ហេតុអ្វី ត្រូវការ ឲ្យមាន ប្រធាន ក្រុមភាគតិច នៅក្នុងរដ្ឋសភា
RFA / វិទ្យុ អាស៊ី សេរី | ៣០ វិច្ឆិកា ២០១៤
លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន និងមេដឹកនាំ គណបក្ស សង្គ្រោះជាតិ លោក សម រង្ស៊ី បានឯកភាពគ្នា កាលពីថ្ងៃ ទី២៨ វិច្ឆិកា ថា នឹងជំរុញ ការធ្វើ វិសោធនកម្ម បទបញ្ជាផ្ទៃក្នុង នៃ រដ្ឋសភា ឲ្យបានឆាប់ ដើម្បី រៀបចំ ឲ្យមាន ថ្នាក់ដឹកនាំ តំណាងរាស្ត្រ នៃគណបក្ស នយោបាយ ដែលមាន អាសនៈ នៅក្នុងរដ្ឋសភា និងរៀបចំ ឲ្យមាន ប្រធាន ក្រុមភាគតិច នៅរដ្ឋសភា ដែលមានឋានៈ ស្មើនាយករដ្ឋមន្ត្រី។ តើ ហេតុអ្វី ត្រូវការ ឲ្យមាន ប្រធាន ក្រុមភាគតិច នៅក្នុងរដ្ឋសភា?
ការគ្រោងធ្វើ វិសោធនកម្ម ប្រការ ៤៨ថ្មី (ពីរ) នៃបទបញ្ជា ផ្ទៃក្នុង រដ្ឋសភា ដើម្បី រៀបចំ ឲ្យមាន ថ្នាក់ដឹកនាំ តំណាងរាស្ត្រ នៃគណបក្ស នយោបាយ ដែលមាន អាសនៈ នៅក្នុងរដ្ឋសភា និងរៀបចំ ឲ្យមាន ប្រធាន ក្រុមភាគតិច នៅរដ្ឋសភា នឹងក្លាយ ជារឿងអាទិភាព របស់ គណបក្ស ប្រជាជនកម្ពុជា និងគណបក្ស សង្គ្រោះជាតិ ដើម្បី សម្រេច ឲ្យបាន។
តំណាងរាស្ត្រ គណបក្ស សង្គ្រោះជាតិ លោក សុន ឆ័យ មានប្រសាសន៍ នៅថ្ងៃ ទី៣០ វិច្ឆិកា ថា, ការផ្ដួចផ្ដើម ឲ្យមាន ថ្នាក់ដឹកនាំ តំណាងរាស្ត្រ នៃគណបក្ស នយោបាយ ដែលមាន អាសនៈ នៅក្នុងរដ្ឋសភា និងឲ្យមាន ប្រធាន ក្រុមភាគតិច នៅរដ្ឋសភានេះ គឺ ជាការស្នើ របស់ ប្រធាន គណបក្ស សង្គ្រោះជាតិ លោក សម រង្ស៊ី ពីព្រោះ លោក ថា, លោក សម រង្ស៊ី ចង់ពង្រឹង តួនាទី របស់ គណបក្ស នយោបាយ ដែលមិនមែន នៅក្នុងរដ្ឋាភិបាល ជាផ្លូវការ។ នោះ មានន័យថា, ត្រូវតែ មានការតែងតាំង ជាផ្លូវការ នូវប្រធាន គណបក្សប្រជែង ដើម្បី ឲ្យគាត់ មានបុព្វសិទ្ធិ និងតួនាទី ក្នុងការបំពេញ ភារកិច្ច តាមដានការងារ រដ្ឋាភិបាល ប្រហាក់ប្រហែល នឹងនាយករដ្ឋមន្ត្រីដែរ។
សម្រាប់លោក សុន ឆ័យ ការរៀបចំ ឲ្យមាន ប្រធាន ក្រុមភាគតិច នៅក្នុងរដ្ឋសភា គឺ ជាការចាប់ផ្ដើម ល្អមួយ ព្រោះថា, វា នឹងបង្កើត ឲ្យមាន ក្រុមតំណាងរាស្ត្រ ផ្លូវការ ដើម្បី ឲ្យក្រុម តំណាងរាស្ត្រ នីមួយៗ មានមធ្យោបាយ ធ្វើការងារ ក្នុងការស្រាវជ្រាវ និងបំពេញ បេសកកម្ម ផ្សេងៗ ឲ្យមាន ភាពប្រសើរឡើង។
ទោះ ជាយ៉ាងណា លោក ថា, ដើម្បី ធ្វើឲ្យការ បំពេញការងារ របស់ ប្រធាន ក្រុមភាគតិច នៅរដ្ឋសភា មានប្រសិទ្ធភាព ឬក៏អត់នោះ, វា ត្រូវ អាស្រ័យ ទៅលើ ការកែលម្អ បទបញ្ជាផ្ទៃក្នុង រដ្ឋសភា បន្ថែមទៀត។ ក្នុងនោះ មានដូចជា ការរៀបចំ ឲ្យមាន កម្មវិធី សួរដេញដោល ជារៀងរាល់សប្ដាហ៍ ជាដើម។ លោក ថា, «នាយករដ្ឋមន្ត្រី ត្រូវតែ ចូលខ្លួន, ហើយ ប្រធាន គណបក្ស ប្រឆាំងផ្លូវការ សួរ ដេញដោល រាល់សប្ដាហ៍។»
ក្នុងសេចក្ដី ប្រកាសព័ត៌មាន ដែលចុះ ហត្ថលេខា ដោយលោក ហ៊ុន សែន និងលោក សម រង្ស៊ី បានបញ្ជាក់ ថា, ប្រធាន ក្រុមភាគតិច នៅរដ្ឋសភា នឹងមានឋានៈ ស្មើនាយករដ្ឋមន្ត្រី និងមាន តួនាទី ជាគូសន្ទនា ជាមួយ ប្រមុខរដ្ឋាភិបាល ទាក់ទង់ នឹងបញ្ហា របស់ ប្រទេសជាតិ។
ជុំវិញបញ្ហានេះ លោក សុន ឆ័យ កត់សម្គាល់ ថា, ការសន្ទនា ជជែក សួរដេញដោល គឺ ជាគោលការណ៍ នៅក្នុងសង្គម ប្រជាធិបតេយ្យ។ ទោះ ជាយ៉ាងណា លោក ថា, ការសន្ទនានោះ ទៀតសោត អាចធ្វើឡើង ក្នុងរូបភាព ចំហ ដូចជា តាមរយៈ ការកោះហៅ មន្ត្រីរដ្ឋាភិបាល ទៅសួរ ដេញដោល នៅសភា ជាដើម។ ព្រម ជាមួយគ្នានោះ, វា ក៏អាចមាន ការសន្ទនា ឬសួរ ដេញដោល ជាលក្ខណៈ មិនចំហ ផងដែរ ប្រសិនបើ បញ្ហានោះ វា ធ្ងន់ធ្ងរ, ហើយ អាចប៉ះពាល់ ដល់បញ្ហា សន្តិសុខជាតិ។
ទោះ ជាយ៉ាងណា សម្រាប់ អ្នកវិភាគ នយោបាយ លោកបណ្ឌិត សុខ ទូច យល់ឃើញ ថា, ក្នុងបរិបទ ប្រទេសកម្ពុជា បច្ចុប្បន្ន ការបង្កើត ឲ្យមាន ថ្នាក់ដឹកនាំ តំណាងរាស្ត្រ និងប្រធាន ក្រុមភាគតិច នៅក្នុងរដ្ឋសភា គឺ មិនចាំបាច់ នោះឡើយ ព្រោះ លោក ថា, គណបក្ស ប្រឆាំង សព្វថ្ងៃ មានសំឡេង គ្រប់គ្រាន់ នៅក្នុងសភា ដើម្បី កោះហៅ មន្ត្រីរដ្ឋាភិបាល មកសួរ ដេញដោល បាន គ្រប់ពេលវេលា។ ផ្ទុយទៅវិញ លោក ថា, ការបង្កើត ក្រុមថ្មីនេះ នឹងធ្វើ ឲ្យបាត់បង់ អំណាចសភា ដែលមានស្រាប់ និងធ្វើ ឲ្យខាតបង់ ថវិកាជាតិ ទៀតផង។
លោកបណ្ឌិត សុខ ទូច ក៏យល់ឃើញដែរ ថា, ការបង្កើត ឲ្យមាន ក្រុមថ្មី នៅក្នុងសភានេះ គឺ ប្រៀបបានទៅ នឹងការបង្កើត នូវរដ្ឋធម្មនុញ្ញ ថ្មីមួយ ក្នុងរដ្ឋធម្មនុញ្ញ ដែលមានស្រាប់, ហើយ វា ក៏ធ្វើ ឲ្យរដ្ឋបាល ក្នុងសភា រឹតតែ មានភាព អនាធិបតេយ្យ ផងដែរ។
លោកបណ្ឌិត សុខ ទូច លើកឡើង ថា, ប្រសិនបើ ប្រទេសកម្ពុជា ស្ថិតក្នុង ដំណាក់ការ បង្រួបបង្រួម ជាតិ, គេ អាចប្រើប្រាស់ រូបភាពនេះបាន។ ប៉ុន្តែ លោក ថា, ដោយសារ កម្ពុជា បានងើបផុត ពីដំណាក់ការ បង្រួបបង្រួម ជាតិ ឈានចូលដល់ ដំណាក់ការ កសាង និងការពារ ជាតិហើយ, ដូច្នេះ កម្ពុជា មិនចាំបាច់ ត្រូវការ ឲ្យមាន ប្រធាន ក្រុមតំណាងរាស្ត្រ ភាគតិច នោះទេ៕
No comments:
Post a Comment