Paris Peace Accords 23 Oct. 1991

Wednesday, December 31, 2014

ស្ថានភាព សិទ្ធិមនុស្ស​ និង​ភាព​ អយុត្តិធម៌​ សង្គម ​ក្នុង​ឆ្នាំ​ ២០១៤ | Human rights condition and social injustices in 2014

ស្ថានភាព សិទ្ធិមនុស្ស​ និង​ភាព​ អយុត្តិធម៌​ សង្គម ​ក្នុង​ឆ្នាំ​ ២០១៤

RFA / ​វិទ្យុ ​អាស៊ី សេរី | ៣១ ធ្នូ ២០១៤

សមត្ថកិច្ច​បង្ក្រាប​កម្មករ​តវ៉ា​នៅ​ផ្លូវ​វ៉េងស្រេង
សមត្ថកិច្ច បង្ក្រាប​លើ​កម្មករ ​នាំ​គ្នា ​ធ្វើ​បាតុកម្ម​ តវ៉ា​ សុំ​ ដំឡើង ​ប្រាក់​ខែ​គោល ១៦០​ដុល្លារ នៅ​តាម​បណ្ដោយ​ផ្លូវ វ៉េង ស្រេង រាជធានី ​ភ្នំពេញ កាល​ពី​ថ្ងៃ​ ៣ មករា ២០១៤។  ក្នុង​ការ​បង្ក្រាប​នោះ​ មាន​មនុស្ស ៥​នាក់​ បាន​ស្លាប់ និង​ជិត ៤០​នាក់ ផ្សេង​ទៀត​ រង​របួស។  Photo: RFA

បើ ​ទោះ​ជា​កម្ពុជា ជា​ហត្ថលេខី ​នៃ​សន្ធិសញ្ញា​ ការពារ ​សិទ្ធិ​មនុស្ស និង​ដាក់​បញ្ចូល ​ច្បាប់​ សិទ្ធិ​មនុស្ស​ អន្តរជាតិ​ ជា​ច្រើន ​ទៅ​ក្នុង​ រដ្ឋធម្មនុញ្ញ ​របស់​ខ្លួន ​ក៏​ដោយ ក៏​អ្នក​ឃ្លាំមើល​ ការ​អនុវត្ត និង​គោរព​ គោលការណ៍​ សិទ្ធិ​មនុស្ស មើល​ឃើញ​​ ថា, នៅ​តែ ​ជា​បញ្ហា​ គួរ ឲ្យ​ព្រួយ​បារម្ភ។  តើ​ បញ្ហា​ជាក់ស្ដែង ​នៃ​ការ​រំលោភ ​សិទ្ធិ​មនុស្ស ​នៅ​កម្ពុជា ក្នុង​ឆ្នាំ ​២០១៤ កន្លង​ទៅ​នេះ មាន​សភាព​ យ៉ាង​ណា​ខ្លះ?


ពេញ​មួយ​ឆ្នាំ​ ២០១៤ អង្គការ​ សង្គម​ស៊ីវិល​ ជាតិ និង​អន្តរជាតិ មមាញឹក​ច្រើន ​ក្នុង​ការ​ចេញ ​របាយការណ៍ និង​សេចក្ដី​ ថ្លែងការណ៍ ​ថ្កោលទោស ​កម្ពុជា។

តាំង​ពី​ដើម​ឆ្នាំ ​មក, ​អង្គការ​ សិទ្ធិ​មនុស្ស​ អន្តរជាតិ ឈ្មោះ ហ្វ្រីដម ហោស៍ (Freedom House) ដែល​មាន ​មូលដ្ឋាន ​នៅ​សហរដ្ឋ អាមេរិក ចេញ​របាយការណ៍​ រក​ឃើញ​ ថា, កម្ពុជា​ មិន​បាន ​គោរព​ ពេញលេញ នូវ​សិទ្ធិ​ នយោបាយ និង​សេរីភាព ​របស់ ​ពលរដ្ឋ, ហើយ​ លទ្ធិប្រជាធិបតេយ្យ​ កំពុង​មាន​ ការវិវឌ្ឍន៍​ ថយ​ក្រោយ​ ធ្ងន់ធ្ងរ។

ក្នុង​ចំណោម​ ប្រទេស​ ទាំង១៩៦ ដែល​អង្គការ ហ្វ្រីដម ហោស៍ ឃ្លាំមើល ​ប្រទេស​ ចំនួន ៨៨ ដែល​បាន​ អនុវត្ត​ និង​គោរព​ សិទ្ធិ​មនុស្ស ​ពេញលេញ និង​សេរីភាព ​របស់​ ពលរដ្ឋ ខណៈ​ ប្រទេស ៥៩ អនុវត្ត​ បាន​មធ្យម និង​ប្រទេស ៤៩ ផ្សេង​ទៀត គោរព​ បាន​តិចតួច​ បំផុត, ក្នុង​នោះ​ មាន​កម្ពុជា​ដែរ។

កម្ពុជា​ ទទួល​បាន ​លេខ៦ សម្រាប់​ សិទ្ធិ​នយោបាយ និង​លេខ ៥ សម្រាប់ ​សិទ្ធិ​ពលរដ្ឋ។  ពិន្ទុ​នេះ​ ធ្វើ​ឲ្យ​កម្ពុជា ក្លាយ​ជា​ប្រទេស​ គ្មាន​សេរីភាព។  ចំណាត់ ថ្នាក់​នេះ បង្ហាញ​ថា, ការ​អនុវត្ត​ សិទ្ធិ​នយោបាយ និង​សេរីភាព​ ពលរដ្ឋ​ នៅ​កម្ពុជា ពុំ​មាន​ ការ​ប្រែប្រួល​ អ្វី​ឡើយ ​ក្នុង​រយៈពេល​ ជិត២០​ឆ្នាំ​ ចុង​ក្រោយ​នេះ។

ដើម​ខែ​ មករា ឆ្នាំ​២០១៤ កាដូ​ ឆ្នាំ​ថ្មី ​ដែល​រដ្ឋាភិបាល ​ជូន​ដល់​ពលរដ្ឋ កាល​ណោះ​ គឺ​ ការ​បាញ់​សម្លាប់​ មនុស្ស ៥​នាក់, របួស​ជិត ៤០​នាក់ នឹង​ចាប់​មនុស្ស​ឃុំ ២៣​នាក់ ដាក់​ពន្ធនាគារ ដោយ​គ្រាន់តែ​ពួកគេ​ចេញ​មុខ​តវ៉ា​ទាមទារ​ដំឡើង​ប្រាក់ខែ​គោល ១៦០​ដុល្លារ។

អង្គការ​ជាតិ​អន្តរជាតិ មិន​តិច​ជាង ២០០​ស្ថាប័ន ព្រមទាំង​សកម្មជន​ដីធ្លី​និង​ព្រះសង្ឃ ខំ​ដាក់​ញត្តិ​ឲ្យ​ដោះលែង​មនុស្ស ២៣​នាក់ ចេញពី​ពន្ធនាការ និង​ជំរុញ​ ឲ្យ​រដ្ឋាភិបាល​ស្វែង​រក​ឃាតក​បាញ់​សម្លាប់​មនុស្ស​និង​របួស​យក​ មក​ផ្ដន្ទាទោស។

​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​ជាតិ និង​អន្តរជាតិ រួម​មាន​សមាគម​អាដហុក (Adhoc) លីកាដូ (Licadho) និង​សម្ព័ន្ធ​ការពារ​សិទ្ធិមនុស្ស​អន្តរជាតិ កាលពី​ថ្ងៃ​ទី​៦ មករា បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម ថ្កោលទោស​ការ​ប្រើ​អំពើ​ហិង្សា​បាញ់​បង្ក្រាប​បាតុករ​ដែល​មាន​និន្នាការ​ ប្រឆាំង​នឹង​រដ្ឋាភិបាល និង​ការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ ដើម្បី​គំរាម​កំហែង​មេដឹកនាំ​គណបក្ស​ប្រឆាំង។

ភ្លាមៗ​នោះ​អង្គការ​សិទ្ធិ​មនុស្ស យូមែន រ៉ៃត៍ វ៉ច្ឆ ក៏​បាន​រិះគន់​ខ្លាំងៗ​ដល់​រដ្ឋាភិបាល​កម្ពុជា ដែល​បាន​រំលោភ​សិទ្ធិ​មនុស្ស​យ៉ាង​ធ្ងន់ធ្ងរ​ក្នុង​ការ​បង្ក្រាប​បាតុករ​ រហូត​បណ្ដាល​ឲ្យ​មាន​មនុស្ស​ស្លាប់ និង​របួស​ជា​ច្រើន​នាក់ និង​ធ្វើ​ឲ្យ​បាតុករ​ខ្លះ​បាត់​ខ្លួន។

គេហទំព័រ​របស់​អង្គការ​សិទ្ធិ​មនុស្ស យូមែន រ៉ៃត៍ វ៉ច្ឆ បាន​ស្រង់​សម្ដី​នាយិកា​អង្គការ អ្នកស្រី ជូលីយ៉ែត ឌឺ រីវើរ៉ូ (Juliet de Rivero) ថា៖ «រដ្ឋាភិបាល ហ៊ុន សែន រំលោភ​សិទ្ធិ​មនុស្ស​រៀង​រាល់ថ្ងៃ ដោយ​រារាំង​បក្ស​ប្រឆាំង សហជីព សកម្មជន និង​អ្នក​ដទៃ​ទៀត​មិន​ឲ្យ​ប្រមូល​ផ្ដុំ​គ្នា​តវ៉ា​ទាមទារ​ដើម្បី​ការ​ ផ្លាស់ប្ដូរ​នយោបាយ។ ប្រទេស​សមាជិក​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស និង​អង្គការសហប្រជាជាតិ គួរតែ​ផ្ដន្ទាទោស​ចំពោះ​ការ​បង្ក្រាប​យ៉ាង​ព្រៃផ្សៃ​នេះ ហើយ​បង្ខំ​រដ្ឋាភិបាល​កម្ពុជា កែទម្រង់​ឲ្យ​បាន​ខ្លាំងក្លា​ជា​បន្ទាន់។»

ក្រោយ​ការ​បង្ក្រាប​និង​បាញ់​សម្លាប់​រួច សមត្ថកិច្ច​ចម្រុះ​បាន​ជិះ​ឡាន និង​ម៉ូតូ​ល្បាត​នៅ​ផ្លូវ​វ៉េងស្រេង ដូច​ទីវាល​សម្រាប់​ចម្បាំង ហើយ​ពលរដ្ឋ​នៅ​ម្តុំ​នោះ​ខ្លះ​ភ័យ​តក់ស្លុត ក៏​នាំគ្នា​វេច​បង្វេច​រត់​ភៀសខ្លួន​ចេញ​ពី​ផ្ទះ។ រឿង​បាញ់​សម្លាប់​កម្មករ​មិន​ទាន់​ទាំង​ស្ងាត់​ផង នៅ​ចុង​ខែ​មករា ដដែល​នោះ អាជ្ញាធរ​វាយ​បង្ក្រាប​បាតុករ​ដែល​ដឹកនាំ​ដោយ​លោក ម៉ម សូណង់ដូ បណ្ដាល​ឲ្យ​មនុស្ស​យ៉ាង​តិច ៧​នាក់​រង​របួស ដោយ​គ្រាន់តែ​ពួកគេ​តវ៉ា​ទាមទារ​ឲ្យ​ក្រសួង​ព័ត៌មាន ផ្ដល់​អាជ្ញាប័ណ្ណ​ទូរទស្សន៍​ឯករាជ្យ និង​ទាមទារ​ពង្រីក​ការ​ផ្សាយ​បន្ត​របស់​វិទ្យុ​សំបុកឃ្មុំ។

ដោយ​ស្ថានភាព​តវ៉ា​កំពុង​កញ្ជ្រោល​ឡើង កាល​នោះ​រដ្ឋាភិបាល​បាន​ដាក់​បម្រាម​គោចរ មិន​ឲ្យ​មាន​ការ​ជួបជុំ​លើស​ពី ១០​នាក់។ ទីលាន​ប្រជាធិបតេយ្យ​ដែល​ជា​កន្លែង​តែ​មួយ​គត់​សម្រាប់​ការ​ជួបជុំ​តវ៉ា​នោះ ក៏​ត្រូវ​បាន​ហ៊ុមព័ទ្ធ​ដោយ​បន្លា​លួស ហើយ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ច្រើន​រយ​នាក់ ប្រដាប់​ដោយ​កាំភ្លើង ដំបង​ឆក់ និង​ខែល​គ្រប់​ដៃ យាម​ល្បាត​នៅ​ទី​នោះ​មិន​ឲ្យ​ពលរដ្ឋ​ចូល​ទៅ​ក្បែរ។

​ជា​ញឹកញយ​សមត្ថកិច្ច​ចម្រុះ​ទាំង​នោះ ប្រើ​ហិង្សា​ទៅ​លើ​ពលរដ្ឋ និង​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​ឲ្យ​រង​របួស នៅ​ពេល​ដែល​ពួកគាត់​ព្យាយាម​រំដោះ​ទីលាន​ប្រជាធិបតេយ្យ ហើយ​មិន​លើកលែង​សូម្បី​តែ​អ្នក​កាសែត។ ដោយ​អត់​ទ្រាំ​នឹង​ការ​រង​អំពើ​ហិង្សា​ច្រើន​ដង​ពេក កំហឹង​ពលរដ្ឋ​បាន​ផ្ទុះ​ឡើង​តប​ត​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា កន្លង​ទៅ ដែល​ធ្វើ​ឲ្យ​ទាំង​សមត្ថកិច្ច និង​ក្រុម​បាតុករ រង​របួស​រៀងៗ​ខ្លួន។ អំពើ​ហិង្សា​នោះ​ក៏​ត្រូវ​អាជ្ញាធរ​ដាក់ពាក្យ​ប្ដឹង​ពលរដ្ឋ និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ មិន​តិច​ជាង ១០​នាក់ កំពុង​ជាប់​បណ្ដឹង និង​ឃុំខ្លួន​នៅ​ពន្ធនាគារ ក្នុង​នោះ​មាន​លោក មាជ សុវណ្ណារ៉ា មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ផង។

កាល​ណោះ តំណាង​អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ ដែល​មាន​ការិយាល័យ​នៅ​ក្រុង​បាងកក ប្រទេស​ថៃ លោក ហ្វីល រ៉ូប៊ើតសុន (Phil Robertson) បាន​ថ្កោល​ទោស​អាជ្ញាធរ​រដ្ឋាភិបាល ថា​បាន​រំលោភ​សិទ្ធិ​មនុស្ស ២​យ៉ាង គឺ​ទី​មួយ រំលោភ​ដោយ​ការ​ហាម​មិន​ឲ្យ​ពលរដ្ឋ​ជួបជុំ​គ្នា ហើយ​មិន​ឲ្យ​ចូល​ទៅ​ទីលាន​ប្រជាធិបតេយ្យ និង​ទី​២ ប្រើ​កម្លាំង​ហួស​ពី​ការ​ចាំបាច់ និង​ហិង្សា​ប្រឆាំង​បាតុករ។

អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​សេរីភាព​ ក្នុង​ការ​ប្រមូល​ផ្តុំ​ដោយ​សន្តិវិធី លោក ម៉េណា គីអេ (Maina Kiai) បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​ចំពោះ​សេរីភាព​ក្នុង​ការ​ប្រមូល​ផ្តុំ​នៅ​ កម្ពុជា។ លោក​ថា បម្រាម​នេះ​វា​មិន​ឆ្លើយ​តប​ទៅ​នឹង​ច្បាប់​អន្តរជាតិ ស្ដីពី​សិទ្ធិមនុស្ស​នោះ​ទេ៖ «ការ​តវ៉ា ការ​ប្រមូលផ្ដុំ ឬ​ការ​ធ្វើ​បាតុកម្ម​ណា​មួយ មិន​អាច​ត្រូវ​បាន​ចាត់​ទុក​ថា ជា​បាតុកម្ម​ហិង្សា ដោយសារ​មាន​មនុស្ស​មួយ​ចំនួន​តូច​ក្នុង​បាតុកម្ម​នោះ បង្ក​អំពើ​ហិង្សា​នោះ​ទេ ហើយ​ការ​ហាម​ប្រាម​របស់​រដ្ឋាភិបាល ក៏​មិន​មែន​ជា​មធ្យោបាយ​នោះ​ដែរ។ ដូច្នេះ ខ្ញុំ​បាន​សម្ដែង​ការ​បារម្ភ​ចំពោះ​បម្រាម​នេះ។»

អតីត​រដ្ឋមន្ត្រី​ការបរទេស​អូស្ត្រាលី និង​ជា​ស្ថាបនិក​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស លោក ហ្គារ៉េត អេវ៉ាន (Gareth Evans) បាន​សរសេរ​ទស្សនៈ​របស់​លោក​ដែល​ចុះ​ផ្សាយ​លើ​ទំព័រ​ទស្សនៈ​ពិភពលោក​កាល​ពី​ ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ ចោទ​លោក ហ៊ុន សែន ថា​ជា​មេ​ដឹក​ផ្ដាច់ការ និង​ពុករលួយ​ស្ទើរ​ផុត​លេខ។ លោក​សង្កត់ធ្ងន់​ទៅលើ​ការ​បាញ់​សម្លាប់​កម្មករ ៥​នាក់​ស្លាប់ នៅ​ពេល​ពួកគេ​ទាមទារ​ដំឡើង​ប្រាក់ខែ​ឲ្យ​បាន​សមរម្យ។

នៅ​ឆ្នាំ​២០១៤ នេះ ព្រឹត្តិការណ៍​នៃ​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ គួរ​ឲ្យ​កត់សម្គាល់​ទៀត​នោះ គឺ​ការ​ចាប់​បញ្ជូន​ពលករ​ខ្មែរ​ខុស​ច្បាប់​ពី​ប្រទេស​ថៃ ជាង ២​សែន​នាក់​យ៉ាង​គំហុក​ឲ្យ​ត្រឡប់​មក​កម្ពុជា វិញ​កាល​ពី​ខែ​មិថុនា នៅ​ពេល​ដែល​រដ្ឋាភិបាល​ថៃ ដឹកនាំ​ដោយ​ក្រុម​ទ័ព​យោធា។ ការ​រំលោភ​សិទ្ធិមនុស្ស​ទាំង​នោះ​រួមមាន ការ​បន្ទាបបន្ថោក  ការ​ចាប់​បង្ខំ​មនុស្ស​ឲ្យ​ឡើង​ឡាន​ដោយ​មិន​ឲ្យ​ពួកគេ​ត្រៀម​លក្ខណៈ​ជា​មុន ការ​បង្អត់​បាយ​ទឹក និង​ការ​ដាក់​ឲ្យ​មនុស្ស​ជិះ​ប្រជ្រៀត​ណែនណាន់តាន់តាប់​លំបាក​ដក​ដង្ហើម។ មនុស្ស​ចាស់​ជរា ក្មេងៗ និង​ស្ត្រី​មាន​ផ្ទៃពោះ​ជា​ច្រើន ត្រូវ​បាន​គេ​ដាក់​ឲ្យ​ជិះ​ក្នុង​រថយន្ត​ទ្រុង​ក្នុង​អាកាសធាតុ​ដ៏​ក្ដៅ​ ហួតហែង ហើយ​ធ្វើ​ដំណើរ​ដ៏​ឆ្ងាយ។ ស្រប​ពេល​គ្នា​នោះ អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ថៃ គោរព​សិទ្ធិ​ពលករ​អន្តោប្រវេសន៍ និង​ផ្ដល់​សិទ្ធិ​គ្រប់គ្រាន់​ទៅ​ដល់​ពួកគេ។

កាលពី​ខែ​វិច្ឆិកា មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​បាន​សម្ដែង​ក្ដី​ព្រួយ​បារម្ភ​ចំពោះ​ស្ថានភាព ​ចាប់​ខ្លួន និង​ផ្ដន្ទាទោស​សកម្មជន​ដីធ្លី សិទ្ធិ​មនុស្ស និង​សកម្មជន​នយោបាយ​ជា​បន្តបន្ទាប់ តាម​រយៈ​ការ​ប្រើ​ប្រព័ន្ធ​តុលាការ​ជា​ឈ្នាន់។

ប្រធាន​លេខាធិការដ្ឋាន​គណៈកម្មាធិការ​ប្រព្រឹត្តិកម្ម​នៃ​អង្គការ​សមាគម​ ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា (CHRAC) លោក សួន ប៊ុនស័ក្តិ ថ្លែង​ថា ការ​ចាប់​ខ្លួន​ពលរដ្ឋ​នៅ​ពេល​ពួកគេ​អនុវត្ត​សិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញ​ មតិ​របស់​ខ្លួន និង​ការ​ជួប​ជុំ​គ្នា​ដោយ​សន្តិវិធី​ដើម្បី​ប្រាប់​ពី​បញ្ហា និង​កង្វល់​របស់​ខ្លួន​ទៅ​អាជ្ញាធរ គឺ​ជា​ការ​គំរាមកំហែង​ដល់​ការ​អនុវត្ត​សិទ្ធិ​របស់​ពលរដ្ឋ​យ៉ាង​ធ្ងន់ធ្ងរ។

លោក សួន ប៊ុនស័ក្តិ៖ «បច្ចុប្បន្ន ដោយសារ​តែ​គម្រោង​ការ​អភិវឌ្ឍ​នៅ​បឹងកក់ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​លិចលង់​អី​ផ្សេងៗ យើង​ឃើញ​ថា រដ្ឋបាល​ភ្នំពេញ ជួស​មុខ​ឲ្យ​រដ្ឋាភិបាល​ទាំង​មូល​ហ្នឹង អត់​បាន​ទៅ​ដោះស្រាយ​ជូន​ពួកគាត់ ធ្វើ​ម៉េច​កុំ​ឲ្យ​លិចលង់ មាន​ជា​លូ​បង្ហូរ​អី​ផ្សេងៗ។ គ្នា​គ្រាន់តែ​តវ៉ា​ទទួលរង​ការ​ចាប់​ខ្លួន។»

រហូត​មក​ដល់​ពេល​នេះ ព្រះសង្ឃ សកម្មជន​ដីធ្លី សកម្មជន​សិទ្ធិមនុស្ស និង​សកម្មជន​នយោបាយ ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​ជា​បន្តបន្ទាប់ សរុប ២០​នាក់ ក្នុង​នោះ​បុរស​ម្នាក់​ត្រូវ​បាន​ដោះលែង​ឲ្យ​ស្ថិត​ក្រៅ​ឃុំ​បណ្ដោះអាសន្ន។

​ការ​ចាប់​ខ្លួន​ស្ត្រី​បឹងកក់ ៧​នាក់​ដំបូង ត្រូវ​បាន​មហាជន​រិះគន់​ថា ជា​រឿង​អយុត្តិធម៌ ខណៈ​ពេល​ដែល​ពួកគេ​គ្រាន់តែ​តវ៉ា​ទាមទារ​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​បញ្ហា​លិច​ ទឹក​នៅ​តំបន់​បឹងកក់ ដែល​កំពុង​មាន​ជម្លោះដីធ្លី​រ៉ាំរ៉ៃ​ជិត ១០​ឆ្នាំ ជាមួយ​សមាជិក​ព្រឹទ្ធសភា​មកពី​គណបក្ស​ប្រជាជន​កម្ពុជា។

រឿង​រ៉ាវ​ដែល​មហាជន​ចាប់​អារម្មណ៍​និង​រិះគន់​ថា អយុត្តិធម៌​ប្រចាំ​ឆ្នាំ​២០១៤ ទៀត​នោះ គឺ​ករណី​យុវជន​ម្នាក់​ត្រូវ​ស្លាប់​ដោយសារ​ផ្ទុះ​កាំជ្រួច​កាល​ពី​ថ្ងៃ​ទី​ ២៩ តុលា ក្នុង​ព្រះ​រាជពិធី​គម្រប់​ខួប ១០​ឆ្នាំ​ព្រះមហាក្សត្រ​គ្រង​រាជសម្បត្តិ។

យុវជន​វ័យ ២៣​ឆ្នាំ​រូប​នោះ បាន​ស្លាប់​ក្នុង​ថ្លុក​ឈាម បែក​ធ្លាយ​ពោះ​មួយ​ចំហៀង​ដល់​ឆ្អឹងជំនី ចម្ងាយ​ប្រមាណ ២០០​ម៉ែត្រ ពី​កន្លែង​បាញ់​កាំជ្រួច នៅ​ត្រើយ​ខាងកើត​ក្បែរ​សណ្ឋាគារ​សុខា ទល់​មុខ​ព្រះបរមរាជវាំង។ ​ភ្លាមៗ​ក្រោយ​កើតហេតុ មន្ត្រី​ជំនាញ​នៃ​ក្រសួង​មហាផ្ទៃ អះអាង​ថា ជា​កំហុស​បច្ចេកទេស។ ពាក្យ​កំហុស​បច្ចេកទេស​នេះ ធ្វើ​ឲ្យ​រដ្ឋាភិបាល​មិន​បាន​ចេញ​មក​ទទួល​ខុស​ត្រូវ ឬ​ផ្ដល់​សំណង​ដល់​គ្រួសារ​ជនរងគ្រោះ​នោះ​ឡើយ។

រឿងរ៉ាវ​ដែល​ធ្វើ​ឲ្យ​អ្នកនយោបាយ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ជាតិ​និង​អន្តរជាតិ មន្ត្រី​ទូត​នានា ពិសេស​ពលរដ្ឋ​ចាប់​អារម្មណ៍ និង​សោកសង្រេង​នៅ​បំណាច់​ឆ្នាំ​២០១៤ នោះ គឺ​ការ​ទទួល​មរណភាព​របស់​លោក ចាន់ សុវ៉េត មន្ត្រី​ជាន់​ខ្ពស់​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក។ លោក ចាន់ សុវ៉េត ត្រូវ​បាន​មហាជន​ភាគ​ច្រើន​ដាក់​រហ័ស​នាម​ថា​វីរជន​ឆ្នើម​ការពារ​ សិទ្ធិមនុស្ស។ លោក​គឺជា​មន្ត្រី​សិទ្ធិ​មនុស្ស​ម្នាក់​ដែល​ហ៊ាន​ចេញ​មុខ​រិះគន់​រដ្ឋាភិបាល ​ឥត​សំចៃ​មាត់​ក្នុង​សំណុំ​រឿង​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។ ការ​ស្លាប់​នេះ គឺ​ចំ​ថ្ងៃ​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ ១០ ធ្នូ លើក​ទី​៦៦ នៅ​បន្ទាប់​ពី​លោក​បាន​ចូលរួម​ឃ្លាំមើល​ទិវា​នេះ​ចប់​សព្វគ្រប់។

​កាលពី​នៅ​មាន​ជីវិត​នៅ​ឡើយ លោក ចាន់ សុវ៉េត ធ្លាប់​បាន​ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី ដោយ​រិះគន់​ពី​បញ្ហា​និទ្ទណ្ឌភាព​ចេះ​តែ​មាន​ការ​កើន​ឡើង​នៅ​កម្ពុជា ដោយសារតែ​ភាព​មិន​ឯករាជ្យ​របស់​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា៖ «បើ​សិន​ ជា​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា ឲ្យ​ល្អ​ប្រសើរ​នោះ ទាល់តែ​មាន​ការ​ដោះលែង​សកម្មជន​អ្នក​ការពារ​ដីធ្លី​មួយ​ចំនួន​ដែល​កំពុង​ ទទួល​រង​នូវ​ការ​ចោទ​ប្រកាន់ ហើយ​និង​ករណី​មួយ​ចំនួន​ដែល​តុលាការ​ធ្វើ​មិន​ត្រឹមត្រូវ ដូចជា​ករណី ឈូក បណ្ឌិត លោក ឈុត វុទ្ធី ដែល​ត្រូវ​គេ​បាញ់​សម្លាប់​ដោយ​មិន​ទទួល​បាន​យុត្តិធម៌។»

ស្ថានភាព​រំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ត្រូវ​បាន​អង្គការ​ខ្លះ​ប្រដូច​ទៅ​នឹង​ការ​ឈរ​ក្បែរ​មាត់​ជ្រោះ​ដែល​ទាមទារ​ ឲ្យ​រដ្ឋាភិបាល​ត្រូវ​ស្តារ​ស្ថានភាព​សិទ្ធិមនុស្ស​ឡើង​វិញ។ ខណៈ​ដែល​របាយការណ៍​ស្ទង់​មតិ​របស់​មូលនិធិ​អាស៊ី (The Asia Foundation) ចេញ​ផ្សាយ​កាលពី​ថ្ងៃ​ទី​១០ ខែ​ធ្នូ បង្ហាញ​ថា ក្នុង​ចំណោម​ពលរដ្ឋ​ដែល​ត្រូវ​បាន​សាកសួរ​នៅ​ទូទាំង​ប្រទេស ពលរដ្ឋ​ភាគ​ច្រើន​យល់​ឃើញ​ថា ប្រទេស​កម្ពុជា កំពុង​ដើរ​នៅ​លើ​ផ្លូវ​ខុស។ បញ្ហា​ពុករលួយ ការ​កាប់​បំផ្លាញ​ព្រៃឈើ បញ្ហា​សង្គម និង​សេដ្ឋកិច្ច គឺ​ជា​មូលហេតុ​ចម្បង​ធ្វើ​ឲ្យ​ពលរដ្ឋ​យល់​ឃើញ​បែប​នេះ៕


No comments:

Post a Comment