គណបក្ស សង្គ្រោះជាតិ ស្វែងរក ថវិកា ដើម្បី ដំណើរការ ប៉ុស្តិ៍ទូរទស្សន៍
RFA / វិទ្យុ អាស៊ី សេរី | ៣០ វិច្ឆិកា ២០១៤
របៀបវារៈ នៃការចរចា នយោបាយមួយ ដែលគណបក្ស សង្គ្រោះជាតិ ទទួលបាន ជោគជ័យនោះ គឺ ការអនុញ្ញាត របស់ រដ្ឋាភិបាល ឲ្យគណបក្ស ប្រឆាំងនេះ អាចបើកស្ថានីយ ផ្សព្វផ្សាយ វិទ្យុ និងទូរទស្សន៍។ ក្នុងដំណើរការ នៃបើក ការផ្សព្វផ្សាយ របស់ ខ្លួននេះ, គណបក្ស សង្គ្រោះជាតិ បានសហការ និងក្រុមហ៊ុនមួយ ប្រព័ន្ធផ្សព្វផ្សាយ ឯករាជមួយ ឈ្មោះ ហៅកាត់ ថា, ស៊ីអាយអឹម (CIM, or Cambodian Independent Media)។
ក្រុមហ៊ុន ផ្សព្វផ្សាយ ឯករាជ្យ កម្ពុជា មួយ កំពុងរៀបចំ ឯកសារ ដើម្បី ដំណើរ បើកស្ថានីយ ទូរទស្សន៍ របស់ខ្លួន បន្ទាប់ ពីក្រសួង ព័ត៌មាន បានសរសេរ លិខិតអនុញ្ញាត កាលពីថ្ងៃ ទី២៤ វិច្ឆិកា។ ប្រធាន ក្រុមប្រឹក្សា ភិបាល នៃប្រព័ន្ធ ផ្សព្វផ្សាយ ឯករាជ្យកម្ពុជា ដែលហៅកាត់ ថា ស៊ីអាយអឹម, អ្នកស្រី គុណ លំអង, មានប្រសាសន៍ នៅថ្ងៃ ទី៣០ វិច្ឆិកា ថា, អ្នកស្រី មានភាព ជឿជាក់ ថា នឹងទទួលបាន អាជ្ញាប័ណ្ណ បើកស្ថានីយ ទូរទស្សន៍ ពីក្រសួង ព័ត៌មាន។ ប៉ុន្តែ កត្តា ដែលអ្នកស្រី ព្រួយបារម្ភនោះ គឺ បញ្ហា ធនធាន ហិរញ្ញវត្ថុ សម្រាប់ ដំណើរការ ស្ថានីយ ប្រព័ន្ធផ្សព្វផ្សាយ មួយនេះ។ អ្នកស្រី បញ្ជាក់ទៀត ថា, បច្ចុប្បន្ន ក្រុមហ៊ុន កំពុង ពិភាក្សា នឹងគណបក្ស សង្គ្រោះជាតិ ក្នុងការធានា ឲ្យមាន ប្រភពហិរញ្ញវត្ថុ គ្រប់គ្រាន់ នៅពេល ដែលស្ថានីយនេះ នឹងទទួលបាន អាជ្ញាប័ណ្ណ ផ្សព្វផ្សាយ នៅពេល ដ៏ខ្លី ខាងមុខ។
សេចក្ដីប្រកាស របស់ ក្រសួង ព័ត៌មាន នាថ្ងៃ ទី២៤ វិច្ឆិកា បានបង្ហាញ ថា, តាមសំណើរបស់ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្សី និងលិខិតពិសេសរបស់ប្រធានក្រុមប្រឹក្សាភិបាល របស់ក្រុមហ៊ុនផ្សព្វផ្សាយឯករាជ្យកម្ពុជា ស៊ីអាយអឹម ក្រសួងបានអនុញ្ញាតឲ្យក្រុមហ៊ុននេះ បើកស្ថានីយប៉ុស្តិ៍ទូរទស្សន៍របស់ខ្លួន ប៉ុន្តែក្រុមហ៊ុននេះ ត្រូវមកបំពេញបែបបទសុំអាជ្ញាប័ណ្ណ។
ទោះជាយ៉ាងណាក៏ដោយមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ កំពុងខិតខំប្រឹងប្រែងសហការនឹងក្រុមហ៊ុននេះ លើការបំពេញបែបបទសុំអាជ្ញាប័ណ្ណនេះ។
អ្នកនាំពាក្យរបស់គណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ មានប្រសាសន៍ថា នៅថ្ងៃច័ន្ទទី១ធ្នូ ក្រុមហ៊ុននឹងដាក់ការស្នើសុំអាជ្ញាប័ណ្ណនោះ នៅក្រសួងព័ត៌មាន ប៉ុន្តែដំណើរការនៃគ្រប់គ្រងនិងចាត់ចែងស្ថានីយនេះ កំពុងស្ថិតនៅក្នុងការពិភាក្សាគ្នានៅឡើយ។ លោកបញ្ជាក់ទៀតថា ទោះបីជាក្រុមហ៊ុនឯកជនណាមួយទទួលសិទ្ធិវិនិយោគក៏ដោយ ប៉ុន្តែស្ថានីយនោះត្រូវតែឯករាជ្យ និងស្របតាមវិជ្ជាជីវៈព័ត៌មាន។
ទោះជាយ៉ាងណាក៏ដោយ ការទទួលអាជ្ញាប័ណ្ណទូរទស្សន៍ គឺជាការព្រមព្រៀងគ្នានៅរបៀបវារៈ ចរចា នយោបាយ របស់ គណបក្សសង្គ្រោះ ជាតិ និងគណបក្សប្រជាជនកម្ពុជាដែលចង់មានប្រព័ន្ធផ្សព្វព័ត៌មានដោយ ឯករាជ្យនៅប្រទេសកម្ពុជា៕
No comments:
Post a Comment