីត​ ស្នងការ​ នគរបាល ​រាជធានី​ភ្នំពេញ លោក ហេង ពៅ ចេញ​ពី​ស្តាប់ ការ​ប្រកាស​ សាល​ដីកា​ របស់ ​តុលាការ​កំពូល ពាក់ព័ន្ធ​ សំណុំ​រឿង​ ប៉ុនប៉ង ​ធ្វើ​ឃាត លោក សៅ សុខា នៅ​ថ្ងៃ ​ទី​២៤ ខែ​តុលា ឆ្នាំ​២០១៤។  RFA/Tep Soravy

តុលាការ​កំពូល ប្រកាស ​សាល​ដីកា​ សំណុំ​រឿង​ ប៉ុនប៉ង​ ធ្វើ​ឃាត លោក សៅ សុខា មេបញ្ជាការ ​កង​រាជ​អាវុធហត្ថ ​លើ​ផ្ទៃ​ប្រទេស នៅ​ព្រឹក​ថ្ងៃ​ ទី​២៤ តុលា បន្ទាប់​ ពី​តុលាការ​ បាន​បើក​សវនាការ​ សួរ​ដេញដោល ​ផ្ទាល់​មាត់ ​រួច​រាល់​ហើយ កាល​ពី​ដើម​ខែ​ តុលា កន្លង​ទៅ។

អតីត​ ស្នងការ​ នគរបាល ​រាជធានី​ភ្នំពេញ លោក ហេង ពៅ ត្រូវ​ បាន​តុលាការ​ កំពូល សម្រេច ​ឲ្យ​ជាប់​ទោស ១៦​ឆ្នាំ ពី​បទ​ជាប់​ ពាក់ព័ន្ធ​ នឹង​ការ​ធ្វើ​ឃាត លោក សៅ សុខា

អតីត​ ស្នងការ​ នគរបាល ​រាជធានី​ភ្នំពេញ លោក ហេង ពៅ មិន​សុខ​ចិត្ត​ ចំពោះ​ ការ​សម្រេច ​របស់ ​តុលាការ​កំពូល ដោយ​បញ្ជាក់​ ថា, លោក​ នឹង​បន្ត​ប្ដឹង ​រឿង​នេះ​ ទៅ​រដ្ឋសភា និង​ក្រុមប្រឹក្សា ​នៃ​អង្គ​ចៅក្រម ឲ្យ​សើរើ​ សំណុំ​រឿង ​ប៉ុនប៉ង ​ធ្វើ​ឃាត​ លើលោក សៅ សុខា នេះ​ឡើង​វិញ។  លោក ហេង ពៅ ប្រាប់​អ្នក​កាសែត ​ក្រៅ​បន្ទប់ ​សវនាការ​ ថា, លោក​ មិន​មាន​ជំនឿ ​ទៅ​លើ​ការ​កាត់​ក្តី ​របស់​ តុលាការ​កំពូល ទេ។


លោក ​បញ្ជាក់​ថា, លោក ម៉ក់ ជីតូ ប្រធាន ​នាយកដ្ឋាន​ កណ្ដាល​ នគរបាល​យុត្តិធម៌ នៃ​អគ្គស្នងការដ្ឋាន​ នគរបាល​ជាតិ ជា​អ្នក​ប្រឌិត​រឿង ​ធ្វើ​បាប​គាត់។  លោក ហេង ពៅ បញ្ជាក់​ថា, លោក ម៉ក់ ជីតូ មាន​ករណី​ ជាច្រើន​ ពាក់ព័ន្ធ ​នឹង​ការ​បាញ់​សម្លាប់​ មនុស្ស, ហើយ លោក​ គ្រោង​ប្ដឹង​ ទៅ​រដ្ឋសភា ជំរុញ ​ឲ្យ​តុលាការ​ បើក​ការ​ ស៊ើប​អង្កេត ជុំវិញ​បណ្ដឹង​ របស់​ គ្រួសារ ​ជន​រងគ្រោះ​ ដែល​បាន​ប្ដឹង លោក ម៉ក់ ជីតូ ដែល​ត្រូវ ​តុលាការ​ផ្អាប់​ទុក ​កន្លង​មក៖ «ករណី លោក ម៉ក់ ជីតូ សម្លាប់​មនុស្ស​ ជាច្រើន​ករណី​ ដែល​មាន​បណ្ដឹង​ នៅ​ព្រះរាជ​អាជ្ញា​ ក្រុង​ភ្នំពេញ, ហើយ​ ព្រះរាជ​អាជ្ញា​ ក្រុង​ភ្នំពេញ មិន​ចាត់​ការ​ តាម​ច្បាប់។   ខ្ញុំ​ នឹង​ប្ដឹង​ សូម​ ឲ្យ​រដ្ឋសភា​ អន្តរាគមន៍ ឲ្យ​បើក​ការ​ ស៊ើប​អង្កេត ​នៅ​តុលាការ​ ក្រុង​ភ្នំពេញ,  ហើយ អំ សំខេង មុន​ស្លាប់​ ប្រហែល​ ពីរ​-បី​ឆ្នាំ ក៏​បាន​ប្ដឹង​ដែរ, សូម ឲ្យ​ព្រះរាជ​អាជ្ញា​ ចាត់​ការ​ បណ្ដឹង​ហ្នឹង ដែល​គាត់ (ម៉ក់ ជីតូ) យក​គេ ​ទៅ​បាញ់​សម្លាប់​ នៅ​មុខ​សាលា ​គុយបា​ ច្បារ​អំពៅ។»

លោកស្រី ស៊ុន សុភ័ណ្ឌ ប្អូន​ស្រី លោក ហង្ស វុទ្ធី និង​លោក ហង្ស វុត្ថា ជន​ជាប់​ចោទ ​ក្នុង​សំណុំ​រឿង​ ប៉ុនប៉ង​ មនុស្ស​ឃាត​ លើ លោក សៅ សុខា បញ្ជាក់​ថា, លោក ម៉ក់ ជីតូ ជា​អ្នក​ដឹក​នាំ​ សាច់​រឿង​នេះ ដើម្បី​ ទម្លាក់​កំហុស ​ទៅ​លើ​បង​ប្រុស ​របស់​គាត់ និង​អ្នក​ពាក់ព័ន្ធ​ ឯ​ទៀត។  លោកស្រី​ ក៏​មាន​គម្រោង​ ដាក់​ពាក្យ​បណ្ដឹង លោក ម៉ក់ ជីតូ ទៅ​តុលាការ​ដែរ៖ «រឿងហ្នឹង​ ដោយសារ លោក ម៉ក់ ជីតូ ទាំងអស់​ ជា​អ្នក​ប្រឌិត, ហើយ​ មក​ចោទ​ប្រកាន់ ​ពួក​គាត់, ហើយ ​តុលាការ​ ឲ្យ​រួច​ខ្លួន​ តែ​ម្នាក់។  អ៊ីចឹង​ បាន​ន័យ​ថា, ម៉េច​ខ្ញុំ​ អត់​យល់​សោះ​ រឿង​ហ្នឹង, ហើយ​ ទម្លាក់​លើ​បង​ខ្ញុំ ហង្ស វុទ្ធី ទាំងអស់ តាម​ពិត​សាច់​ រឿង​ហ្នឹង​ ទាំងអស់, គឺ​ លោក ម៉ក់ ជីតូ ដឹក​នាំ​ ទាំងអស់។»

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង លោក ម៉ក់ ជីតូ ជុំវិញ​បញ្ហា​នេះ​បាន​ទេ នៅ​រសៀល​ថ្ងៃ​ទី​២៤ តុលា។

សំណុំ​រឿង​នេះ សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​សន្និដ្ឋាន​កាល​ពី​ថ្ងៃ​ទី​៣ កុម្ភៈ ឆ្នាំ​២០០៦ ចោទ​ប្រកាន់ លោក លី រ៉ាស៊ី អតីត​នាយ​រង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល លោក ព្រំ សោភារិទ្ធ អតីត​ប្រធាន​ការិយាល័យ​ព្រហ្មទណ្ឌ លោក ហង្ស វុត្ថា លោក ហង្ស វុទ្ធី ហៅ យមរាជ លោក អំ សំខេង ពី​បទ​ប៉ុនប៉ង​មនុស្ស​ឃាត​គិត​ទុក​ជា​មុន។ បច្ចុប្បន្ន លោក អំ សំខេង បាន​ស្លាប់​ក្នុង​ពន្ធនាគារ ហើយ លោក ហង្ស វុទ្ធី ហៅ យមរាជ មិន​បាន​ប្ដឹង​សារទុក្ខ​ពី​រឿង​នេះ​ទេ។ រីឯ លោក ហេង ពៅ ជាប់​ចោទ​ពី​បទ​សម​គំនិត​ប៉ុនប៉ង​មនុស្ស​ឃាត និង​សម្រេច​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ ១៦​ឆ្នាំ ក្រៅ​ពី​នេះ ដាក់​គុក​ម្នាក់ៗ ១៥​ឆ្នាំ។

លី រ៉ាស៊ី ហង្ស វុត្ថា ៦២០
(ដៃ​ជាប់​ខ្នោះ) អតីត​ នាយ​រង ​នគរបាល ​ព្រហ្មទណ្ឌ​ កម្រិត​ស្រាល លោក លី រ៉ាស៊ី (ឆ្វេង) និង​លោក ហង្ស វុត្ថា ចេញ​ពី​ស្តាប់ ​ការ​ប្រកាស​ សាល​ដីកា ​របស់ ​តុលាការ​កំពូល ពាក់ព័ន្ធ​សំណុំ​រឿង​ ប៉ុនប៉ង ​ធ្វើ​ឃាត លោក សៅ សុខា នៅ​ថ្ងៃ​ ទី​២៤ ខែ​តុលា ឆ្នាំ​២០១៤។ RFA/Tep Soravy

ចៅក្រម​ជំនុំ​ជម្រះ​តុលាការ​កំពូល លោក យូ ឧត្តរា ប្រកាស​សាល​ដីកា​ដោយ​សម្រេច​រក្សា​សាលក្រម​សាលា​ឧទ្ធរណ៍​ដដែល គឺ​ឲ្យ លោក ហេង ពៅ ជាប់​ពន្ធនាគារ ១៦​ឆ្នាំ លើក​លែង​ទោស​ចំពោះ លោក ព្រំ សោភារិទ្ធ។ ចំណែក លោក លី រ៉ាស៊ី លោក ហង្ស វុត្ថា ជាប់​ពន្ធនាគារ ១៥​ឆ្នាំ។ រីឯ លោក ហង្ស វុទ្ធី ហៅ យមរាជ មិន​បាន​ប្ដឹង​សារទុក្ខ​នោះ​ទេ។

យ៉ាង​ណា ប្អូន​ស្រី លោក ព្រំ សោភារិទ្ធ ដែល​ត្រូវ​តុលាការ​លើក​លែង​ការ​ចោទ​ប្រកាន់​នោះ គិត​ថា ការ​សម្រេច​របស់​តុលាការ​កំពូល នេះ គឺ​ជា​ការ​ផ្តល់​យុត្តិធម៌​ដល់​បង​ប្រុស​របស់​គាត់៕


No comments:

Post a Comment