បក្សទាំងពីរ មិនទាន់ ត្រូវគ្នា លើសេចក្ដី ព្រាងច្បាប់ គ.ជ.ប.
RFA / វិទ្យុ អាស៊ី សេរី | ១០ វិច្ឆិកា ២០១៤
តំណាង គណបក្ស ជាប់ឆ្នោត ទាំងពីរ បានបន្ត ជួបគ្នា ជជែក អំពី សេចក្ដីព្រាងច្បាប់ ស្ដីពី ការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈកម្មាធិការ ជាតិ រៀបចំ ការបោះឆ្នោត (គ.ជ.ប.) ទៀត នៅល្ងាច ថ្ងៃ ទី១០ វិច្ឆិកា ដែលបន្ត ជជែក អំពី ចំណុច មិនត្រូវរ៉ូវគ្នា កាលពីសប្ដាហ៍មុន។ ទោះជាយ៉ាងនេះក្ដី ការបន្ត ជជែកគ្នា លើចំណុច ដែលខ្វែង គំនិតគ្នានោះ មកទល់ពេលនេះ ក៏នៅតែ មិនទាន់ ត្រូវរ៉ូវគ្នា ទាំងស្រុង នៅឡើយ។
សេចក្ដីព្រាងច្បាប់ ស្ដីពី ការរៀបចំ និងការប្រព្រឹត្តិទៅ នៃគ.ជ.ប. គណបក្ស ជាប់ឆ្នោត ទាំងពីរ បានពិភាក្សាគ្នា បាន៥០មាត្រាហើយ ក្នុងចំណោម ៦៦មាត្រា។
មន្ត្រីជាន់ខ្ពស់ គណបក្ស សង្គ្រោះជាតិ និងជាអ្នកដឹកនាំ ចរចា ខាងគណបក្សនេះ លោក គួយ ប៊ុនរឿន មានប្រសាសន៍ ថា, ការជជែកគ្នា នៅរសៀល ថ្ងៃ ទី១០ វិច្ឆិកា នេះ ទោះបី ជាតំណាង គណបក្សទាំងពីរ មិនទាន់ បានឯកភាពគ្នា ១០០% ក្ដី ក៏ប៉ុន្តែ ចំណុច ដែលត្រូវគ្នានោះ បានឈាន ជិតដល់បញ្ចប់, ហើយ មុននឹងដាក់ ឲ្យថ្នាក់ដឹកនាំ គណបក្សទាំងពីរ ពិនិត្យមើល។ លោក គួយ ប៊ុនរឿន បន្ថែម ថា, ចំណុច ដែលមិនត្រូវគ្នា គឺ របៀបរបប នៃការធ្វើការ របស់ គ.ជ.ប. ថ្មី និងបញ្ហា ផ្សេងៗ មួយចំនួនទៀត៖ «របៀបរបប ធ្វើការងារ របស់ គណៈកម្មាធិការ, ហើយ និងការសម្រេច របស់គណៈកម្មាធិការ ទៅលើការងារ របស់ខ្លួន, ចឹង យើង កំពុងតែ ពិនិត្យមើល, ថ្លឹងថ្លែង ការសម្រេច ស្របតាម គោលការណ៍ ប្រជាធិបតេយ្យ, ទាំងការ ទទួលខុសត្រូវ របស់ខ្លួន។ ទី២, យើង នឹងពិនិត្យមើល អគ្គលេខាធិការ និងអគ្គលេខាធិការ រង ដែលយើង មិនទាន់ ត្រូវរ៉ូវគ្នា។»
សេចក្ដីព្រាងច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមាន ៧ជំពូក និង ៦៦មាត្រា។
លោក គួយ ប៊ុនរឿន អះអាងថា មកទល់ពេលនេះ គណបក្សទាំងពីរបានជជែកដល់មាត្រា ៥០ តែនៅចំនួន ១៦មាត្រាទៀត គណបក្សទាំងពីរមិនទាន់ជជែកគ្នានៅឡើយ ដោយរង់ចាំការជជែកឲ្យត្រូវគ្នាទាំងស្រុងសិន ទើបបន្តជជែកបន្តទៅមុខទៀត។
ប្រធានគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរីនិងយុត្តិធម៌នៅ កម្ពុជា និងជាតំណាងរបស់អឺរ៉ា (ERA) លោក គល់ បញ្ញា មានប្រសាសន៍ថា តំណាងគណបក្សទាំងពីរត្រូវតែពិភាក្សាគ្នាអំពីសេចក្ដីព្រាងច្បាប់ នេះជារៀងរាល់ថ្ងៃ បើមិនត្រូវគ្នាទេ ជជែកម្ដងហើយម្ដងទៀត និងបើកចំហឲ្យសង្គមស៊ីវិលពាក់ព័ន្ធនានាចូលរួមផ្ដល់យោបល់ ទើបសេចក្ដីព្រាងច្បាប់នេះអាចបញ្ចប់ទៅបានក្នុងពេលឆាប់ៗ និងទាន់ពេលវេលា៖ «ជាជាងយកទៅឲ្យថ្នាក់លើសម្រេច ព្រោះដល់ថ្នាក់លើសម្រេចហើយ ពេលខ្លះការជជែកយកមតិខាងក្រៅហ្នឹងវាអត់សូវមានប្រសិទ្ធភាពទេ ចឹងទេ គួរតែយកបញ្ហាហ្នឹង វាអត់សូវមានប្រសិទ្ធភាពទេ ចឹងទៅគួរតែយកបញ្ហាហ្នឹងដែលជជែកបាន ៥០មាត្រាហ្នឹង មកជជែក សង្គមស៊ីវិល និងគណបក្សទៅ ជួនកាលអាចមានស្ថានទូត អង្គទូតនានាហ្នឹង គេអាចមានគំនិត និងបច្ចេកទេស។»
ទាក់ទងនឹងបញ្ហានេះ វិទ្យុអាស៊ីសេរីមិនអាចទាក់ទងមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជន កម្ពុជា លោក ប៊ិន ឈិន និងជាអ្នកដឹកនាំក្រុមបច្ចេកទេសរបស់គណបក្សនេះ ដើម្បីសួរអំពីបញ្ហានេះបាននៅឡើយទេនៅថ្ងៃទី១០ វិច្ឆិកា។
ទាក់ទងនឹងការរៀបចំ គ.ជ.ប ថ្មីនេះ រដ្ឋាភិបាលជប៉ុន កំពុងត្រៀមខ្លួនជាស្រេចក្នុងការជួយដល់ស្ថាប័នបោះឆ្នោតថ្មីនេះ ឲ្យក្លាយជាស្ថាប័នមួយរៀបចំការបោះឆ្នោតប្រកបដោយភាពត្រឹមត្រូវ យុត្តិធម៌ ស្របតាមប្រទេសប្រកាន់របបប្រជាធិបតេយ្យ ក៏ប៉ុន្តែការជួយក្នុងកម្រិតណារបស់ក្រុមបច្ចេកទេសជប៉ុន នោះ អាស្រ័យលើការយល់ព្រមពីគណបក្សជាប់ឆ្នោតទាំងពីរ។
គណបក្សទាំងពីរនឹងបន្តជជែកគ្នាទៀតនៅថ្ងៃច័ន្ទ ទី១៧ វិច្ឆិកា ដើម្បីសប្ដាហ៍ក្រោយ។ លោក គួយ ប៊ុនរឿន អះអាងថា ចាប់ពីមាត្រាទី៥០ ដល់ទីមាត្រាទី ៦៦នោះ ក៏នៅមានចំណុចមិនទាន់ឯកភាពគ្នាដែរ តែលោកមិនបានបង្ហើបឲ្យដឹងអំពីចំណុចដែលខ្វែងគំនិតនៅឡើយ។
លោក គួយ ប៊ុនរឿន បន្ថែមថា អ្វីដែលគណបក្សសង្គ្រោះជាតិ ចង់បាន គឺចង់បាន គ.ជ.ប ថ្មី ជាស្ថាប័នមួយឯករាជ្យពិតប្រាកដដែលគ្រប់គណបក្សនយោបាយទាំងអស់ទទួល បានយកបាន៕
No comments:
Post a Comment