គណបក្ស សង្គ្រោះជាតិ បដិសេធ ព័ត៌មាន បែកបាក់ ផ្ទៃក្នុង និងរឿង ពុករលួយ
RFA / វិទ្យុ អាស៊ី សេរី | ២៨ ធ្នូ ២០១៤
គណបក្ស សង្គ្រោះជាតិ បដិសេធ ចំពោះ ព័ត៌មាន បែកបាក់ ផ្ទៃក្នុងបក្ស និងអំពើ ពុករលួយ ដែលទម្លាយ ដល់អ្នកកាសែត ដោយអ្នកស្រី ឡាក់ សុភាព សមាជិក គណៈកម្មាធិការ វិន័យ នៃគណបក្សនេះ។ មន្ត្រី គណបក្ស សង្គ្រោះជាតិ ចាត់ទុក ជារឿងគួរ ឱ្យអស់សំណើច។
ការបដិសេធ របស់ គណបក្ស សង្គ្រោះជាតិនេះ គឺ បន្ទាប់ ពីមានបណ្ដាញ ព័ត៌មាន មួយចំនួន ចុះផ្សាយប្រសាសន៍ របស់ អ្នកស្រី ឡាក់ សុភាព ជាសមាជិក គណៈកម្មាធិការ វិន័យ នៃគណបក្ស សង្គ្រោះជាតិ និងជាជំនួយការ លោក កឹម សុខា អនុប្រធាន គណបក្ស ថា, ថ្នាក់ដឹកនាំ បក្សនេះ កំពុងបែកបាក់ ផ្ទៃក្នុង និងមានអំពើ ពុករលួយ កិបកេងលុយ រាប់លានដុល្លារ។
ប្រធាន គណៈកម្មាធិការ វិន័យ នៃគណបក្ស សង្គ្រោះជាតិ លោក អ៊ូ ច័ន្ទឫទ្ធិ មានប្រសាសន៍ ថា, បញ្ហា លើកឡើង ដោយអ្នកស្រី ឡាក់ សុភាព គឺ ខុសការពិត និងហួសចិត្ត៖ «យើង មានការ ភ្ញាក់ផ្អើល ព្រោះ យើង មិនមានការ ចាប់អារម្មណ៍ ថា, យើង មានការ បែកបាក់គ្នាទេ។ យើង មានការ រួបរួមគ្នា ដូចជាមិនមាន បញ្ហាផ្ទៃក្នុង, ហើយ ទីពីរ រឿងពុករលួយ ដែលគាត់ លើកឡើងហ្នឹង គឺ ជារឿងមួយ ដែលយើង ភ្ញាក់ផ្អើល។ យើង មិននឹកឃើញ ថា, គាត់ លើកឡើង; វា ហួសហេតុពេក។ ខុសពីការពិត, ហើយ គ្មានអី ច្បាស់លាស់ ដែលគាត់ លើកឡើងរ បៀបនេះ។ យើង មានការ ភ្ញាក់ផ្អើល, ហើយ យើង ក៏មិនឱ្យ សមាជិក ណាម្នាក់ មកនិយាយ ប៉ះពាល់ ថ្នាក់ដឹកនាំ ឬគណបក្ស, ប៉ះពាល់ កិត្តិយស បែបនេះទេ។»
អ្នកស្រី ឡាក់ សុភាព ត្រូវ បានបណ្ដាញ សារព័ត៌មាន ស្រង់សម្ដី ចុះផ្សាយ ពេលដែលអ្នកស្រី មានប្រសាសន៍ ពីការបែកបាក់ ផ្ទៃក្នុង និងអំពើ ពុករលួយ របស់ ថ្នាក់ដឹកនាំ គណបក្ស សង្គ្រោះជាតិ ទាំងពីរ។ អ្នកស្រី បន្តថា, ទាំងនៅក្នុងប្រទេស និងក្រៅប្រទេស សមាជិក គណបក្ស ក៏មិនសូវ ស៊ីសង្វាក់គ្នាដែរ, ជាពិសេស ការបែងចែក អំណាច, ការរើសអើង រវាង អ្នកជាប់ឆ្នោត និងអ្នក មិនជាប់ឆ្នោត។ អ្នកស្រី យល់ថា, បញ្ហានេះ គឺ ជាការផុយស្រួយ និងបែកបាក់ នៃគណបក្ស សង្គ្រោះជាតិ។
ស្របពេល ដែលមាន ព័ត៌មាន អំពី ការបែកបាក់ និងពុករលួយ នេះ នៅទី២៧ ធ្នូ មានលិខិត នៃសេចក្ដី ថ្លែងការណ៍ ដែលប្រើ រូបសញ្ញា និងត្រា របស់ គណបក្ស សង្គ្រោះជាតិ មួយច្បាប់ បានចាត់ទុក ការនិយាយ របស់ អ្នកស្រី ឡាក់ សុភាព ជាមួយ ព័ត៌មាន បែបនេះ គឺ ជាចេតនា បំបែកបំបាក់ សាមគ្គីភាព ផ្ទៃក្នុង បក្ស ប៉ុណ្ណោះ, ហើយ ផ្ទុយទៅវិញ គឺ អ្នកស្រី ឡាក់ សុភាព ទេ ដែលជាបុគ្គល បង្កើត ឱ្យមាន បក្សពួក របស់ខ្លួន នៅក្នុងគណៈកម្មាធិការ នាយក ដោយបែងចែក ក្រុម និងមូលនិធិ ខាងអនុប្រធាន បក្ស ដាច់ដោយឡែក និងបង្កើត អំពើ ពុករលួយ ក្នុងក្រុម របស់ខ្លួន ដោយមូលនិធិ ដែលប្រមូលបាន ពីក្រៅប្រទេស, មិនបាន យកមកដាក់បញ្ចូល ក្នុងមូលនិធិ របស់ គណបក្សឡើយ។
លិខិតនោះបន្តថា គណបក្សសង្គ្រោះជាតិ អំពាវនាវឱ្យអ្នកស្រី ឡាក់ សុភាព ឈប់និយាយផ្ដេសផ្ដាសរបៀបនេះបន្តទៀត។ បើពុំដូច្នេះទេ អ្នកស្រីនឹងប្រឈមមុខចំពោះគណៈកម្មាធិការវិន័យរបស់គណបក្សសង្គ្រោះ ជាតិជាមិនខាន។
ទាក់ទង នឹងសេចក្ដី ថ្លែងការណ៍នេះ, លោក អ៊ូ ច័ន្ទឫទ្ធិ ប្រធានគណៈកម្មាធិការវិន័យ នៃគណបក្សសង្គ្រោះជាតិ មានប្រសាសន៍ថា មិនមែនជាសេចក្ដីថ្លែងការណ៍របស់គណបក្សសង្គ្រោះជាតិទេ ហើយលោកហៅសេចក្ដីថ្លែងការណ៍នោះថា ជាការក្លែងក្លាយ ដែលមិនអាចទទួលយកបានទេ។
លោកថា រហូតមកដល់ពេលនេះ ខាងគណបក្សសង្គ្រោះជាតិមិនទាន់បានចេញលិខិតផ្លូវការណាមួយនៅឡើយ ទេ ទាក់ទងនឹងបញ្ហានេះ។ ក៏ប៉ុន្តែ លោកឱ្យដឹងទៀតថា គណៈកម្មាធិការវិន័យ នៃគណបក្សសង្គ្រោះជាតិបានជួបពិភាក្សាគ្នាអំពីបញ្ហានេះ នៅល្ងាចថ្ងៃទី២៨ ធ្នូ៖ «យើងអត់មានចេញសេចក្ដីថ្លែងការណ៍អីទេ ប៉ុន្តែគណៈកម្មាធិការវិន័យនៃគណបក្សសង្គ្រោះជាតិហ្នឹង រៀបចំដើម្បីអញ្ជើញគាត់មកបំភ្លឺជាផ្លូវការជាមួយគណៈកម្មាធិការ វិន័យ នូវអ្វីដែលបានថ្លែងទៅកាន់អ្នកសារព័ត៌មាន ក៏ដូចជាសាធារណជន ទាក់ទងទៅនឹងអ្វីដែលគាត់ចោទប្រកាន់ថា មានការបែកបាក់ផ្ទៃក្នុង មានអំពើរលួយជាដើម ហើយយើងនឹងអញ្ជើញគាត់មកបំភ្លឺ គណៈកម្មាធិការវិន័យក្នុងពេលឆាប់ៗនេះ។»
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអ្នកស្រី ឡាក់ សុភាព ដើម្បីថ្លែងទាក់ទងនឹងបញ្ហានេះបានទេ ចាប់តាំងពីថ្ងៃទី២៧ ធ្នូ មក៕
Is the Viet-controlled CPP really trying to demolish the CNRP or is it just a hoax? can't wait for the outcome.
ReplyDelete