លោក ហ៊ុន សែន និងលោក សម រង្ស៊ី ព្រមព្រៀង នយោបាយ ៣ចំណុច
RFA / វិទ្យុ អាស៊ី សេរី | ២៨ វិច្ឆិកា ២០១៤
មេដឹកនាំកំពូល គណបក្ស ជាប់ឆ្នោត ទាំងពីរ គឺ លោក ហ៊ុន សែន អនុប្រធាន គណបក្ស ប្រជាជនកម្ពុជា និងលោក សម រង្ស៊ី ប្រធាន គណបក្ស សង្គ្រោះជាតិ បានព្រមព្រៀងគ្នា ចំនួន ៣ចំណុច នៅក្នុងកិច្ចប្រជុំ សម្ងាត់មួយ នៅវិមាន រដ្ឋសភា នៅថ្ងៃ ទី២៨ វិច្ឆិកា។
នៅក្នុងសេចក្ដីប្រកាស ព័ត៌មាន ដែលគេ ផ្សព្វផ្សាយ ភ្លាមៗ ក្រោយ ពីជំនួបនេះ គឺ លោក ហ៊ុន សែន និងលោក សម រង្ស៊ី បានឯកភាពគ្នា៖
ទី១, កែសម្រួល បទបញ្ជា ផ្ទៃក្នុង នៃរដ្ឋសភា ដោយធ្វើវិសោធនកម្ម ប្រការ ៤៨ថ្មី នៃបទបញ្ជា ផ្ទៃក្នុង រដ្ឋសភា ដើម្បី រៀបចំ ឲ្យមាន ថ្នាក់ដឹកនាំ តំណាងរាស្ត្រ នៃគណបក្ស ដែលមាន អាសនៈ នៅក្នុងរដ្ឋសភា និងរៀបចំ ឲ្យមាន ប្រធាន ក្រុមភាគតិច នៅរដ្ឋសភា ដែលមានឋានៈ ស្មើនាយករដ្ឋមន្ត្រី ដើម្បី ជាគូសន្ទនា ជាមួយ នឹងប្រមុខ រដ្ឋាភិបាល ទាក់ទង បញ្ហាប្រទេសជាតិ។ ក្រៅពីវិសោធនកម្មប្រការ៤៨ថ្មីនេះ ក៏មានវិសោធនកម្មបទបញ្ជាផ្ទៃក្នុងផ្សេងៗទៀតដែរ ដែលនឹងពិភាក្សានៅពេលក្រោយនៅក្នុងយន្តការរបស់សភា;
ទី២, លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានយល់ព្រម តាមសំណើ របស់ លោក សម រង្ស៊ី ចំពោះ ការស្នើសុំ ឲ្យដំណើរការ ស្ថានីយទូរទស្សន៍ និងការដាក់ ឲ្យដំណើរការ ស្ថានីយវិទ្យុ ផ្សាយបន្ត ទៅតាម បណ្ដាខេត្ត ដោយលោក ហ៊ុន សែន ត្រូវ ឲ្យក្រុមហ៊ុន ពាក់ព័ន្ធ ត្រូវ បំពេញបែបបទ ស្នើសុំ អាជ្ញាប័ណ្ណ នៅក្រសួង ព័ត៌មាន; និង
ទី៣, សេចក្ដីស្នើ សេចក្ដីព្រាងច្បាប់ ស្ដីពី ការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈកម្មាធិការ ជាតិ រៀបចំ ការបោះឆ្នោត (គ.ជ.ប.) ដែលតំណាង គណបក្ស ជាប់ឆ្នោត ទាំងពីរ ពិភាក្សាគ្នា កន្លងមក មិនទាន់ ត្រូវរ៉ូវគ្នា នៅត្រង់ចំណុច មួយចំនួននោះ, លោក ហ៊ុន សែន និងលោក សម រង្ស៊ី ឯកភាពគ្នា ដោះស្រាយ បញ្ចប់ ដោយក្រុមការងារ គណបក្ស ទាំងពីរ នឹងបន្តជួប ប្រជុំគ្នា ដើម្បី អនុវត្តស្មារតីនេះ នៅសប្ដាហ៍ក្រោយ។
ការឯកភាពគ្នា រវាង ថ្នាក់ដឹកនាំ ទាំងពីរនេះ នៅក្រោយពេល មួយថ្ងៃ គឺ លោក សម រង្ស៊ី បានជួបប្រជុំ សម្ងាត់ ជាមួយលោក ឧបនាយករដ្ឋមន្ត្រី ស ខេង កាលពីថ្ងៃ ទី២៧ ខែវិច្ឆិកា។
No comments:
Post a Comment