រដ្ឋសភា បដិសេធ មិនស៊ើបអង្កេត រឿងពុករលួយ និងបក្ខពួកនិយម ក្នុងសភា
RFA / វិទ្យុ អាស៊ី សេរី | ៨ វិច្ឆិកា ២០១៤
រដ្ឋសភា ប្រកាស មិនស៊ើបអង្កេត ករណី អំពើពុករលួយ និងបក្ខពួក គ្រួសារនិយម ពាក់ព័ន្ធ នឹងអគ្គលេខាធិការ រង លោក មិត្ត ការ៉េន។ រដ្ឋសភា បញ្ជាក់ថា, មូលហេតុ ដែលស្ថាប័ន កំពូលនេះ មិនស៊ើបអង្កេតនោះ ដោយសារ តែ កម្ពុជា ពុំមានច្បាប់ ហាមឃាត់ មិនឲ្យក្រុមគ្រួសារ បម្រើ នៅស្ថាប័ន តែមួយ។
មន្ត្រីនាំពាក្យ រដ្ឋសភា លោក ឈាង វុន បដិសេធ ការចោទប្រកាន់ របស់ តំណាងរាស្ត្រ គណបក្ស សង្គ្រោះជាតិ លោក សុន ឆ័យ ដែលបាន ចោទប្រកាន់ អគ្គលេខាធិការ រង រដ្ឋសភា លោក មិត្ត ការ៉េន ពីបទពុករលួយ និងបក្ខពួកនិយម ដោយឲ្យ ក្រុមគ្រួសារ របស់លោក ធ្វើការងារ ក្នុងរដ្ឋសភា។ លោក ឈាង វុន អះអាង ថា, កម្ពុជា ពុំមានច្បាប់ ហាមឃាត់ សាច់ញាតិ និងក្រុមគ្រួសារ មិនឲ្យ ធ្វើការងារ នៅកន្លែង តែមួយឡើយ។
លោក ឈាង វុន៖ «តាមពិតទៅ យើង មិនចង់ ឲ្យមានទេ, ខ្លួនខ្ញុំផ្ទាល់, ប៉ុន្តែ វា អត់មានច្បាប់ ហាមឃាត់ គ្រួសារ មិនឲ្យធ្វើការ ជាមួយគ្នា។ អាហ្នឹង ចាំថ្ងៃក្រោយ ចាំយើង គិតទៀត។ បើ ច្បាប់ អត់ទាន់ មានផង, យើង ទៅចោទគេ ថា ពុករលួយ, គ្រាន់តែ គ្រួសារ ធ្វើការងារ ជាមួយគ្នា, វា ធ្ងន់ធ្ងរ។»
លោក សុន ឆ័យ កាលពីខែតុលា បានស្នើឲ្យរដ្ឋសភាដកតួនាទី លោក មិត្ត ការ៉េន និងក្រុមគ្រួសារពាក់ព័ន្ធមួយចំនួនទៀត ដើម្បីបើកការស៊ើបអង្កេតករណីបង្កើតក្រុមបណ្ដេញប្រព្រឹត្តបទល្មើស ពុករលួយនៅក្នុងរដ្ឋសភា ប៉ុន្តែរដ្ឋសភាមិនទាន់បានចាត់វិធានការលើបណ្ដឹង លោក សុន ឆ័យ នៅឡើយទេមកទល់នឹងខែវិច្ឆិកា នេះ។
កាលពីខែតុលា លោក សុន ឆ័យ អះអាងថា លោក មិត្ត ការ៉េន មានកូនប្រសា និងកូនស្រីបង្កើតបម្រើការងារនៅអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ។ កូនប្រុសបង្កើត និងក្មួយ ធ្វើជាប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុង និងប្រធានការិយាល័យសវនកម្មទី២ ហើយប្អូនថ្លៃពីរនាក់ និងកូនប្រសាម្នាក់ផ្សេងទៀត មានតួនាទីជាន់ខ្ពស់ក្នុងនាយកដ្ឋានបុគ្គលិក និងគ្រប់គ្រងប្រាក់បៀវត្សតំណាងរាស្ត្រ។ ភស្តុតាងនៃការបង្កើតបក្ខពួក និងគ្រួសារនិយមក្នុងរដ្ឋសភានេះ បានបែកធ្លាយនៅពេលដែល លោក សុន ឆ័យ សិក្សាទៅលើការចំណាយ និងគម្រោងចំណាយប្រចាំឆ្នាំ។ ការសិក្សាក្នុងគម្រោងចំណាយមួយបង្ហាញថា រដ្ឋសភាគ្រោងចំណាយលុយប្រមាណ ៣ម៉ឺន ៥ពាន់ដុល្លារ ដើម្បីទិញម៉ាស៊ីនថតចម្លងមួយគ្រឿង។
ចំពោះការបដិសេធរបស់រដ្ឋសភា មិនស៊ើបអង្កេតករណីពុករលួយក្នុងស្ថាប័នកំពូលនេះ លោក សុន ឆ័យ បញ្ជាក់ថា លោកសោកស្ដាយចំពោះការបដិសេធមិនស៊ើបអង្កេតនេះ។ លោកថា លោកបានបំពេញការងារក្នុងនាមជាអនុប្រធានគណៈកម្មការហិរញ្ញវត្ថុរួច រាល់ហើយ។ លោកទុកឲ្យម្ចាស់ឆ្នោតជាអ្នកវិនិច្ឆ័យទៅលើការសម្រេចចិត្តរបស់ រដ្ឋសភា៖ «ការឆ្លើយបែបនេះ គឺជាការធ្វើឲ្យខ្ញុំមានការងឿងឆ្ងល់ ធ្វើឲ្យយើងបាត់បង់ជំនឿណា បាត់បង់ជំនឿថា រដ្ឋសភានឹងរៀបចំខ្លួនឲ្យស្អាតស្អំ ដើម្បីធ្វើការងារបម្រើប្រទេសជាតិបាន។ ការងារនេះវាពាក់ព័ន្ធទៅនឹងថ្នាក់ដឹកនាំគណបក្សប្រជាជនដែរ ឃើញកំហុសហ្នឹងហើយថាអត់កំហុស។ ខ្ញុំសូមបញ្ជាក់ វាមិនរឿងច្បាប់អ្វីទាំងអស់។ នេះជារឿងពាក់ព័ន្ធនឹងអំពើពុករលួយនៅក្នុងស្ថាប័នមួយ។»
ឆ្លើយតបទៅនឹង លោក ឈាង វុន វិញ លោក សុន ឆ័យ បញ្ជាក់ថា រដ្ឋសភាបានប្រើប្រាស់ថវិកាជាតិ ដូច្នោះរាល់អំពើពុករលួយនៅក្នុងរដ្ឋសភា វាប៉ះពាល់ទៅដល់ថវិកាជាតិ។
របាយការណ៍ចំណាយឆ្នាំ២០១៤ និងគ្រោងចំណាយឆ្នាំ២០១៥ ដែលវិទ្យុអាស៊ីសេរី ទទួលបានបង្ហាញថា សភាចំណាយថវិកាជាតិប្រមាណ ២៩លានដុល្លារនៅឆ្នាំ២០១៤ ហើយគ្រោងចំណាយជាង ៤៣លានដុល្លារនៅឆ្នាំ២០១៥ ខាងមុខ។
ចំពោះគម្រោងចំណាយថវិកាច្រើនក្នុងការទិញសម្ភារៈក្នុងរដ្ឋសភា នោះ លោក ឈាង វុន អះអាងថា ការចំណាយប្រមាណ ៤ម៉ឺនដុល្លារ ទិញម៉ាស៊ីនបោះពុម្ពមួយគ្រឿងនោះ មិនមែនជាការចម្លែកទេ។ ទោះបីជាយ៉ាងណាក៏ដោយ លោកបញ្ជាក់ថា ដោយសារតែការផ្សះផ្សានយោបាយប៉ុន្មានឆ្នាំចុងក្រោយនេះ រដ្ឋសភាមានបុគ្គលិកគ្មានសមត្ថភាពជាច្រើន ដែលទាមទារឲ្យរដ្ឋសភាធ្វើកំណែទម្រង់។
លោក ឈាង វុន ក៏ចោទ លោក សុន ឆ័យ ទៅវិញថា លោកបានរំលោភកិច្ចព្រមព្រៀងឈប់រិះគន់គ្នាទៅវិញទៅមករវាងគណបក្ស សង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា។
នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ព្រាប កុល ធ្លាប់បញ្ជាក់ថា ការតែងតាំងក្រុមគ្រួសារក្នុងស្ថាប័នកំពូលរបស់ជាតិនេះ ជាជម្លោះផលប្រយោជន៍ បណ្ដាលឲ្យកើតមានអំពើពុករលួយធ្ងន់ធ្ងរ ហើយក្នុងប្រទេសប្រជាធិបតេយ្យមិនអាចទទួលយកទម្លាប់នេះបានឡើយ។ លោកស្នើឲ្យមានការស៊ើបអង្កេតពីសំណាក់អង្គភាពប្រឆាំងអំពើពុករលួយ ជាបន្ទាន់៕
No comments:
Post a Comment