Paris Peace Accords 23 Oct. 1991

Tuesday, November 11, 2014

សកម្មជន​ ដីធ្លី​ តំបន់​បឹងកក់ ​៧​នាក់ ​ត្រូវ​ សមត្ថកិច្ច​ ចាប់​ខ្លួន | Security arrested 7 Boeung Kak activists

សកម្មជន​ ដីធ្លី​ តំបន់​បឹងកក់ ​៧​នាក់ ​ត្រូវ​ សមត្ថកិច្ច​ ចាប់​ខ្លួន

RFA / ​វិទ្យុ ​អាស៊ី សេរី | ១០ វិច្ឆិកា ២០១៤

ប៉ូលិស​បង្ក្រាប​អ្នក​បឹងកក់ ៦១០
ប៉ូលិស​ បង្ក្រាប​អ្នក​ភូមិ​ បឹងកក់ ដែល​នាំគ្នា ​រក​អន្តរាគមន៍ ​ពី​សម្ដេច ​ព្រះ​មហាក្សត្រី នរោត្តម មុនីនាថ សីហនុ សូម ឲ្យ​ដោះលែង​ អ្នកស្រី យ៉ោម បុប្ផា នា​មុខ​ ព្រះបរមរាជវាំង នៅ​ល្ងាច​ថ្ងៃ​ ទី១៨ ខែ​មិថុនា ឆ្នាំ​២០១៣។  RFA/Mom Sophon

អាជ្ញាធរ​ រាជធានី​ភ្នំពេញ បាន​ចាប់​ខ្លួន​ សកម្មជន​ដីធ្លី​ នៅ​សហគមន៍​​ បឹងកក់ ​ចំនួន ៧​នាក់ ខណៈ​ពេល ដែល​ពួក​គេ​ នាំ​គ្នា​ តវ៉ា​ នៅ​ខាង​មុខ​ សាលា​រាជធានី​ ភ្នំពេញ ដើម្បី ​ទាមទារ​ ឲ្យ​មាន​ ដំណោះស្រាយ ​រឿង​ទឹក​លិច​ផ្ទះ។  មក​ទល់ ​ពេល​ល្ងាច ​ថ្ងៃ​ ទី​១០ វិច្ឆិកា នេះ មិន​ទាន់​មាន​ ការ​ដោះលែង​ នៅ​ឡើយ។

មន្ត្រី​ អង្គការ​ មិន​មែន ​រដ្ឋាភិបាល ​ដែល​ឃ្លាំមើល​ ដំណើរ​ នៃ​ការ​ចាប់​ខ្លួន​នេះ ​ចាត់​ទុក​ ថា, រដ្ឋាភិបាល​ គប្បី ​បើក​ការ​ចរចា ​រក​ដំណោះស្រាយ​ ជាជាង​ ការ​ប្រើ​ប្រាស់​ ប្រព័ន្ធ​តុលាការ ឬ​ថា, ប្រើ​កម្លាំង ​ដើម្បី ​​បង្ក្រាប ​ការ​ប្រមូលផ្ដុំ​ ដោយ​សន្តិវិធី​ ក្រោម​ហេតុ​ផល​ ណា​មួយ។

លោក អំ សំអាត មន្ត្រី​សិទ្ធិ​មនុស្ស​ នៃ​អង្គការ​ លីកាដូ (Licadho) ដែល​ចុះ ឃ្លាំមើល ​ស្ថានការណ៍ ​នៅ​ពេល​នេះ ឲ្យ​ដឹង ​ថា, សកម្មជន ​ដីធ្លី ​ដែល​ភាគ​ច្រើន ​គឺ​សុទ្ធ​តែ​ ជា​ស្ត្រី​នោះ ត្រូវ​ បាន​​បញ្ជូន​ទៅ​ ឃុំ​ខ្លួន​ ភ្លាមៗ​ នៅ​ស្នងការដ្ឋាន ​រាជធានី​ភ្នំពេញ បន្ទាប់​ ពី​ចាប់​ខ្លួន​ បាន។

លោក​ ថ្លែង​បន្ត​ ថា, រឿង​នេះ​ មិន​គួរ​ណា​ រដ្ឋាភិបាល ​ប្រើប្រាស់​ កម្លាំង​ប្រដាប់​អាវុធ ​ប្រឆាំង​ ក្រុម​អ្នក​តវ៉ា គ្រាន់តែ​ ស្វែង​រក​ ដំណោះស្រាយ​ នោះ​ទេ៖ «យើង ​គិត​ថា, វា​ មិន​គួរ​ រឿង​អី​​ ដែល​ត្រូវ ​បញ្ជូន​ទៅ​ តុលាការ។  សំខាន់ ​គឺ​ រឿង​ការ​ដោះស្រាយ, ការ​ជជែក​គ្នា, ពី​ព្រោះ ​​ដែល​គាត់​ តវ៉ា​នេះ ដោយសារ​តែ​ បញ្ហា​ទឹក​ភ្លៀង​ មក​វា​ លិច​នៅ​ផ្ទះ​សម្បែង ​របស់​គាត់ ដែល​ពី​មុន​ ការ​អភិវឌ្ឍ​​ នៅ​តំបន់​ បឹងកក់ ផ្ទះ​គាត់​ គឺ​ មិន​ដែល​​លិច​ ដូច្នេះ​​ទេ។»

សកម្មជន​ ការពារ​ដីធ្លី​ នៅ​តំបន់ ​បឹងកក់ ដែល​ត្រូវ បាន​ចាប់​ខ្លួន​ កាល​ពី​ព្រឹក​ ថ្ងៃ​ ទី​១០ វិច្ឆិកា នៅ​ខាង​មុខ​ សាលា​រាជធានី ​ភ្នំពេញ, ក្នុង​នោះ ​មាន​លោកស្រី ទេព វន្នី, លោកស្រី ផាន់ ឈុនរ៉េត,  លោកស្រី គង់ ចន្ថា, លោកស្រី បូរ ឆវី, កញ្ញា សុង ស្រីលាភ, លោកស្រី ង៉ែត ឃុន, និងលោកស្រី នង ស្រេង

លោក ចាន់ ពុទ្ធិស័ក្ដ សកម្មជន​ដីធ្លី​នៅ​តំបន់​បឹងកក់​ម្នាក់​ដែរ និយាយ​ថា មូលហេតុ​នៃ​ការ​ចាប់​ខ្លួន​នេះ ធ្វើ​ឡើង​​នៅ​ពេល​ពួក​គាត់​ប្រមូលផ្ដុំ​នៅ​​ខាង​មុខ​សាលា​រាជធានី​ភ្នំពេញ ដើម្បី​ស្នើ​សុំ​កិច្ច​អន្តរាគមន៍ សូម​ឲ្យ​ជួយ​រក​ដំណោះស្រាយ​រឿង​ទឹក​លិច​ផ្ទះ។ លោក​បន្ត​ថា នៅ​ពេល​ភ្លៀង​​ប៉ុន្មាន​ថ្ងៃ​ជាប់ៗ​គ្នា​នេះ បង្ក​ឲ្យ​មាន​ទឹក​ដក់​ហើយ​មាន​ក្លិន​ស្អុយ ដែល​មិន​អាច​មាន​​ប្រព័ន្ធ​លូ​បង្ហូរ​ទឹក​ចេញ ហេតុ​នេះ​ទើប​ប្រជាពលរដ្ឋ​សម្រេច​​ចិត្ត​សុំ​កិច្ច​អន្តរាគមន៍​ពី​សាលា​ រាជធានី​ភ្នំពេញ ប៉ុន្តែ​បែរ​ជា​ត្រូវ​កម្លាំង​ចម្រុះ​ប្រហែល ៣០០នាក់​បង្ក្រាប និង​ចាប់​ខ្លួន។

លោក ចាន់ ពុទ្ធិស័ក្ដ៖ «មូល​ហេតុ ដែល​គេ​ ចាប់​ហ្នឹង​ ដោយ​សារ​ ថា, ពួក​យើង​ ធ្វើ​ការ​ តវ៉ា​ នៅ​សាលា​​ ក្រុង​ភ្នំពេញ អំពី​ ទឹក​ជន​លិច​ សហគមន៍​​ បឹងកក់ ជា​ច្រើន​ថ្ងៃ​ មក​ហើយ, ប៉ុន្តែ​ ទឹក​នៅ​បន្ត​លិច​ សហគមន៍ ​បឹងកក់។  អ៊ីចឹង​ អាជ្ញាធរ​ អត់​ធ្វើ​ដឹង ​ធ្វើ​ឮ​, ដោះស្រាយ​ ជូន​ប្រជាពលរដ្ឋ, ដល់​អ៊ីចឹង​ទៅ ​ប្រជាពលរដ្ឋ​ ទៅ​តវ៉ា។»

អង្គការ​សង្គម​ស៊ីវិល​ដែល​ឃ្លាំមើល​ការ​ប្រើ​ហិង្សា​ប្រឆាំង​ក្រុម​ បាតុករ ដែល​តស៊ូ​មតិ​ដោយ​សន្តិវិធី​កត់សំគាល់​ថា ​រដ្ឋាភិបាល​ពុំ​ដែល​ឃើញ​ដោះស្រាយ​បញ្ហា​នៅ​ពេល​មាន​ការ​តវ៉ា​ម្ដង​ណា​ឡើយ ក្រៅ​ពី​ព្យាយាម​ប្រើ​កម្លាំង​គ្រប់​រូបភាព​បង្ក្រាប ឬ​ថា ទប់ស្កាត់​ក្រុម​អ្នក​តវ៉ា​ជា​បន្តបន្ទាប់​ក្នុង​ពេល​កន្លង​ទៅ​នេះ។

ស្រប​ពេល​ជា​មួយ​គ្នា​នេះ​ដែរ កាល​ពី​ខែ​សីហា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏​ធ្លាប់​ព្រមាន​មន្ត្រី​របស់​​លោក​ដែរ​ថា មិន​ដែល​ឃើញ​ដោះស្រាយ​អ្វី​ទាល់​តែ​សោះ ក្រៅ​ពី​ប្រើ​កម្លាំង​បិទ​ខាង​លិច​បិទ​ខាង​កើត​ប្រឆាំង​អ្នក​តវ៉ា។

ទោះ​ជា​បែប​ណា ក្រុម​អង្គការ​សង្គម​ស៊ីវិល​យល់​ឃើញ​ថា សារ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នេះ​មិន​ដឹង​ជា​ឆន្ទៈ​ពិត​ក្នុង​ការ​ដោះស្រាយ​បញ្ហា ឬ​គ្រាន់​តែ​ធ្វើ​ដើម្បី​ល្អ​មើល​នោះ​ទេ ឬថា​គឺ​ជា​សារ​ដើម្បី​លួង​ចិត្ត។

គិត​មក​ដល់​ពេល​នេះ ដំណោះស្រាយ​ហាក់​គ្មាន​លទ្ធផល រី​ឯ​បញ្ហា​ចេះ​តែ​បន្ត​កើត​ឡើង បើ​ទោះ​ជា​លោក ហ៊ុន សែន បាន​បញ្ជា​​ឲ្យ​មន្រ្តី​នៅ​មូលដ្ឋាន​បន្ត​ដោះស្រាយ​ដើម្បី​បញ្ចៀស​ការ​ឡើង​ តវ៉ា​មក​ដល់​ភ្នំពេញ​ក្តី។ សម្រែក​តវ៉ា​ត្រូវ​បាន​ឭ​ស្ទើរ​រាល់​ថ្ងៃ​នៅ​តាម​មហាវិថី​ក្នុង​រាជធានី​ ភ្នំពេញ ជា​ពិសេស​រឿង​ដីធ្លី។

ឆ្លើយ​តប​រឿង​នេះ អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌីម៉ង់ ឲ្យ​ដឹង​មុន​ការ​ផ្សាយ​​នេះ​ថា មូល​ហេតុ​ដែល​ឈាន​ដល់​​ការ​ចាប់​ខ្លួន​នេះ ព្រោះ​ពួក​គាត់​​ព្យាយាម​បិទ​ផ្លូវ។ លោក​បន្ត​ថា ការ​ដោះស្រាយ​ដើម្បី​ឲ្យ​មាន​សេរីភាព​វិញ ឬ​យ៉ាង​ណោះ​នោះ​គឺ​លោក​នៅ​មិន​ប្រាកដ​នៅ​ឡើយ​ទេ។ លោក​ថ្លែង​បន្ត​ថា ព្រោះ​នៅ​ពេល​នេះ មនុស្ស​ទាំង ៧​នាក់​នោះ ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ស្នងការ​រាជធានី​ភ្នំពេញ ទៅ​ហើយ ហេតុ​នេះ​ការ​​ដែល​ថា អាច​បាន​នៅ​ក្រៅ​ឃុំ គឺ​នៅ​​មិន​ទាន់​ដឹង​ច្បាស់ ព្រោះ​ជា​នីតិវិធី​បន្ត។

លោក​ចាត់​ទុក​បន្ត​ថា សកម្មជន​ទាំង ៧​នាក់​នោះ តវ៉ា​បិទ​ផ្លូវ​គឺ​មិន​ខុស​ពី​យក​អ្នក​ធ្វើ​ដំណើរ​​តាម​ទី​សាធារណៈ​ធ្វើ​ ចំណាប់​ខ្មាំង​ដើម្បី​បង្ខំ​ដល់​មន្ត្រី​រដ្ឋាភិបាល​ឡើយ។

លោក ឡុង ឌីម៉ង់ ថ្លែង​ថា សកម្មភាព​ដែល​ធ្វើ​ឡើង​នៅ​ពេល​នេះ គឺ​ផ្ទុយ​នឹង​ច្បាប់ ហេតុ​នេះ ដើម្បី​ដោះស្រាយ​បញ្ហា​មាន​តែ​ប្រើ​កម្លាំង​ដើម្បី​បន្ធូរបន្ថយ​ស្ថានការណ៍៕



No comments:

Post a Comment