Paris Peace Accords 23 Oct. 1991

Tuesday, October 7, 2014

ពលរដ្ឋ​ រង​ការ​ បណ្ដេញ​ចេញ ប្រារព្ធ​ទិវា​ សិទ្ធិ​លំនៅឋាន​ ពិភពលោក | Victims of landgrabbing celebrate World Housing Day

ពលរដ្ឋ​ រង​ការ​ បណ្ដេញ​ចេញ ប្រារព្ធ​ទិវា​ សិទ្ធិ​លំនៅឋាន​ ពិភពលោក

RFA / ​វិទ្យុ ​អាស៊ី សេរី | ៦ តុលា ២០១៤

បណ្ដេញ​ចេញ ៦២០ ពលរដ្ឋ​រង​ការ​បណ្ដេញ​ចេញ​ពី​លំនៅឋាន​កាន់​បដា "សំឡេង​អ្នក​ក្រ​ក្រុង​ទីក្រុង" ឈរ​ចាំ​តំណាងរាស្ត្រ​ចេញ​មក​ទទួល​ញត្តិ​នៅ​ខាង​មុខ​រដ្ឋសភា នៅ​ថ្ងៃ​ទី​៦ តុលា ២០១៤។
RFA/Khe Sonorng

ពលរដ្ឋ​ស្រែក​ទាមទារ​ឲ្យ​តំណាងរាស្ត្រ​ចេញ​មក​យក​ញត្តិ​នៅ​ខាង​មុខ​រដ្ឋ​

ប្រជាពលរដ្ឋ ​រស់​នៅ ​ក្នុង​សហគមន៍ ​រងគ្រោះ ​ដោយ​ការ​ បណ្ដេញ​ចេញ, ព្រះសង្ឃ, និង​ក្រុម​យុវជន ​ប្រមាណ ៣​ពាន់​អង្គ​ និង​នាក់ មក​ពី​ខេត្ត​-ក្រុង​ ចំនួន៨ បាន​នាំ​គ្នា ប្រារព្ធ​ទិវា​ លំនៅឋាន​ ពិភពលោក​ លើក​ទី​២៩ ដោយ​ដើរ​ ហែ​ក្បួន​ ពី​អតីត​ សហគមន៍ ​ដី​ក្រហម ​ក្នុង​សង្កាត់​ ទន្លេបាសាក់, ខណ្ឌ​ ចំការមន យក​ញត្តិ​ ដាក់​ជូន​ អ្នក​តំណាងរាស្ត្រ ​នៅ​មន្ទីរ ​រដ្ឋសភា, ខុទ្ទកាល័យ​ លោក​ នាយក​រដ្ឋមន្ត្រី ហ៊ុន សែន, និង​សាលា​រាជធានី ​ភ្នំពេញ។  ការ​ប្រារព្ធ​ ដោយ​ការ​ហែ​ក្បួន​នេះ ត្រូវ​ សាលា​រាជធានី ​ភ្នំពេញ បដិសេធ។


នៅ​ក្នុង​ទិវា​លំនៅឋាន​ពិភពលោក​លើក​ទី​២៩ នៅ​ថ្ងៃ​ទី​៦ ខែ​តុលា ដែល​សហគមន៍​រងគ្រោះ​ដោយ​ការ​បណ្ដេញ​ចេញ​បាន​ប្រារព្ធ​ឡើង​នោះ បាន​ប្រែ​ក្លាយ​ពី​ការ​អបអរសាទរ​ទៅ​ជា​ការ​ទាមទារ​ឲ្យ​មន្ត្រី​ពាក់ព័ន្ធ​ ក្នុង​ស្ថាប័ន​ថ្នាក់​ជាតិ​ដោះស្រាយ​វិបត្តិ​អត់​ផ្ទះ​សម្បែង​ដីធ្លី​ជូន​ ពួកគាត់។

សំឡេង​ស្រែក​ ទាមទារ​ សុំ​លំនៅឋាន​វិញ

ក្រុម​អ្នក​តវ៉ា​ដែល​ពាក់​អាវ​យឺត​ពណ៌​ស ពាក់​មួក​ស្លឹក​ត្នោត នៅ​លើ​អាវ​និង​មួក​មាន​សរសេរ​ពាក្យ​ស្លោក​ថា "សំឡេង​អ្នក​ក្រ​ក្នុង​ទីក្រុង" បាន​ធ្វើ​ដំណើរ​ពី​អតីត​សហគមន៍​ដី​ក្រហម ក្នុង​សង្កាត់​ទន្លេបាសាក់ ដោយ​ភាគច្រើន​ថ្មើរ​ជើង ខ្លះ​ជិះ​កង់ ម៉ូតូ និង​រ៉ឺម៉ក​កង់​បី កាន់​ទង់ជាតិ ទង់​សាសនា លើក​បដា​ដែល​សរសេរ​ទាមទារ​ឲ្យ​ដោះស្រាយ បញ្ឈប់​ការ​បណ្ដេញ​ចេញ​ដោយ​បង្ខំ និង​សុំ​ឲ្យ​រដ្ឋាភិបាល​ធ្វើការ​អភិវឌ្ឍន៍​នៅ​នឹង​កន្លែង។ ក្រៅ​ពី​នោះ​ក៏​មាន​បដា​រូបថត​នៅ​ពេល​ឈូស​ឆាយ​ផ្ទះសម្បែង​របស់​ពួកគេ។ ជាង​នេះ​ទៅ​ទៀត ពួកគេ​ក៏​បាន​លើក​កូន​ផ្ទះ​មួយ​ខ្នង ហែ​ជា​និមិត្តរូប​ក្នុង​ពិធី​នោះ​ឆ្ពោះ​ទៅ​មន្ទីរ​រដ្ឋសភា​ថែម​ទៀត។

សំឡេង​ស្រែក ​ឲ្យ​អ្នក​តំណាង​រាស្ត្រ ​ចេញ​ទទួល​ញត្តិ

អ្នកស្រី ជឹម សុខហេង មក​ពី​ភូមិ​ស្វាយជ្រុំ ឃុំ​ស្រអែម ស្រុក​ជាំក្សាន្ត ខេត្ត​ព្រះវិហារ ដែល​មាន​កាន់​ញត្តិ​នៅ​នឹង​ដៃ បាន​ស្នើ​អ្នក​តំណាងរាស្ត្រ​ដោះស្រាយ​វិវាទ​ជូន​ពួកគាត់​ជា​បន្ទាន់។ អ្នកស្រី​ថា ដីធ្លី​និង​ផ្ទះ​សម្បែង​ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​និង​អាជ្ញាធរ​ជាតិ​ ប្រាសាទ​ព្រះវិហារ ឈូស​ឆាយ​បណ្ដេញ​ចេញ ដោយ​ថា ជា​តំបន់​អភិរក្ស​ប្រាសាទ​ព្រះវិហារ ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក៖ «ឥឡូវ ​ហ្នឹង​ខ្ញុំ​សុំ​ឲ្យ​អស់​លោក​មន្ត្រី​ខាង​សភា​មក​ទទួល​ញត្តិ​ខ្ញុំ​ផង។ អាយុ ៥៧​ឆ្នាំ​ហើយ មួយ​ឆាក​ជីវិត​ខ្ញុំ ខ្ញុំ​ខំ​រក​មក​ឥឡូវ​គេ​ឈូស​ឆាយ​អស់​ដោយសារ​កម្លាំង​អាជ្ញាធរ​ជាតិ​ប្រាសាទ​ ព្រះវិហារ ធ្វើ​លក្ខណៈ​ចោរ​ប្លន់​ចាប់​មាន់​ចាប់​ទា ចាប់​ប្ដី​ខ្ញុំ ឃាត់​ខ្លួន។ ខ្ញុំ​បាន​ឮ​អនុសាសន៍​សម្ដេច​តេជោ ហ៊ុន សែន គាត់​ឲ្យ​បង​ប្អូន​ខ្ញុំ​ហែ​ញត្តិ​មក​រក​យុត្តិធម៌។ ឥឡូវ​យុត្តិធម៌​នៅ​ឯណា


អ្នក​ហែ​ក្បួន​បាន​ស្រែក​រង់ចាំ​ជិត​មួយ​ម៉ោង​នៅ​មុខ​មន្ទីរ​រដ្ឋសភា​ទម្រាំ​អ្នក​តំណាង​រាស្ត្រ​ចេញ​មក​ទទួល​ញត្តិ។

លោកស្រី កែ សុវណ្ណរតន៍ អ្នក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ជា​ប្រធាន​គណៈកម្មការ​ទី​៨​នៃ​រដ្ឋ​សភា និង​លោកស្រី ឡោក ខេង សមាជិក​គណៈកម្មការ​ទី​១​នៃ​រដ្ឋសភា​តំណាងរាស្ត្រ​មក​ពី​គណបក្ស​ប្រជាជន​ កម្ពុជា ចេញ​មក​ទទួល​ញត្តិ​ពី​ពលរដ្ឋ។

លោកស្រី ឡោក ខេង បាន​ថ្លែង​ទទួល​ស្គាល់​ថា ពលរដ្ឋ​កំពុង​ជួប​ការ​លំបាក​ពិតប្រាកដ។ 

លោកស្រី​ថា នឹង​រៀបចំ​យន្តការ​ពិនិត្យ​តាមដាន​ដោះស្រាយ​ជូន​ពលរដ្ឋ​ទាំង​អស់​ដែល​មាន​នៅ ​ក្នុង​ញត្តិ​នេះ៖ «បើ​បង​ប្អូន​ជា​ប្រជាពលរដ្ឋ​ឈឺ​ចាប់​នាង​ខ្ញុំ ​ជា​តំណាង​រាស្ត្រ​ឈឺ​ចាប់​ជាង​បងប្អូន​ទៅ​ទៀត។ អ្វី​ដែល​បង​បងប្អូន​ប្រជាពលរដ្ឋ​កំពុង​តែ​ជួប​លំបាក ទោះ​បី​ត្រូវ​ច្បាប់​ក្ដី មិន​ត្រូវ​ច្បាប់​ក្ដី យើង​ត្រូវ​ពិនិត្យ​យើង​ត្រូវ​ពិនិត្យ​ទៅ​តាម​យន្តការ​ទាំង​អស់ ដើម្បី​ដោះស្រាយ។ សំណូមពរ​បង​ប្អូន​ទាំង​អស់​នៅ​ថ្ងៃ​នេះ យើង​នឹង​យក​ទៅ​ពិភាក្សា​នៅ​ក្នុង​គណៈកម្មការ​ទី​១ ហើយ​យើង​តាម​ដាន​ជំរុញ​នូវ​រាល់​ការ​អនុវត្ត​ទាំង​អស់ ហើយ​យើង​គាំទ្រ​ចំពោះ​ការ​អភិវឌ្ឍ​នៅ​នឹង​កន្លែង»

យ៉ាង​ណា​ក៏​ដោយ អ្នក​តវ៉ា​មិន​បាន​បញ្ចប់​ត្រឹម​នេះ​នោះ​ទេ។ ពួកគេ​មាន​គោលដៅ​បន្ត​ដំណើរ​ហែ​ញត្តិ​ទៅ​សាលា​រាជធានី និង​ទៅ​ខុទ្ទកាល័យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទៀត ថ្វី​ត្បិត​អភិបាល​រង​រាជធានី​ភ្នំពេញ លោក ឃួង ស្រេង មក​ទទួល​ញត្តិ​ដល់​កន្លែង​ជា​ថ្នូរ​មិន​ឲ្យ​ហែ​ក្បួន​ក៏​ដោយ។

លោក ឃួង ស្រេង បាន​ចាត់​ទុក​ថា សហគមន៍​ដីធ្លី និង​អង្គការ​សង្គម​ស៊ីវិល​ដែល​រៀបចំ​ពិធី​នេះ បាន​រំលោភ​នឹង​កំណត់​ហេតុ គោលការណ៍​របស់​ក្រសួង​មហា​ផ្ទៃ រួច​ទៅ​ហើយ។

កង​សន្តិសុខ​ជា​ច្រើន​រយ​នាក់ ត្រូវ​បាន​គេ​ដាក់​ពង្រាយ និង​បិទ​របាំង​នៅ​លើ​ផ្លូវ​ជា​ច្រើន​កន្លែង ប៉ុន្តែ​មាន​ការ​សម្រុះសម្រួល​គ្នា​វិញ រវាង​អ្នក​រៀបចំ​ពិធី​និង​សាលា​រាជធានី ឲ្យ​យក​ញត្តិ​ទៅ​ដាក់​នៅ​ក្រោម​ដើម​ពោធិ៍​ដែល​មាន​មន្ត្រី​ខុទ្ទកាល័យ​លោក​ នាយក​រដ្ឋមន្ត្រី និង​មន្ត្រី​សាលា​រាជធានី​ចាំ​ទទួល​យក​នៅ​ទី​នោះ។

ទាក់ទង​នឹង​ការ​ប្រារព្ធ​ទិវា​លំនៅឋាន​អន្តរជាតិ​ឆ្នាំ​២០១៤​នេះ នាយកលេខាធិការដ្ឋាន​នៃ​ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅឋាន លោក សៀ ភារម្យ បាន​វាយ​តម្លៃ​ថា ប្រជាពលរដ្ឋ​មាន​ការ​ភ្ញាក់​រលឹក​និង​យល់​ដឹង​ច្រើន​ក្នុង​ការ​ចូល​រួម។ រី​ឯ​អាជ្ញាធរ​ក៏​មាន​ការ​ប្ដូរ​ឥរិយាបថ​ច្រើន ដោយ​មាន​ការ​បញ្ជូន​តំណាង​មក​ចរចា​គ្មាន​អំពើ​ហិង្សា។ ជាង​នេះ​ទៅ​ទៀត តំណាងរាស្ត្រ​ក៏​បាន​ចេញ​មក​ទទួល​ញត្តិ​និង​បាន​សន្យា​ដោះស្រាយ​ជូន​ពលរដ្ឋ ទោះ​បី​ជា​កន្លង​មក​អ្នក​តំណាងរាស្ត្រ​ទាំង​នោះ បាន​កុហក​មិន​បាន​គោរព​ពាក្យ​សន្យា​របស់​ខ្លួន​ក៏​ដោយ៕






No comments:

Post a Comment