Paris Peace Accords 23 Oct. 1991

Wednesday, December 17, 2014

ភូមិមួយ ​នៅ​ខេត្ត​ បាត់​ដំបង​ មាន​​អ្នក​ផ្ទុក ​មេរោគ​អេដស៍ ​ច្រើន​ គួរ​ ឲ្យ​ភ្ញាក់​ផ្អើល | One Battambang village's shocking high HIV infection rate

ភូមិមួយ ​នៅ​ខេត្ត​ បាត់​ដំបង​ មាន​​អ្នក​ផ្ទុក ​មេរោគ​អេដស៍ ​ច្រើន​ គួរ​ ឲ្យ​ភ្ញាក់​ផ្អើល

ពលរដ្ឋ​​ខ្មែរ​​ដែល​​ឆ្លង​​មេរោគ​​អេដស៍​ អង្គុយ​​នៅ​​ក្រៅ​​ផ្ទះ​នៅ​ក្នុង​​ភូមិ​មួយ​​នៅ​ប្រទេស​កម្ពុជា។
ពលរដ្ឋ​​ខ្មែរ​​ដែល​​ឆ្លង​​មេរោគ​​អេដស៍​ អង្គុយ​​នៅ​​ក្រៅ​​ផ្ទះ​នៅ​ក្នុង​​ភូមិ​មួយ​​នៅ​ប្រទេស​កម្ពុជា។

ជា​ព័ត៌មាន ​ដែល​គួរ​ ឲ្យ​ភ្ញាក់​ផ្អើល​មួយ​ មាន​អ្នក​ភូមិ​ ចំនួន ​៨២​នាក់ ក្នុង​ចំណោម អ្នក​ភូមិ​ សរុប​ ចំនួន​ ជាង​២,០០០​នាក់ ​នៃ​ភូមិ រការ, ​ស្រុក​ សង្កែ, ​ខេត្ត​ បាត់​ដំបង ​បាន​ឆ្លង​ មេរោគ​ អេដស៍។​
 

នេះ ​គឺ​ ជា​តួលេខ​ ឆ្លង​ជំងឺ ​អេដស៍ ​ដ៏​ច្រើន​បំផុត ​ដែល​មិន ​ធ្លាប់​មាន​ នៅក្នុង​ភូមិ​ តែមួយ​ បែប​នេះ។  មន្ត្រី​សុខា​ភិបាល​ខ្មែរ​សង្ស័យ​ថា​ ការ​ចម្លង​មេរោគនេះ​ទំនង​ជា​បណ្តាល​មក​ពីការ​ប្រើ​ប្រាស់​ម្ជុល​ចាក់​ថ្នាំ​ រួម​គ្នា។ នេះ​បើយោង​តាម​ភ្នាក់​ងារ​សុខា​ភិបាល​កម្ពុជា ដែល​បាន​ចុះ​ទៅ​ដល់​ភូមិ​ក្រីក្រ​មួយ​នេះនៅ​ថ្ងៃ​អង្គារ​នេះ។​

លោក​វេជ្ជ​បណ្ឌិត​តែង គន្ធី ​អគ្គលេខា​ធិការ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​អេដស៍ ដែល​កំពុង​ស្ថិត​នៅ​ក្នុង​ខេត្ត​បាត់​ដំបង​ មាន​ប្រសាសន៍​ថា​ ក្នុង​ចំណោម​អ្នក​ភូមិ​សរុប​ចំនួន​២៧០៦​នាក់​ ប្រជាជន​ចំនួន​៦៦៣​នាក់​បាន​មក​ធ្វើ​តេស្ត​ឈាមនៅ​មន្ទីរ​ពេទ្យ​ខេត្ត​រហូត​ មក​ដល់​ល្ងាច​ម៉ោង​៥​កន្លះថ្ងៃ​អង្គារ​នេះ។​

«ក្នុង​ចំណោម ៦៦៣​នាក់​ ដែល​បាន​ ធ្វើ​តេស្ត។​  លទ្ធផល ​ដែល​បាន​ទទួល​ មាន​វិជ្ជមាន ​៨២​នាក់។ ​ នេះ ជា​លទ្ធផល ​ដ៏​គួរ ​ឲ្យ​សោក​ស្តាយ,​ ​គឺ​ មិន​មែន ​ឆ្លង ​៣០០​នាក់ ​ដូច​ប្រព័ន្ធ ​ផ្សព្វផ្សាយ​ ថា​ នោះ​ទេ»

ការ​រក​ឃើញ​នេះ​កើត​មានក្រោយ​ពី​មន្ត្រី​សុខា​ភិបាល​មូល​ដ្ឋាន​បាន​រក​ ឃើញ​មេរោគ​អេដស៍លើ​បុរស​អាយុ​៧៨​ឆ្នាំ​ម្នាក់ និង​ស្ត្រី​៧០​ឆ្នាំ​ម្នាក់​កាល​ពី​ដើម​ខែ​ធ្នូ​នេះ។​ អ្នក​ជំងឺ​ទាំង​ពីរបាន​អះ​អាង​ថា ​ខ្លួន​មិន​បាន​ប្រព្រឹត្ត​ទង្វើ​ដែលជា​ដើម​ហេតុ​នាំ​ឲ្យ​ឆ្លង​មេរោគ​នោះ​ ទេ។​

លោក​វេជ្ជ​បណ្ឌិត​តែង គន្ធី​បញ្ជាក់​ថា​ ក្រុម​វេជ្ជបណ្ឌិត​កំពុង​ស្រាវជា្រវ​លើ​ការ​ចម្លង​មេរោគ​តាម​ការ​ប្រើ​ ប្រាស់​សារ៉ាំង​ចាក់​ថ្នាំ។​

«គឺ​ ផ្តោត ​ទៅ​ការ​ចម្លង ​បែប​ការ​ ចាក់​បញ្ចូល​ឈាម​ ឬ​ការ​ ចាក់​ថ្នាំ, ​រួម​ទាំង ​បញ្ហា​គ្រឿង​ញៀន​ ផង​ដែរ។​  គឺ​ មាន​ពីរ​ ករណី​នេះ​ ដែល​យើង កំពុង​បន្ត ​ដើម្បី ​រក​ភស្តុង ​និង​ទឡ្ហីករ​ គ្រប់​គ្រាន់​ ដើម្បី​ មាន​វិធានការ»

ប្រទេស​កម្ពុជា​បាន​ដាក់​ផែន​ការ​ថា​ នឹង​កំចាត់​ការ​ឆ្លង​មេរោគ​អេដស៍​ឲ្យ​អស់​នៅ​ឆ្នាំ​២០២០។​ អត្រា​ផ្ទុក​មេរោគ​អេដសន៍​ក្នុង​ចំណោម​មនុស្ស​ពេញ​វ័យ​អាយុ​ពី​១៥​ទៅ​៤៩​ ឆ្នាំ​មាន​០,៦​ភាគ​រយ ​ឬ​ស្មើ​នឹងប្រមាណ​៧១០០០​នាក់។​

ភូមិរការ​ ឃុំរការ​ ស្រុក​សង្កែ ​ដែល​សម្បូរ​ដោយ​ព្រៃ​រនាម​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​ជា​៨​គីឡូម៉ែត្រពី​ទីរួម ​ខេត្ត​បាត់​ដំបង។​ ប្រជា​ពលរដ្ឋ​នៅ​ទី​នេះ​ភាគ​ច្រើនជា​អ្នក​ប្រកប​មុខ​របរ​កសិកម្ម​ និង​នេសាទ​តាម​រដូវ។

ការ​ឆ្លង​មេរោគ​អេដស៍​ក្នុង​ភូមិ​នេះ​ទំនង​ទើប​ឆ្លង​ពី​៦​ទៅ​៨​ខែ​តែ​ប៉ុណ្ណោះ។ ​នេះ​បើ​ផ្អែក​តាមលោក​វេជ្ជ​បណ្ឌិត​ តែង គន្ធី។​

លោក​ចាន់ សុផល ​អភិបាល​ខេត្ត​បាត់​ដំបង​ មាន​ប្រសាសន៍​ថា​ អ្នក​ផ្ទុក​មេរោគ​អេដស៍​ដែល​បាន​រក​ឃើញ​នៅ​ក្នុង​ភូមិ​រការ​អាច​កើន​ដល់​ ចំនួន​៩០​នាក់។ ​លោក​បញ្ជាក់​ថា​ មូល​ហេតុ​នៃ​ការ​ឆ្លង​មេរោគ​នេះ​កំពុង​ស្ថិត​ក្រោម​ការ​ស្រាវជ្រាវ​នៅ​ឡើយ។​

លោក​អភិបាល​ខេត្ត​ចាន់ សុផល​ចាត់​ទុក​ថា ​នេះ​គឺ​ជា​ដំណឹង​ដ៏​រន្ធត់​មួយ។​

«គ្រាន់​តែ ​ឮ​លទ្ធផល​ បែប​នេះ ​ពួក​ខ្ញុំ​ មានការ​ តក់​ស្លុត​ និង​មាន​ ការ​បារម្ភ។​  មិន​សម ​នឹង​មាន​បញ្ហា​ ដូច្នេះ​ទេ។ ​ ហើយ ​យើង​ កំពុង​ស្រាវជ្រាវ​ ថា, ​ហេតុ​អី​ បាន​ជា​មាន​ បញ្ហា​នេះ​ កើត​ឡើង»

លោក​វេជ្ជ​បណ្ឌិត​តែង គន្ធី​អះអាង​ថា​ ប្រជា​ពលរដ្ឋ​ដែល​ត្រូវ​បាន​រក​ឃើញ​ថា ​មាន​ផ្ទុក​មេរោគ​អេដស៍​នឹង​ទទួល​បាន​ការ​ព្យាបាល​ដោយ​ការ​យក​ចិត្ត​ទុកដាក់ ​ដោយ​មន្ទីរ​ពេទ្យ​ខេត្ត៕




1 comment:

  1. Anonymous1:43 PM

    The doctors and nurses can be the suspicious Vietnamese born or living in Cambodia under CPP regime. This is my judgement. Khmer people or patients have to be very careful and make sure by asking whether the doctors and nurses are Vietnamese (CPP) or Thai because they [Vietnamese or Thai] can not be trusted when it comes to HIV Aids tests.

    So, just stay alert!!! Save your life and family lives!!!

    Thank you,

    KI Reader/KY

    ReplyDelete