Paris Peace Accords 23 Oct. 1991

Tuesday, November 11, 2014

សកម្ម​ជន​ ដី​ធ្លី ​នៅ​បឹង​កក់​ ដ៏​ល្បី​ល្បាញ​ ចំនួន​ ប្រាំ​ពីរ​នាក់ ​ត្រូវ​ បាន​ចាប់​ខ្លួន​ នៅ​ថ្ងៃ​​នេះ | 7 well-known Boeung Kak land activists arrested today

សកម្ម​ជន​ ដី​ធ្លី ​នៅ​បឹង​កក់​ ដ៏​ល្បី​ល្បាញ​ ចំនួន​ ប្រាំ​ពីរ​នាក់ ​ត្រូវ​ បាន​ចាប់​ខ្លួន​ នៅ​ថ្ងៃ​​នេះ

វីអូអេ / VOA | ១០ វិច្ឆិកា ២០១៤
ស្ត្រី​សកម្មជន​​ការពារសិទ្ធិ​លំនៅ​ដ្ឋាន​​នៅ​បឹងកក់​​​​ពេល​អាជ្ញាធរ​​ចាប់​ខ្លួន​​កាលពី​ថ្ងៃ២១ ​ខែ​​មករា​ឆ្នាំ​​២០១៤​
ស្ត្រី​សកម្មជន ​​ការពារ សិទ្ធិ​លំនៅ​ដ្ឋាន​​ នៅ​បឹងកក់​​​​ ពេល​អាជ្ញាធរ​​ ចាប់​ខ្លួន​​ កាលពី​ថ្ងៃ ២១ ​ខែ​​មករា​ឆ្នាំ​​២០១៤​

អាជ្ញាធរ សាលា​រាជ​ធានី​ ភ្នំពេញ​ បាន​ចាប់ ​ឃាត់​ខ្លួន​ ស្ត្រី​សកម្មជន​ បឹង​កក់ ​ចំនួន​ ប្រាំពីរ​នាក់​ នៅ​ថ្ងៃ​ច័ន្ទ​នេះ ក្រោម​ការ​ ចោទ​ប្រកាន់​ ថា​ បាន​បង្ក ​ឲ្យ​ខូច​ សណ្តាប់​ធ្នាប់ សាធារណៈ។​  

នៅ​ក្នុង​ ចំណោម​ស្ត្រី ​ដែល​ត្រូវ​ ចាប់​ខ្លួននោះ​ មាន​អ្នក​ស្រី ​ទេព វន្នី​ ម្ចាស់​ពាន​រង្វាន់​ Vital Voices Global Partnership ​នៅ​សហ​រដ្ឋ​ អាមេរិក,​ អ្នកស្រី ​ង៉ែត​ ខុន (​ហៅ​, ម៉ាំមី), ​អ្នកស្រី​ គង់ ចន្ថា, ​អ្នកស្រី​បូ ឆវី, ​អ្នកស្រី​ សុង ស្រីលាភ, ​អ្នកស្រី​ ណង ស្រេង,​ និង​អ្នកស្រី​ ផាន ឈុនរ៉េត។​

បួន​នាក់ ​ក្នុង​ចំណោម​ស្ត្រី​ ទាំង​នេះ​ សុទ្ធ​តែ ​ធ្លាប់​ត្រូវ​ បាន​ចាប់​ខ្លួន​ នឹង​ចោទ​ប្រកាន់ ​ដោយ​តុលាការ, ​ប៉ុន្តែ​ ត្រូវ​ ដោះ​លែង ​ឲ្យ​មាន​ សេរីភាព​ ជា​បណ្តោះ​អាសន្ន​ តែ​ប៉ុណ្ណោះ។​


ការ​ចាប់​ខ្លួន​បាន​កើត​ឡើងនៅ​ពេល​ដែល​ស្ត្រី​នៃ​សហគមន៍​បឹងកក់​ដែល​មាន​ ទំនាស់​ដីធ្លី​យ៉ាង​រ៉ាំរ៉ៃ​ជា​មួយ​សមាជិក​ព្រឹទ្ធ​សភា​ខាង​គណ​បក្ស​កាន់​ អំណាច​ បាន​ធ្វើ​ការ​តវ៉ា​នៅ​មុខ​សាលា​រាជ​ធានី​ភ្នំពេញទាមទារ​ឲ្យ​អាជ្ញាធររាជធានី ​ភ្នំពេញ​ដោះ​ស្រាយ​ប្រព័ន្ធ​បង្ហូរ​ទឹក​ដល់​ពួក​គេ​ដើម្បី​បញ្ចៀស​ការ​លិច​ លង់​នៅ​រាល់​ពេល​មាន​ភ្លៀង​ធ្លាក់​ម្តងៗ។​ ប៉ុន្តែ​តំណាង​សាលា​រាជ​ធានី​ភ្នំពេញ​មិនបាន​ចេញ​មក​ជួប​ពួក​គេ​ទេ ​ដែល​ជាហេតុ​ធ្វើ​ឲ្យ​ពួក​គេ​ប៉ុន​ប៉ង​បិទ​ផ្លូវ។​ ខណៈ​នោះក៏​មាន​ការ​ប៉ះ​ទង្គិច​គ្នា​ជា​មួយ​កងសន្តិសុខ ​ខណ្ឌ​ដូនពេញ ​និង​មាន​ការ​ចាប់​ខ្លួន​នៅ​ពេល​នោះ​តែ​ម្តង។​

សកម្ម​ជន​ទាំង​ប្រាំពីរ​ត្រូវ​បញ្ជូន​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​រាជ​ ធានី​ភ្នំពេញ​និង​ត្រូវ​ឃុំ​ក្នុង​បន្ទប់​មួយ​រួម​គ្នា​នៅ​ការិយាល័យ​នគរ​ បាល​ចរាចរ​ជើង​គោក។​

អ្នក​ស្រី ​ទេព វន្នី​ និយាយ​តាម​ ទូរស័ព្ទ​ ពី​បន្ទប់​ឃុំ​ខ្លួន ​នោះថា៖​

«មាន​ចេតនា​ ពី​ខាង​អាជ្ញា​ធរ ​ក្រុង​ភ្នំពេញ​ សហការ​ ជា​មួយ​ ក្រុមហ៊ុន​ បិទ​ខ្ទប់​លូ​ មិន​ឲ្យ​ចេញ​, ហើយ ភ្លៀង​ តែ​មួយ​ មេ​ទឹក ​ស្មើ​ចង្កេះ។ ​ ហើយ ទឹក ​មិន​ហូរ​ចេញ​ ទៅ​ណា។​  ហើយ ​ពួក​ខ្ញុំ​ ទៅ​តវ៉ា​ ដើម្បី ​ឲ្យ​សាលា​ រាជ​ធានី​ភ្នំពេញ ​ដោះ​ស្រាយ ​ជូន​ប្រជាពល​រដ្ឋ​ ដែល​មាន​បញ្ហា,​ ប៉ុន្តែ​ បែរ​ ជា​ពួក​គាត់​ អត់ចេញ​ ជួប​ពួក​ខ្ញុំ។»​ 

ដោយ​ឡែក អ្នកស្រី ​ង៉ែត​ ខុន ​ហៅម៉ាំមី ​មាន​ប្រសាសន៍​ ពី​កន្លែង​ឃាត់​ខ្លួន​ដែរ ប៉ុន្មាន​ម៉ោង មុន​ការ​ផ្សាយ​ តែ​ប៉ុណ្ណោះ។  

«ពួក​គាត់​ បាន​ចាប់​ពួក​ខ្ញុំ​ ដាក់​ស្នង​ការ​ក្រុង។   ​ពី​ថ្ងៃ​ ឲ្យ​ពួក​ខ្ញុំ​ អង្គុយ​នៅ​ក្រៅ,​ ហើយ​ ឥឡូវ​ ហៅ​ពួក​ខ្ញុំ​ ចូល​បន្ទប់​, ហើយ ចាក់​សោ»

ប្រជាពល​រដ្ឋ​ ច្រើន​ ជាង​៤,០០០ ​គ្រួសារ​ មាន​ទំនាស់ ជាមួយ​ ក្រុមហ៊ុន ​Sukaku Inc. របស់ ​លោក​ឧកញ៉ា ឡៅ ម៉េង​ឃិន​ ដែល​ជា​សមា​ជិក ​ព្រឹទ្ធ​សភា ​របស់ ​គណបក្ស ​ប្រជាជន​កម្ពុជា។   ​ប្រជា​ពលរដ្ឋ ​ភាគ​ច្រើន​ ត្រូវ​ បណ្តេញ​ចេញ​ ពី​លំនៅ​ដ្ឋាន​ ជា​ថ្នូរ ​ទៅ​ នឹង​ សំណង ​ដែល​ពួក​គេ ​អះអាង​ ថា​ មិន​សម​រម្យ​ តាម​តម្លៃ​ ដីធ្លី ​លើ​ទី​ផ្សារ។  ​ប្រជា​ពលរដ្ឋ​ ជាង​៧០០ ​គ្រួសារ​ ផ្សេង​ទៀត ​បាន​តវ៉ា ដើម្បី​ ទទួល​បាន​ ចំណែក​ដី​ សម្រាប់​ ការ​អភិវឌ្ឍ​ នៅ​ នឹង​កន្លែង។​  ហើយ ​រហូត​ មក​ទល់​ពេល​នេះ, ​អ្នក​ភូមិ​ សហគមន៍ ​ក្រី​ក្រ​នេះ​ ចំនួន ​៤០​គ្រួសារ​ ទៀត​ មិន​ទាន់​ ទទួល​បាន​ ចំណែក​ដី​ទេ។​

លោក​ឡុង ឌីម៉ង់ ​អ្នក​នាំពាក្យ​សាលា​រាជ​ធានី​ភ្នំពេញ ​បាន​ហៅ​ការ​តវ៉ា​របស់​ក្រុម​សកម្ម​ជន​បឹងកក់​ថា ​ជា​ទង្វើ​ខុស​ច្បាប់។​

«យើង​ បាន​បញ្ជូន​ ទៅខាង​ស្នងការដ្ឋាន ​រាជធានី​ ដើម្បី​ កសាង​សំណុំ​រឿង​ ដោះស្រាយ​ តាមច្បាប់។​  គាត់​ បាន​មក​ប្រមូល​គ្នា បិទ​ផ្លូវ​ សាធារណៈ​ ដែល​យោង ​តាម​ច្បាប់​ចរាចរណ៍ ​ផ្លូវគោក​ គឺ​ គ្មាន​ជន​ណា​ម្នាក់​ មាន​សិទ្ធិ​ បិទ​ផ្លូវ​ បាន​ទេ។ ​ ការ​បិទ​ផ្លូវ​ហ្នឹង ​មាន​ន័យ​ថា ​ម៉េច?​  វា​ ស្មើ ​នឹង​ចាប់​ ប្រជា​ពលរដ្ឋ ​ធ្វើ​ដំណើរ​ តាម​ផ្លូវ​ហ្នឹង ​ជា​ចំណាប់​ខ្មាំង។ ​ បញ្ហា​ទីពីរ​, គាត់​ បិទ​ផ្លូវ ចេញ​ចូល ​សាលា​រាជធានី​ ភ្នំពេញ។​  គាត់​ ផ្លោះ​របង​ ចូល​សាលា​ រាជធានី ​ភ្នំពេញ​ ដែល​ជា​គ្រិះស្ថាន​ សាធារណៈ ​របស់​រដ្ឋ»

ទោះ​ជា​យ៉ាង​ណា​ លោក​អំ សំអាត ​អ្នក​គ្រប់​គ្រង​បច្ចេក​ទេស​ស៊ើប​អង្កេត​របស់​អង្គការ​ការ​ពារ​សិទ្ធិ​ មនុស្ស​លីកា​ដូ លើក​ឡើង​ថា​ ​មិន​គួរ​មាន​ការ​ចាប់​ខ្លួន​បែប​នេះ​ទេ។​ ហើយ​អាជ្ញាធរគួរ​តែ​ដោះ​ស្រាយដោយ​ផ្ទាល់​ជា​មួយក្រុម​អ្នក​តវ៉ា​ប្រសើរ​ជាង​ ការ​ចាប់​ខ្លួន។​
«វា​មិន​គួរ​មាន​ការ​ចាប់​ប្រជា​ពលរដ្ឋ​ទៅ​ឃុំ​ដូច្នេះ​ទេ។​ អា​នេះ​ជា​វប្បធម៌​ចាស់​ដែល​វិល​ត្រឡប់​មក​វិញ​ ដែល​យើង​ខាន​ឃើញ​តាំងពី​ថ្ងៃ​ទី១៥​ ខែ​កក្កដា​មក​នោះ។​ នេះ​ជា​ស្ថានភាព​មួយ​កាន់តែ​អាក្រក់​ទៅ​ទៀត​សម្រាប់​ស្ថានភាព​សិទ្ធិ​មនុស្ស ​នៅ​កម្ពុជា​នេះ​ណា៎»។​
រហូត​មក​ទល់​នឹង​ម៉ោង​ផ្សាយ​នេះ​ ស្ត្រី​សកម្ម​ជន​ដីធ្លីនៃ​សហគមន៍​បឹងកក់​ទាំង​ប្រាំ​ពីរនាក់​មិន​ទាន់​ត្រូវ​បាន​ដោះ​លែង​នៅ​ឡើយ៕


No comments:

Post a Comment