ក្រសួងអប់រំ បង្ហាញជម្រើស សិក្សា ដល់សិស្ស ដែលប្រឡងធ្លាក់ បាក់ឌុប ឆ្នាំនេះ
RFA / វិទ្យុ អាស៊ី សេរី | ២ វិច្ឆិកា ២០១៤
ក្រសួងអប់រំ បង្ហាញជម្រើស សិក្សា ចំពោះ សិស្សថ្នាក់ ទី១២ និងបេក្ខជន ស្វ័យរិន ក្រោយប្រឡងធ្លាក់ សញ្ញាប័ត្រម ធ្យមសិក្សា ទុតិយភូមិ (ឬ បាក់ឌុប)។
សិស្ស ប្រឡងធ្លាក់ សញ្ញាប័ត្រម ធ្យមសិក្សា ទុតិយភូមិ (ឬហៅ ថា, បាក់ឌុប) អាចមានជម្រើស ជាច្រើនទៀត ដើម្បី បន្តការសិក្សា។ មន្ត្រី ក្រសួង អប់រំ, យុវជន, និងកីឡា ឲ្យដឹង ថា, ឆ្នាំនេះ ការប្រឡង បាក់ឌុប មានពីរលើក, ហើយ អ្នកចេះ គឺ ជាប់ និងការទៅប្រឡង គឺ ទៅបញ្ចេញ សមត្ថភាព ចំណេះ ដឹង, មិនមែន ទៅចម្លង ដើម្បី បានទទួល សញ្ញាប័ត្រ នោះទេ។
អ្នកនាំពាក្យ ក្រសួង អប់រំ, យុវជន, និងកីឡា លោក រស់ សាលីន មានប្រសាសន៍ នៅថ្ងៃអាទិត្យ ទី២ ខែវិច្ឆិកា ឆ្នាំ២០១៤ ថា, ការប្រឡងធ្លាក់ មិនមានន័យ ថា សិស្ស និងបេក្ខជន ស្វ័យរិន ទាំងនោះ ដើរដល់ ចំណុច ទាល់ច្រកទេ។ លោក ថា, ជម្រើស ៣ប្រភេទ ដែលសិស្ស និងបេក្ខជន ស្វ័យរិន អាចបន្ត រៀនបាន, គឺ៖ ទី១, អាចរៀន ត្រួតថ្នាក់ ទី១២ ឡើងវិញ; ទី២, អាចរៀន ជំនាញបច្ចេកវិជ្ជា ផ្សេងៗ; និងទី៣, អាចរៀន បរិញ្ញាបត្រ រង ១ឆ្នាំ បូក នឹងមួយឆមាស, ហើយ បន្តរៀន ៤ឆ្នាំ យកបរិញ្ញាបត្រ។ លោក ថា, ការរៀន ពីបរិញ្ញាបត្រ រង ទៅជាបរិញ្ញាបត្រនេះ គឺ ជាសញ្ញាប័ត្រ ចុងក្រោយ ដែលក្រសួង អប់រំ បានទទួលស្គាល់ ថា មានតម្លៃ ជាងសញ្ញាប័ត្រ មធ្យមសិក្សា ទុតិយភូមិ ដែលពួកគេ មិនបានប្រឡង ជាប់នោះ៖ «ក្នុងការប្រឡង ទាំងពីរ លើកនេះ, យើង សរុបបេក្ខជន ជាប់ទៅ ទាំងពីរលើក គឺ មាន ៣៣,៩៩៧ នាក់ ជាចំនួន សរុប ត្រូវ ជា៤០.៦៧% នៃបេក្ខជន ដែលបានប្រឡង ទាំង២លើក។ ហើយ ដោយឡែក, ចំពោះ អ្នកធ្លាក់ មានដល់ទៅ ជាង៥០%។ ហើយ ចំនួននេះ, គាត់ អាចមានជម្រើស ៣យ៉ាង។ ចំពោះ ជម្រើស ទី៣, គាត់ អាចរៀន កម្រិតបរិញ្ញាបត្រ រង នៅពេល ដែលគាត់ សញ្ញាប័ត្រ មធ្យមសិក្សា ទុតិយភូមិ, ហើយ គាត់ ធ្លាក់, ហើយ គាត់ ត្រូវ មានលិខិត បញ្ជាក់មួយ។ អីចឹង គាត់ អាចរៀន បរិញ្ញាបត្រ រង នៅតាមគ្រឹះស្ថាន ឧត្ដមសិក្សានានា។ ដោយនៅក្នុងនោះ គឺ ថា នៅឆ្នាំ២០០០, ក្រសួង មានសេចក្ដី សម្រេចមួយ ពាក់ព័ន្ធ នឹងការបើក ឲ្យបង្រៀន កម្រិតបរិញ្ញាបត្រ រងនេះ, គឺ មានកម្រិត ២ឆ្នាំ។ ហើយ ៥០%ជាង ធ្លាក់នេះ, គាត់ អាច ដោយក្នុងនោះ នៅពេល ដែលគាត់ ចប់បរិញ្ញាបត្រ រង, គាត់ អាចរៀនបន្ថែម មួយឆមាស ដើម្បី ឈោងបន្ត ទៅដល់ បរិញ្ញាបត្រ។ ឬមួយ គាត់ អាចរៀន នៅក្នុងករណី ដែលគាត់ ដូរ ពីមុខជំនាញ បរិញ្ញាបត្រ រង ទៅមុខជំនាញ ថ្មី មួយទៀត នៅពេល ដែលគាត់ បន្តបរិញ្ញាបត្រ។ ដូច្នេះ គាត់ ត្រូវតែ រៀនថែម នៅឆ្នាំទី២ នៃមុខវិជ្ជា ថ្មី មួយឆមាសទៀត។ អ៊ីចឹង សរុប រួមទៅ, គាត់ អាចចំណាយពេល បន្ថែម លើស១ឆ្នាំ ប្រៀបធៀប ទៅអ្នក ដែលជាប់ សញ្ញាប័ត្រម ធ្យមសិក្សា ទុតិយភូមិ។ ដូច្នេះ ជាជម្រើសមួយ ដែលបេក្ខជន ដែលធ្លាក់ នៅក្នុងការប្រឡង សញ្ញាប័ត្រនេះ គឺ មិនមែន មានន័យ ថា, គាត់ ដើរ ដល់ផ្លូវ ទាល់ទេ។»
តារាងរបស់ក្រសួងអប់រំ យុវជននិងកីឡា បង្ហាញអំពីពិន្ទុសិស្សប្រឡង ជាប់សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០១៣ ២០១៤ លើកទី១ និងទី២ ពិន្ទុជាប់ខ្ពស់បំផុតគឺ ៥០០ពិន្ទុ និងពិន្ទុជាប់ទាបបំផុត ពី២៣៧ពិន្ទុឡើងទៅ។
បេក្ខនារីប្រឡងធ្លាក់ សុំមិនបញ្ចេញឈ្មោះឲ្យដឹងថា គាត់ឆ្ងល់ពីការដំឡើងពិន្ទុ ដែលជាប់ទាបបំផុត នៅលើកទីមួយ១ តែ៧៥ក្បៀស ប៉ុន្តែនៅលើកទី២ ជាប់ទាបបំផុត ជាង៨៤ក្បៀស គឺខ្ពស់ជាងអ្នកជាប់ទាបបំផុត នៅលើកទី១ ជិត១០ក្បៀស៖ «ការពីប្រឡងលើកទី១ វាខុសគ្នានឹង ប្រឡងលើកទី២ ដោយសារ តែក្បៀសលើកទី១វា ៧៥ក្បៀស តែលើកទី២ នឹងវាឡើងដល់ ៨៤,៥០ ហើយខ្ញុំប្រឡងបាន ៧៧ក្បៀសហើយ នៅតែមិនជាប់ទៀត ដោយសារកំណែទម្រង់ខ្ញុំអត់សូវយល់ទេ តើធ្វើអីចឹងចង់ទម្លាក់សិស្សឬក៏យ៉ាងម៉េច សុំជួយពន្យល់ខ្ញុំផង ព្រោះខ្ញុំអត់យល់ពិន្ទុ។»
បេក្ខនារី ប្រឡងធ្លាក់មួយរូបទៀត អះអាងថាគាត់ចង់រៀនត្រួតថ្នាក់ ប៉ុន្តែគាត់ចង់រៀន តែជាមួយ សិស្សដែលទើបប្រឡងធ្លាក់ថ្មីៗ ដើម្បីឲ្យការសិក្សា កាន់តែឈានទៅមុខ ប្រសើរជាងរៀនជាមួយសិស្សឡើងពីទី១១។ យុវតីសួរបន្តថាប្រសិនបើសិស្សធ្លាក់ ជាង៥ម៉ឺននាក់ ចង់រៀនត្រួតថ្នាក់ ទាំងអស់គ្នា តើសាលារដ្ឋ មានកៅអីសម្រាប់ឲ្យសិស្សអង្គុយរៀនលើសពី៦០នាក់ ក្នុង១ថ្នាក់ឬទេ?៖ «តើ សិស្សទី១២ ប្រមាណ៥នាក់ប្រឡងធ្លាក់នឹងបើសិនជាក្រសួងឲ្យរៀនត្រួតថ្នាក់នឹង តើមានថ្នាក់ ឲ្យគេរៀនអត់ ត្រូវតែមានអ្នកខ្លះបោះបង់ចោលការសិក្សាហើយ ពីព្រោះអីគេបាក់ទឹកចិត្ត នឹងការ ប្រឡង ហើយពិន្ទុក្បៀសឡើង ដល់ទៅ៨៤ក្បៀស៤ ៥រយ ជាងឯណោះ ហើយខ្ញុំបានដល់ទៅ ៨០ក្បៀស ជាងដែរ ម៉េចក៏ខ្ញុំធ្លាក់ទៀត ហើយឡើងក្បៀសជាងលើកទី១ដល់ទៅ១០ក្បៀស។ លើកទី១ ខ្ញុំប្រឡងបានជិត៧៤ក្បៀសជាងខ្វះបន្តិច ហើយខ្ញុំចង់សួរថា ប្រសិនជាអ្នកធ្លាក់ចូលរៀនបរិញ្ញាបត្ររង តើសញ្ញាប័ត្រពួកខ្ញុំនឹងក្រសួងទទួលយកឬអត់ ពេលខ្ញុំត្រូវការដាក់ឌឺម៉ង់ ចូលធ្វើការកន្លែងណាអីផ្សេងទៀត តើគេយកបរិញ្ញាបត្ររងឬអត់? ព្រោះអីខ្ញុំខំប៉ិនណឹងដែរ អស់លទ្ធភាពរបស់ខ្ញុំប៉ុណ្ណឹងហើយ។»
ពន្យល់ទៅនឹងសំណួរសិស្សនោះ លោក រស់ សាលីន ឲ្យដឹងថា ពិន្ទុ៧៥ក្បៀស និង៨៥ក្បៀស ជាលំដាប់ពិន្ទុ មិនមែនមធ្យមភាគពិន្ទុទេ។ លោកថាសិស្ស អាចជាប់គឺបានពិន្ទុនៅលើកទី១ និងលើកទី២ គឺពិន្ទុ ចាប់ពី២៣៧ ឡើងទៅដល់៥០០ពិន្ទុ៖ «នៅពេលដែលបេក្ខជន ដែលបានប្រឡងជាប់កាន់តែតិច មានន័យថាលំដាប់ពិន្ទុ នឹងគឺទាល់តែខ្ពស់បន្តិចទើបអាចជាប់ ក្នុងន័យនេះមានន័យថានៅក្នុង បេក្ខជន៦ម៉ឺន០៦១១នាក់នេះ នៅពេលដែលចំនួនអ្នកជាប់កាន់តែតិច ធ្វើឲ្យលំដាប់ពិន្ទុរំលោកទៅលើកាន់តែ ខ្ពស់មានន័យថាយើងមើល ពិន្ទុ២៣៧។ ដោយឡែកដោយសារលើកទី២នេះ អ្នកដែលមានពិន្ទុខ្ពស់ជាងគេ គឺបាននិទ្ទេសC អ៊ីចឹងនិទ្ទេស Cនេះ មានន័យថាលំដាប់ពិន្ទុគាត់១០០%។ ១០០%នឹងគឺសំដៅទៅលើគាត់នឹងខ្ពស់ជាងគេ បន្ទាប់មកទៀតអ្នកដែលបានពិន្ទុ បន្ទាប់បន្តគាត់មកនឹង៩៩,៩៩ តរហូតមកដល់ត្រឹម ៨០ ជាង ៨៥ ៨៦ គឺអ្នកដែលទាបជាងគេ ក្នុងកម្រិតពិន្ទុជាប់។ ដូច្នេះកាលណាយើងមើលលំដាប់ពិន្ទុនេះ គឺមិនមែនជាការ វាយតម្លៃមធ្យមភាគនៃការជាប់ទេ មានន័យថាលំដាប់ពិន្ទុ ពីអ្នកដែលពិន្ទុខ្ពស់ ជាងគេ រហូតមកដល់ពិន្ទុ អ្នកជាប់ទាបជាងគេ។»
មាតាបិតាសិស្សខ្លះអះអាងថា កំណែទម្រង់នៃការសិក្សានៅឆ្នាំ២០១៣ ២០១៤នេះ លឿនពេក បណ្ដាលឲ្យសិស្ស ដែលធ្លាប់តែរៀន ត្រូវបង់លុយគ្រូ និងរៀនគួរក្នុងម៉ោងរៀន តាំងពីថ្នាក់ទី១ ដល់ថ្នាក់ទី១២ និងសិស្សខ្លះ រៀន១៣ទៅ១៤ឆ្នាំ មកធ្លាក់យ៉ាងស្រួល នៅពេលប្រឡងបាក់ឌុប លើកទី១ និងទី២ឆ្នាំនេះ។
បញ្ហានេះអ្នកនាំពាក្យក្រសួងអប់រំ លោក រស់ សាលីន បញ្ជាក់ថាក្រសួងមិនបានកែទម្រង់ការសិក្សា នៅពេលជិតដល់ប្រឡងនោះទេ គឺក្រសួងឲ្យគ្រូគ្រប់សាលា ប្រាប់សិស្សឲ្យខំរៀនទើបជាប់ មិនមែនទៅប្រឡង គឺទៅចម្លងនោះទេ៖ «ចំពោះ វិញ្ញាសាដែលក្រសួង ដាក់នេះគឺ រាល់សំណួរទាំងអស់គឺ នៅក្នុងមេរៀន គឺចំណុចទី១។ ចំណុចទី២ កម្រិតនៃការចេញវិញ្ញាសានោះគឺ ប្រហាក់ប្រហែលនឹងឆ្នាំកន្លងមក មានចំណុចខ្លះយើង កាត់តិចជាងផង កម្រិតប្រហែលគ្នា ហើយមាននៅក្នុងមេរៀនទាំងអស់។ ហើយអ្វីដែលក្រសួង ធ្វើកំណែទម្រង់ ហើយផ្ដោតសំខាន់បំផុតជាងគេនោះ គឺនីតិវិធីនៃការអនុវត្តការងារ មានន័យថាឲ្យបេក្ខជននេះទៅប្រឡង ដោយកន្លងមក យើងមានទទួលការរិះគន់ថា បេក្ខជននេះ មិនទៅប្រឡងទេគឺទៅចម្លង។»
សិស្សដែលទើបប្រឡងធ្លាក់ថ្មីៗ អះអាងថាពួកគេមានមោទនភាព នឹងការប្រឡងឆ្នាំ២០១៤នេះ ព្រោះពួកគេ បានបញ្ចេញចំណេះដឹង និងប្រាជ្ញាពីក្នុងខ្លួន មិនបានចម្លងដើម្បីជាប់ ដូចអ្នកប្រឡង នៅឆ្នាំមុនៗកន្លងទៅទេ សូម្បីតែពិន្ទុរបស់ពួកគេធ្លាក់ ក៏ពិន្ទុខ្ពស់ជាងអ្នកជាប់ កាលពីឆ្នាំកន្លងទៅ ដែរ៖ «ព្រោះ អត់បានចម្លងទេ អត់ចម្លងហើយអ្នកចុះសង្កេតការ ក៏មានច្រើន ហើយអំពើពុករលួយ អ៊ីចឹងហើយពួកខ្ញុំធ្លាក់យ៉ាងម៉េចក៏ដោយ ក៏ខ្ញុំមានកិត្តិយសជាអ្នកប្រឡងឆ្នាំមុនៗដែរ។»
សេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងអប់រំ យុវជន និងកីឡា ឲ្យដឹងថាចំនួនបេក្ខជន ដែលបានដាក់ពាក្យ ប្រឡងសញ្ញាប័ត្រ មធ្យមសិក្សាទុតិយភូមិ ឬហៅថាបាក់ឌុប ឆ្នាំសិក្សា២០១៣ ២០១៤ មានចំនួនជិត ៩ ម៉ឺននាក់។ លទ្ធផលប្រឡងលើកទី២ ប្រកាសនៅរសៀលថ្ងៃទី ៣១ ខែតុលា មាន បេក្ខជនប្រឡងជាប់ សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ឬ បាក់ឌុប ចំនួនជាង ១ម៉ឺននាក់ ដែលស្មើនឹង ១៧,៩៤% នៃបេក្ខជនដែលមានវត្តមានប្រឡង។
កាលពីប្រឡងបាក់ឌុប លើកទី១ នៅថ្ងៃទី៤-៥ ខែសីហា ឆ្នាំ២០១៤ មានបេក្ខជនប្រឡងជាប់ ចំនួន ២៣.១២៦នាក់ ត្រូវជា ២៥,៧២ ភាគរយ ក្នុងនោះជាប់និទ្ទេស A ចំនួន១១នាក់ និងនិទ្ទេស B ចំនួន២៨០នាក់។ ការប្រឡងលើកទី២ ពុំមានបេក្ខជនជាប់និទ្ទេស A ឬ B ទេ គឺទទួលបាននិទ្ទេស C ចំនួន១នាក់ និទ្ទេស D ចំនួន៥៥នាក់ និងនិទ្ទេស E ចំនួន ១ម៉ឺន០៨១៥ នាក់៕
No comments:
Post a Comment